29.3 C
Phnom Penh

លោក ព្រាប កុល ព្រមាន​ប្តឹង​អ្នក​ចោទ​លោក​ថា​បាន​លួច​លុយ​ជិត ១០០​លាន​ដុល្លារ​ពី​ក្រុមហ៊ុន​មូលធន​វិនិយោគ CIC

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​អម​នាយករដ្ឋមន្ត្រី និង​ជា​អតីត​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា​លោក ព្រាប កុល ព្រមាន​ប្តឹង​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ប៉ែន ជីវ័ន្ត (Chivann Pen) បន្ទាប់ពី​ម្ចាស់​គណនី​ហ្វេសប៊ុក​រូប​នេះ​ចោទ​រូបលោក​ថា បាន​លួច​ដក​លុយ​ជិត ១០០​លាន​ដុល្លារ​អាមេរិក (៨០​លាន​ដុល្លារ) ពី​ក្រុមហ៊ុន​គ្រប់គ្រង​មូលធន​វិនិយោគ​ដ៏​ធំ​មួយ​ឈ្មោះ CIC។

មេធាវី​របស់​លោក ព្រាប កុល គឺ​លោក សារ៉េត សារ៉េនឌី បាន​ចេញ​លិខិត​ជូនដំណឹង​មួយ​កាលពី​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២៤ ទៅ​កាន់​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ប៉ែន ជីវ័ន្ត (Chivann Pen) ដោយ​ព្រមាន​ឱ្យ​លុប​សំណេរ​របស់​ខ្លួន​ដែល​បាន​លើកឡើង​ពី​ការ​ធ្វើ​ប្រតិបត្តិ​ប្រាក់​របស់​លោក ព្រាប កុល ដែល​មេធាវី​រូប​នេះ​ចាត់ទុក​សំណេរ​នោះ​ថា​មាន​លក្ខណៈ​បរិហារកេរ្តិ៍ និង​ញុះញង់។

មេធាវី​ខាងលើ​លើកឡើង​ថា ផ្អែក​តាម​អង្គ​ច្បាប់ មាត្រា​៤៩៤ និង​មាត្រា​៤៩៥ ម្ចាស់​គណនី​ហ្វេសប៊ុក​ខាងលើ​កំពុង​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ដែល​អាច​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​ធ្ងន់ធ្ងរ ប្រសិនបើ​កូន​ក្តី​របស់​លោក​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​សមត្ថកិច្ច និង​តុលាការ ជុំវិញ​បទ​បរិហារកេរ្តិ៍​ចំពោះ​លោក ព្រាប កុល នៅ​ពេលនេះ។

លោក សារ៉េត សារ៉េនឌី ព្រមាន​ថា ប្រសិនបើ​ម្ចាស់​គណនី​ហ្វេសប៊ុក​ខាងលើ​មិន​លុប​សំណេរ​របស់​ខ្លួន​ដែល​បាន​លើកឡើង​ពី​កូន​ក្តី​របស់​ខ្លួន គឺ​លោក ព្រាប កុល និង​សុំទោស​ជា​សាធារណៈ​ទេ លោក ព្រាប កុល នឹង​ដាក់​ពាក្យ​ប្តឹង​ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ជាមិនខាន។

ការ​ព្រមាន​ប្តឹងផ្តល់​នេះ ធ្វើឡើង​បន្ទាប់ពី​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ប៉ែន ជីវ័ន្ត (Chivann Pen) បាន​ចោទ​លោក ព្រាប កុល ថា​បាន​លួច​លុយ​ក្រុមហ៊ុន​វិនិយោគ​ដ៏​ធំ​មួយ​ជិត ១០០​លាន​ដុល្លារ​អាមេរិក មុន​នឹង​លោក​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

កាលពី​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២៤ ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ប៉ែន ជីវ័ន្ត (Chivann Pen) បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ថា អ្នក​ក្លាហាន​ម្នាក់​ឈ្មោះ ព្រាប កុល ដែល​ធ្លាប់​តស៊ូ​មតិ​ខាង «តម្លាភាព​សង្គម» បាន​កសាង​ស្នាដៃ​ដ៏​ធំ​មួយ​ដោយ​បង្កើត​ក្រុមហ៊ុន​អចលនទ្រព្យ​ខ្នាត​យក្ស​មួយ​ដែល​មាន​ឈ្មោះ​ថា Zillenium Group។

ប្រភព​ខាងលើ​លើកឡើង​ថា មុន​នឹង​បង្កើត​ក្រុមហ៊ុន​អចលនទ្រព្យ​ខ្នាត​យក្ស Zillenium Group នេះ លោក ព្រាប កុល ក៏​ត្រូវ​គេ​សង្ស័យ​ថា​បាន​លួច​យក​លុយ​ប្រមាណ ៨០​លាន​ដុល្លារ​អាមេរិក​ពី​ក្រុមហ៊ុន​គ្រប់គ្រង​មូលធន​វិនិយោគ​ដ៏​ធំ​មួយ​ផ្សេង​ទៀត​ដែរ ដែល​ហៅ​កាត់​ថា CIC ដែល​ក្រុមហ៊ុន​នេះ​មាន​ទឹកប្រាក់​សរុប​ប្រមាណ ១៣០​លាន​ដុល្លារ​អាមេរិក។ ដោយសារតែ​បញ្ហា​នេះ បាន​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ជិត ៥៥០​នាក់ (៥៤៦​នាក់) ដែល​បាន​បោះ​ទុន​វិនិយោគ​ក្នុង​ក្រុមហ៊ុន​នេះ បាត់បង់​ទ្រព្យធន លុយ​កាក់ និង​ក្ស័យធន​គ្រប់​គ្នា។

ប្រភព​ដដែល​អះអាង​ថា ការ​ប្រតិបត្តិការ​យក​លុយ​ចេញពី​ក្រុមហ៊ុន​នេះ​បាន​ដោយ​ជោគជ័យ ដោយសារ​តែ​មាន​លោក ព្រាប កុល មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សមភាគី​របស់​គាត់ គឺ​លោក គុយ វ៉ាត ដែល​មាន​តួនាទី​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន CIC និង​ជា​ម្ចាស់​ហាង Park Cafe បច្ចុប្បន្ន​នេះ រួម​ទាំង​សមាជិក​ក្រុមប្រឹក្សាភិបាល​ជាង ១០​នាក់​ផ្សេង​ទៀត​ផង​ដែរ។

ម្ចាស់​គណនី​ហ្វេសប៊ុក​ដដែល​បញ្ជាក់​ថា លុយ​ជាង ៨០​លាន​ដុល្លារ​នេះ ត្រូវ​បាន​លោក ព្រាប កុល ចាត់ចែង​ក្នុង​ការ​វិនិយោគ​គម្រោង​អចលនទ្រព្យ​ផ្សេងៗ​ក្នុង​ក្រុមហ៊ុន Zillenium Group យ៉ាង​គគ្រឹកគគ្រេង​នៅ​ពេលនេះ។ ម្ចាស់​សំណេរ​ខាងលើ​គូស​បញ្ជាក់​ថា ខ្លួន​ក៏​ជា​ជនរងគ្រោះ​ក្នុង​នាម​ជា​អ្នក​វិនិយោគ​ក្នុង​ក្រុមហ៊ុន CIC នេះ​ដែរ។

លោក ព្រាប កុល បាន​បញ្ចប់​អាណត្តិ​ជា​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា កាលពី​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០២០ បន្ទាប់ពី​លោក​បាន​ដឹកនាំ​ស្ថាប័ន​មួយ​នេះ​អស់​រយៈពេល ៨​ឆ្នាំ ឬ ២​អាណត្តិ ជិត ១០​ឆ្នាំ ប៉ុន្តែ​ក្រោយ​ចាកចេញ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល លោក ព្រាប កុល បាន​ចាប់ផ្តើម​ហក់​ចូល​ប្រឡូក​ក្នុង​វិស័យ​ជំនួញ​អចលនទ្រព្យ​វិញ ដែល​លោក​បាន​គ្រប់គ្រង​ក្រុមហ៊ុន​អចលនទ្រព្យ​ជាច្រើន ក្នុង​នោះ លោក​ក៏​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​គ្រូ​បង្គោល​នៃ​ក្រុមហ៊ុន Century 21 Zillion Holding ផង​ដែរ។

ក្រោយ​ជោគជ័យ​លើ​វិស័យ​អចលនទ្រព្យ លោក ព្រាប កុល ក៏​បាន​ប្រកាស​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន និង​ត្រូវ​បាន​លោក ហ៊ុន សែន តែងតាំង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​តាំង​ពី​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២៣ ក្នុង​រដ្ឋាភិបាល​អាណត្តិ​ទី​៦ និង​បន្ត​កាន់​តំណែង​នេះ​រហូត​ដល់​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត ក្នុង​អាណត្តិ​ទី​៧ នេះ។

សារព័ត៌មាន The Cambodia Daily នៅ​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បកស្រាយ​ពី​លោក ព្រាប កុល ជុំវិញ​ការ​ចោទប្រកាន់​នេះ​បាន​នៅឡើយ​ទេ​រហូត​ដល់​ម៉ោង​ផ្សាយ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស