38.8 C
Phnom Penh

អតីត​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​រង​ការ​បាញ់​ប្រហារ​ដែល​នាំ​ឱ្យ​មាន​ការ​រំឭក​ពី​ការ​បាញ់​សម្លាប់​អ្នកស្រី Benazir Bhutto

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឃាតកម្ម​នយោបាយ និង​គំនុំ​នយោបាយ​នៅ​ប្រទេស​ប៉ាគីស្ថាន ទៅ​លើ​មេដឹកនាំ​កំពូលៗ គឺជា​រឿង​ផុយ​ស្រួយ​បំផុត។ ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ បាន​ដើរ​ឆ្លងកាត់​រដ្ឋប្រហារ និង​ការ​កាត់ទោស​មេដឹកនាំ​កំពូល​ក៏​ជា​រឿង​ងាយ​បំផុត។

តុលាការ​កំពូល​របស់​ប្រទេស​នេះ​ហ៊ាន​ជល់​ជាមួយ​ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី ឲ្យ​តែ​ស្រាវជ្រាវ​រក​ឃើញ​កំហុស​រំលោភ​រដ្ឋធម្មនុញ្ញ និង​ករណី​ពុករលួយ ក្បត់​ជាតិ ដែល​កន្លងមក​មេដឹកនាំ​នយោបាយ​កំពុង​កាន់​អំណាច​ជាច្រើន​នាក់​ហើយ​ត្រូវ​បាន​តុលាការ​របស់​ប្រទេស​នេះ​កាត់ទោស ហើយ​រុញ​ឲ្យ​ធ្លាក់​ពី​អំណាច​តែម្ដង។

ជាក់ស្ដែង នាយករដ្ឋមន្ត្រី Imran Khan បាន​ខ្ទាត​ចេញពី​អំណាច​កាលពី​ខែ​មេសា ឆ្នាំ​២០២២ ដោយ​ញត្តិ​ស្ដីបន្ទោស​លោក​ធ្លាក់​ចូល​រដ្ឋសភា គឺ​មួយ​ថ្ងៃ​បន្ទាប់ពី​តុលាការ​កំពូល​ចេញ​ដីកា​បង្គាប់​ឲ្យ​សភា​បោះឆ្នោត​សម្ដែង​សេចក្ដី​ទុកចិត្ត​លោក​ជា​ថ្មី​មាន​ឋានៈ​នាយករដ្ឋមន្ត្រី។

នៅ​ពេល​នោះ សភា​ក្រុម​ប្រឆាំង​ប្រមូល​កម្លាំង​គ្នា​ក៏​រុញ​លោក​ធ្លាក់​ពី​អំណាច​តែម្ដង ដោយសារ​គេ​បន្ទោស​លោក​ថា​ដឹកនាំ​ប្រទេស​កើន​បំណុល​គរ​ដូច​ភ្នំ ហើយ​ភាគច្រើន​ជាប់​បំណុល​របស់​ចិន។ លើស​ពី​នេះ​ទៅ​ទៀត​នោះ លោក​ត្រូវ​បាន​ចោទ​ថា​មាន​និន្នាការ​ជ្រុលនិយម​ទៅ​រក​ប្រទេស​ចិន ដែល​គេ​ចោទ​ថា​លោក​មាន​ផែនការ​ជួល​ដី​ឲ្យ​ចិន​ស្ថាបនា​មូលដ្ឋាន​ទ័ព​ចិន​នៅ​លើ​ទឹកដី​ប៉ាគីស្ថាន ហើយ​មួយ​ទៀត គឺ​សំណុំរឿង​ពុករលួយ។

សំណុំរឿង​ទាំងនេះ​ហើយ​បាន​រុញ​ឱ្យ​តុលាការ​កំពូល​របស់​ប្រទេស​នេះ​បង្គាប់​ឱ្យ​ពិនិត្យ​ឡើងវិញ​នូវ​គោលជំហរ​នយោបាយ​របស់​លោក Imran Khan។ ក្រោយពី​ធ្លាក់​ពី​អំណាច​ភ្លាម លោក Imran Khan បាន​ប្រកាស​ធ្វើ​សកម្មភាព​នយោបាយ​សងសឹក ទោះ​ជា​គណៈកម្មការ​បោះឆ្នោត​ប៉ាគីស្ថាន​បាន​សម្រេច​ហាម​មិន​ឲ្យ​លោក​ឈរ​ឈ្មោះ​បោះឆ្នោត​រយៈពេល ៥​ឆ្នាំ​ក៏ដោយ។

ការ​សម្រេច​របស់​គណៈកម្មការ​បោះឆ្នោត បាន​រុញ​ឲ្យ​អ្នកគាំទ្រ​លោក Imran Khan ផ្ទុះ​កំហឹង​ដោយ​សងសឹក​វាយ​បំផ្លាញ​រថយន្ត​នៅ​ខាង​ក្រៅ​ការិយាល័យ​របស់​គណៈកម្មការ​បោះឆ្នោត។ នៅ​ពេល​នោះ ប៉ូលិស​ប៉ាគីស្ថាន​បាន​ចាប់​ឃាត់​ខ្លួន​មនុស្ស​ជាច្រើន​នាក់។

លោក Imran Khan បាន​ផ្តើម​ធ្វើ​សកម្មភាព​នយោបាយ​ឡើងវិញ​ដោយ​ដឹកនាំ​ក្បួន​តវ៉ា​ពេញ​ផ្ទៃ​ប្រទេស តាំងពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ហើយ​ក្បួន​នេះ​សំដៅ​ទៅ​ទីក្រុង​អ៊ីស្លាម៉ាបាត ដើម្បី​ដាក់​សម្ពាធ​ឱ្យ​រដ្ឋាភិបាល​ចម្រុះ​រៀបចំ​ការ​បោះឆ្នោត​មុន​អាណត្តិ ប៉ុន្តែ​នៅ​ពេល​ជួបជុំ​នៅ​ក្រុង Gujranwala ភាគ​ខាងកើត​ប្រទេស ស្រាប់​តែ​មាន​ហេតុការណ៍​បាញ់​កាំភ្លើង​ក្នុង​ហ្វូង​បាតុករ​ដែល​បាន​ធ្វើ​ឱ្យ​លោក Imran Khan រង​របួស​ជាច្រើន​គ្រាប់​នៅ​ត្រង់​ជើង។

បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ដែល​ស្រង់​សម្ដី​លោក Asad Umar ជា​ជំនួយការ​របស់​លោក Khan បាន​និយាយ​ថា បុរស​ម្នាក់​បាន​បើក​ការ​បាញ់​ប្រហារ​ដោយ​អាវុធ​ស្វ័យប្រវត្តិ បណ្ដាល​ឲ្យ​មនុស្ស​ជាច្រើន​នាក់​បាន​រង​របួស។ លោក Imran Khan ក៏​រង​របួស​ផង​ដែរ ហើយ​ភ្លាមៗ​នោះ លោក Khan ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ។

លោក Imran Khan វ័យ ៧០​ឆ្នាំ​ជា​អតីត​កីឡាករ​គ្រីឃីត​ដ៏​ល្បី​រូប​នេះ លោក​បាន​ចោទ​នាយករដ្ឋមន្ត្រី​ដែល​យក​តំណែង​ពី​លោក គឺ Shehbaz Sharif ថា​ជា​អ្នក​នៅ​ពីក្រោយ​ការ​វាយប្រហារ​នេះ។ យ៉ាងណាក៏ដោយ លោក Shehbaz Sharif បាន​ថ្កោលទោស​ការ​បាញ់​ប្រហារ​នេះ ហើយ​បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បើក​ការ​ស៊ើបអង្កេត​ជាបន្ទាន់។

លោក Imran Khan បាន​ជាប់​ឆ្នោត​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន នៅ​ឆ្នាំ​២០១៨ ក្រោយពី​បក្ស​របស់​លោក​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​បោះឆ្នោត​សភា។

ការ​ប៉ុនប៉ង​ធ្វើ​ឃាត​អតីត​នាយករដ្ឋមន្ត្រី Imran Khan នាំ​ឲ្យ​មាន​ការ​គិត​ទៅ​រក​ការ​ធ្វើ​ឃាត​អ្នកស្រី Benazir Bhutto កាលពី​ចុង​ឆ្នាំ​២០០៧។ ការ​ធ្វើ​ឃាត​នេះ កើតឡើង​នៅ​ពេល​ស្ត្រី​អ្នក​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព​រូប​នេះ​កំពុង​ឃោសនា​រក​សំឡេងឆ្នោត។ នាយករដ្ឋមន្ត្រី​ភេទ​ស្រី​ដំបូង​គេ​របស់​ប៉ាគីស្ថាន​រូប​នេះ ត្រូវ​គេ​ធ្វើ​ឃាត​នៅ​ក្នុង​ស្ថានភាព​ជា​ភេរវកម្ម​មួយ។

អ្នកស្រី Bhutto គឺជា​ស្ត្រី​ទី​មួយ​ដែល​បាន​ជាប់​ឆ្នោត​ជា​អ្នក​ដឹកនាំ​ប្រទេស​ក្នុង​ពិភព​អីស្លាម ហើយ​បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​ចំនួន​ពីរ​លើក គឺ​រវាង​ឆ្នាំ​១៩៨៨-១៩៩០ និង​ឆ្នាំ​១៩៩៣-១៩៩៦។ អ្នកស្រី Bhutto បាន​ស្បថ​ចូល​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​ជា​លើកដំបូង​នៅ​ឆ្នាំ​១៩៨៨ នៅ​អាយុ ៣៥​ឆ្នាំ ប៉ុន្តែ​អ្នកស្រី​ត្រូវ​បាន​បណ្ដេញ​ចេញពី​តំណែង​ក្នុង​រយៈពេល ២០​ខែ​ក្រោយ​មក ដោយសារ​លោក​ប្រធានាធិបតី Ghulam Ishaq Khan បាន​ចោទ​អ្នកស្រី​ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ។

នៅ​ឆ្នាំ​១៩៩៣ អ្នកស្រី​បាន​ជាប់​ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​សាជាថ្មី ប៉ុន្តែ​អ្នកស្រី​ត្រូវ​បាន​បណ្ដេញ​ពី​តំណែង​ម្ដង​ទៀត ដោយ​រង​បទ​ចោទប្រកាន់​ដូច​មុន​ដោយ​ប្រធានាធិបតី Farooq Leghai។

អ្នកស្រី​បាន​ធ្វើការ​និរទេស​ដោយ​ខ្លួនឯង​ទៅ​ទីក្រុង Dubai នៅ​ឆ្នាំ​១៩៩៨។ អ្នកស្រី Benazir Bhutto បាន​ធ្វើ​មាតុភូមិ​និវត្តន៍​មក​កាន់​មាតុប្រទេស​វិញ​នៅ​ថ្ងៃទី​១៨ ខែ​តុលា ឆ្នាំ​២០០៧ ក្រោយពី​មាន​ការ​យល់ព្រម​ពី​លោក​ប្រធានាធិបតី Pervez Musharraf។ ពេល​នោះ អ្នកស្រី​បាន​ទាមទារ​ឱ្យ​មាន​ការ​លើកលែង​ទោស និង​ដក​ចេញ​នូវ​រាល់​បទ​ចោទប្រកាន់​ទាំងឡាយ​ដែល​ប្រឆាំង​នឹង​អ្នកស្រី។

អ្នកស្រី​ត្រូវ​បាន​គេ​ធ្វើ​ឃាត​នៅ​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០០៧ ក្រោយពី​ការ​ចាកចេញ​ពី​កិច្ចប្រជុំ​ដ៏​ធំ​របស់​គណបក្ស​ប្រជាជន​ប៉ាគីស្ថាន ដែល​អ្នកស្រី​ជា​ប្រធាន​បក្ស​នេះ។ អ្នកស្រី​បាន​ស្លាប់​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​ស្វែងរក​បោះឆ្នោត​នៅ​ទីក្រុង Rawalpindi តែ​ពីរ​សប្ដាហ៍​ប៉ុណ្ណោះ​មុន​ការ​បោះឆ្នោត​សភា ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃទី​០៨ ខែ​មករា ឆ្នាំ​២០០៨ ហើយ​អ្នកស្រី​ផ្ទាល់​គឺជា​បេក្ខជន​នាយករដ្ឋមន្ត្រី​នៃ​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាងគេ​នេះ។ ទីបំផុត បក្ស​របស់​អ្នកស្រី​បាន​ឈ្នះ​ឆ្នោត ហើយ​អនុប្រធាន​បក្ស​របស់​អ្នកស្រី គឺ​លោក Yousaf Raza Gillani បាន​ឡើង​កាន់​តំណែង​នាយករដ្ឋមន្ត្រី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស