40.8 C
Phnom Penh

ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ជនជាតិ​វៀតណាម​ម្នាក់​តាម​សំណើ​លោក ហ៊ុន ម៉ាណែត ជា​លើកដំបូង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរមនាថ សីហមុនី ត្រាស់​បង្គាប់​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ជនជាតិ​វៀតណាម ឈ្មោះ ហា វ៉ាន់ហៀវ (Ha Van Hieu) ដែល​ជា​ជនជាតិ​វៀតណាម​ដំបូង​គេ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​តាម​ការ​ស្នើសុំ​ពី​នាយករដ្ឋមន្ត្រី​ថ្មី​លោក ហ៊ុន ម៉ាណែត ក្រោយពី​ឡើង​កាន់​តំណែង​បាន​ជាង ១​ខែ (៤៤​ថ្ងៃ)។

ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​កាលពី​ថ្ងៃទី​៤ ខែ​តុលា ឆ្នាំ​២០២៣ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៣ កុម្ភៈ នេះ សម្រេច​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ជនជាតិ​វៀតណាម ឈ្មោះ ហា វ៉ាន់ហៀវ (Ha Van Hieu) តាម​សំណើ​ទូល​ថ្វាយ​ពី​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប៉ុន្តែ​ជនជាតិ​វៀតណាម​រូប​នេះ​មិន​បាន​ប្តូរ​ឈ្មោះ​មក​ជា​លំនាំ​ខ្មែរ​ដូច​ជនជាតិ​វៀតណាម ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ​មុនៗ​នោះ​ទេ។

ព្រះរាជ្យក្រឹត្យ​ខាងលើ​បញ្ជាក់​ថា ការ​ផ្តល់​សញ្ជាតិ​ខ្មែរ​ឱ្យ​ជនជាតិ​វៀតណាម​រូប​នេះ គឺ​ធ្វើ​ឡើង​តាមរយៈ​អាពាហ៍ពិពាហ៍​រវាង​ឈ្មោះ ហា វ៉ាន់ហៀវ នេះ​ដែល​មាន​ដើមកំណើត​ជា​ជនជាតិ​គីញ សញ្ជាតិ​វៀតណាម កើត​នៅ​ទីក្រុង​ហាណូយ សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ឆ្នាំ​១៩៨២ និង​ជនជាតិ​ខ្មែរ។

ការ​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ជនជាតិ​វៀតណាម ពី​សំណាក់​លោក ហ៊ុន ម៉ាណែត នេះ ធ្វើ​ឡើង​ដូច​គ្នា​ទៅ​នឹង​លោក ហ៊ុន សែន ដែល​តែងតែ​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ជនជាតិ​វៀតណាម ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​នា​ពេល​កន្លង​មក​នោះ​ដែរ។

ច្បាប់​ស្ដីពី​សញ្ជាតិ​ឆ្នាំ​១៩៩៦ ចែង​ថា ការ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​អាច​កើត​ឡើង​បាន​នៅ​ក្នុង​ករណី​ដែល​បុគ្គល​ណា​ម្នាក់​ទទួល​សញ្ជាតិ​ខ្មែរ​ពី​កំណើត ឬ​តាមរយៈ​អាពាហ៍ពិពាហ៍ និង​ការ​សុំ​ចូល​សញ្ជាតិ​ដែល​ហៅ​ថា សញ្ជាតូបនីយកម្ម ជាដើម។

ទោះជា​យ៉ាងណា​ក៏ដោយ ច្បាប់​ស្ដីពី​សញ្ជាតិ​នេះ​ត្រូវ​បាន​ព្រះមហាក្សត្រ នរោត្តម សីហមុនី ឡាយ​ព្រះហស្តលេខា​ឱ្យ​ប្រើប្រាស់​ជា​ថ្មី​កាលពី​ថ្ងៃទី​២១ ខែ​មិថុនា ឆ្នាំ​២០១៨ បន្ទាប់ពី​រាជរដ្ឋាភិបាល​បាន​ផ្ដួចផ្ដើម​កែប្រែ​នូវ​ខ្លឹមសារ​មួយ​ចំនួន ក្នុង​នោះ ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​ស្ដីពី​សញ្ជាតិ​ថ្មី​នេះ​បាន​ប្រគល់​សិទ្ធិ​ទាំងស្រុង​ទៅ​ឲ្យ​នាយករដ្ឋមន្ត្រី​ជា​អ្នក​កំណត់​ក្នុង​អនុក្រឹត្យ ប្រសិនបើ​ជនបរទេស​ទាំងឡាយ​ណា​ដែល​ចង់​ទិញ​សញ្ជាតិ​ខ្មែរ​ក្រៅពី​រៀប​អាពាហ៍ពិពាហ៍​នោះ។

លោក ហ៊ុន ម៉ាណែត ចាប់ផ្តើម​ផ្តល់​សញ្ជាតិ​ខ្មែរ​លើកដំបូង​ឱ្យ​ជនជាតិ​វៀតណាម តាម​គន្លង​លោក ហ៊ុន សែន ដែល​ជា​ឪពុក ក្រោយ​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ត្រឹមតែ​រយៈពេល ៤៤​ថ្ងៃ ឬ ១​ខែ ១៤​ថ្ងៃ​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៣ ក្រោយ​ពេល​ដែល​លោក​ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា មេដឹកនាំ​វៀតណាម​ជាច្រើន ដូចជា​នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម ម៉ិញជីញ លោក ង្វៀន ហ្វូជុង អគ្គលេខាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម លោក វ៉ វ៉ាន់ធឿង ប្រធាន​រដ្ឋ​វៀតណាម និង​លោក វឿង ឌិញហ្វេ ប្រធាន​សភា​ប្រជាជន​វៀតណាម បាន​ស្នើ​ឱ្យ​លោក ហ៊ុន ម៉ាណែត ជួយ​អនុវត្ត​នូវ​សំណើ​នានា​ពី​រដ្ឋាភិបាល​វៀតណាម​គ្រប់​បែប​យ៉ាង ដូចជា ការ​ផ្តល់​សញ្ជាតិ​ដល់​ជនជាតិ​វៀតណាម​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​ខ្មែរ​ដោយ​ខុស​ច្បាប់ ឱ្យ​មក​ជា​រស់នៅ​ដោយ​ស្រប​ច្បាប់ និង​ឱ្យ​ជួយ​ពន្លឿន​ការ​ធ្វើ​ឱ្យ​ស្រប​ច្បាប់​នូវ​ឯកសារ​នានា​ដែល​លោក ហ៊ុន សែន ធ្លាប់​បាន​យល់ព្រម​ជាមួយ​រដ្ឋាភិបាល​វៀតណាម ខណៈ​សំណើ​ទាំងនោះ លោក ហ៊ុន ម៉ាណែត មិន​បដិសេធ​ឡើយ។

ជុំវិញ​ការ​ស្នើសុំ​ផ្តល់​សញ្ជាតិ​ខ្មែរ​ឱ្យ​ជនបរទេស​នេះ កាលពី​ដើម​ឆ្នាំ​២០២៣ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ក៏​បាន​ស្នើ​ព្រះមហាក្សត្រ​ខ្មែរ​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ជនជាតិ​វៀតណាម ជាច្រើន​នាក់​ដែរ តាម​ច្បាប់​សញ្ជាតូបនីយកម្ម។ លើស​ពី​នេះ ជនជាតិ​វៀតណាម​ទាំងនោះ​បាន​នាំគ្នា​ប្តូរ​ឈ្មោះ​តាម​លំនាំ​ខ្មែរ​គ្រប់ៗ​គ្នា ដូចជា ឈ្មោះ ណុង វ៉ាន់គីម ប្តូរ​មក​ជា រិទ្ធិ សម្បត្តិ ឈ្មោះ ង្វៀន វ៉ានទីវ ប្តូរ​ឈ្មោះ​មក​ជា ហួរ សុធី ឈ្មោះ ហ្វាម ធានហ្វុក ប្តូរ​ឈ្មោះ​មក​ជា ធេង ឧត្តម និង​ឈ្មោះ ង្វៀន ឈីវធីញហ៊ុង ប្តូរ​ឈ្មោះ​មក​ជា មាន បញ្ញា ជាដើម និង​មាន​ជនជាតិ​វៀតណាម​ជាច្រើន​ទៀត។ ដទៃ​ពី​ផ្តល់​សញ្ជាតិ ព្រះអង្គ​ក៏​បាន​ប្រទាន​ងារ​ឥស្សរិយយស​ដល់​នាយ​ទាហាន​យៀកណាម​ជាច្រើន​នាក់​ផង​ដែរ។

មជ្ឈដ្ឋាន​ពលរដ្ឋ​ខ្មែរ​សួរ​ថា តើ​ការ​ផ្តល់​ប្រទាន​សញ្ជាតិ​ខ្មែរ​ឲ្យ​ជនជាតិ​យៀកណាម ទោះ​ជា​ដូរ ឬ​មិន​ដូរ​ឈ្មោះ​ក្តី រដ្ឋអំណាច​មាន​សមត្ថកិច្ច បាន​ស្រាវជ្រាវ​ល្អិតល្អន់​អំពី​ជីវប្រវត្តិ​មនុស្ស​ម្នាក់ៗ​មុន​ចូល​សញ្ជាតិ​ដូច​នៅ​ប្រទេស​គោរព​ច្បាប់​ដែរ ឬ​ក៏​អត់​នោះ​ទេ។

កាលពី​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​១៩៨៦ មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​សារាចរ​ណែនាំ​ស្ដីពី​ការ​អនុវត្ត​គោលនយោបាយ​ចំពោះ​អាណិកជន/និគមជន​វៀតណាម​នៅ​ប្រទេស​កម្ពុជា ដែល​តម្រូវ​ឲ្យ​រដ្ឋអំណាច​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ផ្តល់​ដីធ្លី ទីជម្រក ផ្តល់​អត្តសញ្ញាណប័ណ្ណ ថែរក្សា និង​ផ្គត់ផ្គង់​ជីវភាព​ឲ្យ​បាន​ត្រឹមត្រូវ។

សារាចរ​នេះ​នៅតែ​មាន​សុពលភាព​រហូត​ដល់​សព្វថ្ងៃ​នេះ ហើយ​ប្រទេស​កម្ពុជា​ក៏​កំពុងតែ​អនុវត្ត​នូវ​ការ​ផ្តល់​សិទ្ធិ​រស់នៅ​ដល់​ជនអន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់​លើ​ទឹកដី​របស់​ខ្លួន​ជា​បន្តបន្ទាប់​ផង​ដែរ​នៅ​ពេលនេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០២៣ ប្រធាន​រដ្ឋសភា​ប្រទេស​កម្ពុជា អ្នកស្រី ឃួន សុដារី បាន​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​មេដឹកនាំ​វៀតណាម ក្រោយ​អ្នកស្រី​ឡើង​កាន់​តំណែង​ជា​ប្រធាន​រដ្ឋសភា​សម្រាប់​អាណត្តិ​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ក្នុង​នោះ អ្នកស្រី ឃួន សុដារី បាន​សន្យា​ជាមួយ​ប្រធាន​រដ្ឋសភា​វៀតណាម លោក វឿង ឌិញហ្វេ (VUONG Dinh Hue) ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ជួយ​សម្រួល​ឯកសារ​ផ្លូវ​ច្បាប់​ដល់​ពលរដ្ឋ​វៀតណាម ដែល​កំពុង​រស់នៅ​ដោយ​ខុស​ច្បាប់​ក្នុង​ទឹកដី​កម្ពុជា​បន្ត​ទៀត ខណៈ​ពលរដ្ឋ​វៀតណាម​ប្រមាណ​ជាង ១​សែន​នាក់ បាន​ទទួល​បណ្ណ​ស្នាក់​អចិន្ត្រៃយ៍ ឬ​កាត​លឿង​ទៅ​ហើយ​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស