32 C
Phnom Penh

លោក អ៊ុំ សំអាន ថា​ច្បាប់​កម្ពុជា​អនុវត្ត​ចំពោះ​តែ​ពលរដ្ឋ​ក្រីក្រ​ប៉ុណ្ណោះ ព្រោះ​ច្បាប់​នៅ​ក្រោម​បាតជើង​អ្នក​មាន​លុយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន ចោទ​ថា​ច្បាប់​របស់​ប្រទេស​កម្ពុជា​ដែល​កំពុង​ក្តោប​ក្តាប់​ដោយ​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា សព្វថ្ងៃ​នេះ អនុវត្ត​ចំពោះ​បាន​តែ​ប្រជាពលរដ្ឋ​ក្រីក្រ​តូចតាច​ប៉ុណ្ណោះ ព្រោះ​ច្បាប់​នេះ​កំពុង​រស់នៅ​ក្រោម​បាតជើង​អ្នក​មាន​លុយ និង​អ្នក​មាន​អំណាច។

មន្ត្រី​ជាន់ខ្ពស់​អតីត​បក្ស​ប្រឆាំង​លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៥ មករា នេះ​ថា មន្ត្រី​អាជ្ញាធរ​អប្សរា ២​រូប​ដែល​ប្រើ​អំពើ​ហិង្សា​លើ​ក្មេងប្រុស​ដែល​លក់​សត្វ​អណ្ដើក​នៅ​មុខ​ប្រាសាទ​អង្គរវត្ត ត្រូវ​បាន​តុលាការ​ខេត្ត​សៀមរាប ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​ហើយ។

លោក​បន្ថែម​ថា អាជ្ញាធរ​ខ្មែរ អ្នក​មាន​លុយ និង​អ្នក​មាន​អំណាច តែងតែ​យក​ច្បាប់​របស់​ប្រទេស​មក​ទ្រាប់​អង្គុយ​ជានិច្ច ទោះបីជា​ពួកគេ​បាន​ប្រព្រឹត្ត​បទល្មើស ឬ​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​កម្រិត​ណា​ក៏ដោយ ក៏​គ្មាន​ទោស​ដែរ ព្រោះ​ពួកគេ​ឃុបឃិត​គ្នា។

លោក អ៊ុំ សំអាន លើកឡើង​ថា ច្បាប់​ដែល​កំពុង​អនុវត្ត​ដោយ​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា មិន​អាន​អនុវត្ត​ទៅ​លើ​អាជ្ញាធរ​ខ្មែរ អ្នក​មាន​លុយ និង​អ្នក​មាន​អំណាច​បាន​ទេ​សព្វថ្ងៃ​នេះ ប៉ុន្តែ​ប្រសិនបើ​ពួកគេ​អនុវត្ត​ច្បាប់​ទាំងនេះ​ទៅ​លើ​អ្នក​ទាំងនោះ ក៏​គ្រាន់តែ​ធ្វើ​ឱ្យ​ល្អ​មើល​ប៉ុណ្ណោះ ព្រោះ​ថា​បើ​ត្រូវ​ចាប់​ខ្លួន​អ្នក​ទាំងនោះ​ដាក់​គុក​វិញ គឺ​គ្រាន់តែ​ជា​វិធី​បំភាន់​ភ្នែក​ប្រជាពលរដ្ឋ​ដែរ ដូច​ពាក្យ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​រងគ្រោះ​តែង​និយាយ​គ្រប់​គ្នា​ថា ចូល​តាម​ទ្វារ​មុខ ចេញ​តាម​ទ្វារ​ក្រោយ ឬ​ជាប់​គុក​មួយ​ចម្អែត​កំពឹស ជាដើម។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​តុលាការ​ដោះលែង​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រើ​អំពើ​ហិង្សា​លើ​កុមារា​មិន​ទាន់​គ្រប់​អាយុ ដើម្បី​គំរាម​ក្មេងប្រុស​ម្នាក់​នោះ​កុំ​ឱ្យ​លក់​សត្វ​អណ្ដើក​ឲ្យ​ភ្ញៀវ​ទេសចរ​នៅ​មុខ​ប្រាសាទ​អង្គរ​បន្ត​ទៀត​កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០២៤ គណនី​ហ្វេសប៊ុក​ជាច្រើន​បាន​ធ្វើការ​ផ្សព្វផ្សាយ​នូវ​វីដេអូ​មួយ​ដែល​បង្ហាញ​ពី​ការ​ប្រើប្រាស់​អំពើ​ហិង្សា​របស់​បុគ្គលិក​សណ្ដាប់ធ្នាប់​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ទៅ​លើ​ក្មេងប្រុស​ដើរ​លក់​សត្វ​អណ្ដើក​នៅ​ក្នុង​បរិវេណ​មុខ​ប្រាសាទ​អង្គរវត្ត ស្ថិត​នៅ​ភូមិ​ក្រវាន់ សង្កាត់​នគរធំ ក្រុង​សៀមរាប ខេត្ត​សៀមរាប ដោយ​ចាប់​ទាញ​ក​អាវ​ជនរងគ្រោះ និង​ទះ​កំផ្លៀង​ចំ​សៀតផ្កា​មួយ​ដៃ និង​ទាត់​មួយ​ជើង​យ៉ាង​ដំណំ។

ក្រោយ​ការ​បង្ក​អំពើ​ហិង្សា និង​ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក នៅ​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០២៤ អាជ្ញាធរ​ជាតិ​អប្សរា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​សម្រេច​ដាក់​ពិន័យ​លើ​បុគ្គលិក​របស់​ខ្លួន​ដែល​ប្រើ​អំពើ​ហិង្សា​នោះ​ផង​ដែរ ដោយ​តម្រូវ​ឱ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ហិង្សា​នៅ​ពេល​ក្រោយ​ទៀត ព្រមទាំង​បាន​ណែនាំ​ឱ្យ​ទៅ​សុំទោស​ឪពុក​ម្ដាយ និង​កុមារ​រងគ្រោះ​ដោយ​ផ្ទាល់​ថែម​ទៀត។

ជាង​នេះ​ទៀត នៅ​ថ្ងៃទី​១៣ ខែ​មករា អយ្យការ​អម​សាលាដំបូង​ខេត្ត​សៀមរាប បាន​ទទួល​ចាត់ការ​សំណុំរឿង​ព្រហ្មទណ្ឌ​របស់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប លើ​បុគ្គលិក​អាជ្ញាធរ​អប្សរា​ទាំង​ពីរ​នាក់​ខាងលើ​នេះ​ផង​ដែរ ដែល​មាន​ឈ្មោះ សុខ សឿន និង​ឈ្មោះ ហៃ រដ្ឋា ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់។

យ៉ាងណាក៏ដោយ នៅ​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០២៤ សាលាដំបូង​ខេត្ត​សៀមរាប បាន​សម្រេច​ឱ្យ​ជនសង្ស័យ​ទាំង​ពីរ​នាក់​វិលត្រឡប់​ទៅ​លំនៅឋាន​វិញ​ជា​បណ្ដោះអាសន្ន ក្រោម​ហេតុផល​ថា ជនរងគ្រោះ​ឈ្មោះ ណុល សំណាង និង​បក្ខពួក បាន​នាំគ្នា​ទៅ​ចាប់​សត្វ​អណ្ដើក​នៅ​ក្នុង​កសិណ​អង្គរ ដែល​បាន​បំពាន​ការ​ហាមឃាត់​របស់​អាជ្ញាធរ​អប្សរា​ដែល​បាន​ហាមឃាត់​កន្លង​មក។

ជាង​នេះ​ទៀត អំឡុង​ពេល​ហាមឃាត់ ជនរងគ្រោះ​បាន​ជេរប្រមាថ​មក​លើ​អាជ្ញាធរ​ទាំង​ពីរ​នាក់​នេះ​ផង​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពួកគេ​មាន​ការ​ខឹងសម្បា និង​ជ្រុលជ្រួស​ឈាន​ទៅ​ដល់​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​ជនរងគ្រោះ​តែម្តង ប៉ុន្តែ​ជនសង្ស័យ​ទាំង​ពីរ​នាក់​ក៏​បាន​សម្ដែង​នូវ​ការ​សោកស្តាយ​នូវ​អំពើ​ប្រព្រឹត្ត​របស់​ខ្លួន និង​ទទួលស្គាល់​កំហុស​ដែល​បាន​វាយ​ទៅ​លើ​ជនរងគ្រោះ​ឈ្មោះ ណុល សំណាង ផង​ដែរ។ ជាង​នេះ​ទៀត ពួកគេ​ក៏​បាន​ធ្វើការ​សុំទោស​ដល់​អាណាព្យាបាល និង​ជនរងគ្រោះ ព្រមទាំង​សង​សំណង​សមរម្យ​ដល់​ជនរងគ្រោះ​ថែម​ទៀត ខណៈ​ជនរងគ្រោះ​ក៏​បាន​ដក​ពាក្យបណ្ដឹង និង​ឈប់​ប្តឹង​ក្នុង​រឿង​នេះ​ដែរ។

មាត្រា​២១៧ នៃ​ក្រមព្រហ្មទណ្ឌ ចែង​ថា អំពើ​ហិង្សា​ប្រព្រឹត្ត​ដោយ​ចេតនា​លើ​អ្នក​ដទៃ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ​ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល​ទៅ ៦​លាន​រៀល។ ចំណែក​ស្ថាន​ទម្ងន់​ទោស​ចំពោះ​បទ​ហិង្សា​ដោយ​ចេតនា មាត្រា​២១៨ ដល់​មាត្រា​២២២ ចែង​ថា ជន​បង្ក​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២​ឆ្នាំ​ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤​លាន​រៀល​ដល់ ១០​លាន​រៀល បើ​អំពើ​ហិង្សា​នោះ​បាន​ប្រព្រឹត្តិ​ដោយ​មាន​ការ​គិត​ទុក​ជា​មុន និង​ប្រព្រឹត្ត​លើ​បុគ្គល​ទន់ខ្សោយ ដោយ​មូលហេតុ​អាយុ​នៃ​បុគ្គល​នោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង បាន​ចាត់ទុក​ទង្វើ​របស់​បុគ្គលិក​អាជ្ញាធរ​ជាតិ​អប្សរា​ថា​ជា​ទង្វើ​ព្រៃផ្សៃ និង​ថា​ទង្វើ​ហិង្សា​លើ​កុមារ​នេះ​បាន​ជះ​ផល​អវិជ្ជមាន​ជាច្រើន​ដល់​សង្គម​ជាតិ ពិសេស​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ផង​ដែរ។

លោក​បន្ថែម​ថា រូបភាព​ទាំងនេះ​មិន​គួរ​កើត​មាន​ទេ និង​ថា​ការ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដាក់​ពិន័យ​ត្រឹម​វិធានការ​រដ្ឋបាល មាន​ន័យ​ស្មើ​នឹង​ការ​គាំទ្រ​អំពើ​ហិង្សា​លើ​កុមារ និង​ការពារ​កំហុស​របស់​មន្ត្រី​ខ្លួន​ប៉ុណ្ណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អង្គការ​សង្គ្រោះ​កុមារ (Save Children) បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា កុមារ​កម្ពុជា​កំពុង​ជួបប្រទះ​នូវ​បញ្ហា​ធ្ងន់ធ្ងរ ដូចជា ការ​ប្រើប្រាស់​អំពើ​ហិង្សា ការ​កេងប្រវ័ញ្ច​ផ្លូវភេទ និង​ពលកម្ម​លើ​ពួកគេ ជាដើម ក្នុង​នោះ កុមារ​ជាង ៥០​ភាគរយ ធ្លាប់​ទទួល​រង​នូវ​អំពើ​ហិង្សា​លើ​រាងកាយ ហើយ ២៥​ភាគរយ​ទទួល​រង​អំពើ​ហិង្សា​លើ​ផ្លូវចិត្ត និង​ប្រមាណ ៥​ភាគរយ ធ្លាប់​ទទួល​រង​អំពើ​ហិង្សា​លើ​ផ្លូវភេទ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស