38 C
Phnom Penh

ក្រសួង​ព័ត៌មាន​ព្រមាន​ម្ចាស់​ក្រុមហ៊ុន​ស្រាបៀរ​ឱ្យ​បញ្ឈប់​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​ដែល​មាន​រង្វាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ព្រមាន​ម្ចាស់​ក្រុមហ៊ុន​ផលិត នាំចូល ចែកចាយ និង​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​ទាំងអស់ ឱ្យ​បញ្ឈប់​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​ដោយ​មាន​ការ​ផ្តល់​រង្វាន់​ក្នុង​បំណង​អូស​ទាញ​ប្រជាពលរដ្ឋ​ឱ្យ​ផ្សង​សំណាង​យក​រង្វាន់ និង​ពាក្យស្លោក​ដែល​មាន​ចរិត​លើក​ទឹកចិត្ត​ឱ្យ​ពលរដ្ឋ​សេព​គ្រឿងស្រវឹង​ជា​កំហិត។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក នេត្រ ភក្ដ្រា បាន​ចេញ​លិខិត​ណែនាំ​មួយ​ដល់​ម្ចាស់​ក្រុមហ៊ុន​ផលិត នាំចូល ចែកចាយ និង​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​នៅ​កម្ពុជា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០២៤ នេះ​ថា សព្វថ្ងៃ​នេះ ក្រសួង​សង្កេត​ឃើញ​ថា​មាន​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿងស្រវឹង​តាមរយៈ​ស្ថានីយ​វិទ្យុ ទូរទស្សន៍ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់​ប្រភេទ​យ៉ាង​គគ្រឹកគគ្រេង ដោយ​ការ​ផ្តល់​រង្វាន់​ផ្សង​សំណាង​យ៉ាង​អនាធិបតេយ្យ។

លើស​ពី​នេះ ក៏​មាន​ការ​ធ្វើ​បទសម្ភាសន៍​ជាមួយ​អ្នក​ត្រូវ​រង្វាន់ ដោយ​ប្រើ​សកម្មភាព​ជំរុញ​លើក​ទឹកចិត្ត និង​ប្រើ​រូបភាព​ដើម្បី​អូស​ទាញ​ឱ្យ​ពលរដ្ឋ ជាពិសេស​ក្នុង​ស្រទាប់​យុវជន​ឱ្យ​ឈ្លក់​វង្វេង​ក្នុង​ការ​សេព​គ្រឿងស្រវឹង​ប្រកប​ដោយ​គ្រោះថ្នាក់ ដើម្បី​ផ្សង​យក​រង្វាន់ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អនាគត​យុវជន​កម្ពុជា​ដែល​ជា​ទំពាំង​ស្នង​ឫស្សី​របស់​កម្ពុជា​ផង​ដែរ។

លោក នេត្រ ភក្ដ្រា បញ្ជាក់​ថា ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​ក្រុមហ៊ុន​ផលិត នាំចូល ចែកចាយ​ទាំងអស់ មិន​ត្រូវ​យក​ស្ត្រី និង​អនីតិជន​ក្រោម​អាយុ ១៨​ឆ្នាំ​ពាក់ព័ន្ធ​ដាច់ខាត ព្រោះ​ទង្វើ​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ស្ត្រី​ខ្មែរ​ធ្ងន់ធ្ងរ ហើយ​រាល់​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​តាម​កញ្ចក់​ទូរទស្សន៍​គ្រប់​ប្រភេទ សារព័ត៌មាន​តាម​ប្រព័ន្ធ​អនឡាញ អាហ្វីស ប៉ាណូ LED Screen ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​នានា ត្រូវតែ​ដាក់​សារ​ព្រមាន «ពិសា​គ្រឿងស្រវឹង សូម​កុំ​បើកបរ»«ពិសា​ដោយ​ការ​ទទួល​ខុសត្រូវ» ជាដើម។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​រូប​នេះ​ព្រមាន​ថា ក្នុង​ករណី​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​ក្រុមហ៊ុន​ផលិត នាំចូល ចែកចាយ ឬ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​ណា​មួយ​មិន​អនុវត្ត​តាម​លិខិត​ជូនដំណឹង​នេះ ក្រសួង​ព័ត៌មាន​នឹង​បញ្ឈប់​ការ​ផ្សាយ​ស្ពត​ពាណិជ្ជកម្ម​នោះ​តែម្តង ដោយឡែក​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា​ដែល​ល្មើស ក្រសួង​ព័ត៌មាន​នឹង​អនុវត្ត​តាម​កិច្ចសន្យា​ដែល​តម្កល់​ទុក​នៅ​ក្រសួង​ព័ត៌មាន​ផង​ដែរ។

ការ​ព្រមាន​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការ​ចែកចាយ និង​រិះគន់​នូវ​រូបថត​របស់​យុវជន​មួយ​ក្រុម​ដែល​បាន​ផឹក​ស្រាបៀរ​ក្នុង​កម្មវិធី​ទទួល​រង្វាន់​តាមរយៈ​ការ​ផ្សាយ​របស់​ទូរទស្សន៍​បាយ័ន ក្នុង​កម្មវិធី​កីឡា​ប្រដាល់​គុន​ខ្មែរ កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​២០២៤ ក្រុមហ៊ុន​ស្រាបៀរ​កម្ពុជា បាន​ឧបត្ថម្ភ​កម្មវិធី​កីឡា​ប្រដាល់​គុន​ខ្មែរ ដែល​រៀបចំ​ដោយ​ទូរទស្សន៍​បាយ័ន ក្នុង​នោះ ក្រុមហ៊ុន​ស្រាបៀរ​កម្ពុជា​បាន​ធ្វើ​កម្មវិធី​ខ្លី​មួយ ដោយ​ជ្រើសរើស​អ្នក​ចូលរួម​ទស្សនា​ចំនួន ៤​នាក់​ដែល​មាន​យុវនារី ២​នាក់ និង​យុវជន ២​នាក់ ឱ្យ​ផឹក​ស្រាបៀរ​លើ​សង្វៀន​ប្រដាល់​គុន​ខ្មែរ ដែល​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ដោយ​ទូរទស្សន៍​បាយ័ន​នា​ពេល​នោះ។

យុវជន​មួយ​ក្រុម​បាន​ផឹក​ស្រាបៀរ​ក្នុង​កម្មវិធី​ទទួល​រង្វាន់​តាមរយៈ​ការ​ផ្សាយ​របស់​ទូរទស្សន៍​បាយ័ន ក្នុង​កម្មវិធី​កីឡា​ប្រដាល់​គុន​ខ្មែរ កាលពី​ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​២០២៤។

ក្នុង​កម្មវិធី​ជ្រើស​យុវជន និង​យុវនារី​ឡើង​ផឹក​ស្រាបៀរ​កម្ពុជា​ដើម្បី​ទទួល​បាន​រង្វាន់​នោះ ពួកគេ​ម្នាក់ៗ​សុទ្ធតែ​ត្រូវ​រង្វាន់​ពី​ការ​បើក​គម្រប​កំប៉ុង​ស្រាបៀរ​កម្ពុជា ក្នុង​នោះ ត្រូវ​រង្វាន់​ជា​ទឹកប្រាក់ ៥០​ដុល្លារ​ចំនួន ២​នាក់ និង​ត្រូវ​រង្វាន់​ជា​ទឹកប្រាក់ ១០​ដុល្លារ​ចំនួន ២​នាក់​ផង​ដែរ ដែល​ក្នុង​បំណង​ជំរុញ​អ្នក​ទស្សនា​ឱ្យ​ផឹក​ស្រាបៀរ​ពី​ក្រុមហ៊ុន​ខ្លួន។

យ៉ាងណា​ក៏ដោយ បន្ទាប់ពី​កម្មវិធី​នេះ​ត្រូវ​បាន​បញ្ចប់ អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បាន​នាំគ្នា​រិះគន់​ព្រោងព្រាត​ចំពោះ​ទង្វើ​នេះ ក្នុង​នោះ ម្ចាស់​ជើងឯក​កីឡា​ស្នូកឃ័រ ឬ​ប៊ីយ៉ា​ការ៉ុប​លើ​ទឹកដី​ប្រទេស​កូរ៉េខាងត្បូង និង​ជា​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​ខាង​ស្នូកឃ័រ​ឆ្នាំ​២០២៣ កញ្ញា ស្រួង ភាវី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៧ ខែ​មករា ដោយ​ភ្ជាប់​រូបថត​យុវជន​ខ្មែរ​ខាងលើ​ដែល​កាន់​កំប៉ុង​ស្រាបៀរ និង​យុវជន​ជនជាតិ​វៀតណាម ដែល​ឈរ​សិក្សា​នៅ​តំបន់​ព្រំដែន​ខ្មែរ​ថា កូន​ខ្មែរ​ក្អាកក្អាយ សប្បាយ​ភ្លេច​ខ្លួន កូន​យួន​ប្រើ​ចិត្ត​គិត​ជាតិ​ទឹកដី ស្រុក​ខ្មែរ​ផ្សព្វផ្សាយ​ស្រាបៀរ​បារី ឯ​សាសន៍​ដទៃ​ផ្សព្វផ្សាយ​ចំណេះ។

ជាង​នេះ​ទៀត ក៏​មាន​ការ​លើកឡើង​ដែរ​ថា ទូរទស្សន៍​បាយ័ន​ដែល​គ្រប់គ្រង​ដោយ​អ្នកស្រី ហ៊ុន ម៉ាណា កូនស្រី​បង្កើត​របស់​លោក ហ៊ុន សែន និង​ជា​ប្អូនស្រី​បង្កើត​របស់​លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​ពេល​នេះ កំពុង​ចូលរួម​ពង្វក់​យុវជន​ខ្មែរ​ឱ្យ​សេព​គ្រឿងញៀន​យ៉ាង​ធ្ងន់ធ្ងរ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពួកគេ​លែង​ខ្វល់​ពី​ទឹកដី​អ្វី​ទាំងអស់។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​អំឡុង​ឆ្នាំ​២០១២ ក្នុង​ពិធី​សម្ពោធ​រោងចក្រ​ផលិត​ស្រាបៀរ​កម្ពុជា​របស់​ក្រុមហ៊ុន​ខ្មែរប្រ៊ូវើរី លីមីតធីត លោក ហ៊ុន សែន បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ក្នុង​ប្រទេស​កម្ពុជា​ដែល​សព្វថ្ងៃ​មាន ៨​រោងចក្រ ប្រឹងប្រែង​ពង្រីក​ឱ្យ​បាន​ច្រើន ដើម្បី​នាំចេញ​ទៅ​កាន់​ទីផ្សារ​ក្រៅ​ប្រទេស ក្រោយ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​គ្រប់គ្រាន់​តាម​តម្រូវការ។

ជាង​នេះ​ទៀត កាលពី​ចុង​ឆ្នាំ​២០២១ ក្រសួង​ព័ត៌មាន​កម្ពុជា ក៏​ធ្លាប់​ចុះផ្សាយ​ពី​កម្មវិធី​ផ្តល់​រង្វាន់​របស់​ស្រាបៀរ​កម្ពុជា​ផង​ដែរ ដូចជា រង្វាន់​ទឹកប្រាក់ ២០​លាន​រៀល រង្វាន់​ទឹកប្រាក់ ១០​លាន​រៀល ការ​ផ្សព្វផ្សាយ​ពី​ការ​ទិញ​ស្រាបៀរ​កម្ពុជា​កំប៉ុង​ចំនួន ១០០​កេស ទទួល​បាន​ធុងបាស ១​ឈុត សន្លឹកឆ្នោត​ផ្សង​សំណាង ២​សន្លឹក និង​សៀវភៅ​កត់​ចំណងដៃ ៤​ក្បាល ព្រមទាំង​កម្មវិធី​ជាច្រើន​ទៀត​ជាដើម ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ស្រាបៀរ​នេះ​ហ៊ាន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្រេច​តែ​នឹង​ចិត្ត​រហូត​សព្វថ្ងៃ​នេះ។

របាយការណ៍​ចុងក្រោយ​នៃ​លទ្ធផល​ការ​ស្ទង់មតិ​របស់​បណ្ដាញ​ស្រាវជ្រាវ​អាម៉េរិក Wisevoter កាលពី​អំឡុង​ខែ​កក្កដា ឆ្នាំ​២០២៣ បង្ហាញ​ថា កម្ពុជា​បាន​ជាប់​ឈ្មោះ​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ផឹក​ស្រា​ច្រើន​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ាន ដោយ​ទាញ​ទម្លាក់​ប្រទេស​វៀតណាម មក​ចំណាត់ថ្នាក់​លេខ​៣ និង​ឡាវ លេខ​២ ខណៈ​ប្រទេស​ថៃ មក​លេខ​៤ សម្រាប់​ឆ្នាំ​២០២៣។

ការ​ផលិត​ស្រា​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​មែន​មាន​ត្រឹមតែ​ក្រុមហ៊ុន​ស្រាបៀរ​តែ​មួយ​មុខ​ទេ គឺ​មាន​ការ​ផលិត​ស្រា​ជា​លក្ខណៈ​គ្រួសារ​ផង​ដែរ ក្នុង​នោះ អ្នក​ផលិត​ស្រា​ជា​លក្ខណៈ​គ្រួសារ​ភាគច្រើន​បាន​ប្រើ​មេ​តំបែរ​គីមី​គ្មាន​ការ​ត្រួតពិនិត្យ​ដែល​នាំចូល​ពី​ប្រទេស​វៀតណាម និង​ថ្នាំពុល ឬ​សារជាតិ​អេស្កាដេ (SKD) ដាក់​ក្នុង​ស្រា ដើម្បី​បង្កើន​កម្រិត​អាល់កុល​របស់​ស្រា ដែល​ការ​ធ្វើ​បែប​នេះ​បាន​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួលទាន​ស្រា​ប្រភេទ​នេះ​យ៉ាង​ធ្ងន់ធ្ងរ ខណៈ​រដ្ឋាភិបាល​ក៏​មិន​ដែល​ខ្វល់​ពី​បញ្ហា​នេះ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស