31 C
Phnom Penh

ក្រសួង​មហាផ្ទៃ​សហការ​ជាមួយ​ក្រសួង​ការងារ​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស​ក្រោម​រូបភាព​ទេសចរ​បន្លំ​ធ្វើការ​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​មហាផ្ទៃ សហការ​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស​ក្រោម​រូបភាព​ទេសចរ តែ​បន្លំ​មក​ធ្វើការ​នៅ​កម្ពុជា​តាមរយៈ​នៃ​ការ​ផ្សព្វផ្សាយ​ដោយ​ការ​ដាក់​ផ្ទាំង​អក្សរ​ជា​ភាសា​អង់គ្លេស​នៅ​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​គ្រប់​ច្រក​ថា “Tourist Visa, Employment is not permitted” ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «ទិដ្ឋាការ​ទេសចរណ៍​មិន​អនុញ្ញាត​ឲ្យ​ធ្វើការ​នៅ​ប្រទេស​កម្ពុជា​ដាច់ខាត»។

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ លើកឡើង​កាលពី​ថ្ងៃទី​៤ ខែ​មករា ឆ្នាំ​២០២៤ នេះ​ថា ការ​ដាក់​តាំង​ពាក្យ “Tourist Visa, Employment is not permitted” នៅ​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​បែប​នេះ ដើម្បី​កុំ​ឱ្យ​ឧក្រិដ្ឋជន​អាច​បោកប្រាស់​ជនបរទេស​មក​ធ្វើការ​នៅ​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់​បាន​តទៅទៀត ហើយ​ការ​ផ្សព្វផ្សាយ​នេះ ក៏​ដើម្បី​បង្ហាញ​ទៅ​ជនរងគ្រោះ​ថា ជនបរទេស​ទាំងនោះ​ក៏​ត្រូវ​បាន​គេ​បោក​បញ្ឆោត​ដែរ។

លោក ហេង សួរ អះអាង​ថា ការ​ដាក់​តាំង​ពាក្យ​នេះ​នៅ​តាម​អាកាសយានដ្ឋាន​អន្តរជាតិ ក៏​ដើម្បី​បញ្ជាក់​ពី​ឆន្ទៈ និង​គោលបំណង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ថ្មី អំពី​គោលដៅ​ក្នុង​ការ​បង្ក្រាប​បទល្មើស​ជួញដូរ​មនុស្ស​ឱ្យ​មាន​ប្រសិទ្ធភាព​ផង​ដែរ បើ​ទោះបីជា​បញ្ហា​នេះ​ត្រូវការ​រយៈពេល​យូរ ឬ​ដោយសារ​បញ្ហា​ជា​សកល​ក៏ដោយ។

រដ្ឋមន្ត្រី​ក្រសួង​ការងារ​រូប​នេះ​បញ្ជាក់​ថា នេះ​ជា​យន្តការ​ថ្មី​មួយ​ដែល​ធ្វើ​ឱ្យ​ជនបរទេស​គ្រប់​រូប​ដែល​ត្រូវ​បាន​លួងលោម និង​បោក​បញ្ឆោត ហើយ​មិន​ដឹង​ថា​ទិដ្ឋាការ​របស់​ពួកគេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​មក​ធ្វើការ​នៅ​កម្ពុជា​ដោយ​ស្រប​ច្បាប់​នោះ​ទេ ជាពិសេស​ជនបរទេស​រងគ្រោះ​ទាំងនោះ​ក៏​ងាយស្រួល​ក្នុង​ការ​ប្តឹង​ប៉ូលិស​អន្តោប្រវេសន៍​ដែល​នៅ​ក្បែរ​ពួកគេ ដើម្បី​អាច​ឱ្យ​សមត្ថកិច្ច​កម្ពុជា​អាច​ចាប់​ឧក្រិដ្ឋជន​ទាំងនោះ​នៅ​នឹង​កន្លែង​បាន​តែម្តង។

ការ​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋជន​ប្រើប្រាស់​ជា​ទីតាំង​សម្រាប់​ធ្វើការ​ជួញដូរ​មនុស្ស​យ៉ាង​គគ្រឹកគគ្រេង​សព្វថ្ងៃ​នេះ ខណៈ​វិធានការ​ទប់ស្កាត់​របស់​សមត្ថកិច្ច​កម្ពុជា​នៅ​មាន​កម្រិត​ទាប​នៅឡើយ។

ក្រសួង​ការបរទេស​អាមេរិក បាន​បញ្ចេញ​របាយការណ៍​ស្ដីពី​ការ​ជួញដូរ​មនុស្ស ដោយ​ដាក់​ប្រទេស​កម្ពុជា​ចូល​ក្នុង​បញ្ជីខ្មៅ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​កម្រិត​៣ (Tier 3 Watch List) កាលពី​ពេល​កន្លង​ទៅ ដោយ​បញ្ជាក់​ថា កម្ពុជា​ស្ថិត​នៅ​ក្នុង​បញ្ជីខ្មៅ​នៃ​ការ​ជួញដូរ​មនុស្ស​ធ្ងន់ធ្ងរ​នៅឡើយ​សព្វថ្ងៃ​នេះ។

កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៣ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា លើកឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០២៣ ក្នុង​ខេត្ត​បាត់ដំបង ថា កម្ពុជា​កំពុង​ញាំញី​ដោយ​អំពើ​ជួញដូរ​មនុស្ស​ធ្ងន់ធ្ងរ​សព្វថ្ងៃ​នេះ ព្រោះ​ថា​ក្រុម​ឧក្រិដ្ឋជន​បាន​ដើរ​មុន​ការ​អនុវត្ត​វិធាន​ច្បាប់​ក្នុង​ការ​ទប់ស្កាត់​របស់​រដ្ឋាភិបាល​បាន​មួយ​ជំហាន​ធំ​ទៅ​ហើយ។

លោក​បន្ថែម​ថា រដ្ឋាភិបាល​នៅតែ​មិន​អាច​កំណត់​ពី​ភាព​ជាក់លាក់​លើ​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ​បាន​នៅឡើយ ក្នុង​នោះ ក្រុម​ឧក្រិដ្ឋជន​បាន​ធ្វើការ​ជួញដូរ​មនុស្ស​ចាប់ពី ៥​ឆ្នាំ​ទៅ ១៥​ឆ្នាំ​ក្នុង​មនុស្ស​ម្នាក់ ជួនកាល​ពួកគេ​បាន​លក់​មនុស្ស​ម្នាក់​នោះ​ត្រឹមតែ ៤​ឆ្នាំ ឬ ៥​ឆ្នាំ​ប៉ុណ្ណោះ ហើយ​ក៏​លក់​បន្ត​ទៅ​អ្នក​ដទៃ​ទៀត។ ចំណែក​អ្នក​ខ្លះ​ទៀត ត្រូវ​គេ​លក់​រហូត​ដល់​ទៅ ៤ ឬ ៥​តង់​ឯណោះ។

កាលពី​ចុង​ឆ្នាំ​២០២៣ អង្គការ​សហប្រជាជាតិ បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា អំពើ​ឆបោក​តាម​អ៊ីនធឺណិត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ កំពុង​បង្កើត​ប្រាក់ចំណូល​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​មាន​ជនរងគ្រោះ​ប្រមាណ ១​សែន​នាក់​ត្រូវ​បាន​ជួញដូរ​ចូល​ទៅ​ក្នុង​ប្រទេស​កម្ពុជា និង​ជាង ១​សែន​នាក់​ផ្សេង​ទៀត (១២០០០០​នាក់) ចូល​ទៅ​កាន់​ប្រទេស​ភូមា ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស