36 C
Phnom Penh

ក្រសួង​សុខាភិបាល​រក​ឃើញ​ក្មេង​ប្រុស​អាយុ​៣​ឆ្នាំ​ម្នាក់​មាន​ជំងឺ​ផ្ដាសាយ​បក្សី H5N1 នៅ​ខេត្ត​ព្រៃវែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​សុខាភិបាល ប្រកាស​ពី​ករណី​ក្មេង​ប្រុស​អាយុ ៣​ឆ្នាំ​ម្នាក់​មាន​ទីលំនៅ​ក្នុង​ភូមិ​តាប្រុយ ឃុំ​ព្រែកពោន ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង រក​ឃើញ​វិជ្ជមាន​វីរុស​ផ្ដាសាយ​បក្សី​ប្រភេទ H5N1 ពី​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​២៦ ខែ​មករា នេះ​ថា ក្មេង​ប្រុស​រូប​នោះ​មាន​ទីលំនៅ​ក្នុង​ភូមិ​តាប្រុយ ឃុំ​ព្រែកពោន ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ទទួល​បាន​ការ​ថែទាំ​យ៉ាង​យកចិត្ត​ទុកដាក់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ។

ប្រភព​ដដែល​បាន​អះអាង​ថា តាម​ការ​សាកសួរ​បង្ហាញ​ថា ប្រហែល ១០​ថ្ងៃ​មុន​មាន​មាន់​ទា​ងាប់​នៅ​ក្នុង​ភូមិ និង​នៅ​ជុំវិញ​ផ្ទះ​អ្នកជំងឺ។ បច្ចុប្បន្ន ក្រុម​ការងារ​ក្រសួង​សុខាភិបាល ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​ទេសចរណ៍ អាជ្ញាធរ​មូលដ្ឋាន និង​អង្គការ​ដៃគូ កំពុង​សហការ​គ្នា​ដើម្បី​អង្កេត​ស្រាវជ្រាវ​លើ​ការ​កើតឡើង​នូវ​ជំងឺ​ផ្ដាសាយ​បក្សី ព្រមទាំង​ចែក​ជូន​ឱសថ Tamiflu ដល់​អ្នក​ប៉ះពាល់​ជិតស្និទ្ធ​ផង​ដែរ។

ក្រសួង​សុខាភិបាល​បាន​ដាស់តឿន​ថា ប្រសិនបើ​មាន​អាការៈ​ក្តៅ​ខ្លួន ក្អក ហៀរ​សំបោរ ឬ​ពិបាក​ដក​ដង្ហើម និង​មាន​ប្រវត្តិ​ធ្លាប់​បាន​ប៉ះពាល់​ជាមួយ​មាន់​ទា​ឈឺ ឬ​ស្លាប់​ក្នុង​អំឡុង ១៤​ថ្ងៃ​មុន​ថ្ងៃ​ចាប់ផ្ដើម​មាន​រោគសញ្ញា សូម​កុំ​ទៅ​ជួបជុំ ឬ​ទីប្រជុំជន​ដែល​មាន​មនុស្ស​ច្រើន និង​ត្រូវ​ស្វែងរក​ការ​ពិគ្រោះ​យោបល់ និង​ការ​ពិនិត្យ​ព្យាបាល​នៅ​តាម​មូលដ្ឋាន​សុខាភិបាល​ដែល​នៅ​ជិត​លោក​អ្នក​បំផុត​ឱ្យ​បាន​ឆាប់​ទាន់​ពេលវេលា។

ក្រសួង​សុខាភិបាល កាលពី​ថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ កន្លង​មក បាន​ប្រកាស​រក​ឃើញ​ជំងឺ​ផ្ដាសាយ​បក្សី​ប្រភេទ H5N1 លើ​ស្ត្រី​អាយុ ២១​ឆ្នាំ ដែល​រស់នៅ​ស្រុក​ដងទង់ ខេត្ត​កំពត។

ក្រសួង​សុខាភិបាល បាន​ឲ្យ​ដឹង​ថា ចំពោះ​របៀប​ចម្លង​ជំងឺ​ផ្ដាសាយ​បក្សី H5N1 គឺជា​ជំងឺ​ផ្ដាសាយ​មួយ​ដែល​ជា​ធម្មតា​ចម្លង​រវាង​សត្វ​បក្សី​ឈឺ​ទៅ​បក្សី​ផ្សេង​ទៀត ប៉ុន្តែ​ជួនកាល វា​អាច​ចម្លង​ពី​បក្សី​ទៅ​មនុស្ស​តាម​ការ​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​បក្សី​ដែល​ឈឺ ឬ​ស្លាប់។ ជំងឺ​ផ្ដាសាយ​បក្សី​លើ​មនុស្ស​ជា​ជំងឺ​ធ្ងន់ធ្ងរ ដែល​តម្រូវ​ឱ្យ​មាន​ការ​ធ្វើការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទាន់​ពេលវេលា។ ទោះបីជា​វា​មិន​ងាយ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស ប៉ុន្តែ​បើ​វា​អាច​បំប្លែង​ខ្លួន​អាច​ឆ្លង​ដូច​នឹង​ជំងឺ​ផ្ដាសាយ​តាម​រដូវកាល​ផង​ដែរ។ នេះ​បើ​តាម​ក្រសួង​សុខាភិបាល បញ្ជាក់​បន្ថែម។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ រាជរដ្ឋាភិបាល​បាន​ចេញ​សារ​អប់រំ រួម​មាន៖

  • លាង​ដៃ​ឱ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក មុន​ពេល​បរិភោគ និង​បន្ទាប់ពី​ប៉ះពាល់​ជាមួយ​បក្សី
  • ដាក់​កុមារ​នៅ​ឆ្ងាយ​ពី​សត្វ​បក្សី និង​ដាក់​សត្វ​បក្សី​នៅ​ឱ្យ​ឆ្ងាយ​ពី​កន្លែង​រស់នៅ
  • កុំ​បរិភោគ​សត្វ​បក្សី​ឈឺ ឬ​ងាប់
  • និង​រាល់​សត្វ​បក្សី​ដែល​ត្រូវ​ធ្វើ​សម្រាប់​បរិភោគ ត្រូវ​ចម្អិន​ឱ្យ​ឆ្អិន​ល្អ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស