42 C
Phnom Penh

លោក សម រង្ស៊ី ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត ចាប់​ខ្លួន​ឪពុក​ដាក់​គុក​ជុំវិញ​ការ​អនុញ្ញាត​ឱ្យ​បើក​បនល្បែង​ស៊ីសង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ជំរុញ​ឱ្យ​នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត ចាប់​ខ្លួន​លោក ហ៊ុន សែន ដែល​ជា​ឪពុក​ដាក់​គុក ប្រសិនបើ​គាត់​ពិត​ជា​មាន​បំណង​ពិតប្រាកដ​ក្នុង​ការ​អនុវត្ត​វិធានការ​ច្បាប់​បិទ​បនល្បែង​ស៊ីសង​នៅ​ទូទាំង​ប្រទេស​ពិតប្រាកដ​មែន​នោះ ព្រោះ​ថា​បនល្បែង​ទាំងអស់​នោះ​បាន​កើតឡើង​ដោយសារ​លោក ហ៊ុន សែន ជា​អ្នក​បើក​ដៃ​ឲ្យ​រកស៊ី​នា​ពេល​កន្លង​មក។

អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៥ ខែ​កុម្ភៈ ថា ការ​អនុញ្ញាត​ឱ្យ​បើក និង​ការ​ប្រកាស​បិទ​បនល្បែង​គ្រប់​ប្រភេទ​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ពេលនេះ គ្រាន់តែ​ជា​ល្បិចកល​កេង​ចំណេញ​នយោបាយ​របស់​ឪពុក និង​កូន​នៃ​ត្រកូល​ហ៊ុន​តែប៉ុណ្ណោះ ព្រោះ​ថា​បើ​លោក ហ៊ុន ម៉ាណែត ចិត្ត​សឿង​មែន គាត់​ត្រូវតែ​បញ្ជា​ឱ្យ​ចាប់​ខ្លួន​លោក ហ៊ុន សែន នៅ​ពេលនេះ​តែម្តង ត្បិត​ភស្តុតាង​គឺ​មាន​គ្រប់គ្រាន់​ដែល​បញ្ជាក់​ពី​បទល្មើស​ជាក់ស្តែង​របស់​អតីត​នាយករដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា គ្រប់​ទីតាំង និង​ក្រុមហ៊ុន​ល្បែងស៊ីសង​ទាំងអស់ រួម​ទាំង​កាស៊ីណូ​ផង​ដែល​កំពុង​ប្រតិបត្តិការ​ប្រមូល​លុយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ សុទ្ធតែ​បាន​ស្នើសុំ និង​មាន​ការ​អនុញ្ញាត​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ដូច្នេះ​លោក ហ៊ុន ម៉ាណែត មាន​ភស្តុតាង​គ្រប់គ្រាន់​អាច​ចាប់​ខ្លួន​លោក ហ៊ុន សែន ពេល​ណា​ក៏ដោយ​ដោយ​យោង​តាម​លិខិត​ស្នើសុំ​ទាំងនោះ។

លោក សម រង្ស៊ី បញ្ជាក់​ថា ផ្អែក​តាម​លិខិត​ស្នើសុំ​ទាំងនោះ បង្ហាញ​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន គឺជា​អ្នក​អនុញ្ញាត​ឱ្យ​បើក​បនល្បែង​គ្រប់​ប្រភេទ​នា​ពេល​កន្លង​មក​ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី ប៉ុន្តែ​នៅ​ពេល​ដែល​កូន​គាត់ គឺ​លោក ហ៊ុន ម៉ាណែត បែរ​ជា​ប្រកាស​ឱ្យ​បិទ​បនល្បែង​ទាំងនោះ​វិញ ស្រប​ពេល​ដែល​លោក ហ៊ុន ម៉ាណែត នៅ​ក្រោម​បញ្ជា​ឪពុក​គាត់​នោះ ដូច្នេះ​មាន​ន័យ​ថា នេះ​គ្រាន់តែ​ជា​ល្បិចកល​ប្រជាភិថុតិ​នយោបាយ​របស់​ឪពុក និង​កូន​ទាំង​ពីរ​នាក់​នេះ ដើម្បី​បោក​បញ្ឆោត​ពលរដ្ឋ​តែប៉ុណ្ណោះ ដែល​មាន​ន័យ​ថា ពួកគេ​មិន​បាន​បិទ​បនល្បែង​ទាំងនោះ​ដោយ​ពិតប្រាកដ​នោះ​ទេ។

កាលពី​ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​បង្ហោះ​លិខិត​ស្នើសុំ​បើក​បនល្បែង​ស៊ីសង​មួយ​ចំនួន​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ក្នុង​នោះ​រួម​មាន លិខិត​របស់​រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ស្នើសុំ​ទៅ​លោក ហ៊ុន សែន កាលពី​អំឡុង​ខែ​មីនា ឆ្នាំ​២០១៧ ក្នុង​ការ​សាងសង់​មជ្ឈមណ្ឌល​កម្សាន្ត ដូចជា សណ្ឋាគារ រីហ្ស៊ត រង្គសាល​ទំនើប ក្លឹប​ល្បែង​ផ្សងសំណាង ដូចជា កាស៊ីណូ ឆ្នោត​ឡូតូ ឆ្នោត​កោស ល្បែង​ប្រណាំង​សេះ ប្រណាំង​ឆ្កែ ល្បែង​កូន​ហ្គោល និង​ល្បែង​ភ្នាល់​តាម​អ៊ីនធឺណិត​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ជាដើម។

ជាង​នេះ​ទៀត មាន​ដូចជា​ស្លុត​ម៉ាស៊ីន បាការ៉ាត់ ហ្គេម​លេង​តាម​តុ ម៉ាស៊ីន​អេឡិចត្រូនិក និង​កីឡា​ភ្នាល់ ដែល​បាន​កំណត់​យក​ទីតាំង​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​ជា​សំណើ​របស់​ក្រុមហ៊ុន លី ហុងផឹង អីនដាសស្ទ្រី ឯ.ក (LY HONG PHENG INDUSTRY) របស់​លោក លី ហុងផឹង ដែល​ជា​ជនជាតិ​ចិន ទទួល​បាន​សញ្ជាតិ​ខ្មែរ​កាលពី​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០១៧ កន្លង​ទៅ​នោះ។

ក្រោយ​ការ​ស្នើសុំ​បាន ៤​សប្តាហ៍ នៅ​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០១៧ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ចេញ​លិខិត​បញ្ជាក់​ថា លោក ហ៊ុន សែន បាន​អនុញ្ញាត​ឱ្យ​ដំណើរការ​បនល្បែង​ដែល​មាន​ក្រុមហ៊ុន លី ហុងផឹង ជា​អ្នក​ស្នើសុំ។ បន្ថែម​ពី​នេះ ក្រុមហ៊ុន ថៃយ៉ាង ឈិន អ៊ីឡឹ ឯ.ក របស់​លោក លូ វេ ក៏​បាន​ដាក់​សំណើ​ទៅ​លោក ហ៊ុន សែន បើក​បនល្បែង​ស៊ីសង​កាលពី​ឆ្នាំ​២០០១ កន្លង​ទៅ​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត បាន​បញ្ជា​ឱ្យ​អភិបាល​រាជធានី​ខេត្ត​ទាំង ២៥ ចាត់​វិធានការ​ត្រួតពិនិត្យ​ស្រាវជ្រាវ​រក​ទីតាំង​អាជីវកម្ម​ល្បែង​ផ្សងសំណាង​នានា​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ចាត់​វិធានការ​ដកហូត​អាជ្ញាបណ្ណ​ពី​ម្ចាស់​ក្រុមហ៊ុន​ល្បែង​ទាំងនោះ ក្នុង​ករណី​ម្ចាស់​អាជីវកម្ម​ល្បែង​ផ្សងសំណាង​ទាំងនោះ​បើក​ទីតាំង​ល្បែង​ថ្មីៗ​បន្ត​ទៀត។

លោក ហ៊ុន ម៉ាណែត ព្រមាន​ថា ក្នុង​ករណី​មាន​ការ​បើក​ទីតាំង​ផ្សងសំណាង​ថ្មីៗ អាជ្ញាធរ​ត្រូវតែ​បិទ​ទីតាំង​ទាំងនោះ​ជាបន្ទាន់ និង​រាយការណ៍​ទៅ​នាយករដ្ឋមន្ត្រី​ដោយ​ផ្ទាល់ ព្រោះ​ថា​ដំណាក់កាល​នេះ គឺជា​ពេលវេលា​ដែល​ត្រូវ​ចូលរួម​ទាំងអស់​គ្នា​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ដើម្បី​បង្កើន​ការ​អភិវឌ្ឍ មិនមែន​ជា​ពេលវេលា​ដែល​ត្រូវ​ពង្រាយ​ទីតាំង​ល្បែង​នោះ​ទេ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២២ អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​ចេញ​បទបញ្ជា​ឱ្យ​បង្ក្រាប​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ រាប់​តាំងពី​ឡូតូ និង​កន្ទុយលេខ ដោយ​ភ្ជាប់​សារ​ព្រមាន​ដក​តំណែង​អភិបាល​រាជធានី-ខេត្ត ខណ្ឌ ក្រុង ស្រុក ដែល​អសកម្ម​លើ​បញ្ហា​នេះ​ផង​ដែរ ប៉ុន្តែ​គេ​មិន​ដែល​ឃើញ​លោក ហ៊ុន សែន ដក​តំណែង​មន្ត្រី​ណា​ម្នាក់​ជុំវិញ​ករណី​នេះ​ម្តង​ឡើយ ខណៈ​ល្បែង​ស៊ីសង​ទាំងនោះ​នៅតែ​បន្ត​ប្រតិបត្តិការ​រហូត​មក​ដល់​ពេលនេះ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ លើកឡើង​ថា បើ​ចង់​បង្ក្រាប​ល្បែង​ស៊ីសង​នៅ​កម្ពុជា​ឱ្យ​មាន​ប្រសិទ្ធភាព ទាល់តែ​លោក ហ៊ុន ម៉ាណែត ហ៊ាន​អនុវត្ត​ច្បាប់​ចាប់​សមាជិក​គ្រួសារ​ហ៊ុន​ដែល​ពាក់ព័ន្ធ​ចូល​គុក ដូចជា​លោក ហ៊ុន តូ ជាដើម ព្រោះ​ថា​នៅ​កម្ពុជា​គ្មាន​ជំនួញ​អបាយមុខ​ណា​មួយ​ទាំង​តូច​ទាំង​ធំ អាច​ដំណើរការ​រលូន​ទៅ​បាន​ក្រៅ​ក្រសែភ្នែក​គ្រួសារ​ហ៊ុន​ឡើយ ទោះ​ល្បែង​ស៊ីសង​ប្រភេទ​ណា និង​កម្រិត​ណា​ក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស