38.3 C
Phnom Penh

សាលា​ឧទ្ធរណ៍​សម្រេច​លើក​យក​សំណុំរឿង​លោក កឹម សុខា ទៅ​បើក​សវនាការ​នៅ​ថ្ងៃទី​៨ ខែ​កុម្ភៈ បន្ត​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ សម្រេច​លើក​យក​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ទៅ​បើក​សវនាការ​នៅ​ថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ខាងមុខ​បន្ត​ទៀត ខណៈ​សវនាការ​នៅ​ថ្ងៃ​អង្គារ ទី​៣០ មករា នេះ មិន​បាន​ជជែក​វែកញែក​អ្វី​ជា​ដុំ​កំភួន​នោះ​ទេ ក្រៅតែ​ពី​ការ​កំណត់​របៀបវារៈ​មួយ​ចំនួន​សម្រាប់​សវនាការ​លើក​ក្រោយ ដែល​តម្រូវ​ឲ្យ​បើក​សវនាការ​លើ​សំណុំរឿង​នេះ​ចំនួន ៩​ដង គឺ​ត្រូវ​ធ្វើ​ឡើង ២​ដង​ក្នុង ១​ខែ នៅ​រៀងរាល់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍។

សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ នៅ​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០២៤ នេះ បាន​បើក​សវនាការ​លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ដែល​រង​ការ​ចោទប្រកាន់​ពី​បទ «ក្បត់​ជាតិ» ដោយ​សាលាដំបូង​ក្រុង​ភ្នំពេញ កាលពី​ដើម​ខែ​មីនា ឆ្នាំ​២០២៣ កន្លង​ទៅ ហើយ​ក្នុង​សវនាការ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​៣០ មករា នេះ ក៏​មាន​មេធាវី​ការពារ​ក្តី​របស់​លោក​ពីរ​រូប​ដែរ គឺ​លោក អាង ឧត្តម និង​អ្នកស្រី ម៉េង សុភារី។

សវនាការ​នេះ ធ្វើឡើង​បន្ទាប់ពី​លោក កឹម សុខា ប្តឹង​ជំទាស់​ទៅ​កាន់​សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ​កាលពី​ដើម​ខែ​មេសា ឆ្នាំ​២០២៣ កន្លង​ទៅ បន្ទាប់ពី​សាលាដំបូង​ប្រកាស​សាលក្រម​កាត់ទោស​លោក​ពី​បទ​ក្បត់​ជាតិ និង​សម្រេច​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​រយៈពេល ២៧​ឆ្នាំ។

មេធាវី​ការពារ​ក្តី​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​អ្នកស្រី ម៉េង សុភារី បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា សវនាការ​លើកដំបូង​នៅ​សាលា​ឧទ្ធរណ៍​ថ្ងៃ​នេះ (ថ្ងៃ​អង្គារ ទី​៣០ មករា) តុលាការ​មិន​ទាន់​បាន​សាកសួរ​អ្វី​ច្រើន​ទេ គ្រាន់តែ​កំណត់​របៀបវារៈ​ការងារ​ខ្លះ​ប៉ុណ្ណោះ ក្នុង​នោះ តុលាការ​សម្រេច​ថា​នឹង​បើក​សវនាការ​លើ​សំណុំរឿង​លោក កឹម សុខា ចំនួន ៩​ដង គឺ​ត្រូវ​ធ្វើ​ឡើង ២​ដង​ក្នុង ១​ខែ នៅ​រៀងរាល់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍។

អ្នក ម៉េង សុភារី បញ្ជាក់​ថា ក្រៅពី​ការ​កំណត់​កាលបរិច្ឆេទ​បើក​សវនាការ តុលាការ​ក៏​បាន​កំណត់​ជា​អក្សរ​តាង​សម្រាប់​ប្រទេស ឈ្មោះ​អង្គការ​សមាគម និង​ឈ្មោះ​បុគ្គល​ដែល​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​នេះ​ផង​ដែរ សម្រាប់​ប្រើប្រាស់​ក្នុង​សវនាការ​លើក​ក្រោយ។ អ្នកស្រី​បន្ថែម​ថា ចុងក្រោយ ចៅក្រម​បាន​អាន​របាយការណ៍ និង​ប្រកាស​បញ្ចប់​សវនាការ​នេះ​តែម្តង ដោយសារតែ​អស់​ពេលវេលា។

កាលពី​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣ កន្លង​ទៅ លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​ចំនួន ២៧​ឆ្នាំ ដោយ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ ក្រោម​បទ​ចោទ​ក្បត់​ជាតិ តាម​មាត្រា​៤៣៩ និង​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ ព្រមទាំង​ដកហូត​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ទាំងអស់។

ជុំវិញ​សវនាការ​នេះ នាយករង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Right Watch) លោក Phil Robertson បាន​សរសេរ​សារ​ខ្លី​មួយ​លើ​បណ្ដាញ​សង្គម Twitter របស់​លោក​ថា សេចក្តី​សម្រេច​នៅ​ថ្ងៃទី​៣០ មករា នេះ​របស់​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ ក្នុង​ការ​បដិសេធ​មិន​ដក​ការ​រឹត​បន្តឹង​ការ​ចូល​សួរ​សុខទុក្ខ​របស់​មេធាវី​របស់​លោក កឹម សុខា បង្ហាញ​ជា​ថ្មី​ម្តង​ទៀត​ថា គ្រប់​ទិដ្ឋភាព​ទាំងអស់​ក្នុង​ការ​ដោះស្រាយ​របស់​តុលាការ​លើ​សំណុំរឿង​ក្បត់​ជាតិ​ដោយ​គ្មាន​មូលដ្ឋាន គឺ​មិន​ដែល​ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ទេ។

លោក​បន្ត​ថា គ្មាន​ប្រទេស​ណា​ដែល​គេ​គោរព​នូវ​ស្តង់ដារ​សិទ្ធិមនុស្ស​អន្តរជាតិ តម្រូវ​ឲ្យ​ក្រុម​មេធាវី​ដែល​ត្រូវ​ពិភាក្សា​ផ្លូវច្បាប់​ជាមួយ​កូន​ក្តី​របស់​ខ្លួន ត្រូវតែ​សុំ​ការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា​នោះ​ទេ។

លោក Phil Robertson អះអាង​ថា ការ​កាត់ទោស​លោក កឹម សុខា និង​សមាជិក​បក្ស​ប្រឆាំង​ផ្សេង​ទៀត​អំពី​ការ​ចោទប្រកាន់​ដោយ​ហេតុផល​នយោបាយ​គួរ​ឱ្យ​អស់សំណើច​នោះ បាន​បង្ហាញ​ពី​ការ​ខ្វះ​ឯករាជ្យ​ពេញលេញ​នៃ​ប្រព័ន្ធ​តុលាការ​របស់​កម្ពុជា។ លោក​បន្ត​ថា នេះ​ក៏​ជា​ការ​បង្ហាញ​ពី​របៀប​ដែល​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា មិន​បាន​ធ្វើ​អ្វី​សោះ​ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​នីតិរដ្ឋ និង​សេរីភាព​ជា​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ដែរ។

លោក Phil Robertson អះអាង​ថា ដៃគូ​ជំនួយ និង​ដៃគូ​ពាណិជ្ជកម្ម​របស់​កម្ពុជា គួរតែ​ថ្កោលទោស​ជា​សាធារណៈ​ចំពោះ​ភាព​អយុត្តិធម៌​មក​លើ​លោក កឹម សុខា ហើយ​ពួកគេ​ត្រូវ​បញ្ជាក់​យ៉ាង​ច្បាស់​ប្រាប់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា​នឹង​មិន​មាន​ពាណិជ្ជកម្ម​ដូច​ធម្មតា​ណា​មួយ​ឡើយ រហូត​ដល់​លោក កឹម សុខា ត្រូវ​បាន​ដោះលែង។

ចំណែក​ប្រធាន​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា លោក ហុង លីម បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ចន្ទ ទី​២៩ មករា ថា លទ្ធផល​នៃ​សវនាការ​ជំនុំជម្រះ​សំណុំរឿង​លោក កឹម សុខា ដោយ​សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​អង្គារ ទី​៣០ មករា នេះ គឺជា​ភស្តុតាង​មួយ​ទៀត​ដែល​បញ្ជាក់​អំពី​ស្តង់ដារ​យុត្តិធម៌ និង​នីតិរដ្ឋ​នៅ​កម្ពុជា និង​ជា​ឆន្ទៈ​នយោបាយ​នៃ​របប​គ្រប់គ្រង​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​បន្ត​ពី​ឪពុក​ទៅ​កូន​សម្រាប់​អាណត្តិ​ថ្មី​នេះ។

ប្រធាន​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​រូប​នេះ អំពាវនាវ​ឱ្យ​សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ​ឈរ​លើ​គោលការណ៍​ឯករាជ្យ និង​មាន​វិជ្ជាជីវៈ​ជុំវិញ​ដំណើរការ​សវនាការ​ជំនុំជម្រះ​ក្តី​លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដើម្បី​លើក​កម្ពស់​នីតិរដ្ឋ និង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា រួម​ទាំង​រួម​ចំណែក​លើកស្ទួយ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២០ ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​វិមាន​សន្តិភាព មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន អះអាង​ថា ករណី​លោក កឹម សុខា អាច​នឹង​ត្រូវ​អូស​បន្លាយ​ពេល ៤​ឆ្នាំ​ទៀត គឺ​ត្រូវ​ពន្យារ​រហូត​ដល់​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០២៣ ខណៈ​ឆ្នាំ​២០២៤ នេះ​គឺជា​ពេលវេលា​ត្រឹមត្រូវ​មួយ​ដែល​លោក ហ៊ុន សែន បាន​ប្រកាស​កំណត់​កាលពី​ឆ្នាំ​២០២០ នោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អតីត​ប្រធាន​ចលនា​និស្សិត​ដើម្បី​ប្រជាធិបតេយ្យ​លោក សារ៉ូ សូវិជ័យ បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន តែង​ប្រកាស​កម្ទេច​មិន​ឱ្យ​មាន​ការ​ដឹកនាំ​នយោបាយ​បែប​ជ្រុលនិយម ប៉ុន្តែ​ការ​បិទ​ខ្ទប់ និង​រារាំង​សេរីភាព​របស់​លោក កឹម សុខា ដែល​ជា​អ្នក​នយោបាយ​អហិង្សា គឺ​ស្មើ​នឹង​លោក ហ៊ុន សែន លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​ដឹកនាំ​នយោបាយ​តាម​បែប​ជ្រុលនិយម​ដូច្នោះ​ដែរ។

លោក សារ៉ូ សូវិជ័យ បញ្ជាក់​ថា ការ​បើក​លំហ​សេរីភាព​ឱ្យ​លោក កឹម សុខា វិញ ក៏​បង្ហាញ​ពី​សីលធម៌​នយោបាយ​របស់​លោក ហ៊ុន សែន ដែរ ត្បិត​អ្នក​ដឹកនាំ​ប្រទេស​ក្រៅពី​ការ​គោរព​ច្បាប់ ក៏​ត្រូវតែ​ជា​មនុស្ស​ដែល​មាន​សីលធម៌​ខ្ពស់​ថែម​ទៀត ព្រោះ​ថា​ប្រទេស​កម្ពុជា​ត្រូវការ​អ្នក​នយោបាយ​ចាស់ទុំ ដើម្បី​រួបរួម​គ្នា​កសាង​ប្រទេស​ជាតិ​ឱ្យ​រីកចម្រើន​ទៅ​មុខ ប៉ុន្តែ​បើ​កម្ពុជា​នៅតែ​បន្ត​នយោបាយ​ដែល​ដឹកនាំ​ឱ្យ​បែកបាក់​ជាតិ​ដូច​សព្វថ្ងៃ​នេះ គឺជា​ហានិភ័យ​យ៉ាង​ខ្លាំង​សម្រាប់​ប្រទេស​កម្ពុជា​ទៅ​ថ្ងៃ​អនាគត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស