36 C
Phnom Penh

រដ្ឋសភា​ដំឡើង​ឋានៈ​ប្អូន​បង្កើត​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជា​ឧបនាយករដ្ឋមន្ត្រី​ត​ត្រកូល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋសភា​នឹង​បើក​សម័យ​ប្រជុំ​វិសាមញ្ញ​លើក​ទី​១ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ខាងមុខ​នេះ ដើម្បី​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​ការ​តែងតាំង​លោក ហ៊ុន ម៉ានី ប្អូនប្រុស​ពៅ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជា​ឧបនាយករដ្ឋមន្ត្រី បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត បាន​ស្នើសុំ​តែងតាំង។

យោង​តាម​ខ្លឹមសារ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោកស្រី ឃួន សុដារី ប្រធាន​រដ្ឋសភា បន្ទាប់ពី​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ លទ្ធផល​ចេញពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា បាន​អនុម័ត​កោះ​ប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ​នីតិកាល​ទី​៧ ចំនួន​ពីរ​លើក​នា​ពេល​ខាងមុខ​នេះ តាម​សំណើ​ពី​រាជរដ្ឋាភិបាល។

តាម​សេចក្តី​សម្រេច​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា សម័យ​ប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ​នីតិកាល​ទី​៧ នា​ព្រឹក​ថ្ងៃទី​២១ ខែ​កុម្ភៈ ខាងមុខ​នេះ មាន​របៀបវារៈ​តែ​មួយ គឺ​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​ការ​តែងតាំង​បំពេញ​បន្ថែម​សមាសភាព​រាជរដ្ឋាភិបាល​ចំនួន ៣​រូប​រួម​មាន៖

  1. លោក ហ៊ុន ម៉ានី ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ
  2. លោក ស្រ៊ី ថាមរុង្គ ជា​ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស
  3. លោក ប៉ែន វិបុល ជា​ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស។

លោក ហ៊ុន ម៉ានី នឹង​ក្លាយ​ជា​រដ្ឋមន្ត្រី​ទី​១១ ដែល​មាន​ឋានៈ​ជា​ឧបនាយករដ្ឋមន្ត្រី​ក្នុង​រដ្ឋាភិបាល​អាណត្តិ​ទី​៧ ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត។ ឧបនាយករដ្ឋមន្ត្រី ១០​រូប​នា​ពេល​បច្ចុប្បន្ន​មាន៖

  1. លោក នេត សាវឿន ត្រូវ​ជា​បងប្អូន​ថ្លៃ​ជីដូន​មួយ
  2. លោក អូន ព័ន្ធមុនីរ័ត្ន
  3. លោក សុខ ចិន្តាសោភា
  4. លោក វង្សី វិសុទ្ធ
  5. លោក កើត រិទ្ធ
  6. លោក សាយ សំអាល់
  7. លោក ទៀ សីហា
  8. លោក ស សុខា
  9. លោក ហង់ ជួនណារ៉ុន
  10. លោក ស៊ុន ចាន់ថុល។

លោក ហ៊ុន ម៉ានី ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ ដើម្បី​បន្ត​តំណែង​ពី​លោក ព្រុំ សុខា ដែល​ត្រូវ​បាន​តែងតាំង​ជា​ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស។ លោក ហ៊ុន ម៉ានី កើត​នៅ​ថ្ងៃទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​១៩៨២។ លោក​ជា​កូនប្រុស​ពៅ​របស់​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន។ មុន​ទទួល​បាន​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ លោក ហ៊ុន ម៉ានី ជា​សមាជិក​រដ្ឋសភា​ដោះដូរ​ចាប់តាំងពី​ឆ្នាំ​២០១៣ មក និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ផង​ដែរ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា មន្ត្រី​ជាន់ខ្ពស់ ១០​រូប​ដែល​លោក ហ៊ុន ម៉ាណែត តែងតាំង​ឱ្យ​ធ្វើ​ជា​ឧបនាយករដ្ឋមន្ត្រី​ក្រោម​លោក​នោះ គឺ​សុទ្ធតែ​ជា​មន្ត្រី​ដែល​ធ្លាប់​បម្រើ​ការងារ​ក្នុង​ប្រព័ន្ធ​នយោបាយ «ឯង​ជួយ​អញ អញ​ជួយ​ឯង» ពី​ឪពុក​លោក ដែល​អង់គ្លេស​ហៅថា political mutualism, clientelism និង patronage។

ប្រភព​ដដែល​បាន​លើកឡើង​ថា ឧបនាយករដ្ឋមន្ត្រី ៧​នាក់​ក្នុង​ចំណោម​ឧបនាយករដ្ឋមន្ត្រី​ទាំង ១០​នាក់ សុទ្ធតែ​មាន​ចំណង​សម្ព័ន្ធភាព​ជាមួយ​គ្នា​ទៅវិញ​ទៅមក និង​ជាមួយ​លោក ហ៊ុន ម៉ាណែត តាមរយៈ​ចំណង​ជំនួញ​អាជីវកម្ម​ក្តី ចំណង​អាពាហ៍ពិពាហ៍​ក្តី ឬ​ចំណង​សាច់ឈាម​នឹង​គ្នា​ក្តី។

អ្នកវិភាគ​ថា អំណាច​និង​ញាតិ​សន្តាន​ដ៏​ជិតដិត​ហ៊ុមព័ទ្ធ​ចាក់ស្រេះ​បែប​នេះ ដែល​ភាសា​អង់គ្លេស​ហៅថា nepotism និង cronyism គឺជា​ប្រផ្នូល​អាក្រក់​សម្រាប់​ពលរដ្ឋ​ខ្មែរ ដែល​នឹង​ដូច​ពាក្យ​គេ​ថា សែស្រឡាយ​លួច​ជាតិ ហៅថា kleptocrats។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ប្រទេស​កម្ពុជា​នៅ​ពេលនេះ​ប្រៀប​ដូចជា​ក្រុមហ៊ុន​ឯកជន​មួយ​របស់​គ្រួសារ​អ្នក​មាន​អំណាច​អ៊ីចឹង ព្រោះ​ពួកគេ​បាន​ដោះដូរ និង​តែងតាំង​កូនៗ​របស់​ពួកគេ​ឱ្យ​ជំនួស​តំណែង​ខ្លួន​តាម​អំពើ​ចិត្ត ខណៈ​ធនធាន​មនុស្ស​ដែល​មាន​សមត្ថភាព​ជាច្រើន មិន​មាន​ឱកាស​ចូល​ទៅ​ដឹកនាំ​បម្រើ​ជាតិ​ឡើយ។

ក្រោយពី​លោក ហ៊ុន ម៉ាណែត ប្រកាស​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​បន្ត​ពី​លោក ហ៊ុន សែន ដែល​ជា​ឪពុក កូនៗ​នៃ​មន្ត្រី​រដ្ឋាភិបាល​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ជាច្រើន​ទៀត ក៏​ត្រូវ​ប្រកាស​តែងតាំង​ឱ្យ​បន្ត​តំណែង​ពី​ឪពុក​ជា​បន្តបន្ទាប់​ដែរ ដូចជា លោក ស សុខា កាន់​តំណែង​ជំនួស​លោក ស ខេង លោក ទៀ សីហា ជំនួស​តំណែង​លោក ទៀ បាញ់ និង​អ្នកស្រី ជា សិរី ជំនួស​តំណែង​លោក ជា ចាន់តូ កាន់​តំណែង​ជា​អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា ជាដើម។

ក្រៅពី​ការ​រៀបចំ​តែងតាំង​ឱ្យ​ជំនួស​តំណែង​ឪពុក កូនៗ​មន្ត្រី​ជាន់ខ្ពស់​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​តែងតាំង​ឱ្យ​កាន់​តំណែង​តាម​ក្រសួង​ស្ថាប័ន​នានា​ដែរ ស្រប​ពេល​ដែល​ឪពុក​របស់​ពួកគេ​ក៏​កំពុង​កាន់​មុខនាទី​សំខាន់ៗ​តាម​ក្រសួង​ស្ថាប័ន​ដែរ​នោះ ដូចជា លោក ឌិត ទីណា កូនប្រុស​អតីត​ប្រធាន​តុលាការ​កំពូល​លោក ឌិត មុន្ទី កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក សាយ សំអាល់ កូនប្រុស​របស់​លោក សាយ ឈុំ កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​កូនប្រសា​ប្រុស​លោក ជា សុផារ៉ា គឺ​លោក អ៊ាង សុផល្លែត កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ជាដើម ហើយ​កូនៗ​មន្ត្រី​រដ្ឋាភិបាល​ទាំងនេះ​គឺ​សុទ្ធសឹងតែ​ជា​សាច់ញាតិ​ប្រទាក់ក្រឡា​គ្នា​ពី​ពួកគេ​ទាំងអស់។

ទាក់ទិន​នឹង​បញ្ហា​នេះ សមាគម​អ្នក​សារព័ត៌មាន​កម្ពុជា ខេមបូចា បាន​លាតត្រដាង​ក្នុង​សេចក្តី​រាយការណ៍​ស៊ើបអង្កេត​មួយ​កាលពី​ពេល​កន្លង​ទៅ​ថា ពួកគេ​បាន​រក​ឃើញ​សែស្រឡាយ​បក្ខពួក​របស់​លោក ហ៊ុន សែន ជាច្រើន​នាក់​តាមរយៈ​បញ្ជី​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​រហូត​ដល់​ទៅ​ជិត ១​ភាគ​៤ ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​សម្រាប់​ការ​បោះឆ្នោត​កាលពី​ខែ​កក្កដា ឆ្នាំ​២០២៣ កន្លង​ទៅ​នោះ។

សេចក្តី​រាយការណ៍​នោះ​បង្ហាញ​ថា តាមរយៈ​បញ្ជី​ឈ្មោះ​ផ្លូវការ​នៃ​បេក្ខជន​តំណាងរាស្ត្រ​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ គណបក្ស​ប្រជាជន​កម្ពុជា​បាន​រៀបចំ​សាច់ញាតិ​របស់​ខ្លួន​ឱ្យ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​យ៉ាង​ប្រទាក់ក្រឡា​ចាក់ស្រេះ​គ្នា ដើម្បី​ចូល​ទៅ​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​ដែល​នឹង​ចាត់ចែង​ដោយ​លោក ហ៊ុន ម៉ាណែត ខណៈ​មន្ត្រី​តាម​ស្ថាប័ន​ជាន់ខ្ពស់​នានា ត្រូវ​គេ​ឃើញ​ថា​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អ្នកស្រី ប៊ុន រ៉ានី និង​លោក ហ៊ុន សែន ផង​ដែរ ដែល​មាន​ន័យ​ថា ឪពុកម្ដាយ​គ្រប់គ្រង​មន្ត្រី​ជាន់ខ្ពស់​ចាស់ៗ ចំណែក​កូន​គ្រប់គ្រង​កូន​ដែល​ទើប​នឹង​ត្រូវ​តែងតាំង​ថ្មី។

មាត្រា​១ នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា ប្រទេស​កម្ពុជា​ជា​ព្រះរាជាណាចក្រ​ដែល​ប្រតិបត្តិ​តាម​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ប៉ុន្តែ​រាជាណាចក្រ​នេះ​ក្រោម​ការ​ត្រួតត្រា​ដាច់​មុខ​ដោយ​លោក ហ៊ុន សែន អស់​រយៈពេល​ជាង ៤០​ឆ្នាំ ត្រូវ​គេ​មើល​ឃើញ​ថា ដែនដី​សុវណ្ណ​ភូមិ​មួយ​នេះ​កំពុង​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​តាម​បែប​គ្រួសារ​និយម សន្តតិវង្ស ដូច​ប្រទេស​កុម្មុយនីស្ត​ផ្ដាច់ការ​កូរ៉េខាងជើង​ទៅ​ហើយ​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស