29 C
Phnom Penh

សមត្ថកិច្ច​បង្ក្រាប​បណ្ដាញ​ជួញដូរ​គ្រឿងញៀន​បាន​ជាង ១​តោន​ក្នុង​ខេត្ត​ព្រះសីហនុ និង​ទីក្រុង​ភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បង្ក្រាប​បណ្ដាញ​ជួញដូរ​គ្រឿងញៀន​បាន​ចំនួន ៥​នាក់ និង​រឹបអូស​បាន​គ្រឿងញៀន​ជាង ១​តោន (១៥១៣​គីឡូក្រាម) ក្នុង​ខេត្ត​ព្រះសីហនុ និង​ទីក្រុង​ភ្នំពេញ ដែល​ពួកគេ​មាន​ផែនការ​ដឹកជញ្ជូន​ឆ្លងដែន​ពី​ប្រទេស​ឡាវ ឆ្លងកាត់​កម្ពុជា ចេញ​តាម​លំហ​សមុទ្រ​ខ្មែរ​ទៅ​ដែន​កោះ​តៃវ៉ាន់។

មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​បង្ហាញ​លទ្ធផល​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​កាលពី​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០២៤ នេះ​ថា សមត្ថកិច្ច​កម្ពុជា​បាន​ចុះ​បង្ក្រាប​បណ្ដាញ​ជួញដូរ​គ្រឿងញៀន​ក្នុង​ទីតាំង​បី​ផ្សេង​គ្នា ក្នុង​នោះ​នៅ​ខេត្ត​ព្រះសីហនុ ២​ទីតាំង គឺ​នៅ​កំពង់ផែ​កំពេញ​ស្ទឹងហាវ ស្រុក​ស្ទឹងហាវ និង​នៅ​ក្នុង​ផ្ទះ​ជួល​ស្ថិត​ក្នុង​ភូមិ​៣ សង្កាត់​លេខ១ ក្រុង​ព្រះសីហនុ ចំណែក​ទីតាំង​ទី​៣ គឺ​ស្ថិត​នៅ​បុរី​មួយ​កន្លែង​ក្នុង​សង្កាត់​ភ្លើងឆេះរទេះ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ។

ប្រភព​ដដែល​បង្ហាញ​ថា ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ចាប់​ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៥​នាក់​ដែល​ជា​ជនជាតិ​ចិន ជនជាតិ​ចិន​តៃវ៉ាន់ និង​ជនជាតិ​សិង្ហបុរី ក្នុង​នោះ សមត្ថកិច្ច​ក៏​រឹបអូស​បាន​វត្ថុ​តាង​ជាច្រើន​ផង​ដែរ ដូចជា​គ្រឿងញៀន​ប្រភេទ​កេតាមីន (Ketamine) និង​គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន ប្រភេទ​ទឹកកក (ICE) ដែល​គិត​ជា​សរុប​មាន​ចំនួន ១៥៣០​ដុំ ស្មើ​នឹង​ទម្ងន់ ១​តោន ៥១៣​គីឡូក្រាម។

មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បញ្ជាក់​ថា សកម្មភាព​នៃ​ការ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​ស្រាវជ្រាវ ស៊ើបអង្កេត ឃ្លាំមើល​មុខសញ្ញា​តាំងពី​ចុង​ឆ្នាំ​២០២២ មក​ម្ល៉េះ ទើប​ឈាន​ដល់​ការ​បង្ក្រាប​ជោគជ័យ​បែប​នេះ ព្រោះ​ថា​សមត្ថកិច្ច​កម្ពុជា​បាន​ប្ដេជ្ញា​ថា​នឹង​បង្ក្រាប​គ្រឿងញៀន​តាម​បណ្ដា​រាជធានី-ខេត្ត​ឱ្យ​ដូច​ភ្លៀង​រលឹម និង​បង្ក្រាប​ឱ្យ​ដល់​ឫសគល់​តែម្តង ខណៈ​ជនសង្ស័យ និង​វត្ថុតាង​ខាងលើ សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ តាម​នីតិវិធី​ច្បាប់។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ការ​ចរាចរ ការ​ចែកចាយ និង​ផលិត​គ្រឿងញៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​រីកសាយ​កាន់តែ​ខ្លាំង​ពី​សំណាក់​ក្រុម​ឧក្រិដ្ឋជន​រហូត​ពាក់ព័ន្ធ​ដល់​សមត្ថកិច្ច​ខ្មែរ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ថែម​ទៀត។

កាលពី​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២៤ កម្លាំង​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះវិហារ បាន​អះអាង​ថា ខ្លួន​ក៏​បាន​បង្ក្រាប និង​ដកហូត​គ្រឿងញៀន​បាន​ជាង ១​តោន​ដែរ (១០២០​គីឡូក្រាម) អំឡុង​ពេល​ដែល​ក្រុម​ឧក្រិដ្ឋជន​ដឹកជញ្ជូន​តាម​រថយន្ត​នាំចេញ​ពី​ប្រទេស​ឡាវ ឆ្លងកាត់​ខេត្ត​ព្រះវិហារ ក្រោម​ការ​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង។

ទាក់ទិន​នឹង​បញ្ហា​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​របាយការណ៍​នៃ​ការ​បង្ក្រាប​គ្រឿងញៀន​កាលពី​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០២៤ នេះ​ថា ការ​បង្ក្រាប​គ្រឿងញៀន​ទូទាំង​ប្រទេស​ក្នុង​រយៈពេល ១​ថ្ងៃ​គឺ​នៅ​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០២៤ សមត្ថកិច្ច​បង្ក្រាប​ការ​ជួញដូរ ប្រើប្រាស់ និង​ការ​ដឹកជញ្ជូន​គ្រឿងញៀន​បាន ២២​ករណី និង​ឃាត់​ខ្លួន​ជនសង្ស័យ ៥៦​នាក់ ប៉ុន្តែ​បើ​គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០២៤ នេះ កម្លាំង​សមត្ថកិច្ច​បាន​បង្ក្រាប​ចំនួន​ករណី​គ្រឿងញៀន​បាន​ជាង ៤០០​ករណី (៤៦២​ករណី) និង​ឃាត់​ខ្លួន​ជនសង្ស័យ​បាន​ជាង ១​ពាន់​នាក់​ផង​ដែរ (១១៥៧​នាក់)។

កាលពី​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២៣ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា អះអាង​ថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ សមត្ថកិច្ច​បង្ក្រាប​បាន​គ្រឿងញៀន​មិន​ត្រឹមតែ​រយ​គីឡូក្រាម​ទេ គឺ​ចូល​ដល់​តោន​ឯណោះ ព្រោះ​ថា​កន្លង​មក កម្ពុជា​ត្រូវ​បាន​ប្រើ​ជា​កន្លែង​ផលិត​គ្រឿងញៀន​យក​ទៅ​ប្រទេស​ក្រៅ​ផង និង​ជា​កន្លែង​ចរាចរ​សម្រាប់​ឆ្លងកាត់​ទៅ​ប្រទេស​ទី​៣ ផង​ដែរ ប៉ុន្តែ​ពេលនេះ ក្រុម​ឧក្រិដ្ឋជន​បាន​នាំគ្នា​មក​ផលិត​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​តែម្តង ខណៈ​វិធានការ​របស់​សមត្ថកិច្ច​បាន​ដើរ​យឺត​ជាង​ក្រុម​ឧក្រិដ្ឋជន​មួយ​ជំហាន​ទៅ​ហើយ ដូច្នេះ​វិធានការ​ក៏​នៅ​មាន​កម្រិត​ដែរ​លើ​ការ​បង្ក្រាប​គ្រឿងញៀន​នេះ។

ជុំវិញ​បញ្ហា​គ្រឿងញៀន​នេះ គេ​មិន​ត្រឹម​តែ​រក​ឃើញ​ការ​ជួញដូរ ចែកចាយ និង​ផលិត​ចេញពី​សំណាក់​ក្រុម​ឧក្រិដ្ឋជន​ទេ គឺ​រក​ឃើញ​ពាក់ព័ន្ធ​ដល់​មន្ត្រី​កងកម្លាំង​របស់​កម្ពុជា​ថែម​ទៀត។ ជាក់ស្តែង ក្រសួង​មហាផ្ទៃ បាន​បណ្តេញ​មន្ត្រី​នគរបាល​ជាតិ​ជាច្រើន​នាក់​ចេញពី​ក្របខ័ណ្ឌ ដោយសារតែ​រក​ឃើញ​ថា ពួកគេ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ខណៈ​មន្ត្រី​កងកម្លាំង​នៃ​កងយោធពល​ខេមរភូមិន្ទ ក៏​ត្រូវ​រង​នូវ​ការ​បណ្តេញ​ពី​ក្របខ័ណ្ឌ​ដែរ ដែល​បញ្ហា​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា បញ្ហា​គ្រឿងញៀន​បាន​លុកលុយ​ចូល​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​ជ្រៅ រហូត​គេ​មើល​ឃើញ​ថា ប្រព័ន្ធ​ដឹកនាំ​របស់​រដ្ឋាភិបាល​សព្វថ្ងៃ​នេះ​សឹងតែ​ក្លាយ​ជា​បណ្ដាញ​ចែកចាយ​គ្រឿងញៀន​ដ៏​គួរ​ឱ្យ​ភ័យ​ព្រួយ​ទៅ​ហើយ​នោះ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​ព្រមាន​ថា បើ​បញ្ហា​គ្រឿងញៀន​ដែល​បាន​ជួញដូរ ចែកចាយ និង​ផលិត​នៅ​ក្នុង​កម្រិត​ក្រុម​ឧក្រិដ្ឋជន ផល​ប៉ះពាល់​ក៏​មិន​សូវ​ធំ​ដែរ ប៉ុន្តែ​នៅ​ពេល​ដែល​ការ​ជួញដូរ ចែកចាយ និង​ផលិត បាន​ឈាន​ជើង​ចូល​ដល់​មន្ត្រី​រាជការ​ទៅ​ហើយ​នោះ បញ្ហា​នេះ​មិនមែន​តូចតាច​ទេ ព្រោះ​ថា​កម្រិត​នេះ​គេ​អាច​វាយតម្លៃ​បាន​ថា ប្រព័ន្ធ​ដឹកនាំ​របស់​រដ្ឋាភិបាល​បាន​ក្លាយ​ជា​ទីតាំង​លាក់​ទុក និង​ចែកចាយ​ជា​ខ្សែ​បណ្ដាញ​យ៉ាង​មាន​សុវត្ថិភាព​សម្រាប់​បទល្មើស​មួយ​នេះ។

ប្រភព​ដដែល​បញ្ជាក់​ថា វិធានការ​បង្ក្រាប​របស់​សមត្ថកិច្ច អាច​អនុវត្ត​ទៅ​លើ​តែ​មន្ត្រី​ថ្នាក់​ក្រោម​ប៉ុណ្ណោះ ប៉ុន្តែ​មន្ត្រី​ថ្នាក់​លើ​របស់​ខ្លួន ពួកគេ​មិន​អាច​អនុវត្ត​បាន​ទេ ជាពិសេស​គឺ​អ្នក​មាន​អំណាច​ជាង​ខ្លួន​តែម្តង ដូច្នេះ​បញ្ហា​នេះ​ហាក់​មិន​មាន​ពន្លឺ​ឈាន​ទៅ​រក​ប្រសិទ្ធភាព​នៃ​ការ​បង្ក្រាប​គ្រឿងញៀន​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស