34 C
Phnom Penh

សភា​តួកគី សម្រេច​ជា​ផ្លូវការ​ក្នុង​ការ​បើក​កិច្ចប្រជុំ​ពិភាក្សា​ការ​ចូល​ជា​សមាជិកភាព​របស់​ស៊ុយអែត​ក្នុង​អង្គការ​ណាតូ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ទីបំផុត សភា​នៃ​ប្រទេស​តួកគី ត្រូវ​បាន​គេ​ដឹង​ថា កំពុង​ជជែក​ដេញដោល​គ្នា​ទៅ​លើ​ការ​អនុញ្ញាត​ឱ្យ​ប្រទេស​ស៊ុយអែត ចូល​ជា​សមាជិកភាព​របស់​អង្គការ​ណាតូ ក្រោយពី​បាន​ជាប់​គាំង​ក្នុង​ការ​ពិភាក្សា និង​សម្រេច​ចិត្ត​អស់​រយៈពេល​ដ៏​យូរ។

ទីភ្នាក់ងារ​បារាំង AFP បាន​ធ្វើការ​ចុះផ្សាយ​ថា ការ​បោះឆ្នោត​អាច​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ។

គណៈកម្មាធិការ​កិច្ចការ​បរទេស​របស់​សភា​បាន​អនុម័ត​នូវ​ពិធីសារ​ស្ដីពី​ការ​ចូល​ជា​សមាជិក NATO របស់​ប្រទេស​ស៊ុយអែត ក្នុង​ខែ​ធ្នូ ឆ្នាំ​២០២៣ រួច​ទៅ​ហើយ ក៏ប៉ុន្ដែ​ករណី​នេះ​បាន​ប្រឈម​ដល់​ទៅ​រយៈពេល ១៩​ខែ​នៃ​ការ​ដែល​មិន​អាច​សម្រេច​ចិត្ត​បាន ដោយសារតែ​ការ​ជំទាស់​របស់​ប្រទេស​តួកគី។ ក្នុង​ខណៈ​ដែល​ទំនាក់ទំនង​រវាង​តួកគី និង​ស៊ុយអែត មាន​ភាព​តានតឹង​ជា​ខ្លាំង​រហូត​ដល់​ថ្នាក់​សម្ព័ន្ធមិត្ត​ណាតូ​ដទៃ​ទៀត​ត្រូវ​ធ្វើការ​សម្របសម្រួល​ឱ្យ​ប្រទេស​តួកគី បន្ទន់​ឥរិយាបថ និង​មាន​ការ​គិត​វិជ្ជមាន​សម្រាប់​ការ​ចូល​ជា​សមាជិក​របស់​ស៊ុយអែត ទៅ​ក្នុង​ណាតូ។

ទីក្រុង​អង់ការ៉ា បាន​ខឹងសម្បា​ជា​ខ្លាំង​ចំពោះ​ការ​ដែល​ប្រទេស​ស៊ុយអែត អត់ឱន​ដល់​ក្រុម​ភេរវករ PKK ដែល​ក្រុម​នេះ​បាន​បើក​យុទ្ធនាការ​ប្រយុទ្ធ​បង្ហូរ​ឈាម​ប្រឆាំង​នឹង​រដ្ឋ​តួកគី ចាប់តាំងពី​ទសវត្សរ៍​១៩៨០ មក​ម្ល៉េះ ហើយ​បាន​សម្លាប់​ជនស៊ីវិល​ជាង ៤​ម៉ឺន​នាក់ និង​រៀបចំ​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​បង្ហូរ​ឈាម​ក្នុង​ឆ្នាំ​២០១៦ ដើម្បី​ផ្ដួល​អំណាច​របស់​ប្រធានាធិបតី អែរដូហ្កាន់ ទៀត​ផង​នោះ។

យ៉ាងណាមិញ ប្រទេស​ស៊ុយអែត បាន​រឹត​បន្តឹង​ច្បាប់​ប្រឆាំង​ភេរវកម្ម​របស់​ខ្លួន ដើម្បី​ឆ្លើយតប​ទៅ​នឹង​សម្ពាធ​របស់​តួកគី ជា​ថ្នូរ​នឹង​ការ​ចូល​ជា​សមាជិក​របស់​អង្គការ​ណាតូ។

ក្រោយ​មក​គេ​ក៏​បាន​ឃើញ​លោក Erdogan ហាក់បីដូចជា​មិន​សូវ​ជំទាស់​ចំពោះ​ការ​ដាក់​ពាក្យ​ស្នើសុំ​របស់​ប្រទេស​ស៊ុយអែត កាលពី​ក្នុង​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​ណាតូ ក្នុង​ខែ​កក្កដា ឆ្នាំ​២០២៣ នោះ​ទេ។

យ៉ាងណា​គេ​យល់​ឃើញ​ថា ដោយសារ​មាន​ថ្នូរ​ជាមួយ​សហរដ្ឋ​អាមេរិក​ដែល​នាំ​ឲ្យ​តួកគី សម្រេច​ចិត្ត​បើក​ភ្លើង​ខៀវ​ឱ្យ​ស៊ុយអែត ចូល​ជា​សមាជិក​របស់​ណាតូ ផង​ដែរ តាមរយៈ​ការ​សម្រេច​លក់​យន្តហោះ​ចម្បាំង​ទំនើប F-16 ចំនួន ៤០​គ្រឿង​របស់​អាមេរិក​ឲ្យ​ទៅ​តួកគី។

ឥឡូវ​នេះ វាសនា​ស៊ុយអែត អាច​ចូល​ជា​សមាជិក​របស់​ណាតូ​បាន ស្ថិត​ក្នុង​ការ​សម្រេច​ចិត្ត​របស់​តួកគី ដែល​ជា​ប្រទេស​សមាជិក​សកម្ម​ផ្នែក​យោធា​បំផុត​គេ​មួយ​របស់​ណាតូ។ តាម​ធម្មនុញ្ញ​ណាតូ ដើម្បី​អាច​ឱ្យ​ប្រទេស​មួយ​ចូល​ជា​សមាជិក​បាន លុះត្រា​មាន​សំឡេង​ឯកច្ឆន្ទ​ទាំង ៣១​ប្រទេស ដែល​ហ្វាំងឡង់ ទើប​ក្លាយ​ជា​ប្រទេស​ទី​៣១ ថ្មីៗ​នេះ។

ករណី​នេះ ត្រូវ​មាន​ពិធីសារ​បង្គ្រប់​ពី​ប្រទេស​ជា​សមាជិក​ទាំងអស់។ ពិធីសារ​នេះ​សម្រាប់​ករណី​ប្រទេស​តួកគី គឺ​ត្រូវ​ឆ្លងកាត់​ដោយ​ការ​បោះឆ្នោត​ដោយ​មហាសន្និបាត​ពេញ​អង្គ​ចំនួន ៦០០​អាសនៈ។

អ្វី​ដែល​លំបាក គឺ​បក្ស​សម្ព័ន្ធ​ប្រជាជន​ដែល​កំពុង​កាន់​អំណាច​របស់​ប្រធានាធិបតី Recep Tayyip Erdogan កាន់កាប់​ភាគច្រើន។

បើ​ឆ្លងកាត់​រួច​ពី​សភា​អនុម័ត​ហើយ​នោះ គឺ​ប្រធានាធិបតី​នឹង​ត្រូវ​ចុះហត្ថលេខា​ជា​ច្បាប់។

ទោះជា​បែប​ណា​ក៏ដោយ​ក្ដី ក៏​មាន​ក្ដី​សង្ឃឹម​មួយ នោះ​ដោយ​មើល​ឃើញ​ថា គណបក្ស​ចលនា​ជាតិ​និយម (MHP) ដែល​ជា​ដៃគូ​របស់​គណបក្ស​យុត្តិធម៌ និង​អភិវឌ្ឍន៍ (AK Party) របស់​លោក Erdogan បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ ថា ខ្លួន​នឹង​គាំទ្រ​ច្បាប់​នេះ​នៅ​ឯ​ការ​បោះឆ្នោត​សភា។

សមាជិកភាព​របស់​អង្គការ​នេះ​បាន​កើន​ឡើង​ទ្វេដង ហើយ​ការ​កើន​ឡើង​នេះ​ដោយសារតែ​ប្រទេស​នៅ​តាម​បណ្ដោយ​ព្រំដែន​របស់​ណាតូ​ជាមួយ​រុស្ស៊ី សម្រេច​ពង្រឹង​ការ​ការពារ​ប្រទេស​របស់​ខ្លួន ក្រោយ​សហភាព​សូវៀត​ដួល​រលំ។ តែ​ក្នុង​អំឡុង​ពេល​នោះ ប្រទេស​ស៊ុយអែត និង​ហ្វាំងឡង់ នៅតែ​បន្ត​គោលនយោបាយ​មិន​ចូល​បក្ស​សម្ព័ន្ធ​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​រវាង​ទីក្រុង​មូស្គូ និង​វ៉ាស៊ីនតោន ទេ។

ទើ​បតែ​ដល់​ពេល​ដែល​មាន​ការ​លុកលុយ​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​ជិតខាង គឺ​អ៊ុយក្រែន ហើយ​បាន​មើល​ឃើញ​ភាព​ឃោរឃៅ​របស់​រុស្ស៊ី​កាន់តែ​ខ្លាំងក្លា​នៅ​អឺរ៉ុប ចាប់តាំងពី​សង្គ្រាម​លោក​លើក​ទី​២ និង​ការ​កើន​ឡើង​កម្ដៅ​ភូមិសាស្ត្រ​នយោបាយ ប្រទេស​ទាំង​ពីរ​ក៏​បាន​ប្ដូរ​ជំហរ​ភ្លាមៗ។

ការ​តស៊ូ​របស់​លោក Erdogan ចំពោះ​ការ​ចូល​ជា​សមាជិក​របស់​អង្គការ​ណាតូ​របស់​ប្រទេស​ស៊ុយអែត បាន​ឆ្លុះបញ្ចាំង​ពី​ជំហរ​មិន​ច្បាស់លាស់​របស់​លោក​ដែល​មាន​ចំពោះ​ទីក្រុង​មូស្គូ ដែរ ព្រោះ​គេ​ដឹង​ថា លោក​នៅតែ​ចង់​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin។

ថ្មីៗ​នេះ​ទៀតសោត ប្រព័ន្ធ​ផ្សព្វផ្សាយ​តួកគី បាន​រាយការណ៍​ថា នៅ​ខែ​ក្រោយ​នេះ លោក ពូទីន អាច​នឹង​ទៅ​ធ្វើ​ទស្សនកិច្ច​ជា​លើកដំបូង​លើ​ទឹកដី​តួកគី បើ​ទោះបី​បុរស​ខ្លាំង​រូប​នេះ​ជាប់​ដីកា​ចាប់​ខ្លួន​ដោយ​តុលាការ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ក៏ដោយ។

ព្រោះ​តែ​ករណី​នេះ​ផង​ដែរ ទើប​ប្រធានាធិបតី​តួកគី អែរដូហ្កាន់ ត្រូវ​បាន​ចោទ​ថា​ជា​មេដឹកនាំ​ដែល​មាន​ភាព​លម្អៀង ដោយ​លោក​បាន​ថ្កោលទោស​លើ​ប្រទេស​អ៊ីស្រាអែល ដែល​បើក​ការ​ប្រយុទ្ធ​លើ​ក្រុម​ហាម៉ាស នៅ​ហ្កាហ្សា ថា​បាន​បណ្ដាល​ឱ្យ​ប្រជាជន​ប៉ាឡេស្ទីន រាប់​ម៉ឺន​នាក់​បាត់បង់​ជីវិត ប៉ុន្តែ​ជាក់ស្ដែង លោក​នៅតែ​ជិតស្និទ្ធ​នឹង​បុរស​ម្នាក់​ដែល​ជា​មេដឹកនាំ​ពិភពលោក​បើក​ប្រតិបត្តិការ​សឹក​សម្លាប់​ប្រជាជន​អ៊ុយក្រែន រាប់​ម៉ឺន​នាក់​ទៅវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស