28 C
Phnom Penh

លោក ហ៊ុន ម៉ាណែត សម្រេច​បង្កើត​ទីក្រុង​ថ្មី​រុនតាឯកតេជោសែន​នៃ​ខេត្ត​សៀមរាប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត សម្រេច​បង្កើត​ក្រុង​រុនតាឯកតេជោសែន នៃ​ខេត្ត​សៀមរាប ដែល​មាន​សង្កាត់​ចំនួន​ពីរ គឺ​សង្កាត់​រុនតាឯក និង​សង្កាត់​បល្ល័ង្ក ដោយ​កាត់​យក​ឃុំ​រុនតាឯក ចេញពី​ស្រុក​បន្ទាយស្រី និង​ឃុំ​បល្ល័ង្ក ចេញពី​ស្រុក​ប្រាសាទបាគង។

លោក ហ៊ុន ម៉ាណែត បាន​ចេញ​អនុក្រឹត្យ​មួយ​កាលពី​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២៤ ស្ដីពី​ការ​បង្កើត​ក្រុង​រុនតាឯកតេជោសែន នៃ​ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃទី​១៦ មករា ដោយ​សម្រេច​បង្កើត​ក្រុង​រុនតាឯកតេជោសែន នៃ​ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​កំណត់​ទីតាំង​រដ្ឋបាល​ថ្មី (ព្រំប្រទល់) គឺ​ក្រុង​រុនតាឯកតេជោសែន ត្រូវ​ស្ថិត​ក្នុង​សង្កាត់​រុនតាឯក ចំណែក​ទីតាំង​រដ្ឋបាល (ព្រំប្រទល់) ស្រុក​បន្ទាយស្រី ត្រូវ​ស្ថិត​ក្នុង​ឃុំ​ខ្នារសណ្ដាយ។

អនុក្រឹត្យ​ខាងលើ​កំណត់​ថា ការ​រៀបចំ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ក្រុង​រុនតាឯកតេជោសែន និង​ការ​រៀបចំ​រចនាសម្ព័ន្ធ ព្រមទាំង​ប្រព័ន្ធ​គ្រប់គ្រង ត្រូវ​អនុលោម​ទៅ​តាម​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី​ខេត្ត ក្រុង ស្រុក​ខណ្ឌ និង​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ក្រុង ស្រុក​ខណ្ឌ ផង​ដែរ។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា ការ​បង្កើត​ក្រុង​រុនតាឯកតេជោសែន ត្រូវ​ចូល​ជា​ធរមាន​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក​ខណ្ឌ ក្នុង​អាណត្តិ​ទី​៤ នេះ ដូច្នេះ​រដ្ឋបាល​ខេត្ត​សៀមរាប និង​ក្រុមប្រឹក្សា​ឃុំ​ដែល​ពាក់ព័ន្ធ ព្រមទាំង​រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​ប្រធាន​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​អនុវត្ត​តាម​ខ្លឹមសារ​ដែល​បាន​ចែង​ក្នុង​អនុក្រឹត្យ​នេះ​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ។

ចាប់តាំងពី​ចុង​ឆ្នាំ​២០២២ មក លោក ហ៊ុន សែន បាន​ចាត់​វិធានការ​ជា​បន្តបន្ទាប់​ក្នុង​ការ​ជម្លៀស​ប្រជាពលរដ្ឋ​ចេញពី​តំបន់​អង្គរ ឱ្យ​ទៅ​រស់នៅ​ឃុំ​រុនតាឯក ដោយ​ការ​សម្របសម្រួល​ផ្តល់​សំណង​បន្តិចបន្តួច ដូចជា ការ​ផ្តល់​ដី​ថ្មី​ទំហំ ២០​ម៉ែត្រ​គុណ​នឹង ៣០​ម៉ែត្រ ឱ្យ​ទៅ​ពលរដ្ឋ​ដែល​ព្រម​ចាកចេញ ជាដើម។

ទន្ទឹម​នឹង​ការ​ផ្តល់​សំណង លោក ហ៊ុន សែន ក៏​បាន​គំរាម​ដែរ​ថា បើ​ពលរដ្ឋ​ណា​មិន​ទទួល​យក​តាម​ការ​សម្របសម្រួល​របស់​រដ្ឋាភិបាល​ទេ លោក​នឹង​ប្រើ​កម្លាំង​បណ្តេញ​ពួកគេ​ចេញពី​លំនៅឋាន​ដោយ​មិន​ទទួល​ផ្តល់​សំណង​អ្វី​ទាំងអស់។ ដោយសារតែ​បែប​នេះ ទើប​ពលរដ្ឋ​មាន​តែ​ចាកចេញ​ទាំង​បង្ខំ​ប៉ុណ្ណោះ ទោះ​ការ​ផ្តល់​សំណង​នោះ​បាន​ត្រឹមតែ​បន្តិចបន្តួច​សម្រាប់​ការ​រស់នៅ​ក្នុង​ឃុំ​រុនតាឯក ដែល​ជា​ទីតាំង​ថ្មី​នេះ​ក៏ដោយ។

អំឡុង​ពេល​នៃ​ការ​ជម្លៀស លោក ហ៊ុន សែន ធ្លាប់​បាន​អះអាង​កាលពី​ចុង​ឆ្នាំ​២០២២ ថា លោក​នឹង​រៀបចំ​ឃុំ​រុនតាឯក ឱ្យ​ក្លាយ​ជា​ទីក្រុង​ទាន់​សម័យ​មួយ គឺ​ក្រុង​រុនតាឯក ដែល​ជា​ភូមិ​អភិវឌ្ឍន៍ មិន​មែន​ជា​ជនបទ​ទៀត​ទេ ដើម្បី​ឱ្យ​ពលរដ្ឋ​រស់នៅ​តំបន់​នេះ​មាន​ជីវភាព​ធូរធារ​ទៅ​ថ្ងៃ​មុខ។

ប៉ុន្តែ​ផ្ទុយ​ពី​ស្ថានភាព​ដែល​លោក ហ៊ុន សែន លើកឡើង​នោះ គឺ​សព្វថ្ងៃ​នេះ ស្ថានភាព​នៅ​ឃុំ​រុនតាឯក នៅតែ​ជា​ទី​វាល​មួយ​ដែល​មាន​ផ្ទះ​ពលរដ្ឋ​តូចៗ​ធ្វើ​ពី​កូនឈើ​ប្រក់​ដំបូល​ស័ង្កសី ត្រូវ​ខ្យល់​បក់​ប៉ើង​រយីករយាក និង​ទឹក​លិច​នៅ​រដូវភ្លៀង​នៅឡើយ ខណៈ​ពលរដ្ឋ​ដែល​រស់នៅ​ទីនោះ​ភាគច្រើន​មិន​មាន​មុខរបរ​ពិតប្រាកដ។ ចំណែក​ពលរដ្ឋ​ខ្លះ​ទៀត ដោយសារតែ​ជួប​ការ​លំបាក​លើ​ជីវភាព​ខ្លាំង​ពេក ក៏​សម្រេច​ចិត្ត​លក់​ដី​ដែល​ខ្លួន​ទទួល​បាន​ពី​ការ​ដោះដូរ​នោះ ទៅ​រស់នៅ​កន្លែង​ផ្សេងៗ ជាដើម។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៧ មករា នេះ​ថា រដ្ឋាភិបាល​ប្រើ​យុទ្ធសាស្ត្រ​បង្កើត​ក្រុង​រុនតាឯក នេះ គឺ​ធ្វើ​តាម​សេណារីយ៉ូ​នយោបាយ ជាជាង​ការ​បង្កើត​ក្រុង​នេះ​ឡើង​ដើម្បី​អភិវឌ្ឍ​តំបន់​នេះ ដើម្បី​ឆ្លើយតប​នឹង​សេចក្តី​ត្រូវការ​របស់​ពលរដ្ឋ​ដែល​រស់នៅ​ទីនោះ។

លោក​បន្ថែម​ថា ការ​បង្កើត​ក្រុង​នៅ​ពេលនេះ គឺ​ដើម្បី​បញ្ចៀស​នូវ​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ពី​ការ​មិន​យកចិត្ត​ទុកដាក់​របស់​រដ្ឋាភិបាល​លើ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​ជម្លៀស​ឱ្យ​ទៅ​រស់នៅ​ទីនោះ​កន្លង​មក​ផង និង​ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​នានា ដូចជា វិស័យ​អចលនទ្រព្យ ជាដើម ឱ្យ​សម្រុក​ទៅ​ទិញ និង​លក់​ដី​នៅ​ទីនោះ​ឱ្យ​ផុសផុល​ផង​ដែរ ដែល​ជា​យុទ្ធសាស្ត្រ​មួយ​ជំរុញ​ឱ្យ​តំបន់​នោះ​ក្លាយ​ជា​ទីប្រជុំជន និង​ជា​យុទ្ធវិធី​លើក​មុខ​លើក​មាត់​រដ្ឋាភិបាល​ថ្មី​នេះ​ដែរ។

លោក សេក សុជាតិ លើកឡើង​ថា ប្រសិនបើ​ក្រុមហ៊ុន​វិនិយោគ ឬ​វិស័យ​ឯកជន​នានា​សម្រុក​ទៅ​បង្កើត​មុខជំនួញ​នៅ​ទីនោះ​ដោយ​ការ​សាងសង់​អគារ​ផ្សេងៗ នោះ​រដ្ឋាភិបាល​នឹង​ទទួល​បាន​ផល​ចំណេញ​ដោយ​មិន​ចាំបាច់​ចំណាយ​កញ្ចប់​ថវិកា​ដោយ​ផ្ទាល់​សម្រាប់​អភិវឌ្ឍ​នៅ​ក្រុង​ថ្មី​នេះ​ទេ ប៉ុន្តែ​បើ​គ្មាន​ក្រុមហ៊ុន ឬ​វិស័យ​ឯកជន​នាំគ្នា​សម្រុក​ទៅ​តំបន់​នោះ​ទេ រដ្ឋាភិបាល​ក៏​ទំនង​ជា​មិន​បញ្ចេញ​កញ្ចប់​ថវិកា​សម្រាប់​អភិវឌ្ឍ​ក្រុង​ថ្មី​នេះ​ដែរ ដូច្នេះ​ការ​បង្កើត​ក្រុង​ថ្មី​នេះ គឺ​គ្រាន់តែ​បង្កើត​ឱ្យ​មាន​តែ​ឈ្មោះ​ប៉ុណ្ណោះ ខណៈ​ការ​អភិវឌ្ឍ​ក្រុង​ថ្មី​នេះ ទំនង​ជា​មិន​អាច​ទៅ​រួច​ទេ។

ពលរដ្ឋ​ដែល​បាន​ផ្លាស់​ទីលំនៅ​ពី​តំបន់​អង្គរ​ទៅ​រស់នៅ​ឃុំ​រុនតាឯក ធ្លាប់​ត្អូញត្អែរ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ចាប់តាំងពី​ពួកគាត់​មក​រស់នៅ​ទីនោះ គឺ​មាន​ការ​លំបាក​គ្រប់​បែប​យ៉ាង ដោយសារ​វា​ឆ្ងាយ​ពី​ទីប្រជុំជន មុខរបរ​ចាស់​ក៏​បាត់បង់ មុខរបរ​ថ្មី​ក៏​បើក​មិន​ចេញ ហើយ​គ្រួសារ​ខ្លះ​បាន​យក​ប័ណ្ណ​ក្រីក្រ​ទៅ​បញ្ចាំ​យក​ប្រាក់​ដោះស្រាយ​បញ្ហា​ជីវភាព ស្រប​ពេល​ដែល​បំណុល​ធនាគារ​ក៏​កាន់តែ​កើន​ឡើង ក្នុង​នោះ ផ្ទះ​របស់​ពលរដ្ឋ​មួយ​ចំនួន​បាន​ចាក់​សោ​ទ្វារ​ទុក​ចោល ដោយ​គ្រាន់តែ​ដាក់​តាំង​លេខ​ទូរសព្ទ​សម្រាប់​ទំនាក់ទំនង​នៅ​លើ​ជញ្ជាំង​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស