40 C
Phnom Penh

ចិន​បើក​យុទ្ធនាការ​គំរាម​ប្រជាជន​តៃវ៉ាន់ ខណៈ​ដែន​កោះ​នេះ​បោះឆ្នោត​ប្រធានាធិបតី​នៅ​សប្ដាហ៍​ក្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២៤ ខាងមុខ​នេះ ប្រជាជន​តៃវ៉ាន់ ដែល​មាន​សិទ្ធិ​បោះឆ្នោត ១៩​លាន ៥​សែន​នាក់​ក្នុង​ចំនួន​សរុប​ជិត ២៤​លាន​នាក់ ដែល​នឹង​ត្រូវ​ទម្លាក់​សន្លឹកឆ្នោត​របស់​ពួកគេ​ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​ថ្មី និង​អនុ​ប្រធានាធិបតី រួម​ទាំង​ការ​បោះឆ្នោត​សមាជិក​សភា​ផង​ដែរ។

ស្ថានីយ​បោះឆ្នោត​នឹង​ត្រូវ​បើក​ទ្វារ​ចាប់ពី​ម៉ោង ៨​ព្រឹក​រហូត​ដល់ ៤​រសៀល ហើយ​លទ្ធផល​នឹង​ត្រូវ​ចេញ​ផ្សាយ​បណ្ដើរៗ​ចាប់ពី​យប់​ថ្ងៃ​បោះឆ្នោត គឺ​ចាប់ពី​ម៉ោង ៨​យប់។ គេ​រំពឹង​ថា រយៈពេល ៣​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ការ​បោះឆ្នោត​បិទ​បញ្ចប់ គេ​នឹង​អាច​ដឹង​ថា​បេក្ខជន​ណា មកពី​បក្ស​ណា ជា​បេក្ខជន​ឈ្នះ​ឆ្នោត។

តាម​ទម្លាប់ ប្រធានាធិបតី​ថ្មី​របស់​តៃវ៉ាន់ នឹង​ត្រូវ​ស្បថ​ចូល​កាន់​តំណែង​ក្រោយ​ការ​បោះឆ្នោត គឺ​រៀងរាល់​ថ្ងៃទី​២០ ខែ​ឧសភា ប៉ុន្តែ​ការ​បោះឆ្នោត​ប្រធានាធិបតី​សម្រាប់​ដែនដី​កោះ​តៃវ៉ាន់​លើក​នេះ មាន​បេក្ខជន​ប្រធានាធិបតី​ដល់​ទៅ ៣​រូប ដែល​អាណត្តិ​មុនៗ​មាន​តែ ២​រូប​ប៉ុណ្ណោះ។

លោក Lai Ching-te ជា​បេក្ខជន​ប្រធានាធិបតី​តៃវ៉ាន់ មកពី​គណបក្ស​ប្រជាធិបតេយ្យ​ចម្រើន​ជឿនលឿន (DPP) ដែល​ជា​បក្ស​កាន់​អំណាច​តៃវ៉ាន់​សព្វថ្ងៃ​ដឹកនាំ​ដោយ​អ្នកស្រី សៃ អ៊ឹងវិន។ ចំណែក​លោក Hou Yu-ih ជា​បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស Kuomintang ជា​គណបក្ស​ប្រឆាំង​ធំ​បំផុត​នៅ​តៃវ៉ាន់។ ចំពោះ​បេក្ខជន​ទី​៣ គឺ​លោក Ko Wen-je មកពី​គណបក្ស​ប្រជាជន​តៃវ៉ាន់ (TPP)។

ប៉ុន្តែ​បក្ស Kuomintang ជា​គណបក្ស​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ចិន ចំណែក​គណបក្ស​ប្រជាជន​តៃវ៉ាន់ ដែល​ទើប​តែ​បង្កើត​ថ្មី​ត្រូវ​គេ​មើល​ឃើញ​ថា ប្រកាន់​ជំហរ​នៅ​កណ្ដាល​ចំពោះ​ទីក្រុង​ប៉េកាំង។

ខណៈ​ការ​បោះឆ្នោត​កាន់តែ​ខិត​មក​ដល់ ប្រព័ន្ធ​ឃោសនា​របស់​បក្ស​កុម្មុយនីស្ត​ចិន បើក​យុទ្ធនាការ​គំរាមកំហែង និង​បង្កើត​ព័ត៌មាន​មិន​ពិត​វាយលុក​ចូល​កោះ​តៃវ៉ាន់។

ប្រព័ន្ធ​ឃោសនា​របស់​ទីក្រុង​ប៉េកាំង បាន​ហៅ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​សម្រាប់​ដែនដី​កោះ​តៃវ៉ាន់​លើក​នេះ គឺជា​ការ​វាស់​កម្រិត​នៃ​កម្ដៅ​ច្រក​សមុទ្រ​តៃវ៉ាន់ ថា​តើ​អនាគត​ដែន​កោះ​នេះ​នៅតែ​ជា​តំបន់​មួយ​នៅ​ក្រោម​រចនាសម្ព័ន្ធ​ក្រៅ​ច្បាប់ ឬ​ក៏​ដូចម្ដេច។

ការ​ធ្វើ​អត្ថាធិប្បាយ​របស់​ប្រព័ន្ធ​ឃោសនា​ឱ្យ​ក្រុង​ប៉េកាំង បាន​ដាក់​ការ​គំរាមកំហែង​ទៅ​លើ​ប្រជាជន​តៃវ៉ាន់ ដែល​ត្រូវ​ចេញ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​១៣ ខែ​មករា សប្ដាហ៍​ក្រោយ​នេះ ដោយ​ព្រមាន​ថា ផ្លូវ​ដើរ​ពីរ​ផ្ទុយ​ពី​គ្នា​ទាំងស្រុង គឺ​មួយ​រួម​រស់​ជាមួយ​ទីក្រុង​ប៉េកាំង ក្នុង​ឋានៈ​ជា​សាច់ឈាម​រួម​ជាតិ​តែ​មួយ និង​ទី​២ ត្រូវតែ​ទទួល​យក​សង្គ្រាម​ពី​ទីក្រុង​ប៉េកាំង។

ការ​ធ្វើ​អត្ថាធិប្បាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បក្ស​កុម្មុយនីស្ត​ចិន កើតឡើង​ទន្ទឹម​នឹង​ពួក​មន្ត្រី​ក្នុង​ជួរ​បក្ស​កុម្មុយនីស្ត​មួយ​ចំនួន​បាន​បញ្ចេញ​សង្គ្រាម​វោហារសាស្ត្រ​គំរាម​ទៅ​លើ​ប្រជាជន​តៃវ៉ាន់ ថា ត្រូវ​គិត​អំពី​សន្តិភាព ជាជាង​គិត​ទៅ​រក​ឯករាជ្យ​ដែល​ជា​អំពើ​ខុស​ច្បាប់​នោះ។

ក្នុង​ស្ថានភាព​នេះ សូម្បីតែ​ប្រធានាធិបតី​ចិន ស៊ី ជីនពីង ក៏​ចេញ​សារ​គំរាម​អាជ្ញាធរ​កោះ​តៃវ៉ាន់​ផង​ដែរ។

លោក ស៊ី បាន​ហៅ​ការ​បោះឆ្នោត​ប្រធានាធិបតី​របស់​ដែន​កោះ​នេះ​ថា​ជា​កូន​សោ​សម្រាប់​សន្តិភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ ប៉ុន្តែ​លោក ស៊ី សង្ឃឹម​ថា មេដឹកនាំ​ថ្មី​តៃវ៉ាន់​ទោះ​បុគ្គល​ណា​ក៏ដោយ គឺ​មិន​ត្រូវ​ដឹកនាំ​ដែន​កោះ​នេះ​ទៅ​រក​តំបន់​ពីរ​ដាច់​ពី​គ្នា​ពី​ក្រុង​ប៉េកាំង ដាច់ខាត។ លោក​ព្រមាន​ថា សន្តិភាព និង​ការ​បង្រួបបង្រួម​នៅ​ចំពោះ​មុខ​ការ​បោះឆ្នោត​នៅ​ពេល​នេះ​ហើយ តែ​បើ​ពុំ​នោះ​ទេ វា​មាន​តែ​បង្ខំ​ឱ្យ​ទីក្រុង​ប៉េកាំង ប្រើ​កម្លាំង​ដើម្បី​បង្រួបបង្រួម។

ទោះជា​យ៉ាង​នេះ​ក្ដី អ្នក​នយោបាយ និង​អ្នកស្រី សៃ អ៊ឹងវិន ប្រធានាធិបតី​ជិត​ផុត​អាណត្តិ បាន​ថ្លែង​ប្រាប់​ប្រជាជន​កោះ​តៃវ៉ាន់ ដែល​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន ឱ្យ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ឱ្យ​បាន​ច្បាស់លាស់ គឺ​មិន​ត្រូវ​ចាញ់​ការ​គំរាមកំហែង​របស់​ទីក្រុង​ប៉េកាំង នោះ​ទេ។

អ្នកស្រី សៃ ដែល​ជា​ប្រធាន​គណបក្ស​កំពុង​កាន់​អំណាច​ផង​ដែរ​នេះ បាន​ព្រមាន​ប្រជាជន​កោះ​តៃវ៉ាន់ ត្រូវ​មើល​ទីក្រុង​ហុងកុង ដែល​ពេលនេះ​ធ្លាក់​នៅ​ក្រោម​បន្ទាត់​នយោបាយ​របស់​ចិន ហើយ​ពេលនេះ ប្រជាជន​ហុងកុង ពុំ​មាន​សេរីភាព​ក្នុង​ការ​ជ្រើសរើស​អនាគត​របស់​ខ្លួន​នោះ​ទេ ខណៈ​ដែល​សន្តិសុខ​រឹត​បន្តឹង​យ៉ាង​ខ្លាំង​ពី​សំណាក់​ក្រុម​សន្តិសុខ​ដែល​បញ្ជូន​ពី​ទីក្រុង​ប៉េកាំង។

អ្នកស្រី​ថា​ដែនដី​ហុងកុង បាត់បង់​អធិបតេយ្យភាព​ប្រជាធិបតេយ្យ​របស់​ខ្លួន​ទាំងស្រុង​ហើយ​ពេលនេះ ព្រោះតែ​ប៉េកាំង នៅ​ពី​លើ។

យ៉ាងណា សហរដ្ឋ​អាមេរិក​វិញ​ដែល​ជា​ខ្នង​បង្អែក​របស់​ទីក្រុង​តៃប៉ិ ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ផង​ដែរ​ថា ក្រុង​វ៉ាស៊ីនតុន មិន​លម្អៀង​ទៅ​លើ​បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​ណា​នោះ​ទេ ឱ្យ​តែ​បេក្ខជន​នោះ​តំណាង​ពិតប្រាកដ​នៃ​ឆន្ទៈ​របស់​ប្រជាជន​កោះ​តៃវ៉ាន់ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​ក៏​ព្រមាន​ចិន កុំ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​តៃវ៉ាន់ ជាពិសេស​កុំ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លទ្ធផល​បោះឆ្នោត​នៅ​តៃវ៉ាន់ ឱ្យ​សោះ។

មក​ដល់​ពេលនេះ តៃវ៉ាន់​បាន​បិទ​ការ​ស្ទង់មតិ​របស់​ក្រុមហ៊ុន​ស្ទង់មតិ​ទាំងឡាយ​ដោយ​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ស្ទង់មតិ​ដាច់ខាត ប៉ុន្តែ​កន្លង​មក ការ​ស្ទង់មតិ​បាន​បង្ហាញ​អំពី​ប្រជាជន​កោះ​តៃវ៉ាន់ ដល់​ទៅ​ជាង ៧០% មិន​ចង់​រួម​រស់​ក្រោម​ដំបូល​សន្តិភាព​នៃ​បក្ស​កុម្មុយនីស្ត​ចិន នៃ​ទីក្រុង​ប៉េកាំង នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស