36 C
Phnom Penh

ទីបំផុត ចិន​បង្ហាញ​ជម្រើស​គឺ​ការ​គាំទ្រ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ទោះជា​រង​សម្ពាធ​ពី​បស្ចិម​ប្រទេស​ក្ដី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេស​ចិន ដែល​តែងតែ​រិះគន់​សហរដ្ឋ​អាមេរិក និង​ក្រុម​បស្ចិម​ប្រទេស​ថា​ជា​អ្នក​ផ្ចុងផ្ដើម​ឱ្យ​មាន​សង្គ្រាម​នៅ​អ៊ុយក្រែន នៅ​ទីបំផុត បង្ហាញ​ជម្រើស​គឺ​ការ​គាំទ្រ​សង្គ្រាម​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន តែម្តង។

អ្វី​ដែល​ក្រុង​ប៉េកាំង ខំ​លាក់​បាំង​នៅ​ពេលនេះ បាន​ស្ដែង​ឃើញ​ហើយ​តាមរយៈ​ការ​បង្ហើប​ព័ត៌មាន​មួយ​ចេញពី​រដ្ឋាភិបាល​រុស្ស៊ី ក្រោយពី​ជំនួប​តាម​វីដេអូ Call រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី លោក Sergei Shoigu និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន ដែល​ទើប​តែងតាំង គឺ​លោក Dong Jun កាលពី​ពេល​ថ្មីៗ​នេះ។

តាម​សារព័ត៌មាន News Week រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន លោក Dong Jun បាន​ថ្លែង​ថា ចិន​សូម​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​សង្គ្រាម​រុស្ស៊ី នៅ​លើ​ទឹកដី​អ៊ុយក្រែន។ ក្នុង​កិច្ច​សន្ទនា​គ្នា​នេះ ប្រមុខ​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ បាន​លើកឡើង​អំពី​កិច្ច​សហប្រតិបត្តិការ​យោធា​ទ្វេភាគី​ដែល​ក្រុង​ប៉េកាំង ត្រូវ​ឈរ​ជាមួយ​រុស្ស៊ី ចំពោះ​សង្គ្រាម​នៅ​អ៊ុយក្រែន។

ជាមួយ​គ្នា​នេះ លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន ក៏​បាន​លើកឡើង​ពី​ការ​គាំទ្រ​របស់​ចិន ចំពោះ​វិស័យ​សេដ្ឋកិច្ច ដោយ​មិន​ចូលរួម​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ក្រុង​មូស្គូ នោះ​ទេ។

សារ​របស់​ប្រមុខ​ការពារ​ជាតិ​ចិន បាន​លើកឡើង​ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សហរដ្ឋ​អាមេរិក និង​ក្រុម​បស្ចិម​ប្រទេស ពួកគេ​បាន​ធ្វើ​ឱ្យ​រុស្ស៊ី ឯកា ដើរ​ឆ្ងាយ​ពី​ពិភពលោក ប៉ុន្តែ​ក្រុង​ប៉េកាំង មិន​ធ្វើ​ដូច្នេះ​ទេ។ ក្រុង​ប៉េកាំង គាំទ្រ​រុស្ស៊ី គឺ​គាំទ្រ​យុត្តិធម៌​ដែល​ក្រុង​មូស្គូ កំពុង​ទាមទារ។ ក្រុង​ប៉េកាំង គាំទ្រ​ក្រុង​មូស្គូ ក្នុង​ជម្លោះ​ជាមួយ​អ៊ុយក្រែន បើ​ទោះជា​ក្រុម​បស្ចិម​ប្រទេស​ដាក់​សម្ពាធ​លើ​ក្រុង​ប៉េកាំង ក៏ដោយ។ ក្រុង​ប៉េកាំង មិន​បោះបង់​ជំហរ​គាំទ្រ​ក្រុង​មូស្គូ ដាច់ខាត ទោះ​នៅ​លើ​វេទិកា​ណា​ក៏ដោយ។ ទាំង​ក្រុង​ប៉េកាំង និង​ក្រុង​មូស្គូ នៅតែ​សហការ​ជាមួយ​គ្នា​ដើម្បី​ដោះស្រាយ​វិបត្តិ​ពិភពលោក។

នៅ​ក្នុង​កាលៈទេសៈ​នេះ គេ​សង្កេត​ឃើញ​រុស្ស៊ី និង​ចិន ចោទ​សហរដ្ឋ​អាមេរិក ថា​កំពុង​ដុត​បញ្ឆេះ​ភាព​តានតឹង​កាន់តែ​ខ្លាំង​នៅ​មជ្ឈិមបូព៌ា។

អំឡុង​កិច្ចប្រជុំ​មួយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃ​ចន្ទ ទី​៥ ខែ​កុម្ភៈ តំណាង​ចិន និង​រុស្ស៊ី បាន​ចោទ​សហរដ្ឋ​អាមេរិក​ថា​ជា​អ្នក​ដុត​បញ្ឆេះ​ភាព​តានតឹង​កាន់តែ​ខ្លាំង​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា ជាមួយ​ការ​វាយប្រហារ​សងសឹក​លើ​ចលនា​ប្រដាប់​អាវុធ​គាំទ្រ​ដោយ​អ៊ីរ៉ង់ នៅ​ក្នុង​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់ កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​យប់​ថ្ងៃ​សុក្រ​សប្ដាហ៍​មក​នេះ សហរដ្ឋ​អាមេរិក​បាន​វាយប្រហារ​តាម​ផ្លូវ​អាកាស​លើ​គោលដៅ​ជាច្រើន​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់ ជា​ការ​សងសឹក​ទៅ​នឹង​ការ​វាយប្រហារ​ដោយ​យន្តហោះ​ដ្រូន​ដែល​សម្លាប់​ទាហាន​អាមេរិក ៣​នាក់​នៅ​ក្នុង​ប្រទេស​ហ្សកដានី កាលពី​ថ្ងៃទី​២៨ ខែ​មករា។

ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​នេះ​ដែល​មាន​គោលដៅ​លើ​កងកម្លាំង​អ៊ីរ៉ង់ និង​ចលនា​ប្រដាប់​អាវុធ​គាំទ្រ​ដោយ​អ៊ីរ៉ង់។ មិន​តែប៉ុណ្ណោះ សេតវិមាន កាលពី​ថ្ងៃ​អាទិត្យ ក៏​បាន​បញ្ជាក់​ដែរ​ថា សហរដ្ឋ​អាមេរិក​មាន​ផែនការ​បើក​ការ​វាយប្រហារ​សងសឹក​បន្ថែម​ទៀត។

ក្នុង​សំណុំរឿង​នេះ ឯកអគ្គរដ្ឋទូត​រុស្ស៊ី ប្រចាំ​អង្គការ​សហប្រជាជាតិ លោក Vasily Nebenzia ដែល​ប្រទេស​របស់​លោក​ជា​អ្នក​កោះ​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ បាន​លើកឡើង​ថា ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​របស់​សហរដ្ឋ​អាមេរិក គឺជា​ចេតនា​ដុត​បញ្ឆេះ​ជម្លោះ​បន្ថែម​ទៀត​នៅ​មជ្ឈិមបូព៌ា។

ចំណែក​ឯកអគ្គរដ្ឋទូត​ចិន លោក Jun Zhang ក៏​បាន​ធ្វើការ​កត់សម្គាល់​ដែរ​ថា សកម្មភាព​របស់​សហរដ្ឋ​អាមេរិក នឹង​បង្ក​ទៅ​ជា​ការ​សងសឹក​ដាក់​គ្នា​ទៅវិញ​ទៅមក​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា ដែល​កាន់តែ​រាលដាល​នូវ​អំពើ​ហិង្សា​នៅ​ក្នុង​តំបន់។

យ៉ាងណាក៏ដោយ សារ​របស់​លោក Dong Jun រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន ដែល​តំណាង​ប្រទេស​ចិន គាំទ្រ​សង្គ្រាម​របស់​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន បើ​ទោះជា​មិនមែន​ជា​រឿង​ចម្លែក​ពិត​មែន តែ​យ៉ាងហោចណាស់​បង្ហាញ​ថា ក្រុង​ប៉េកាំង លាក់​បាំង​លែង​ជិត​ទៀត​ហើយ​នូវ​អត្តចរិត​របស់​ខ្លួន​ក្នុង​ការ​ប្រកាស​ថា ជា​មហាអំណាច​មួយ​ជួយ​ស្ដារ​សន្តិភាព​ពិភពលោក បែរ​ជា​មិន​ប្រឆាំង​អ្នក​បង្ក​សង្គ្រាម ហើយ​រឹតតែ​គាំទ្រ​សង្គ្រាម​នេះ​ទៅវិញ។

ដូច្នេះ​ហើយ​បាន​ជា​ចិន នៅ​គ្រប់​វេទិកា​អន្តរជាតិ​ទាំងអស់ តែងតែ​បង្ហាញ​ចរិត​មិន​ច្បាស់លាស់ គឺ​ពេល​ខ្លះ​ប្រកាន់​ជំហរ​ថា​ខ្លួន​ជា​អ្នក​អព្យាក្រឹត្យ ពេល​ខ្លះ​ក៏​បង្ហាញ​ជំហរ​បែប​លម្អៀង​បន្តិច​ទៅ​រក​រុស្ស៊ី ដែរ ដូចជា​នៅ​ឯ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ចិន​ព្យាយាម​លាក់បាំង​ចរិត​របស់​ខ្លួន ដោយ​បោះឆ្នោត​ជំទាស់​នៅ​ពេល​ដែល​ប្រទេស​ភាគច្រើន​បំផុត​ថ្កោលទោស​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន។

នៅ​ពេល​មហាសន្និបាត​បោះឆ្នោត​ទាមទារ​រុស្ស៊ី ដក​ទ័ព​ចេញពី​អ៊ុយក្រែន ក្រុង​ប៉េកាំង ក៏​បោះឆ្នោត​អនុប្បវាទ​ដែរ។ ចំណែក​ឯ​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ តំណាង​របស់​ចិន​តែងតែ​ពោល​ពាក្យ​ទាមទារ​ឲ្យ​ពួក​បស្ចិម​ប្រទេស​សម្រេច​អ្វី​មួយ​ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់​អន្តរជាតិ​ជា​ធំ ដូចជា​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​រុស្ស៊ី ហើយ​ទីបំផុត ក្រុង​ប៉េកាំង បោះឆ្នោត​ជំទាស់ ដែល​មិន​បាន​ធ្វើ​ឱ្យ​មាន​ដំណោះស្រាយ​ជា​ផ្លូវការ​របស់​ស្ថាប័ន​មួយ​នេះ​ប្រឆាំង​នឹង​រុស្ស៊ី នោះ​ទេ។

មក​ដល់​ពេលនេះ ក្រុង​ប៉េកាំង នៅតែ​មាន​ទំនាក់ទំនង​គ្រប់​ជ្រុងជ្រោយ​ទាំងអស់ ទាំង​វិស័យ​យោធា វិស័យ​ពាណិជ្ជកម្ម និង​ការទូត​ជាមួយ​នឹង​រុស្ស៊ី។ នៅ​ពេល​ដែល​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC ចេញ​ដីកា​ចាប់​ខ្លួន​លោក ពូទីន ទីក្រុង​ប៉េកាំង​បង្ហាញ​ការ​ខកចិត្ត​ដែល​ថា​ដើម្បី​ឲ្យ​មាន​ដំណោះស្រាយ​សង្គ្រាម​នៅ​អ៊ុយក្រែន គឺ​មិន​ត្រូវ​មាន​យុត្តាធិការ​ផ្លូវ​ច្បាប់​ទៅ​លើ​មេដឹកនាំ​ដែល​មាន​បុព្វសិទ្ធិ​នោះ​ទេ។

ការ​ដែល​តំណាង​របស់​ចិន ថ្លែង​គាំទ្រ​សង្គ្រាម​របស់​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន ដូច​នេះ វា​មិន​ខុស​អី​ដែល​សហរដ្ឋ​អាមេរិក តែងតែ​បារម្ភ​ថា ចិន​ទៅ​ថ្ងៃ​មុខ​ច្បាស់​ជា​នឹង​បញ្ជូន​អាវុធ​ទៅ​ឲ្យ​រុស្ស៊ី ក្នុង​ការ​ធ្វើ​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស