35 C
Phnom Penh

រុស្ស៊ី​និង​អ៊ុយក្រែន​ចោទ​គ្នា​ជុំវិញ​ការ​ធ្លាក់​យន្តហោះ​យោធា​រុស្ស៊ី​ដឹក​ឈ្លើយសឹក​អ៊ុយក្រែន​នាំ​ឱ្យ UNSC ប្រជុំ​គ្នា​ជាបន្ទាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​ពុធ ទី​២៤ មករា យន្តហោះ​យោធា​របស់​រុស្ស៊ី មួយ​គ្រឿង​ដែល​ដឹក​ឈ្លើយសឹក​អ៊ុយក្រែន ៦៥​នាក់ បាន​ធ្លាក់​នៅ​ខេត្ត Belgorod ក្នុង​ទឹកដី​រុស្ស៊ី ស្ថិត​ជាប់​ព្រំដែន​អ៊ុយក្រែន។

ប្រភព​ព័ត៌មាន​របស់​រុស្ស៊ី បាន​ឱ្យ​ដឹង​ថា ឈ្លើយសឹក​អ៊ុយក្រែន ទាំង ៦៥​នាក់ ព្រមទាំង​មនុស្ស ៩​នាក់​ផ្សេង​ទៀត​ដែល​មាន​វត្តមាន​នៅ​លើ​យន្តហោះ បាន​បាត់បង់​ជីវិត​ទាំងអស់។

ភ្លាមៗ រដ្ឋាភិបាល​រុស្ស៊ី បាន​ចោទ​ប្រទេស​អ៊ុយក្រែន ថា​ជា​អ្នក​បាញ់​មីស៊ីល​ទម្លាក់​យន្តហោះ​យោធា​របស់​ខ្លួន​ដែល​ដឹក​ឈ្លើយសឹក​អ៊ុយក្រែន ហើយ​បាន​ស្នើ​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ ឲ្យ​ស៊ើបអង្កេត​អំពី​ករណី​នេះ។

ជា​ការ​ឆ្លើយតប អ៊ុយក្រែន​បាន​ស្នើ​ឲ្យ​បើក​ការ​ស៊ើបអង្កេត​អន្តរជាតិ​ក្នុង​ពេល​តែ​មួយ ដើម្បី​កំណត់​មូលហេតុ​ពិតប្រាកដ​នៃ​គ្រោះ​មហន្តរាយ​នេះ។

ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បាន​ចោទ​រុស្ស៊ី វិញ​ថា មាន​ចេតនា​យក​អាយុ​ជីវិត​របស់​ឈ្លើយសឹក​អ៊ុយក្រែន ទៅ​លេង​សើច​ក្នុង​ល្បែង​ដ៏​ឈឺចាប់​នេះ។

លោក ហ្សេឡេនស្គី អំពាវនាវ​ឱ្យ​បង្កើត​អ្នកជំនាញ​ដើម្បី​ស្រាវជ្រាវ និង​ស៊ើបអង្កេត​រឿង​នេះ​ឱ្យ​បាន​ម៉ត់ចត់​បំផុត។ លោក​ប្រធានាធិបតី​អ៊ុយក្រែន បាន​បដិសេធ​ថា អ៊ុយក្រែន​មិន​លេង​សើច​លើ​អាយុ​ជីវិត​មនុស្ស​នោះ​ទេ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP នា​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែ​មករា។

ទីក្រុង​គៀវ ដំបូង​ឡើយ​បាន​ទទួលស្គាល់​ថា​នឹង​មាន​ការ​ដោះដូរ​ឈ្លើយសឹក​ជាមួយ​រុស្ស៊ី ប៉ុន្តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​មាន​ហេតុការណ៍​ធ្លាក់​យន្តហោះ អ៊ុយក្រែន បាន​និយាយ​ថា ខ្លួន​នៅ​មិន​មាន​ព័ត៌មាន​គួរ​ឱ្យ​ជឿ​ទុកចិត្ត​បាន​ស្ដីពី​អ្នក​ដំណើរ​នៅ​លើ​យន្តហោះ​នោះ​សុទ្ធតែ​ជា​ឈ្លើយសឹក​អ៊ុយក្រែន នោះ​ទេ។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី បាន​និយាយ​ថា យន្តហោះ​យោធា​ប្រភេទ IL-76 ដែល​បាន​ធ្លាក់​មាន​ផ្ទុក​ទាហាន​អ៊ុយក្រែន ជា​ឈ្លើយសឹក​ចំនួន ៦៥​នាក់ រួម​ជាមួយ​បុគ្គលិក និង​អាកាសយានិក​យន្តហោះ​សរុប ៦​នាក់ ព្រមទាំង​ឆ្មាំ​អម​ដំណើរ​អ្នកទោស​ទាំងនោះ​ចំនួន ៣​នាក់។

យោង​តាម​ការ​អះអាង​របស់​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី គឺ​កងទ័ព​អ៊ុយក្រែន ឈរជើង​នៅ​តំបន់ Kharkiv ក្បែរ​ព្រំប្រទល់ បាន​បាញ់​មីស៊ីល ២​គ្រាប់​លើ​យន្តហោះ​យោធា​ដឹកជញ្ជូន​នោះ ហើយ​បាន​ចាត់ទុក​ឧប្បត្តិហេតុ​នោះ​ថា​ជា​ទង្វើ​ភេរវកម្ម។

ចំណែក​ទីភ្នាក់ងារ​ចារកម្ម​អ៊ុយក្រែន បាន​និយាយ​ថា ខ្លួន​មិន​ទាន់​មាន​ព័ត៌មាន​ដែល​អាច​ជឿជាក់​បាន​គ្រប់​ជ្រុងជ្រោយ​ពាក់ព័ន្ធ​នឹង​មនុស្ស​ដែល​ជិះ​នៅ​លើ​យន្តហោះ​រុស្ស៊ី នោះ ដូចជា​ថា​តើ​ពួកគេ​ជា​អ្នក​ណា​ខ្លះ និង​មាន​ចំនួន​ប៉ុន្មាន​នាក់​ឱ្យ​ប្រាកដ​នៅឡើយ​ទេ។

ករណី​ធ្លាក់​យន្តហោះ​យោធា​របស់​រុស្ស៊ី បាន​នាំ​ឱ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បើក​កិច្ចប្រជុំ​ជាបន្ទាន់។

តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បើក​កិច្ចប្រជុំ​ជាបន្ទាន់​ដែល​ធ្វើឡើង​តាម​ការ​ស្នើសុំ​ពី​ភាគី​អ៊ុយក្រែន និង​រុស្ស៊ី។

ភាគី​ទាំង​ពីរ រុស្ស៊ី​និង​អ៊ុយក្រែន កំពុង​ចោទ​គ្នា​ទៅវិញ​ទៅមក​អំពី​ការ​ធ្លាក់​យន្តហោះ ដែល​នាំ​ឱ្យ​ស្លាប់​មនុស្ស ៧៤​នាក់ ដែល​គេ​ថា​មាន​ឈ្លើយសឹក​អ៊ុយក្រែន ៦៥​នាក់។ ខណៈ​នេះ រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Sergey Lavrov ដែល​មាន​វត្តមាន​នៅ​ក្រុង​ញូវយ៉ក គេ​រំពឹង​ថា​លោក​នឹង​ថ្លែង​អំពី​ឧបទ្ទវហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ​យោធា​របស់​រុស្ស៊ី ដែល​ហៅថា​ជា​ការ​វាយប្រហារ​បែប​ភេរវកម្ម។

ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន លោក Sergey Lavrov បាន​ចោទ​ត្រង់​ទៅ​ប្រទេស​អ៊ុយក្រែន ថា​បាន​បាញ់​មីស៊ីល​កម្ទេច​យន្តហោះ​នោះ​ដោយ​សំដៅ​សម្លាប់​ឈ្លើយសឹក​ទាំងនោះ។

បើ​តាម​លោក Sergey Lavrov មីស៊ីល​ដែល​បាញ់​ត្រូវ​យន្តហោះ​យោធា​របស់​រុស្ស៊ី គឺ​វា​បាញ់​ចេញពី​ខាង​ក្នុង​ទឹកដី​អ៊ុយក្រែន ដោយ​បាញ់​ចេញពី​តំបន់​ខាគៀវ ភាគ​ឥសាន​ប្រទេស​អ៊ុយក្រែន។

ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន មិន​បាន​ប្រតិកម្ម​អ្វី​នោះ​ទេ តែ​កងទ័ព​អាកាស​អ៊ុយក្រែន បាន​និយាយ​ថា រុស្ស៊ី​បាន​វាយប្រហារ​ដោយ​បាញ់​មីស៊ីល​ចេញពី​ខេត្ត Belgorod ស្ថិត​នៅ​ចម្ងាយ ៣០​គីឡូម៉ែត្រ​ពី​ខាង​ព្រំដែន​អ៊ុយក្រែន។

ទ័ព​អ៊ុយក្រែន ថា មីស៊ីល ៤​គ្រាប់​បាញ់​ចេញពី​តំបន់ Belgorod ហើយ​ជាមួយ​គ្នា​នេះ ដ្រូន ១៤​គ្រឿង​របស់​រុស្ស៊ី បាន​ហោះ​វាយប្រហារ​ដោយ​ហោះ​ចេញពី​តំបន់ Belgorod នេះ​ផង​ដែរ។

រូបភាព​មួយ​បាន​បង្ហាញ​ថា យន្តហោះ​នោះ​បាន​ឆេះ​ផ្ទុះ​ធ្លាក់​ដោយ​បង្ក​ឱ្យ​មាន​អណ្ដាតភ្លើង​យ៉ាង​ធំ ហើយ​វា​ធ្លាក់​ក្នុង​វាល​ព្រិល​ទឹកកក​ក្នុង​តំបន់ Belgorod ខាង​ក្នុង​ទឹកដី​រុស្ស៊ី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស