39 C
Phnom Penh

សហរដ្ឋ​អាមេរិក​ជាពិសេស​បក្ស​សាធារណរដ្ឋ​រង​ការ​រិះគន់​បន្ទាប់ពី​ទីក្រុង Avdiivka របស់​អ៊ុយក្រែន​ធ្លាក់​ក្នុង​ដៃ​ទ័ព​រុស្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​របូត​ទីក្រុង Avdiivka នៅ​ក្នុង​ដៃ​របស់​កងទ័ព​រុស្ស៊ី បាន​ក្លាយ​ជា​ប្រធានបទ​នៃ​ការ​លើក​មក​ជជែក​គ្នា​ក្នុង​ចំណោម​អ្នក​នយោបាយ​សហរដ្ឋ​អាមេរិក ក្រោយពី​មជ្ឈដ្ឋាន​មួយ​ចំនួន​រិះគន់​ថា ដោយសារ​សហរដ្ឋ​អាមេរិក ជាពិសេស​សមាជិក​សភា​មកពី​បក្ស​សាធារណរដ្ឋ ធ្វើ​ឱ្យ​មាន​ឧបសគ្គ​នៃ​ការ​ទម្លាក់​កញ្ចប់​ជំនួយ​យោធា​ដើម្បី​ផ្គត់ផ្គង់​អាវុធ​ជាបន្ទាន់​ទៅ​ឱ្យ​អ៊ុយក្រែន។

រដ្ឋការ​របស់​លោក ចូ បៃដិន បាន​ដាក់​កញ្ជប់​ជំនួយ​យោធា​នូវ​សាច់ប្រាក់ ៦០​ពាន់​លាន​ដុល្លារ​សម្រាប់​ជួយ​ដល់​អ៊ុយក្រែន តែ​គម្រោង​ជំនួយ​នេះ​ត្រូវ​បាន​បក្ស​សាធារណរដ្ឋ​ធ្វើ​ឱ្យ​ខកខាន​ជាង ៣​ខែ ហើយ​ឥឡូវ​នេះ​នៅតែ​ជាប់​គាំង​ក្នុង​ដៃ​រដ្ឋសភា ដែល​គណបក្ស​សាធារណរដ្ឋ​គ្រប់គ្រង​ស្ថាប័ន​សភា​ជាន់​ទាប​នេះ។

កាលពី​សប្ដាហ៍​មុន សមាជិក​ព្រឹទ្ធសភា​ដែល​មកពី​បក្ស​ប្រជាធិបតេយ្យ​គ្រប់គ្រង បាន​អនុម័ត​ឱ្យ​អ៊ុយក្រែន ទទួល​បាន​ជំនួយ​យោធា និង​ជំនួយ​ផ្សេងៗ​ទៀត​ដល់​ទៅ ៦១​ពាន់​លាន​ដុល្លារ​អាមេរិក។ នៅ​ក្នុង​ការ​អនុម័ត​នេះ សមាជិក​ព្រឹទ្ធសភា​មកពី​បក្ស​សាធារណរដ្ឋ​ដល់ ២២​នាក់ បាន​គាំទ្រ ដែល​ធ្វើ​ឱ្យ​សំឡេង​គាំទ្រ​មាន​រហូត​ដល់​ទៅ ៧០ ក្នុង​ចំណោម​សមាជិក​ព្រឹទ្ធសភា ១០០​រូប។

ក្រុម​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា សមាជិក​រដ្ឋសភា​ទំនង​នឹង​មិន​បង្ក​ឱ្យ​មាន​ឧបសគ្គ​រាំង​ខ្ទប់​សេចក្ដី​សម្រេច​របស់​ព្រឹទ្ធសភា​នោះ​ទេ ព្រោះ​ស្ថានភាព​ពេលនេះ​វា​ជា​រឿង​ចាំបាច់​ដែល​សហរដ្ឋ​អាមេរិក​ត្រូវ​ពង្រឹង​តួនាទី​ខ្លួន​ឡើងវិញ​ស័ក្ដិសម​ជា​ប្រទេស​មហាអំណាច​ទី​មួយ​នៃ​ពិភពលោក ដែល​ត្រូវ​ជួយ​ប្រទេស​ទន់ខ្សោយ​រងគ្រោះ​ដោយសារ​សង្គ្រាម​ឈ្លានពាន​ពី​ប្រទេស​មាន​អំណាច។

ក្នុង​កញ្ចប់​ថវិកា​ទំហំ ៩៥​ពាន់ ៣៤០​លាន​ដុល្លារ អ៊ុយក្រែន​ទទួល​បាន ៦១​ពាន់​លាន​ដុល្លារ​តាម​គម្រោង​របស់​លោក ចូ បៃដិន ហើយ​ថវិកា ១៤​ពាន់​លាន​ដុល្លារ​សម្រាប់​អ៊ីស្រាអែល ដែល​កំពុង​ធ្វើ​សង្គ្រាម​សងសឹក​នឹង​ពួក​សកម្ម​ប្រយុទ្ធ​ហាម៉ាស-ប៉ាឡេស្ទីន ហើយ ៤​ពាន់ ៨៣០​លាន​ដុល្លារ​ទៀត គាំទ្រ​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ទប់ទល់​កម្លាំង​បំពាន​ពី​សំណាក់​ប្រទេស​ចិន មាន​សម្រាប់​កោះ​តៃវ៉ាន់ ផង​ដែរ។

ចំណែកឯ​ថវិកា​ចំនួន ៩​ពាន់ ១៥០​លាន​ដុល្លារ​ជា​ជំនួយ​មនុស្សធម៌​សម្រាប់​ប្រជាជន​ប៉ាឡេស្ទីន ដែល​រងគ្រោះ​នៅ​តំបន់​ហ្កាហ្សា និង​តំបន់ west bank និង​សម្រាប់​ប្រជាជន​អ៊ុយក្រែន រួម​ទាំង​ជួយ​ដល់​វិបត្តិ​ទាំងឡាយ​របស់​ប្រជាជន​នៅ​ទូទាំង​ពិភពលោក។

ជុំវិញ​ការ​របូត​ទីក្រុង Avdiivka ទៅ​ក្នុង​ដៃ​កងទ័ព​រុស្ស៊ី បាន​នាំ​ឱ្យ​មជ្ឈដ្ឋាន​មួយ​ចំនួន រួម​ទាំង​សមាជិក​សភា និង​សមាជិក​ព្រឹទ្ធសភា​មកពី​បក្ស​ប្រជាធិបតេយ្យ វាយប្រហារ​គណបក្ស​សាធារណរដ្ឋ ដោយ​បាន​ហៅថា​ជា​កំហុស​មួយ​ដែល​នាំ​ឱ្យ​អ៊ុយក្រែន ជួប​ផលវិបាក​ក្នុង​ការ​វាយ​រុញច្រាន​ទ័ព​រុស្ស៊ី គឺ​មិន​ថា​តែ​សមរភូមិ​នៃ​ទីក្រុង Avdiivka នោះ​ទេ គឺ​សមរភូមិ​ភាគច្រើន​នៅ​ភាគ​ខាងកើត និង​ខាងត្បូង ក៏​រុស្ស៊ី កំពុង​មាន​ប្រៀប​ជាង​អ៊ុយក្រែន។

សម្រាប់​លោក ចូ បៃដិន ប្រធានាធិបតី​មកពី​បក្ស​ប្រជាធិបតេយ្យ ក៏​បាន​សម្ដែង​ការ​សោកស្ដាយ​ផង​ដែរ។ លោក​ទទូច​ថា សហរដ្ឋ​អាមេរិក​មិន​ត្រូវ​ធ្វើ​ឱ្យ​មាន​កំហុស​ចំពោះ​ប្រជាជន​អ៊ុយក្រែន នោះ​ទេ ហើយ​មិន​ត្រូវ​ផ្ដល់​ឱកាស​ឱ្យ​រុស្ស៊ី ឈ្នះ​អ៊ុយក្រែន នោះ​ទេ។ លោក​បញ្ជាក់​ថា ​អ៊ុយក្រែន ជា​កម្លាំង​មួយ​សម្រាប់​ប្រជាធិបតេយ្យ​នៅ​អឺរ៉ុប។ លោក​ព្រមាន​ថា បើ​រុស្ស៊ី វាយ​យក​បាន​អ៊ុយក្រែន គឺ​អឺរ៉ុប ជាពិសេស​អឺរ៉ុប​ខាងកើត នឹង​ត្រូវ​រង​ការ​ឈ្លានពាន​ពី​រុស្ស៊ី។

តែ​យ៉ាងណា លោក ចូ បៃដិន សង្ឃឹម​ថា សមាជិក​រដ្ឋសភា​នឹង​គិត​ពិចារណា​ម្ដង​ទៀត​នូវ​កំហុស​បង្ក​ឧបសគ្គ​ចំពោះ​ការ​អនុម័ត​ជំនួយ​យោធា​ទៅ​ឱ្យ​អ៊ុយក្រែន។

លោក បៃដិន បាន​ប្រាប់​លោក ហ្សេឡេនស្គី ថា លោក​ត្រូវ​មាន​ជំនឿ​ចិត្ត​លើ​សហរដ្ឋ​អាមេរិក ដែល​លោក​ថា ក្រុង​វ៉ាស៊ីនតោន នឹង​មិន​បោះបង់​អ៊ុយក្រែន ដាច់ខាត ទោះ​កាលៈទេសៈ​ណា​ក៏ដោយ។ លោក បៃដិន អះអាង​ថា លោក​សង្ឃឹម​ថា​សមាជិក​សភា​នឹង​ប្រជុំ​អនុម័ត​លើ​កញ្ចប់​ជំនួយ​សម្រាប់​យោធា​អ៊ុយក្រែន និង​ជំនួយ​ផ្សេងៗ​ទៀត​នៅ​ពេល​ឆាប់ៗ​នេះ។

លោក បៃដិន បាន​បញ្ជាក់​ដូចនេះ​អំឡុង​លោក​សន្ទនា​គ្នា​តាម​ទូរសព្ទ​ជាមួយ​លោក ហ្សេឡេនស្គី កាលពី​ថ្ងៃ​សៅរ៍ ទី​១៧ ខែ​កុម្ភៈ ក្រោយពី​ការ​របូត​ទីក្រុង Avdiivka ធ្លាក់​នៅ​ក្នុង​ដៃ​កងទ័ព​រុស្ស៊ី។

សម្រាប់​លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី បាន​ថ្លែង​សារ​អបអរ​សាទរ​កងទ័ព​របស់​លោក ដែល​វាយ​យក​បាន​ទីក្រុង Avdiivka។ លោក ពូទីន ចាត់ទុក​ជា​ជោគជ័យ​មួយ​ដ៏​សំខាន់​សម្រាប់​ប្រទេស​រុស្ស៊ី។

រដ្ឋាភិបាល​លោក ហ្សេឡេនស្គី និង​អគ្គបញ្ជាការ​កងទ័ព​អ៊ុយក្រែន បាន​សម្រេច​ឱ្យ​កងទ័ព​ដែល​ប្រយុទ្ធ​នៅ​ទីក្រុង Avdiivka ដក​ទ័ព​ចេញពី​សមរភូមិ​មួយ​នេះ ដោយ​តាម​ក្បួន​យុទ្ធសាស្ត្រ​របស់​កងទ័ព គឺជា​ការ​បញ្ចៀស​ការ​ស្លាប់​កងទ័ព​ច្រើន​ហួស​ប្រមាណ។

ទីក្រុង Avdiivka ស្ថិត​នៅ​ក្នុង​ខេត្ត​ដូណេត នៅ​ភាគ​ខាងកើត។ វា​ជា​សមរភូមិ​យុទ្ធសាស្ត្រ​ក្នុង​ខេត្ត​នេះ​ដែល​រុស្ស៊ី ព្យាយាម​វាយ​កាន់កាប់​ជាង ៩​ខែ​មក​ហើយ​ពី​កងទ័ព​អ៊ុយក្រែន។ តាម​សេចក្ដី​រាយការណ៍​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC ទីក្រុង​មួយ​នេះ​បាន​ធ្លាក់​ក្នុង​ដៃ​កងទ័ព​រុស្ស៊ី នៅ​ថ្ងៃទី​១៦ កុម្ភៈ។

តែ​ជាមួយ​គ្នា​នេះ សារព័ត៌មាន​នៃ​ប្រទេស​អ៊ុយក្រែន ដែល​បាន​ស្រង់​តួលេខ​ចេញពី​កងទ័ព​អ៊ុយក្រែន បាន​ឱ្យ​ដឹង​ថា មុន​នឹង​រុស្ស៊ី វាយ​យក​បាន​ទីក្រុង Avdiivka រុស្ស៊ី​បាន​បាត់បង់​រថក្រោះ រថពាសដែក និង​កាំភ្លើង​ធំ​ដល់​ទៅ ៤០០​គ្រឿង និង​បាត់បង់​កងទ័ព​ជាច្រើន​ម៉ឺន​នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស