29 C
Phnom Penh

មន្ត្រី​នគរបាល ៤​រូប​ទៀត​ត្រូវ​បាន​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ​ដោយសារ​ល្មើស​វិន័យ​កងកម្លាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា សម្រេច​បណ្ដេញ​មន្ត្រី​នគរបាល ៤​រូប​ទៀត​ដែល​បំពេញ​ការងារ​នៅ​ក្នុង​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ចេញពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ​ចាប់ពី​ខែ​មេសា ឆ្នាំ​២០២៤ ដោយសារ​ល្មើស​វិន័យ​កងកម្លាំង។

យោង​តាម​សេចក្តី​ប្រកាស​របស់​លោក ស សុខា ចុះ​ថ្ងៃទី​១៨ មករា ដែល​ទើប​តែ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​២៣ មករា នេះ បាន​ឲ្យ​ដឹង​ថា លោក​បាន​សម្រេច​ដកហូត​តំណែង ឋានន្តរស័ក្តិ និង​បណ្ដេញ​មន្ត្រី ៤​រូប​ពី​ក្របខ័ណ្ឌ​នគរបាល​ដោយសារ​ល្មើស​វិន័យ​កងកម្លាំង។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា មន្ត្រី​ទាំង ៤​រូប​នេះ​រួម​មាន​លោក​ពលបាលត្រី ទូច យុទ្ធា អនុប្រធាន​លេខាធិការដ្ឋាន លោក​ពលបាលត្រី តាំង គង់ អនុប្រធាន​លេខាធិការដ្ឋាន លោក​ពលបាលត្រី ជូ ផល្លីឌីន អនុប្រធាន​លេខាធិការដ្ឋាន និង​លោក​ពលបាលត្រី ខៃ វណ្ណៈ អនុប្រធាន​លេខាធិការដ្ឋាន។

សេចក្តី​ប្រកាស​របស់​លោក ស សុខា បាន​ឲ្យ​ដឹង​ទៀត​ថា ប្រាក់បៀវត្សរ៍ និង​របប​ឧបត្ថម្ភ​ផ្សេងៗ​ទៀត ត្រូវ​បាន​កាត់ផ្ដាច់ និង​លុប​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​ចាប់ពី​ខែ​មេសា ឆ្នាំ​២០២៤ ត​ទៅ។

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ទូច សុខៈ បាន​ឱ្យ​ដឹង​កន្លង​មក​ថា ការ​ដក​តំណែង​មន្ត្រី​នគរបាល​ទាំងនោះ គឺ​ដោយសារ​ពួកគេ​ធ្វើការ​មិន​ត្រូវ​នឹង​ជំនាញ​របស់​ខ្លួន ខុសពី​តួនាទី ភារកិច្ច មិន​ឆ្លង​យោបល់​តាម​ឋានានុក្រម ហើយ​មិន​រាយការណ៍​តាម​ឋានានុក្រម។

នៅ​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៣ ដដែល លោក ស សុខា ក៏​បាន​សម្រេច​ផ្ទេរ​ភារកិច្ច​មន្ត្រី​នគរបាល​ជាតិ​ចំនួន ៥០​នាក់​ដែល​មាន​ឋានន្តរសក្តិ​ចាប់ពី​អនុសេនីយ៍ឯក​រហូត​ដល់​វរសេនីយ៍ត្រី ចេញពី​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ឱ្យ​ទៅ​បម្រើការ​នៅ​នាយកដ្ឋាន​ផ្សេង​វិញ បន្ទាប់ពី​អនុប្រធាន​គណៈកម្មាធិការ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​លោក គឹម ជាតិ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ​កាលពី​ពេល​ថ្មីៗ​នេះ។

អ្នក​ប្រឹក្សា​យោបល់​ដើម្បី​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily កន្លង​មក​ថា វិធានការ​របស់​ក្រសួង​មហាផ្ទៃ​ដែល​បាន​ព្យួរ​តួនាទី និង​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​ចំពោះ​មន្ត្រី​ក្រោម​ឱវាទ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​នៅ​ពេលនេះ គ្រាន់តែ​ជា​ចំណាត់ការ​មួយ​ជ្រុង​តូច​ប៉ុណ្ណោះ បើ​ប្រៀបធៀប​នឹង​បទល្មើស​គ្រឿងញៀន​ដែល​បាន​កើត​មាន​នៅ​កម្ពុជា។

លោក​បន្ត​ថា ឱ្យ​តែ​មន្ត្រី​រដ្ឋាភិបាល​មាន​ឆន្ទៈ​ក្នុង​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះ​ដោយ​សុទ្ធចិត្ត ដោយ​គ្មាន​ការ​រើសអើង ក្រោម​គោលការណ៍​ច្បាប់ មិន​ខ្លាច​ញញើត​អ្នក​មាន​អំណាច ឬ​សាច់ញាតិ បក្ខពួក​ខ្លួនឯង នោះ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន​នឹង​អាច​ឈាន​ទៅ​ដល់​ការ​លុប​បំបាត់​ទាំងស្រុង​ជាមិនខាន ប៉ុន្តែ​ប្រសិនបើ​អនុវត្ត​ច្បាប់​ដើម្បី​ធ្វើ​ប្រជាភិថុតិ ឬ​គ្រាន់តែ​ដើម្បី​ឱ្យ​ល្អ​មើល ទោះ​វិធានការ​នោះ​ធំ​កម្រិត​ណា​ក៏ដោយ ក៏​មិន​អាច​លុប​បំបាត់​បញ្ហា​នេះ​បាន​ដែរ។

របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ នៅ​ក្នុង​ឆ្នាំ​២០២២ បាន​ឲ្យ​ដឹង​ថា ក្រសួង​មួយ​នេះ​បាន​បណ្តេញ​មន្ត្រី​នគរបាល​ជាតិ​ចំនួន ១១៧​នាក់​ចេញពី​ក្របខ័ណ្ឌ ហើយ​ក៏​មាន​ការ​ដកហូត​មុខតំណែង ការ​កាត់បន្ថយ​ឋានន្តរស័ក្ដិ និង​ការ​ផ្អាក​ការងារ​មន្ត្រី​នគរបាល​ជាតិ​ប្រមាណ ៩០​នាក់​ផ្សេង​ទៀត​ផង​ដែរ។ គិត​ត្រឹម​ថ្ងៃទី​២៣ ខែ​មករា នេះ ក្រោម​ការ​ដឹកនាំ​របស់​លោក ស សុខា រដ្ឋមន្ត្រី​នៃ​ក្រសួង​មហាផ្ទៃ គឺ​មាន​មន្ត្រី​នគរបាល​ជាង ៥០​នាក់​ហើយ​ដែល​បាន​រង​ពិន័យ ដក​តួនាទី និង​តំណែង។

គិត​ត្រឹម​ឆ្នាំ​២០២២ ស្ថិតិ​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​សរុប​មាន​ចំនួន​ជាង ៦​ម៉ឺន​នាក់ (៦២៦១៧​នាក់) ក្នុង​នោះ​មន្ត្រី​នគរបាល​ថ្នាក់​ជាតិ​មាន​ចំនួន​ជាង ២​ម៉ឺន​នាក់ (២១៩៥៥​នាក់) និង​មន្ត្រី​នគរបាល​ថ្នាក់​ក្រោម​ជាតិ​មាន​ចំនួន​ជិត ៤​ម៉ឺន​នាក់ (៣៩៦៦២​នាក់)៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស