34.7 C
Phnom Penh

សហព័ន្ធ​សហជីព​សេរី​កម្មករ​បន្ត​ស្នើ​ឱ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​វែក​មុខ​ឃាតករ​ពិត​បាញ់​សម្លាប់​លោក ជា វិជ្ជា កាលពី​២០​ឆ្នាំ​មុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហព័ន្ធ​សហជីព​សេរី​កម្មករ​កម្ពុជា ស្នើ​ឱ្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត ស្រាវជ្រាវ​វែក​មុខ​ឃាតករ​ពិត​ដែល​បាន​បាញ់​សម្លាប់​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា លោក ជា វិជ្ជា កាលពី ២០​ឆ្នាំ​មុន បន្ទាប់ពី​អតីត​អគ្គស្នងការ​នគរបាល​ជាតិ​លោក នេត សាវឿន បាន​ទុក​ករណី​ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់​ដោយ​បន្សល់​នូវ​ភាព​អយុត្តិធម៌​សម្រាប់​ក្រុម​គ្រួសារ​ជនរងគ្រោះ​រហូត​ដល់​សព្វថ្ងៃ។

សហព័ន្ធ​សហជីព​សេរី​កម្មករ​កម្ពុជា បាន​ចេញ​លិខិត​មួយ​កាលពី​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០២៤ ទៅ​កាន់​ស្នងការ​នគរបាល​ជាតិ ដោយ​រៀបរាប់​ថា កាលពី​ចុង​ខែ​មករា ឆ្នាំ​២០១៤ កន្លង​ទៅ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​លិខិត​ផ្លូវការ​មួយ​ទៅ​កាន់​អគ្គស្នងការ​នគរបាល​ជាតិ ស្នើ​ឱ្យ​ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត កំណត់​អត្តសញ្ញាណ​ជនល្មើស​ដែល​បាន​សម្លាប់​លោក ជា វិជ្ជា និង​ប្រមូល​ព័ស្តុតាង​បញ្ជូន​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ប៉ុន្តែ​សំណើ​នេះ​ត្រូវ​កប់​បាត់​ស្រមោល​រហូត​ដល់​ពេលនេះ។

ប្រភព​ដដែល​លើកឡើង​ថា គិត​រហូត​មក​ដល់​សព្វថ្ងៃ​នេះ សំណុំរឿង​ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់​លើ​លោក ជា វិជ្ជា មាន​រយៈពេល ២០​ឆ្នាំ​ហើយ ប៉ុន្តែ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ មិន​ទាន់​បាន​បង្ហាញ​អំពី​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ ស៊ើបអង្កេត កំណត់​អត្តសញ្ញាណ​ឃាតករ​ដែល​បាញ់​សម្លាប់​លោក ជា វិជ្ជា ដ៏​សហាវ​ព្រៃផ្សៃ​នោះ​នៅឡើយ​ទេ ខណៈ​ថ្នាក់​ដឹកនាំ សមាជិក សហព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ក្រុម​គ្រួសារ សាច់ញាតិ មិត្តភក្ដិ​របស់​សព​លោក ជា វិជ្ជា បាន​ត្រឹម​ទន្ទឹង​រង់ចាំ​នូវ​ពន្លឺ​យុត្តិធម៌​យ៉ាង​អន្ទះសា​អស់​រយៈពេល ២០​ឆ្នាំ​មក​នេះ។

កាលពី​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០០៤ អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (FTUWKC) ដ៏​ល្បី​ឈ្មោះ លោក ជា វិជ្ជា ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ​នៅ​មុខ​តូប​លក់​កាសែត​ជាប់​របង​ខាងលិច​វត្ត​លង្កា លើ​ផ្លូវ​ប៉ាស្ទ័រ សង្កាត់​បឹងកេងកងទី១ ខណ្ឌ​ចំការមន ឬ​ខណ្ឌ​បឹងកេងកង នា​ពេល​បច្ចុប្បន្ន ក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​រយៈពេល ២០​ឆ្នាំ​មក​នេះ ឃាតករ​នៅតែ​រស់នៅ​ដោយ​សេរី​ក្រៅ​ច្បាប់​នៅឡើយ ខណៈ​រដ្ឋាភិបាល​កម្ពុជា​ក៏​មិន​បាន​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​លើ​ករណី​នេះ​ដែរ។

មុន​នឹង​ឈាន​ដល់​ឃាតកម្ម​នេះ កាលពី​ខែ​សីហា ឆ្នាំ​២០០៣ អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា វិជ្ជា ត្រូវ​បាន​គេ​គំរាម​សម្លាប់​តាម​សារ​ជា​អក្សរ​ផ្ញើ​ចូល​ទូរស័ព្ទ​របស់​លោក ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​លេខ​ទូរស័ព្ទ​របស់​មន្ត្រី​ប៉ូលិស​ជាន់ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ។ ក្រោយ​មក នៅ​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០០៤ លោក ជា វិជ្ជា ក៏​ត្រូវ​ឃាតករ​បាញ់​សម្លាប់​នៅ​ក្បែរ​វត្ត​លង្កា កណ្តាល​ទីក្រុង​ភ្នំពេញ ទាំង​កណ្តាល​ថ្ងៃ​តែម្តង។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ប្រាប់ The Cambodia Daily នៅ​ថ្ងៃទី​១៩ មករា នេះ​ថា អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ហេង ពៅ គឺជា​សាក្សី​យ៉ាង​សំខាន់​បំផុត​ក្នុង​សំណុំរឿង​សម្លាប់​លោក ជា វិជ្ជា។ ក្រៅពី​នេះ នៅ​មាន​សាក្សី​ជា​មន្ត្រី​ប៉ូលិស​ពីរ​រូប​ទៀត​ដែរ គឺ​លោក លី រ៉ាស៊ី និង​លោក ហ៊ិន សុង ដែល​បាន​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​សម្លាប់​លោក ជា វិជ្ជា ក្រោម​អំណាច​បញ្ជា​របស់​លោក ហុក ឡង់ឌី ក្នុង​ឆ្នាំ​នោះ។

លោក ម៉ែន ណាត អះអាង​ថា លោក ហេង ពៅ ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រហូត​ដល់​សព្វថ្ងៃ ខណៈ​សាក្សី​ជា​មន្ត្រី​ប៉ូលិស​ពីរ​រូប​ទៀត​ដែល​ជា​ជំនិត​របស់​លោក ហេង ពៅ គឺ​លោក លី រ៉ាស៊ី និង​លោក ហ៊ិន សុង ក៏​មិន​ត្រូវ​បាន​តុលាការ​កោះហៅ​ដើម្បី​សាកសួរ​ម្តង​ណា​ឡើយ។ បន្ថែម​លើ​នេះ តុលាការ​ក៏​មិន​ដែល​បាន​ស៊ើបអង្កេត និង​សាកសួរ​សាច់ញាតិ​ជនរងគ្រោះ​ពី​បញ្ហា​ទាំង​នេះ​ដែរ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ការ​ធ្វើ​មិន​ដឹង​មិន​ឮ​របស់​លោក ហ៊ុន សែន តាំងពី​គាត់​នៅ​ជា​នាយករដ្ឋមន្ត្រី​ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​លោក ជា វិជ្ជា នេះ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ដាក់​ការ​សង្ស័យ​យ៉ាង​ខ្លាំង​លើ​រូប​គាត់ ថា​បាន​ផ្សំគំនិត​ជាមួយ​ជន​ដៃ​ដល់​ក្នុង​ចេតនា​នយោបាយ ដើម្បី​គំរាម​គូប្រជែង​នយោបាយ​របស់​ខ្លួន គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស សម រង្ស៊ី នា​ពេល​នោះ។

លោក ម៉ែន ណាត គូស​បញ្ជាក់​ថា ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០០៣ គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស សម រង្ស៊ី បាន​រួបរួម​គ្នា​ជា​គណបក្ស​សម្ព័ន្ធភាព​ប្រជាធិបតេយ្យ ក្នុង​បំណង​ប្រឆាំង​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន សែន និង​បាន​ធ្វើ​ឱ្យ​ជាប់​គាំង​នយោបាយ​ជិត ១​ឆ្នាំ​នៅ​ចន្លោះ​ឆ្នាំ​២០០៣ និង​ឆ្នាំ​២០០៤ ខណៈ​លោក ជា វិជ្ជា ក៏​បាន​ដឹកនាំ​កម្មករ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន សែន យ៉ាង​ខ្លាំង​ផង​ដែរ មុន​នឹង​ត្រូវ​គេ​បាញ់​សម្លាប់។

ពាក់ព័ន្ធ​នឹង​ឃាតកម្ម​ដែល​មិន​អាច​វែក​មុខ​ឃាតករ​ពិត​យក​មក​ផ្ដន្ទាទោស​នេះ មិន​មែន​តែ​លោក ជា វិជ្ជា ម្នាក់​ប៉ុណ្ណោះ​ទេ ក្នុង​នោះ​មាន​ឃាតកម្ម​លើ​តារា​សម្ដែង​ក្នុង​ទសវត្ស​ទី​៩០ អ្នកស្រី ពិសិដ្ឋ ពីលីកា នៅ​ខែ​កក្កដា ឆ្នាំ​១៩៩៩ ការ​បាញ់​ប្រហារ​ទៅ​លើ​ព្រះ​ភិក្ខុ សំ ប៊ុនធឿន ក្នុង​ឆ្នាំ​២០០៣ ក្នុង​បរិវេណ​វត្ត​លង្កា ក្នុង​រាជធានី​ភ្នំពេញ និង​ឃាតកម្ម​លើ​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​លោក ឈុត វុទ្ធី នៅ​ខេត្ត​កោះកុង ក្នុង​ឆ្នាំ​២០១២ ជាដើម។

ជាង​នេះ​ទៀត ឃាតកម្ម​បាញ់​សម្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា ក៏​បាន​កើត​ទៅ​លើ​អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត កែម ឡី កាលពី​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ហាង​ស្តារ​ម៉ាត​កាល់តិច ស្តុប​បូកគោ កណ្តាល​ទីក្រុង​ភ្នំពេញ ក្បែរ​ផ្ទះ​ក្មួយប្រុស​បង្កើត​របស់​លោក ហ៊ុន សែន គឺ​លោក​ឧកញ៉ា ហ៊ុន តូ ទាំង​ព្រឹក​ព្រលឹម​ផង​ដែរ។

មក​ទល់​ពេល​បច្ចុប្បន្ន​នេះ សំណុំរឿង​ឃាតកម្ម​ធំៗ​ទាំងនេះ ឃាតករ​ពិត​មិន​ត្រូវ​បាន​ចាប់​ខ្លួន​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ឡើយ ក្រៅតែ​ពី​ឃាតករ​សិប្បនិមិត្ត ឬ​ក្លែងក្លាយ​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស