42 C
Phnom Penh

តុលាការ​ខេត្ត​ព្រះសីហនុ​ផ្ដន្ទាទោស​ជនជាតិ​ចិន​តៃវ៉ាន់​២​នាក់​ដែល​ផលិត​វីដេអូ​ពាក់ព័ន្ធ​ការ​ជួញដូរ​មនុស្ស​ឱ្យ​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការ​ខេត្ត​ព្រះសីហនុ សម្រេច​ផ្ដន្ទាទោស​ជនជាតិ​ចិន ២​នាក់​ដែល​ផលិត​វីដេអូ​បំផ្លើស​ការពិត​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា ឱ្យ​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៤​លាន​រៀល ពី​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សង្គម»។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​តុលាការ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ជនជាតិ​ចិន​តៃវ៉ាន់ ២​នាក់ បាន​ចូល​មក​កម្ពុជា​ក្នុង​គោលបំណង​ផលិត​វីដេអូ​បំផ្លើស​ការពិត​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស ការ​បង្ខាំង​ធ្វើ​ទារុណកម្ម អំពើ​ចាប់​រំលោភ និង​ការ​លក់​សរីរាង្គ​មនុស្ស។

ប្រភព​ដដែល​អះអាង​ថា កាលពី​ថ្ងៃទី​១២ ខែ​កុម្ភៈ ជនជាតិ​ចិន​តៃវ៉ាន់​ទាំង​ពីរ​នាក់​នោះ បាន​ចូល​ទៅ​អគារ​មួយ​កន្លែង​ក្នុង​ក្រុង​ព្រះសីហនុ ហើយ​ពួកគេ​បាន​ថត​សម្ដែង​ដោយ​ផ្សាយ​លើ​គណនី​ហ្វេសប៊ុក WA AN XIAO JI ថា​ពួកគេ​ត្រូវ​បាន​សន្តិសុខ​ចាប់​ខ្លួន និង​វាយដំ។ លុះ​ដល់​ថ្ងៃទី​១៣ ខែ​កុម្ភៈ ពួកគេ​បាន​ផ្សាយ​ផ្ទាល់​ជា​ថ្មី​ម្ដង​ទៀត​នៅ​ម្ដុំ​ឆៃណាថោន ក្នុង​ក្រុង​ព្រះសីហនុ ពី​សកម្មភាព​រត់​គេច​ខ្លួន ហើយ​សម្ដែង​ពី​ការ​ធ្វើជា​ភ័យខ្លាច និង​ស្រែក​ឱ្យ​គេ​ជួយ។

អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន បាន​ធ្វើ​សន្និសីទ​កាសែត​មួយ​នៅ​រសៀល​ថ្ងៃទី​១៥ ខែ​កុម្ភៈ ថា ជនជាតិ​ចិន​តៃវ៉ាន់​ទាំង ២​នាក់​ត្រូវ​បាន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ចាប់​ខ្លួន​ក្នុង​ថ្ងៃទី​១៤ ខែ​កុម្ភៈ បន្ទាប់ពី​រក​ឃើញ​ថា ពួកគេ​បាន​ផលិត​វីដេអូ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

លោក គួច ចំរើន បាន​បញ្ជាក់​ថា យោង​តាម​ចម្លើយ​សារភាព បុរស​ជនជាតិ​ចិន​តៃវ៉ាន់​ទាំង ២​នាក់​នេះ​ពិត​ជា​មាន​គំនិត​មក​ប្រទេស​កម្ពុជា​ដើម្បី​ថត​រូបភាព​វីដេអូ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម ការ​ចាប់​ជំរិត និង​ការ​បង្ខាំង​មនុស្ស ដោយ​បាន​គិតគូរ​រៀបចំ​ទុក​ជា​មុន​តាំងពី​ពាក់កណ្តាល​ខែ​មករា មក​ម្ល៉េះ។ ពួកគេ​បាន​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​១១ ខែ​កុម្ភៈ និង​បាន​ថត​វីដេអូ​បំភ្លៃ​មួយ​ផ្សព្វផ្សាយ​នៅ​ក្នុង​បណ្ដាញ​សង្គម។

ប្រតិបត្តិការ​តាម​ចាប់​ជនជាតិ​ចិន​តៃវ៉ាន់​ទាំង ២​នាក់​នេះ បាន​ធ្វើ​ឡើង​បន្ទាប់ពី​ពួកគេ​បាន​ផ្សាយ​វីដេអូ​បន្ត​ផ្ទាល់​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​តាមរយៈ​គណនី​ឈ្មោះ Goodnight Chicken កាលពី​ថ្ងៃទី​១២ ខែ​កុម្ភៈ។

គណនី​ឈ្មោះ Goodnight Chicken ជា​របស់​ជន​សង្ស័យ​ម្នាក់​ដែល​មាន​ឈ្មោះ​ពិត Chen Neng Chuan ក្នុង​ចំណោម​ជន​សង្ស័យ ២​នាក់​ដែល​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ចាប់​ខ្លួន។ នៅ​ក្នុង​វីដេអូ​ដែល​ផ្សាយ​បន្ត​ផ្ទាល់ Goodnight Chicken ដែល​រាងកាយ​មាន​សភាព​រង​របួស​ពី​ការ​វាយដំ បាន​ប្រាប់​អ្នក​ទស្សនា​រាប់​ពាន់​នាក់​ថា ខ្លួន​កំពុង​ស្ថិត​ក្នុង​អគារ​មួយ​នៅ​ខេត្ត​ព្រះសីហនុ និង​កំពុង​រត់​គេច​ចេញពី​ការ​ចាប់​ជំរិត​ដោយ​ក្រុម​ជន​ទុច្ចរិត។

ព័ត៌មាន​របស់​ពួកគេ​ក៏​បាន​ចុះផ្សាយ​ដោយ​សារព័ត៌មាន Taiwan News នៅ​ថ្ងៃទី​១៤ កុម្ភៈ ដោយ​លើក​ឡើង​ថា​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​បុរស​ជនជាតិ​តៃវ៉ាន់ Chen Neng Chuan ត្រូវ​ប្រឈម​នឹង​បណ្តឹង​ផ្លូវ​ច្បាប់​ក្នុង​ទង្វើ​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ បំផ្លើស និង​បំភ្លៃ​សាច់រឿង ដោយ​ធ្វើ​ការ​ផ្សាយ​វីដេអូ​របស់​ខ្លួន​តាម​បណ្ដាញ​សង្គម។

សារព័ត៌មាន Taiwan News បាន​សរសេរ​ថា ជនជាតិ​តៃវ៉ាន់​ឈ្មោះ Chen Neng Chuan ឬ Goodnight Chicken ធ្លាប់​ត្រូវ​បាន​ម្ចាស់​អគារ​ក្នុង​ក្រុង Changhua និង​កោះ Kinmen ដាក់​ពាក្យ​បណ្តឹង​ពី​បទ​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ពួកគេ ដើម្បី​ថត​វីដេអូ​ផ្សេងៗ​សម្រាប់​ផ្សាយ​ផ្ទាល់​តាម​ហ្វេសប៊ុក ដូចជា​ហេតុការណ៍​ជួប​ខ្មោច​លង ឬ​ហេតុការណ៍​គេច​ចេញពី​ឃាតកម្ម ជាដើម។

កាល​ពី​ដើម​ខែ​សីហា ឆ្នាំ​២០២៣ ខ្សែភាពយន្ត​ខ្នាត​ធំ​របស់​ចិន​ឈ្មោះ No More Bets ដែល​មាន​ន័យ​ថា សូម​បញ្ឈប់​ការ​ភ្នាល់ បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​មាន​ការ​ភ័យខ្លាច និង​មិន​ហ៊ាន​ទៅ​លេង​ប្រទេស​កម្ពុជា ព្រោះ​តែ​ខ្សែភាពយន្ត​មួយ​នេះ​បាន​បញ្ជាក់​ជា​ភាសា​អង់គ្លេស​ថា Base On Real Case ដែល​មាន​ន័យ​ថា ផ្អែក​តាម​រឿង​ពិត ១​សែន​ករណី​នៃ​អំពើ​ជួញដូរ​មនុស្ស ខណៈ​រដ្ឋាភិបាល​ចិន ក៏​កំពុង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ឱ្យ​មាន​ការ​យល់ដឹង​ជា​សាធារណៈ​អំពី​ការ​ឆបោក​ដែល​បាន​រៀបរាប់​ក្នុង​ខ្សែភាពយន្ត​រឿង No More Bets នេះ​ផង​ដែរ។

ខ្សែភាពយន្ត​នេះ​បាន​តម្រូវ​ឱ្យ​តួអង្គ​ក្នុង​រឿង​ពាក់​អាវ​ដែល​មាន​អក្សរ​ខ្មែរ និង​រថយន្ត​ក្នុង​សាច់រឿង​នេះ​ក៏​មាន​បិទ​អក្សរ​ខ្មែរ​ផង​ដែរ ដែល​ទំនង​ជា​មាន​បំណង​លាតត្រដាង​អំពី​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា ហើយ​សាច់រឿង​នេះ​ក៏​បាន​បង្ហាញ​ពី​ការ​ធ្វើ​ទារុណកម្ម​របស់​ក្រុម​ឧក្រិដ្ឋជន​ទៅ​លើ​ជន​រងគ្រោះ​យ៉ាង​ព្រៃផ្សៃ​ដែរ ដូចជា​ការ​លក់​មនុស្ស​ឱ្យ​បម្រើ​សេវាកម្ម​ផ្លូវភេទ ការ​ចាក់​បញ្ចូល​ថ្នាំញៀន​ឱ្យ​ទទួល​ភ្ញៀវ ការ​បាញ់​សម្លាប់​ជន​រងគ្រោះ​ដែល​មាន​បំណង​លួច​រត់ ការ​ដក​ក្រចក ការ​យក​ស្គុត​រុំ​ច្រមុះ​ឱ្យ​ថប់​ដង្ហើម កាត់​ស្លឹកត្រចៀក ច្រាន​ជន​រងគ្រោះ​ទម្លាក់​ពី​លើ​អគារ និង​ការ​វះ​យក​គ្រឿងក្នុង​ជន​រងគ្រោះ​ទៅ​លក់​ក្នុង​ទីផ្សារ​ងងឹត ជាដើម ដែល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ភ័យខ្លាច និង​ព្រឺព្រួច​ជា​ខ្លាំង។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រសួង​ការបរទេស​អាមេរិក កាលពី​ចុង​ឆ្នាំ​២០២២ បាន​បញ្ចេញ​របាយការណ៍​របស់​ខ្លួន​ស្ដីពី​ការ​ជួញដូរ​មនុស្ស ដោយ​បាន​ដាក់​ប្រទេស​កម្ពុជា​ចូល​ក្នុង​បញ្ជីខ្មៅ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​កម្រិត​៣ (Tier 3 Watch List) ដែល​បញ្ជាក់​ថា កម្ពុជា​ស្ថិត​នៅ​ក្នុង​បញ្ជីខ្មៅ​នៃ​ការ​ជួញដូរ​មនុស្ស​ធ្ងន់ធ្ងរ​នៅឡើយ​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស