30 C
Phnom Penh

មន្ត្រី​ពន្ធនាគារ​និង​ការពារ​ជាតិ​៧​រូប​ត្រូវ​បាន​លុប​ឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​ពាក់ព័ន្ធ​ការ​ប្រើប្រាស់​គ្រឿងញៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ សីហា បាន​សម្រេច​លុប​ឈ្មោះ​មន្ត្រី​ចេញពី​ក្របខ័ណ្ឌ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការពារ​ជាតិ សរុប​ចំនួន ៧​រូប​ដោយ​មូលហេតុ​ប្រើប្រាស់​គ្រឿងញៀន។

យោង​តាម​សេចក្តី​ប្រកាស​លុប​ឈ្មោះ​មន្ត្រី​រាជការ​ចេញពី​ក្របខ័ណ្ឌ​ក្រសួង​មហាផ្ទៃ ដែល​ចុះហត្ថលេខា​ដោយ​លោក ស សុខា នៅ​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២៤ ដែល​ទើប​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​១៨ ខែ​មករា នេះ​បាន​ឲ្យ​ដឹង​ថា លោក ស សុខា បាន​ចេញ​នូវ​សេចក្តី​ប្រកាស​លុប​ឈ្មោះ​មន្ត្រី​ពន្ធនាគារ​ចំនួន ៥​រូប​ចំណុះ​ឲ្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ចេញពី​ក្របខ័ណ្ឌ​ក្រសួង​មហាផ្ទៃ រួម​មាន៖

  1. លោក ផុន វណ្ណៈ អនុប្រធាន​ការិយាល័យ​សន្តិសុខ​ពន្ធនាគារ​នៃ​មណ្ឌល​អប់រំ​កែប្រែ​ទី​១
  2. លោក ហូ សុជាតិ មន្ត្រី​នៃ​មណ្ឌល​អប់រំ​កែប្រែ​ទី​១
  3. លោក គង់ ដារ៉ា មន្ត្រី​នៃ​ពន្ធនាគារ​ខេត្ត​កណ្តាល
  4. លោក កេង ស៊ីឌុន មន្ត្រី​នៃ​ពន្ធនាគារ​ខេត្ត​កណ្តាល
  5. លោក ខ្ចៅ សិរីរ័ត្ន មន្ត្រី​នៃ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ការ​សម្រេច​លុប​ឈ្មោះ​មន្ត្រី​ពន្ធនាគារ​ចំនួន ៥​រូប​ចំណុះ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ចេញពី​ក្របខ័ណ្ឌ​ក្រសួង​មហាផ្ទៃ ដោយ​មូលហេតុ​ប្រើប្រាស់​គ្រឿងញៀន។

តាម​ប្រកាស​របស់​ក្រសួង​ការពារ​ជាតិ​ចុះ​ថ្ងៃទី​០៩ ខែ​មករា ឆ្នាំ​២០២៤ ដែល​ចុះហត្ថលេខា​ដោយ​លោក ទៀ សីហា បាន​ឲ្យ​ដឹង​ថា សម្រេច​លុប​ឈ្មោះ​នាយទាហាន​ចំនួន ២​រូប​ចេញពី​ក្របខ័ណ្ឌ ក្រោយ​ក្រសួង​ការពារ​ជាតិ​រក​ឃើញ​ថា​ជាប់​ពាក់ព័ន្ធ​ការ​ប្រើប្រាស់​គ្រឿងញៀន។ ក្នុង​ចំណោម​នាយទាហាន​ទាំង ២​រូប មាន​មួយ​រូប​ចេញពី​កង​កាំភ្លើង​ការពារ​អាកាស​មូលដ្ឋាន​សមុទ្រ​កងទ័ព​ជើងទឹក និង​មួយ​រូប​ទៀត​មកពី​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ។

កាលពី​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០២៣ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា បាន​ណែនាំ​អង្គភាព​ដែល​ចំណុះ​ឱ្យ​ក្រសួង​មហាផ្ទៃ រឹត​បន្តឹង​ចំពោះ​បញ្ហា​គ្រឿងញៀន​លើ​មន្ត្រី​របស់​ខ្លួន​គ្រប់​អង្គភាព​ថា ចំពោះ​អ្នក​ដែល​មាន​តួនាទី​ភារកិច្ច​ជា​កងកម្លាំង​ប្រដាប់​អាវុធ បើសិន​មាន​ការ​ស្រាវជ្រាវ​រក​ឃើញ​ថា​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​ការ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន មិន​គួរ​រក្សា​ទុក​នៅ​ជា​កងកម្លាំង​ដើម្បី​បំពេញ​តួនាទី​ភារកិច្ច​ទៀត​ទេ។

កាលពី​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០២៣ ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្តី​ណែនាំ​មួយ ដោយ​បញ្ជា​ឱ្យ​គ្រប់​អង្គភាព​ពិនិត្យ​សារធាតុ​ញៀន​ក្នុង​ចំណោម​មន្ត្រី​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស ដើម្បី​ធានា​ប្រសិទ្ធភាព​ការ​អនុវត្ត​ការងារ​របស់​មន្ត្រី​នៅ​តាម​មណ្ឌល​កែប្រែ និង​ពន្ធនាគារ​រាជធានី-ខេត្ត ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព និង​ទទួល​បាន​ការ​ជឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ។

លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​កន្លង​មក​ថា អាជ្ញាធរ​ពាក់ព័ន្ធ​បាន​អនុវត្ត​កិច្ចការ​នេះ​ចាប់ពី​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០២៣ ដែល​គ្រោង​បញ្ចប់​នៅ​ចុង​ខែ​តុលា ហើយ​បន្ទាប់​មក​នឹង​មាន​ចេញ​ជា​របាយការណ៍​នា​ពេល​នោះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily កន្លង​មក​ថា ការ​អនុវត្ត​វិធានការ​ដោយ​ការ​ដាក់​ពិន័យ​លើ​មន្ត្រី​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​របស់​លោក ស សុខា នៅ​ពេលនេះ គឺជា​គំរូ​មួយ​សម្រាប់​មន្ត្រី​ដឹកនាំ​ស្ថាប័ន​ផ្សេង​ទៀត​ដែល​គួរតែ​អនុវត្ត​តាម ព្រោះ​ថា​មន្ត្រី​រដ្ឋាភិបាល​ដែល​កាន់​តំណែង​តាម​សែស្រឡាយ​បក្ខពួក​ដុះ​ស្នឹម​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ភាគ​ធំ​សព្វថ្ងៃ​នេះ សុទ្ធសឹងតែ​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ទាំង​ការ​ប្រើប្រាស់ និង​ការ​ចែកចាយ ក្នុង​នោះ​ក៏​មាន​អ្នក​ប្រព្រឹត្ត​តាម​បញ្ជា​អ្នក​មាន​អំណាច និង​អ្នក​ដែល​ប្រព្រឹត្ត​ដោយ​ខ្លួនឯង​ដែរ។

លោក ម៉ែន ណាត លើកឡើង​ថា ប្រសិនបើ​មន្ត្រី​ដឹកនាំ​ស្ថាប័ន​ទាំងអស់​អាច​អនុវត្ត​ច្បាប់​ដោយ​តឹងរ៉ឹង​បែប​នេះ ក៏​ជា​សញ្ញា​ល្អ​សម្រាប់​ប្រទេស​កម្ពុជា​ដែល​កំពុងតែ​ញាំញី​ទៅ​ដោយ​បទល្មើស​ឧក្រិដ្ឋ​នានា ដែល​បណ្តាល​មកពី​ឥទ្ធិពល​គ្រឿងញៀន​មួយ​ចំណែក​ធំ រហូត​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​តាមដាន​របស់​សហរដ្ឋ​អាមេរិក​កន្លង​មក​នោះ។

ទាក់ទង​នឹង​បញ្ហា​គ្រឿងញៀន​នេះ កាលពី​ខែ​សីហា ឆ្នាំ​២០២៣ លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ក៏​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អាណត្តិ​ទី​៧ ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត កូនប្រុស​របស់​លោក ផ្ដោត​ការ​យកចិត្ត​ទុកដាក់​បង្ក្រាប​បទល្មើស​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ដើម្បី​ឆ្លុះបញ្ចាំង​ពី​សមត្ថភាព​របស់​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស