35 C
Phnom Penh

លោក ស សុខា បណ្តេញ​មន្ត្រី​នគរបាល ១២​រូប​ទៀត​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បណ្តេញ​មន្ត្រី​នគរបាល​ចំនួន ១២​រូប​ទៀត​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ បន្ទាប់ពី​រក​ឃើញ​ថា មន្ត្រី​នគរបាល​ទាំងនោះ​មិន​គោរព​បទបញ្ជា និង​តួនាទី​ភារកិច្ច​ការងារ​ក្នុង​នាម​ជា​កងកម្លាំង​នគរបាល​ជាតិ។

យោង​តាម​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ ស្ដីពី​ការ​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ ចុះ​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០២៤ ដែល​ទើប​តែ​ទទួល​បាន​នៅ​ថ្ងៃទី​៥ មករា នេះ បាន​ឲ្យ​ដឹង​ថា មន្ត្រី​ចំនួន ១២​នាក់​នោះ​មាន​ដូចជា៖

  1. វរសេនីយ៍ទោ ស ពិសិដ្ឋ នាយរង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន
  2. វរសេនីយ៍ត្រី គង់ ចាន់រស្មី នាយ​ផ្នែក​អក្សរ​សម្ងាត់​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ
  3. អនុសេនីយ៍ឯក ឌួង ចាន់សិត្សា នាយរង​ផ្នែក​នៃ​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ
  4. អនុសេនីយ៍ទោ ថា សោភ័ណ នាយរង​ផ្នែក​រដ្ឋបាល​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា
  5. អនុសេនីយ៍ឯក រស់ ឧត្តម នាយរង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧មករា
  6. អនុសេនីយ៍ឯក ស៊ីម ប៊ុនធឿន នាយរង​ផ្នែក​ការពារ និង​អន្តរាគមន៍ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ
  7. អនុសេនីយ៍ទោ ផាន់ ឯម នាយរង​ផ្នែក​អន្តោប្រវេសន៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល
  8. អនុសេនីយ៍ឯក ជុំ ម៉ៅ មន្ត្រី​នៃ​ការិយាល័យ​អន្តរាគមន៍
  9. អនុសេនីយ៍ឯក អេង ស៊ីណាត មន្ត្រី​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ
  10. អនុសេនីយ៍ឯក ជិន សុខា មន្ត្រី​ផ្នែក​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែកព្នៅ
  11. ព្រឹន្ទបាលឯក ហាក់ មុនីរិទ្ធ មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះចក នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ
  12. ព្រឹន្ទបាលទោ ហេង គីមលេង មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ដេប៉ូ​ទី​១ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក។

ជុំវិញ​ករណី​នេះ អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ លោក ទូច សុខៈ បញ្ជាក់​ថា ការ​បណ្តេញ​មន្ត្រី​នគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ទាំង ១២​នាក់​នេះ​ចេញពី​ក្របខ័ណ្ឌ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បន្ទាប់ពី​អ្នក​ទាំង ១២​នាក់​នេះ​អវត្តមាន​នៅ​ក្នុង​ការ​បំពេញ​តួនាទី​ភារកិច្ច គ្មាន​ច្បាប់ គ្មាន​ទម្លាប់ មិន​គោរព​អង្គភាព មិន​គោរព​បទបញ្ជា មិន​អនុវត្ត​តួនាទី​ឱ្យ​បាន​ត្រឹមត្រូវ ហើយ​ព្រងើយ​កន្តើយ ឬ​មិន​ទទួល​ខុសត្រូវ​នៅ​ក្នុង​ភារកិច្ច​ផ្សេងៗ​ជា​រួម មាន​ន័យ​ថា មិន​ចាត់ទុក​ថា​តួនាទី​ភារកិច្ច​ជា​កាតព្វកិច្ច​របស់​ខ្លួន។

កាលពី​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៣ ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ដកហូត​មុខតំណែង ឋានន្តរស័ក្ដិ និង​បណ្ដេញ​មន្ត្រី​នគរបាល​ចំនួន ១២​នាក់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង ចេញពី​ក្របខ័ណ្ឌ ពាក់ព័ន្ធ​នឹង​ប្រើប្រាស់​សារធាតុ​ញៀន។

ប្រភព​ដដែល​ថា ប្រាក់បៀវត្សរ៍ និង​របប​ឧបត្ថម្ភ​ផ្សេងៗ​របស់​មន្ត្រី​នគរបាល​ដែល​ត្រូវ​បណ្ដេញ​ចេញ​នោះ នឹង​ត្រូវ​បាន​កាត់ផ្ដាច់ និង​លុប​ចេញ​ទាំងអស់​ចាប់ពី​ខែ​មីនា ឆ្នាំ​២០២៤ ខាងមុខ​តទៅ។

នៅ​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៣ ដដែល លោក ស សុខា ក៏​បាន​សម្រេច​ផ្ទេរ​ភារកិច្ច​មន្ត្រី​នគរបាល​ជាតិ​ចំនួន ៥០​នាក់​ដែល​មាន​ឋានន្តរសក្តិ​ចាប់ពី​អនុសេនីយ៍ឯក​រហូត​ដល់​វរសេនីយ៍ត្រី ចេញពី​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ឱ្យ​ទៅ​បម្រើការ​នៅ​នាយកដ្ឋាន​ផ្សេង​វិញ បន្ទាប់ពី​អនុប្រធាន​គណៈកម្មាធិការ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​លោក គឹម ជាតិ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ​កាលពី​ពេល​ថ្មីៗ​នេះ។

អ្នក​ប្រឹក្សា​យោបល់​ដើម្បី​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily កន្លង​មក​ថា វិធានការ​របស់​ក្រសួង​មហាផ្ទៃ​ដែល​បាន​ព្យួរ​តួនាទី និង​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​ចំពោះ​មន្ត្រី​ក្រោម​ឱវាទ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​នៅ​ពេលនេះ គ្រាន់តែ​ជា​ចំណាត់ការ​មួយ​ជ្រុង​តូច​ប៉ុណ្ណោះ បើ​ប្រៀបធៀប​នឹង​បទល្មើស​គ្រឿងញៀន​ដែល​បាន​កើត​មាន​នៅ​កម្ពុជា​កន្លង​មក។

លោក​បន្ត​ថា ទោះ​ចំណាត់ការ​នេះ​តូច​ក្តី ធំ​ក្តី ប៉ុន្តែ​ឱ្យ​តែ​មន្ត្រី​រដ្ឋាភិបាល​មាន​ឆន្ទៈ​ក្នុង​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះ​ដោយ​សុទ្ធចិត្ត ដោយ​គ្មាន​ការ​រើសអើង ក្រោម​គោលការណ៍​ច្បាប់ មិន​ខ្លាច​ញញើត​អ្នក​មាន​អំណាច ឬ​សាច់ញាតិ បក្ខពួក​ខ្លួនឯង នោះ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន​នឹង​អាច​ឈាន​ទៅ​ដល់​ការ​លុប​បំបាត់​ទាំងស្រុង​ជាមិនខាន ប៉ុន្តែ​ប្រសិនបើ​អនុវត្ត​ច្បាប់​ដើម្បី​ធ្វើ​ប្រជាភិថុតិ ឬ​គ្រាន់តែ​ដើម្បី​ឱ្យ​ល្អ​មើល ទោះ​វិធានការ​នោះ​ធំ​កម្រិត​ណា​ក៏ដោយ ក៏​មិន​អាច​លុប​បំបាត់​បញ្ហា​នេះ​បាន​ដែរ។

របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ នៅ​ក្នុង​ឆ្នាំ​២០២២ បាន​ឲ្យ​ដឹង​ថា ក្រសួង​មួយ​នេះ​បាន​បណ្តេញ​មន្ត្រី​នគរបាល​ជាតិ​ចំនួន ១១៧​នាក់​ចេញពី​ក្របខ័ណ្ឌ ហើយ​ក៏​មាន​ការ​ដកហូត​មុខតំណែង ការ​កាត់បន្ថយ​ឋានន្តរស័ក្ដិ និង​ការ​ផ្អាក​ការងារ​មន្ត្រី​នគរបាល​ជាតិ​ប្រមាណ ៩០​នាក់​ផ្សេង​ទៀត​ផង​ដែរ។

គិត​ត្រឹម​ឆ្នាំ​២០២២ ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​សរុប​មាន​ចំនួន ៦២៦១៧​នាក់ ក្នុង​នោះ​មន្ត្រី​នគរបាល​ថ្នាក់​ជាតិ​មាន​ចំនួន ២១៩៥៥​នាក់ និង​មន្ត្រី​នគរបាល​ថ្នាក់​ក្រោម​ជាតិ​មាន​ចំនួន ៣៩៦៦២​នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស