36 C
Phnom Penh

ពលរដ្ឋ​ថា​ក្រុមហ៊ុន​កូរ៉េ T.S.M.W គប់គិត​ជាមួយ​ឧកញ៉ា ជ័យ លេប​យក​ដី​សម្បទាន​ក្នុង​ចេតនា​ធ្វើ​ជំនួញ​ឈើ​ខុស​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង លើកឡើង​ថា ក្រុមហ៊ុន​កូរ៉េ ធី អេស អឹម ដាប់ប៊លយូ (T.S.M.W) កំពុង​គប់គិត​ជាមួយ​ឧកញ៉ា មិក សាផាណារេត ហៅ​ឧកញ៉ា ជ័យ លេប​យក​ដី​សម្បទាន​ក្នុង​បំណង​ធ្វើ​ជំនួញ​ឈើ​ខុស​ច្បាប់ ដោយ​ប្រើ​ល្បិច​កាត់​ឆ្វៀល​ដី​សម្បទាន​ដែល​អស់​ព្រៃឈើ​ឱ្យ​ទៅ​ពលរដ្ឋ និង​ស្នើសុំ​ដី​សម្បទាន​ថ្មី​ដែល​មាន​ព្រៃឈើ​នៅ​កន្លែង​ផ្សេង។

ប្រភព​ពី​ពលរដ្ឋ​ជាច្រើន​នាក់​ក្នុង​ខេត្ត​ស្ទឹងត្រែង បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១៩ កុម្ភៈ នេះ​ថា ដំបូង​ឡើយ ក្រុមហ៊ុន​កូរ៉េ T.S.M.W ដែល​មាន​ឧកញ៉ា ជ័យ ជា​បង្អែក ទទួល​បាន​ដី​សម្បទាន​នៅ​ក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ ប៉ុន្តែ​ពួកគេ​បាន​កាប់​ឈើ​ក្នុង​ដី​សម្បទាន​នោះ​យក​ទៅ​លក់​ខ្ទេចខ្ទី​អស់​គ្មាន​សល់ រួច​ហើយ​ក៏​ទុក​ដី​នោះ​ឱ្យ​នៅ​ទំនេរ​ចោល​ដោយ​មិន​អភិវឌ្ឍ​អ្វី​ទាំងអស់។

ប្រភព​ប្រជាពលរដ្ឋ​ដដែល​រៀបរាប់​ថា ក្រោយ​ព្រៃឈើ​ត្រូវ​កាប់​បំផ្លាញ និង​ទុក​ដី​ឱ្យ​នៅ​ទំនេរ​ចោល អ្នក​ស្រុក​ក៏​បាន​ចូល​ទៅ​កាប់ឆ្ការ​ដើម្បី​បង្កបង្កើនផល ប៉ុន្តែ​ក្រោយពី​ពលរដ្ឋ​ដាំដុះ​អស់​រាប់​ឆ្នាំ អ្នក​ខ្លះ​បាន​អាស្រ័យ​ផល​អស់​រយៈពេល ៥​ឆ្នាំ ហើយ​ខ្លះ​ទៀត​បាន​អាស្រ័យ​ផល​រហូត​ទៅ​ដល់ ១០​ឆ្នាំ​ឯណោះ ស្រាប់តែ​ក្រុមហ៊ុន​ទាមទារ​យក​ដី​ទាំងនោះ​វិញ រហូត​មាន​ជម្លោះ​ឈាន​ដល់​ការ​ផ្ទុះ​អាវុធ​បាញ់​សម្លាប់​ពលរដ្ឋ​ថែម​ទៀត។

ក្រោយ​ផ្ទុះ​រឿងរ៉ាវ ខាង​ក្រុមហ៊ុន​ក៏​បាន​ប្រើ​ល្បិច​ស្នើ​ឱ្យ​រដ្ឋាភិបាល​កាត់​ឆ្វៀល​ដី​នោះ​ឱ្យ​ទៅ​ពលរដ្ឋ​តែម្តង។ ទន្ទឹម​នេះ ក្រុមហ៊ុន​ក៏​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ផ្តល់​ដី​សម្បទាន​កន្លែង​ថ្មី​ឱ្យ​ខ្លួន ជា​ថ្នូរ​វិញ​ដែរ។ ជាក់ស្តែង ក្រោយ​រឿងរ៉ាវ​នៅ​ខេត្ត​ក្រចេះ ក្រុមហ៊ុន​កូរ៉េ T.S.M.W ក៏​បាន​ទទួល​ដី​វិនិយោគ​នៅ​សងខាង​ទន្លេសេកុង ចំនួន ៩​ពាន់​ហិកតា​ដែរ ដែល​កំពុង​ប្រតិបត្តិការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ចំណុច​អូរចន្ទ ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង យ៉ាង​អនាធិបតេយ្យ​សព្វថ្ងៃ​នេះ។

ពលរដ្ឋ​ទាំងនោះ​អះអាង​ថា ក្រោយ​ទទួល​បាន​ដី​សម្បទាន​ទាំងនេះ ក្រុមហ៊ុន​ក៏​ចាប់ផ្តើម​កាប់​ទន្ទ្រាន​ឈើ​ខុស​ច្បាប់​ពី​ចំណុច​អូរវែង រហូត​ដល់​ភ្នំ​ក្រឡាពស់ ហើយ​ក៏​កំពុង​រាតត្បាត​គ្រប់​ច្រកល្ហក​ដែរ​នៅ​ទីតាំង​ភាគ​ខាងកើត​នៃ​ទន្លេសេកុង ចំណែក​ឈើ​ដែល​ពួកគេ​បាន​កាប់​រួចរាល់ ត្រូវ​ដឹក​យក​ទៅ​រក្សាទុក​នៅ​ដេប៉ូ​មួយ​កន្លែង​ស្ថិត​ក្នុង​ចំណុច​អូរត្រកួន ឬ​ត្រពាំងត្រកួន ដែល​ជា​ទីតាំង​នៅ​ចំណុច​កណ្តាល​រវាង​ស្រុក​សៀមប៉ាង និង​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង។

ក្រុម​អ្នក​ស្រុក​នៅ​ទីនោះ​បញ្ជាក់​ថា សព្វថ្ងៃ​នេះ ក្រុមហ៊ុន​កំពុង​ធ្វើ​ផ្លូវ​រំលោភ​ចូល​ដី​ដែល​ពួកគេ​បាន​អាស្រ័យ​ផល​ប្រមាណ​ជា ៣​ពាន់​ហិកតា។ ពួកគេ​ចោទ​ថា នេះ​គឺ​ល្បិច​របស់​ក្រុមហ៊ុន​ដែល​មាន​ចេតនា​ធ្វើ​ឱ្យ​មាន​ទំនាស់​ដូច​ទំនាស់​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ អ៊ីចឹង​ដែរ ហើយ​ចុងក្រោយ ពួកគេ​នឹង​ស្នើ​រដ្ឋាភិបាល​ឱ្យ​កាត់​ឆ្វៀល​ដី​ទំនាស់​នោះ​ឱ្យ​ពលរដ្ឋ ហើយ​ក្រុមហ៊ុន​ក៏​នឹង​ស្នើ​រដ្ឋាភិបាល​សុំ​ដី​សម្បទាន​កន្លែង​ផ្សេង​ទៀត ជា​ថ្នូរ​នឹង​ការ​កាត់​ឆ្វៀល​នេះ​ជាមិនខាន ដើម្បី​ក្រុមហ៊ុន​មាន​ឱកាស​កាប់​ឈើ​ខុស​ច្បាប់​នៅ​ទីតាំង​ថ្មី​បន្ត​ទៀត។

ក្រុមហ៊ុន​កូរ៉េ T.S.M.W ដែល​មាន​ឧកញ៉ា មិក សាផាណារេត ហៅ​ឧកញ៉ា ជ័យ នៅ​ពីក្រោយ​ក្នុង​ការ​កាប់​ឈើ​ខុស​ច្បាប់​យ៉ាង​គគ្រឹកគគ្រេង​សព្វថ្ងៃ​នេះ គឺ​មាន​លោក ព្រីង ទិត្យា ជា​មេការ​គ្រប់គ្រង​ការ​កាប់​ឈើ លោក និត ហៅ គ្និត ជា​អ្នក​ទទួល​ខុសត្រូវ​ដឹក​ឈើ​តាម​សាឡង់​ឆ្លងកាត់​ទន្លេ។ ចំណែក​លោក សេង ជា​អ្នក​រត់ការ​សូក​លុយ​ឱ្យ​អ្នក​សារព័ត៌មាន និង​មន្ត្រី​មាន​សមត្ថកិច្ច ដូចជា អង្គភាព​សារព័ត៌មាន​តូចៗ សូក​លុយ​ជាង ៣០​ម៉ឺន​រៀល សារព័ត៌មាន​ធំៗ សូក​លុយ​ជាង ១​ពាន់​ដុល្លារ​អាមេរិក ជាដើម។

ជាង​នេះ​ទៅ​ទៀត ក្រុមហ៊ុន T.S.M.W ក៏​បាន​សូក​លុយ​ទៅ​ឱ្យ​មន្ត្រី​កងរាជ​អាវុធហត្ថ (PM) ប្រចាំ​ខេត្ត​ស្ទឹងត្រែង ផង​ដែរ ដែល​មាន​ចំនួន​ទឹកប្រាក់​ចន្លោះ​ពី ៣​ពាន់​ដុល្លារ​អាមេរិក​ទៅ ៥​ពាន់​ដុល្លារ ចំណែក​ស្ថាប័ន​មាន​សមត្ថកិច្ច ដូចជា រដ្ឋបាល​ព្រៃឈើ ត្រូវ​សូក​លុយ​ចាប់ពី ៣​ពាន់​ដុល្លារ​ឡើង​ទៅ មន្ទីរ​កសិកម្ម​ខេត្ត ក៏​ត្រូវ​សូក​លុយ​ប្រមាណ​ជា ៣​ពាន់​ដុល្លារ​ដែរ ខណៈ​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ស្ទឹងត្រែង ផ្សេង​ទៀត ក៏​ត្រូវ​សូក​លុយ​ប្រមាណ​ជា ៣​ពាន់​ដុល្លារ​ដូច​គ្នា​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​៨ ខែ​មីនា ឆ្នាំ​២០២៣ សារព័ត៌មាន​អន្តរជាតិ Mongabay បាន​ចេញ​ផ្សាយ​របាយការណ៍​ស៊ើបអង្កេត​របស់​ខ្លួន ដោយ​បង្ហាញ​រចនាសម្ព័ន្ធ​សែស្រឡាយ​ដែល​នៅ​ពីក្រោយ​បទល្មើស​រកស៊ី​ឈើ​ខុស​ច្បាប់ និង​ក្រុមហ៊ុន​មួយ​ចំនួន ក្នុង​នោះ គេ​រក​ឃើញ​ថា ឧកញ៉ា មិក សាផាណារេត ហៅ​ឧកញ៉ា ជ័យ គឺជា​អ្នក​ជ្រោមជ្រែង​នៅ​ពីក្រោយ​ក្រុមហ៊ុន T.S.M.W យ៉ាង​ធំ ប៉ុន្តែ​អ្នក​គ្រប់គ្រង​ផុត​លេខ​ក្នុង​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នេះ គឺ​មាន​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត នៅ​ពីក្រោយ​ផង​ដែរ។

ក្រមព្រហ្មទណ្ឌ​មាត្រា​៥២៨ ចែង​ថា មន្ត្រី​រាជការ​សាធារណៈ​មិន​ប្ដឹង​បរិហារ និង​មិន​អើពើ​បង្ក្រាប​បទល្មើស​ឋិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ​ដល់ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល​ដល់ ៦​លាន​រៀល​ថែម​ទៀត។

យ៉ាងណាក៏ដោយ ការ​អនុវត្ត​ជាក់ស្តែង ឈ្មួញ​រកស៊ី​ឈើ​ខុស​ច្បាប់ ដូចជា ឧកញ៉ា លីម ប៊ុណ្ណា ហៅ​ឧកញ៉ា ខ្នា និង​នាយករង​ការិយាល័យ​បំភ័ន្ត​អក្ខរៈ​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ចាប សារ៉ន ជាដើម ដែល​ល្បីល្បាញ​ខាង​រកស៊ី​ឈើ​ខុស​ច្បាប់​នៅ​តំបន់​ព្រៃឡង់​រហូត​មក មិន​ត្រូវ​បាន​កាត់ទោស​នោះ​ទេ ប៉ុន្តែ​បែរ​ជា​ត្រូវ​ដំឡើង​ឋានន្តរស័ក្ដិ​ជា​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល និង​ជា​សមាជិក​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទៅវិញ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២៤ លោក ហ៊ុន សែន ក៏​បាន​ចេញ​សេចក្តី​សម្រេច​តែងតាំង​ឧកញ៉ា មិក សាផាណារេត ហៅ​ឧកញ៉ា ជ័យ ជា​ទីប្រឹក្សា​របស់​គាត់​ផង​ដែរ បើ​ទោះបីជា​ឧកញ៉ា​រូប​នេះ​ត្រូវ​គេ​រក​ឃើញ​ថា​ជា​ឧក្រិដ្ឋជន​ព្រៃឈើ​ដែល​កំពុង​រកស៊ី​ឈើ​ខុស​ច្បាប់​សព្វថ្ងៃ​នេះ​ហើយ​ក៏ដោយ។

ក្នុង​របាយការណ៍​ស្រាវជ្រាវ​ដែល​មាន​កម្រាស់ ៥៣​ទំព័រ​របស់​អង្គការ​គំនិត​ផ្ដួចផ្ដើម​សកល​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន Global Initiative Against Transnational Organized Crime បាន​ចេញ​ផ្សាយ​កាលពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០២២ អំពី​ការ​បង្កើត​បណ្ដាញ​រកស៊ី​ឈើ​ខុស​ច្បាប់​យ៉ាង​ធំ​នៅ​កម្ពុជា​ជាមួយ​មន្ត្រី និង​ឧកញ៉ា​ខិលខូច​ថា គ្រួសារ​លោក ហ៊ុន សែន បាន​ចែក​គ្នា​គ្រប់គ្រង​ឧកញ៉ា​រៀងៗ​ខ្លួន ដើម្បី​ឲ្យ​ឧកញ៉ា​ទាំងនោះ​រកស៊ី​ខុស​ច្បាប់​រក​លុយ​ឲ្យ​ខ្លួន ដូចជា ការ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នៅ​កម្ពុជា ជាដើម ដែល​គេ​បាន​រក​ឃើញ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស