32 C
Phnom Penh

លោក អ៊ុំ សំអាន ព្រមាន​ថា​នាយករដ្ឋមន្ត្រី​ថ្មី​កម្ពុជា​នឹង​ក្លាយ​ជា​ជន​ក្បត់​ជាតិ បើ​យក​ដែន​ទឹក​ខ្មែរ​រកស៊ី​នឹង​ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន ព្រមាន​ថា នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត នឹង​ក្លាយ​ជា​ជន​ក្បត់​ជាតិ​ដូច​លោក ហ៊ុន សែន ឪពុក​របស់​គាត់​ដែរ ប្រសិនបើ​គាត់​ហ៊ាន​យក​តំបន់​សមុទ្រ​ត្រួត​ស៊ី​គ្នា​រវាង​កម្ពុជា-ថៃ ទំហំ​ជាង ២៦០០០​គីឡូម៉ែត្រ​ការ៉េ ទៅ​ចូលរួម​សហការ​រកស៊ី​ប្រេង និង​ឧស្ម័ន​ជាមួយ​ថៃ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​គាត់​ទៅ​កាន់​ប្រទេស​ថៃ នៅ​ខែ​ក្រោយ​នេះ។

លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ មករា ថា តំបន់​សមុទ្រ​ត្រួត​ស៊ី​គ្នា​ជាង ២៦០០០​គីឡូម៉ែត្រ​ការ៉េ គឺ​ស្ថិត​ក្នុង​តំបន់​សមុទ្រ ៣០០០០​គីឡូម៉ែត្រ​ការ៉េ​ដែល​ថៃ បាន​យក​ពី​ប្រទេស​កម្ពុជា តាមរយៈ​កិច្ចព្រមព្រៀង​ទ្វេភាគី​រវាង​ថៃ និង​វៀតណាម ឆ្នាំ​១៩៩៧ ដោយ​ផ្អែក​លើ​សន្ធិសញ្ញា​តំបន់​ទឹក​ប្រវត្តិសាស្ត្រ​ឆ្នាំ​១៩៨២ ខណៈ​កិច្ចព្រមព្រៀង​ទ្វេភាគី​រវាង​ថៃ និង​វៀតណាម ឆ្នាំ​១៩៩៧ នោះ ត្រូវ​បាន​ទុក​ជា​មោឃៈ​ដោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ទៅ​ហើយ​នោះ។

លោក អ៊ុំ សំអាន លើកឡើង​ថា សន្ធិសញ្ញា​តំបន់​ទឹក​ប្រវត្តិសាស្ត្រ​ឆ្នាំ​១៩៨២ ដែល​ធ្វើ​ឡើង​ក្នុង​សម័យ​វៀតណាម ត្រួតត្រា​កម្ពុជា បាន​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ដែន​សមុទ្រ​ខ្មែរ​ទៅ​ថៃ និង​វៀតណាម យ៉ាង​ច្រើន ក្នុង​នោះ កម្ពុជា​បាន​បាត់បង់​កោះ​គុត​ទាំងស្រុង​ទៅ​ប្រទេស​ថៃ នៅ​ឆ្នាំ​២០១០ ហើយ​ដោយសារតែ​ការ​បាត់បង់​កោះ​គុត នេះ​ហើយ ទើប​បណ្តាល​ឱ្យ​ព្រំដែន​សមុទ្រ​ខ្មែរ​បាត់បង់​ដែរ ព្រោះ​ការ​កំណត់​ព្រំដែន​សមុទ្រ គឺ​ត្រូវ​យក​ចំណុច​ខ្ពស់​បំផុត​នៃ​កោះ​គុត​ធ្វើ​ជា​គោល ដើម្បី​តម្រង់​ខ្សែបន្ទាត់​ព្រំប្រទល់​សមុទ្រ ក្នុង​នោះ​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៧ ក៏​បាន​ចែង​ពី​ការ​យក​កោះ​គុត​ធ្វើ​ជា​គោល​ក្នុង​ការ​កំណត់​ព្រំដែន​សមុទ្រ​កម្ពុជា-ថៃ ដែរ។

តំណាងរាស្ត្រ​អតីត​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា នៅ​អំឡុង​ឆ្នាំ​១៩៩៧ លោក ហ៊ុន សែន ក៏​ធ្លាប់​តវ៉ា​ជាមួយ​ថៃ នៅ​ទីក្រុង​បាងកក ជុំវិញ​ការ​រំលោភ​ដែនសមុទ្រ​កម្ពុជា​ដែល​មាន​ទំហំ ៣០០០០​គីឡូម៉ែត្រ​ការ៉េ​នេះ​ដែរ ប៉ុន្តែ​ត្រូវ​បរាជ័យ ដូច្នេះ​នៅ​ពេល​ដែល​លោក ហ៊ុន ម៉ាណែត ចូលរួម​ក្នុង​គម្រោង​រកស៊ី​ប្រេង និង​ឧស្ម័ន​រួម​គ្នា​នៅ​តំបន់​សមុទ្រ​ត្រួត​ស៊ី​គ្នា​ជាមួយ​ថៃ ម្តង​នេះ មាន​ន័យ​ថា កម្ពុជា​មិន​ត្រឹមតែ​មិន​អាច​ទាមទារ​ដែនសមុទ្រ ៣០០០០​គីឡូម៉ែត្រ​ក្រឡា​ដែល​បាត់​ទៅ​នោះ​ទេ គឺ​ថែមទាំង​ត្រូវ​កំណត់​ព្រំដែន​សមុទ្រ​លើ​តំបន់​សមុទ្រ​ត្រួត​ស៊ី​គ្នា​ជាង ២៦០០០​គីឡូម៉ែត្រ​ក្រឡា​ជាមួយ​ថៃ នៅ​ថ្ងៃ​អនាគត​ថែម​ទៀត។

លោក អ៊ុំ សំអាន ព្រមាន​ថា កម្ពុជា​ត្រូវ​ចរចា​កំណត់​ព្រំដែន​សមុទ្រ​របស់​ខ្លួន​ជាមួយ​ថៃ ជា​មុន​សិន មុន​នឹង​ចាប់ផ្តើម​គម្រោង​រកស៊ី​ជាមួយ​គ្នា​ក្នុង​តំបន់​សមុទ្រ​ត្រួត​ស៊ី​គ្នា​នេះ ព្រោះ​កម្ពុជា​បាន​បាត់បង់​ដែនសមុទ្រ​របស់​ខ្លួន​អស់​ជាច្រើន​អន្លើ​ទៅ​ប្រទេស​ជិតខាង​រួច​ទៅ​ហើយ ដូចជា កោះត្រល់ ចង្កោម​កោះ​ក្រចកសេះ ដែល​បាន​បាត់បង់​ទៅ​វៀតណាម ៣​ម៉ឺន​គីឡូម៉ែត្រ​ការ៉េ និង​បាត់បង់​ទៅ​ប្រទេស​ថៃ ៣​ម៉ឺន​គីឡូម៉ែត្រ​ការ៉េ រួម​ទាំង​ការ​ដាក់​សមុទ្រ​ខ្មែរ​ជា​តំបន់​ត្រួត​ស៊ី​គ្នា​រួម​ជាមួយ​វៀតណាម ១​ម៉ឺន​គីឡូម៉ែត្រ​ការ៉េ នា​ពេល​បច្ចុប្បន្ន​ទៀត​នោះ។

កាលពី​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២៤ កាសែត​ថៃ បាងកក​ប៉ុស្តិ៍ បាន​ចុះផ្សាយ​ថា ជំនួប​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត និង​នាយករដ្ឋមន្ត្រី​ថៃ លោក ស្រេតថា ថាវីស៊ីន គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ ដែល​នឹង​លើក​យក​ប្រធានបទ​សំខាន់​មួយ​មក​ពិភាក្សា​ជា​ថ្មី​ក្នុង​ការ​រក​ដំណោះស្រាយ​បញ្ហា​តំបន់​ប្រេង​ត្រួត​ស៊ី​គ្នា​ក្នុង​ដែនសមុទ្រ​រវាង​ប្រទេស​ទាំង​ពីរ ក្រោយ​ជាប់​គាំង​តាំងពី​ឆ្នាំ​២០០១ មក។

ប្រភព​ដដែល​អះអាង​ថា រដ្ឋមន្ត្រី​ការបរទេស​ថៃ លោក ប៉ានព្រី ផាហិថថានុក្រ៍ (Parnpree Bahiddha-Nukara) ក៏​បាន​បញ្ជាក់​ដែរ​ថា ថៃ កំពុង​ទន្ទឹង​ចាំ​មើល​លទ្ធផល​ច្បាស់លាស់​នៃ​ជំនួប​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា និង​នាយករដ្ឋមន្ត្រី​ថៃ ខាងមុខ និង​ថា​បន្ទាប់​មក​ទៀត ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​មាន​ចំណាត់ការ​ទៅ​តាម​នីតិវិធី​តែម្តង។

សិទ្ធិ​អភិវឌ្ឍន៍​លើ​តំបន់​ត្រួត​ស៊ី​គ្នា​ក្នុង​ឈូង​សមុទ្រ​ថៃ គឺជា​ចំណុច​នៃ​ជម្លោះ​ទាមទារ​រវាង​កម្ពុជា-ថៃ តាំងពី​ដើម​ទសវត្សរ៍​១៩៧០ មក​ម្ល៉េះ ប៉ុន្តែ​នៅ​អំឡុង​ខែ​មិថុនា ឆ្នាំ​២០០១ កម្ពុជា និង​ថៃ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​កិច្ចចរចា​អភិវឌ្ឍន៍​ប្រេង និង​ឧស្ម័ន​នៅ​តំបន់​នោះ ប៉ុន្តែ​អ្វីៗ​ត្រូវ​បាន​ផ្អាក​ទៅវិញ នៅ​ពេល​ថៃ ប្តូរ​នាយករដ្ឋមន្ត្រី​កាលពី​ឆ្នាំ​២០០៩។

យ៉ាងណាក៏ដោយ កិច្ចពិភាក្សា​ស្ដីពី​ការ​អភិវឌ្ឍ​ប្រេង​នៅ​លើ​តំបន់​ត្រួត​ស៊ី​គ្នា​ក្នុង​ឈូង​សមុទ្រ​ថៃ នេះ ក៏​ធ្លាប់​ត្រូវ​បាន​ប្រទេស​ទាំង​ពីរ​គូសវាស​ឡើងវិញ​ដែរ តែ​ត្រូវ​អាក់ខាន​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ-១៩ កាលពី​ចុង​ឆ្នាំ​២០១៩។

យ៉ាងណាមិញ ក្នុង​ដំណាក់កាល​គ្រប់គ្រង​នៃ​រដ្ឋាភិបាល​លោក ស្រេតថា ថាវីស៊ីន សម្រាប់​អាណត្តិ​ថ្មី​នេះ ភាគី​ថៃ​បាន​កែប្រែ​យុទ្ធសាស្ត្រ​ចរចា​តាមរយៈ​នៃ​ការ​ប្តូរ​ជំហរ​បោះ​បង្គោល​ព្រំដែន​សមុទ្រ​ជាមួយ​កម្ពុជា​វិញ។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ និង​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​ថ្មីៗ​នេះ​ថា លោក​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ប្រទេស​កម្ពុជា លោក ហ៊ុន ម៉ាណែត ទៅ​កាន់​ប្រទេស​ថៃ នៅ​ខែ​កុម្ភៈ ខាងមុខ​នេះ ព្រោះ​ថា​លោក ហ៊ុន ម៉ាណែត អាច​នឹង​ធ្វើ​សម្បទាន​តាម​ការ​ស្នើ​ពី​ថៃ នៅ​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា​រវាង​កម្ពុជា-ថៃ ជា​ថ្នូរ​នឹង​ការ​ស្នើសុំ​ឱ្យ​នាយករដ្ឋមន្ត្រី​ថៃ ពិនិត្យ​សកម្មភាព​គណបក្ស​កាវក្លៃ ក្រោម​លេស​កម្ចាត់​សកម្មជន​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​កំពុង​ជ្រកកោន​ក្នុង​ទឹកដី​ថៃ សព្វថ្ងៃ​នេះ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ខាតបង់​ប្រយោជន៍​គ្រប់​យ៉ាង​ដ៏​ច្រើន​នា​ពេល​អនាគត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស