32 C
Phnom Penh

សង្គម​ស៊ីវិល​ជាង​៥០​ស្ថាប័ន​ស្នើ​រដ្ឋាភិបាល​កសាង​ស្តូប​បញ្ឈប់​វប្បធម៌​និទ្ទណ្ឌភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​ក្រៅ​រដ្ឋាភិបាល សមាគម និង​សហជីព​ជាង ៥០​ស្ថាប័ន បាន​ស្នើសុំ​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត កសាង​ស្តូប​តំណាង​ឱ្យ​ការ​បញ្ឈប់​វប្បធម៌​និទ្ទណ្ឌភាព​នៅ​កម្ពុជា បន្ទាប់ពី​ភាព​អយុត្តិធម៌​សង្គម​បាន​បន្ត​កើត​មាន​កាន់តែ​ធ្ងន់ធ្ងរ និង​មិន​បាន​ផ្តល់​យុត្តិធម៌​ពិតប្រាកដ​ជូន​គ្រួសារ​ជន​រងគ្រោះ។

អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សហជីព​ឯករាជ្យ​ចំនួន ៥៥​ស្ថាប័ន ដូចជា សម្ព័ន្ធ​សហជីព​កម្ពុជា មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស និង​សម្ព័ន្ធ​សហជីព​សេរី​កម្មករ​កម្ពុជា ជាដើម បាន​ដាក់​ញត្តិ​រួម​គ្នា​ទៅ​កាន់​រដ្ឋាភិបាល ក្នុង​ឱកាស​ប្រារព្ធ​ពិធី​បុណ្យ​គម្រប់​ខួប ២០​ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក ជា វិជ្ជា ក្នុង​គោលបំណង​ដើម្បី​បញ្ចប់​វប្បធម៌​និទ្ទណ្ឌភាព ឬ​បញ្ចប់​វប្បធម៌​នៃ​ការ​ប្រព្រឹត្ត​បទល្មើស ហើយ​មិន​ជាប់​ទោស​ទណ្ឌ​នៅ​កម្ពុជា។

អង្គការ​សមាគម​ទាំងនេះ​បន្ត​ថា ការ​កសាង​ស្តូប​នេះ គឺ​ដើម្បី​រំលឹក​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​បំពេញ​តួនាទី​ក្នុង​ការ​ធានា​ឱ្យ​បាន​នូវ​យុត្តិធម៌​សង្គម លើកកម្ពស់​នីតិរដ្ឋ​នៅ​កម្ពុជា និង​បើក​លំហ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន ស្រប​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ រដ្ឋធម្មនុញ្ញ ច្បាប់​ជាតិ និង​អន្តរជាតិ សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស កតិកាសញ្ញា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ជាដើម។

អង្គការ​សមាគម​ទាំងនេះ​លើកឡើង​ថា បញ្ហា​និទ្ទណ្ឌភាព​នេះ ធ្វើ​ឱ្យ​មាន​ការ​កើន​ឡើង​នូវ​ការ​រំលោភ​អំណាច និង​អំពើពុករលួយ ហើយ​ជា​លទ្ធផល ភាព​អយុត្តិធម៌​សង្គម​បាន​បន្ត​កើត​មាន​កាន់តែ​ធ្ងន់ធ្ងរ ខណៈ​ប្រជាពលរដ្ឋ​កាន់តែ​បន្ត​រងគ្រោះ​ជា​បន្តបន្ទាប់។

ប្រភព​ដដែល​បញ្ជាក់​ថា «ការ​បញ្ចប់​និទ្ទណ្ឌភាព​នៅ​កម្ពុជា» គឺជា​កាតព្វកិច្ច​ដ៏​សំខាន់​មួយ​របស់​រដ្ឋ​ក្នុង​ការ​លើក​កម្ពស់​នីតិរដ្ឋ និង​ការ​គោរព​សិទ្ធិមនុស្ស ព្រោះ​ថា យុត្តិធម៌​សង្គម​គឺជា​មូលដ្ឋានគ្រឹះ​នៃ​សន្តិភាព ដែល​មាន​ន័យ​ថា កាតព្វកិច្ច​របស់​អាជ្ញាធរ​រដ្ឋ​ក្នុង​ការ​ស្វែងរក​យុត្តិធម៌ គឺ​ដើម្បី​បង្កើន​ទំនុកចិត្ត​សម្រាប់​សាធារណជន​លើ​ប្រព័ន្ធ​តុលាការ ក្នុង​ការ​ផ្តល់​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ដែល​ទទួល​រង​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​នានា។

សង្គម​ស៊ីវិល និង​សហជីព​ទាំង​ជាង ៥០​ស្ថាប័ន​ខាងលើ បញ្ជាក់​ថា ប្រសិនបើ​វប្បធម៌​នេះ​នៅតែ​បន្ត នោះ​ជំនឿ​ទុកចិត្ត​របស់​ពលរដ្ឋ​លើ​ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា នៅតែ​ជា​ឧបសគ្គ និង​ជា​បញ្ហា​ប្រឈម​ក្នុង​ដំណើរ​ស្វែងរក​យុត្តិធម៌​បន្ត​ទៀត។

រីឯ​ការ​លុប​បំបាត់​ឱ្យ​បាន​នូវ​បញ្ហា​និទ្ទណ្ឌភាព​នេះ គឺ​ទាមទារ​ឱ្យ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ផ្នែក​នយោបាយ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ខ្ពស់​ពី​សំណាក់​អាជ្ញាធរ​រដ្ឋ ដោយ​ការ​សហការ​ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ទីភ្នាក់ងារ​ជាតិ និង​អន្តរជាតិ ជាពិសេស​ពលរដ្ឋ​ខ្មែរ​ទាំងអស់ ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ទទួល​ខុសត្រូវ យុត្តិធម៌​សង្គម នីតិរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ ដើម្បី​សន្តិភាព វឌ្ឍនភាព និង​ការ​អភិវឌ្ឍ​ពិតប្រាកដ។

កម្ពុជា​ស្ថិត​ក្រោម​ការ​ដឹកនាំ​ជាង ៤០​ឆ្នាំ​របស់​លោក ហ៊ុន សែន ត្រូវ​គេ​មើល​ឃើញ​ថា អំពើ​ឃាតកម្ម​ធំៗ​ក្រៅ​ប្រព័ន្ធ​ច្បាប់​ជាច្រើន មិន​ត្រូវ​បាន​ផ្តល់​យុត្តិធម៌​ពិតប្រាកដ​ជូន​ជនរងគ្រោះ និង​ក្រុម​គ្រួសារ​ពួកគេ​ឡើយ ហើយ​ឃាតកម្ម​នេះ​តែង​កើត​លើ​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ឈ្មោះ​ល្បីៗ​ដែល​ធ្លាប់​បាន​រួម​ចំណែក​ធ្វើ​វិភាគទាន​ជួយ​សង្គម​ជាតិ​ក្នុង​វិស័យ​ផ្សេងៗ។

ទិន្នន័យ​សង្គម​ស៊ីវិល បង្ហាញ​ថា ការ​បន្ត​ឱ្យ​មាន​នូវ​និទ្ទណ្ឌភាព គឺជា​ការ​គំរាមកំហែង និង​ជា​ការ​បំបាក់​ស្មារតី​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ​ខ្មែរ ជាពិសេស​សកម្មជន​សិទ្ធិមនុស្ស​ជុំវិញ​សកម្មភាព​តស៊ូ​មតិ និង​ដើម្បី​ស្វែងរក​ការ​គាំទ្រ​សម្រាប់​ផល​ប្រយោជន៍​សង្គម​ជាតិ។

គិត​ចាប់តាំងពី​ឆ្នាំ​១៩៩៤ មក ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់​ដែល​អាជ្ញាធរ​រដ្ឋ​មិន​អាច​វែក​មុខ​ឃាតករ​ពិត​យក​មក​ផ្ដន្ទាទោស​មាន​ជាច្រើន​ករណី ដូចជា៖

  • ឃាតកម្ម​លើ​មេដឹកនាំ​សហភាព​សហជីព​សេរី​កម្មករ​កម្ពុជា​លោក ជា វិជ្ជា
  • ឃាតកម្ម​លើ​នាដការី​របាំ​ព្រះរាជទ្រព្យ អ្នកស្រី ពិសិដ្ឋ ពីលីកា
  • ឃាតកម្ម​ទៅ​លើ​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​បណ្ឌិត កែម ឡី
  • ឃាតកម្ម​លើ​សកម្មជន​ការពារ​ព្រៃឈើ​លោក ឈុត វុទ្ធី
  • និង​ឃាតកម្ម​លើ​ព្រះ​ភិក្ខុ សំ ប៊ុនធឿន ជាដើម។

ជាង​នេះ​ទៀត ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់​ទៅ​លើ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក្រោយ​ថ្ងៃទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ ដូចជា៖

  • ឧត្តមសេនីយ៍ ក្រូច យឿម
  • ចៅ សម្បត្តិ
  • ជារិទ្ធិ ឈុត
  • និង​ឧត្តមសេនីយ៍ ហូ សុខ
  • ព្រមទាំង​មនុស្ស​ស្និទ្ធ​នឹង​រាជា​និយម​ជាង ២០០​នាក់​ទៀត ជាដើម ដែល​សុទ្ធសឹងតែ​ជា​ឃាតកម្ម​ដែល​រដ្ឋាភិបាល​រក​ឃាតករ​ពិត​មិន​ឃើញ​រហូត​មក​ទល់​សព្វថ្ងៃ​នេះ។

លើស​ពី​នេះ ព្រឹត្តិការណ៍​គប់​គ្រាប់បែកដៃ​លើ​ហ្វូង​បាតុករ​កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ នៅ​ផ្ដុំ​សួនច្បារ​ទល់​មុខ​មន្ទីរ​រដ្ឋសភា​ចាស់​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​ឯករាជភាព និង​បំបាត់​អំពើពុករលួយ​ក្នុង​វិស័យ​យុត្តិធម៌ ក្នុង​នោះ​បាន​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ១៦​នាក់​ស្លាប់ និង​ជាង ១៥០​នាក់​ផ្សេង​ទៀត​រង​របួស ខណៈ​រដ្ឋាភិបាល​ខ្មែរ​នៅតែ​មិន​អាច​វែក​មុខ​ឃាតករ​ពិត​មក​ផ្ដន្ទាទោស​ដូច​គ្នា​នឹង​ឃាតកម្ម​ខាងលើ​រហូត​ដល់​ពេលនេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា រដ្ឋាភិបាល​កម្ពុជា​មិន​ដែល​បាន​ស៊ើបអង្កេត​ប្រកប​ដោយ​ប្រសិទ្ធភាព ឯករាជភាព និង​តម្លាភាព ដើម្បី​នាំ​ជនល្មើស​ដែល​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​មក​ផ្ដន្ទាទោស​ទេ ខណៈ​ករណី​ទាំងនេះ​មិន​ត្រូវ​បាន​ដោះស្រាយ​ឡើយ ចំណែក​ជនរងគ្រោះ​ក៏​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ដែរ ដោយឡែក​ជនល្មើស​នៅតែ​បន្ត​រួច​ផុត​ពី​ការ​ដាក់​ទោស​ទណ្ឌ ដោយសារ​វប្បធម៌​និទ្ទណ្ឌភាព​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស