42 C
Phnom Penh

លោក សម រង្ស៊ី ថា​លោក ហ៊ុន សែន កំពុង​រុញ​កម្ពុជា​និង​តំបន់​អាស៊ី​អាគ្នេយ៍​ឱ្យ​ធ្លាក់​ទៅ​ក្នុង​សង្គ្រាម​ដោយសារតែ​លួច​ផ្តល់​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​ឱ្យ​កងទ័ព​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី លើកឡើង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន កំពុង​បើក​ផ្លូវ​ទទួល​យក​សង្គ្រាម​មក​ដាក់​ក្នុង​ប្រទេស​កម្ពុជា កំពុង​បង្ក​ឱ្យ​មាន​សង្គ្រាម​ផ្ទុះ​ឡើង​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដោយសារ​លួច​ផ្តល់​ឱ្យ​ចិន ដាក់​កងទ័ព​ជើងទឹក​របស់​គេ​នៅ​មូលដ្ឋាន​ជើងទឹក​រាម​របស់​កម្ពុជា។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៩ មករា ថា លោក ហ៊ុន សែន បាន​ឃុបឃិត​ជាមួយ​ចិន ដោយ​បើក​ដៃ​ឱ្យ​រដ្ឋាភិបាល​កុម្មុយនីស្ត​មួយ​នេះ​យក​មូលដ្ឋាន​ជើងទឹក​របស់​ខ្មែរ​នៅ​តំបន់​រាម ជា​កន្លែង​ឈរជើង​ដោយ​លាក់​កំបាំង​ពី​ក្រសែភ្នែក​អន្តរជាតិ​ម្តង​បន្តិចៗ​ក្រោម​រូបភាព​គ្រប់​ទម្រង់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដើម្បី​ជួយ​ឱ្យ​ចិន អាច​ឈ្លានពាន​ប្រទេស​ជិតខាង។

លោក សម រង្ស៊ី អះអាង​ថា ស្ថានការណ៍​ក្នុង​តំបន់​មិន​អាច​កាត់ផ្ដាច់​ពី​ការ​ប្រែប្រួល​ស្ថានការណ៍​ក្នុង​ប្រទេស​កម្ពុជា​បាន​ទេ ដូច្នេះ​ការ​បន្ត​ឱ្យ​កងទ័ព​ជើងទឹក​ចិន យក​ទឹកដី​ខ្មែរ​ដើម្បី​បង្ក​ជា​មូលដ្ឋាន​លាក់​ទ័ព​របស់​ខ្លួន​បែប​នេះ នឹង​បង្ក​ទៅ​ជា​វិបត្តិ​នយោបាយ វិបត្តិ​យោធា និង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​នៅ​ក្នុង​តំបន់ ហើយ​វា​នឹង​វិវត្ត​ទៅ​ជា​សង្គ្រាម​តែម្តង ខណៈ​កម្ពុជា​ក៏​នឹង​រងគ្រោះ​ពី​សង្គ្រាម​នេះ​ដោយ​ផ្ទាល់​ថែម​ទៀត។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា របប​លោក ហ៊ុន សែន ដែល​កំពុង​គ្រប់គ្រង​រដ្ឋាភិបាល​ដែល​កូនប្រុស​របស់​គាត់​គឺ​លោក ហ៊ុន ម៉ាណែត ដឹកនាំ​សព្វថ្ងៃ​នេះ កំពុង​ទាល់ច្រក​ទាំង​នយោបាយ​ការទូត​លើ​ពិភពលោក និង​សេដ្ឋកិច្ច ដូច្នេះ រដ្ឋាភិបាល​ជើង​ខ្លី​មួយ​នេះ​រំពឹង​តែ​បំណុល​ចិន ដើម្បី​បន្ត​ដង្ហើម​មួយ​គ្រាៗ​ប៉ុណ្ណោះ ចំណែក​ចិន ក៏​នឹង​មិន​ផ្តល់​ជំនួយ ឬ​កម្ចី​ដោយ​ទទេៗ​ដែរ លុះត្រាតែ​របប​លោក ហ៊ុន សែន ព្រម​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​តាម​ការ​ចង់​បាន​របស់​ចិន​ដែរ។

មូលដ្ឋាន​ទ័ព​ជើងទឹក​របស់​កម្ពុជា គឺ​មាន​ទីតាំង​នៅ​តំបន់​រាម ដែល​មាន​ទំហំ​ផ្ទៃដី​ជិត ២០០​ហិកតារ (១៩០​ហិកតារ) នៅ​ភាគ​អាគ្នេយ៍​នៃ​ទី​រួម​ខេត្ត​ព្រះសីហនុ ហើយ​មូលដ្ឋាន​ទ័ព​ជើងទឹក​នេះ​បាន​ក្លាយ​ជា​កន្លែង​នៃ​ការ​ហ្វឹកហ្វឺន និង​សមយុទ្ធ​កងទ័ព​ជើងទឹក​រួម​គ្នា​ប្រចាំ​ឆ្នាំ​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក ប៉ុន្តែ​ក្រោយ​មក កម្ពុជា​បាន​ផ្អាក​ការ​ហ្វឹកហាត់​ជាមួយ​អាមេរិក និង​បាន​វាយ​កម្ទេច​អគារ​ដែល​ជា​ជំនួយ​របស់​អាមេរិក​នៅ​ទីនោះ​ផង​ដែរ ដោយ​ជំនួស​មក​វិញ​នូវ​ការ​សាងសង់​អគារ​ថ្មី​ដែល​ជា​ជំនួយ​របស់​ចិន និង​ការ​ធ្វើ​សមយុទ្ធ​កងទ័ព​ជើងទឹក​រួម​គ្នា​ជាមួយ​កងទ័ព​ចិន​ទៅវិញ។

កាលពី​ថ្ងៃទី​៨ ខែ​មិថុនា ឆ្នាំ​២០២២ ស្ថានទូត​ចិន បាន​អះអាង​ថា មិត្តភាព​ចិន និង​កម្ពុជា មាន​ប្រវត្តិ​យូរ​អង្វែង និង​រឹងមាំ​មិន​អាច​បំបែក​បាន ហើយ​គម្រោង​ជួសជុល​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម ដែល​ជា​ជំនួយ​ឥត​សំណង​របស់​ភាគី​ចិន គឺជា​សមិទ្ធផល​ផ្លែផ្កា​នៃ​ការ​គោរព​គ្នា​ទៅវិញ​ទៅមក និង​សមស្រប​តាម​ច្បាប់​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២២ អតីត​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក ទៀ បាញ់ បាន​អះអាង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​រោង​ជាង​ជួសជុល​ផែ​សំចត​នៅ​មូលដ្ឋាន​សមុទ្រ​រាម ក្នុង​ខេត្ត​ព្រះសីហនុ ថា ការ​បើក​ការដ្ឋាន​សាងសង់​រោង​ជាង​ជួសជុល​ផែ​សំចត​នេះ ក្នុង​គោលដៅ​លើក​កម្ពស់​សមត្ថភាព​បច្ចេកទេស​លើ​គ្រប់​វិស័យ​ដល់​កងទ័ព​ជើងទឹក​មួយ​កម្រិត​ថែម​ទៀត ក្នុង​ស្មារតី​កិច្ច​សហប្រតិបត្តិការ ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ជា​គុណ​ប្រយោជន៍​ដល់​សន្តិភាព ស្ថិរភាព និង​វិបុលភាព​នៅ​ក្នុង និង​ក្រៅ​តំបន់។

ចំណែក​នាយករដ្ឋមន្ត្រី​ថ្មី​លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី​២៨ នៃ​ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​កាលពី​ថ្ងៃទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ថា រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ នេះ កំពុង​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​ជាពិសេស​ទៅ​លើ​ការ​ធ្វើ​ទំនើបកម្ម​សមត្ថភាព​កងទ័ព ដើម្បី​ការពារ​ខ្លួន​ប្រកប​ដោយ​ប្រសិទ្ធភាព។ ជាក់ស្តែង កម្ពុជា​កំពុងតែ​ពង្រឹង​សមត្ថភាព​ឱ្យ​កាន់តែ​ខ្លាំងក្លា​ចំពោះ​មូលដ្ឋាន​កងទ័ព​ជើងទឹក​របស់​ខ្លួន។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ នេះ ពង្រឹង​សមត្ថភាព​កងទ័ព​ឱ្យ​កាន់តែ​ខ្លាំងក្លា​ទៅ​លើ​ការ​ពង្រឹង​ប្រព័ន្ធ​ការពារ​ជាតិ​របស់​ខ្លួន​ឱ្យ​កាន់តែ​សកម្ម ក្រោម​ការ​ធ្វើ​ទំនើបកម្ម​សំខាន់ៗ ដូចជា​ទំនើបកម្ម​រចនាសម្ព័ន្ធ ទំនើបកម្ម​ការ​ហ្វឹកហ្វឺន និង​ទំនើបកម្ម​គ្រឿង​បំពាក់​ផ្សេងៗ ជាដើម។

ទាក់ទិន​នឹង​បញ្ហា​នេះ សារព័ត៌មាន Financial Times បាន​ចុះផ្សាយ​កាលពី​ចុង​ខែ​កក្កដា ឆ្នាំ​២០២៣ នេះ​ថា សហរដ្ឋ​អាមេរិក​បាន​លើកឡើង​ថា មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​របស់​កម្ពុជា​ដែល​រដ្ឋាភិបាល​ចិន កំពុង​ជួយ​សាងសង់​កំពង់ផែ​ឡើងវិញ​សព្វថ្ងៃ​នេះ បើ​ពិនិត្យ​តាម​ផ្កាយរណប​គឺ​បង្ហាញ​ថា កំពង់ផែ​នោះ​គឺ​មាន​លក្ខណៈ​ដូច​គ្នា​ទៅ​នឹង​កំពង់ផែ​មូលដ្ឋាន​ជើងទឹក​របស់​ចិន​នៅ​ក្នុង​ប្រទេស​ជីប៊ូទី ដែល​ស្ថិត​ក្នុង​ទ្វីប​អាហ្វ្រិក ដូច្នោះ​ដែរ។

ចំណែក​មន្ទីរ​បញ្ចកោណ​របស់​សហរដ្ឋ​អាមេរិក ធ្លាប់​បាន​លើកឡើង​ថា ប្រវែង​កំពង់ផែ​រាម​ដែល​ចិន បាន​សាងសង់​សម្រាប់​កម្ពុជា គឺ​មាន​សមត្ថភាព​អាច​ឱ្យ​នាវា​ផ្ទុក​យន្តហោះ​ចិន​ចូល​ចត​បាន ព្រោះ​ថា​នាវា​ផ្ទុក​យន្តហោះ​របស់​ចិន​មាន​ប្រវែង​ប្រមាណ​ជា ៣០០​ម៉ែត្រ ចំណែក​ប្រវែង​កំពង់ផែ​នៅ​តំបន់​ទ័ព​ជើងទឹក​រាម គឺ​មាន​ប្រវែង​ប្រមាណ​ជា ៣៣៥​ម៉ែត្រ​ដែរ​នោះ។

មន្ទីរ​បញ្ចកោណ​របស់​សហរដ្ឋ​អាមេរិក បញ្ជាក់​ថា បើ​ផ្អែក​តាម​ភស្តុតាង​នានា និង​ភស្តុតាង​ជាក់ស្តែង​នៃ​ទំហំ​កំពង់ផែ​នេះ គឺ​មាន​ន័យ​ថា កំពង់ផែ​រាម​កំពុង​ត្រូវ​បាន​សាងសង់​ឡើង​ជាពិសេស​ដើម្បី​ការ​ចត​នាវា​ផ្ទុក​យន្តហោះ​របស់​ចិន​តែម្តង ហើយ​ហេតុផល គឺ​នៅ​ត្រង់​ថា ប្រទេស​កម្ពុជា​គ្មាន​នាវាចម្បាំង ឬ​នាវា​ផ្ទុក​យន្តហោះ​ដែល​មាន​ប្រវែង​រហូត​ត្រូវការ​កំពង់ផែ​ប្រវែង​ជាង ៣០០​ម៉ែត្រ​សម្រាប់​សំចត​នោះ​ទេ។

កាលពី​ឆ្នាំ​២០១៩ កាសែត​អាមេរិក The Wall Street Journal បាន​ចុះផ្សាយ​ថា កម្ពុជា និង​ចិន បាន​ចុះហត្ថលេខា​ជា​សម្ងាត់​លើ​កិច្ចព្រមព្រៀង​មួយ​ដែល​អនុញ្ញាត​ឱ្យ​ចិន មាន​សិទ្ធិ​ផ្ដាច់មុខ​ចូល​ទៅ​ប្រើប្រាស់​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​ក្នុង​រយៈពេល ៣០​ឆ្នាំ ដោយ​អាច​បន្ត​កិច្ចសន្យា​ឡើងវិញ​នៅ​រៀងរាល់ ១០​ឆ្នាំ​ម្ដង ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​នៅតែ​បដិសេធ​ការ​លើកឡើង​នេះ​ជាបន្តបន្ទាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស