35 C
Phnom Penh

ការ​ស្ទង់មតិ​មួយ​បង្ហាញ​ថា​អ៊ុយក្រែន​មាន​លទ្ធភាព​តែ ១០% ក្នុង​ការ​ឈ្នះ​សង្គ្រាម​ប្រឆាំង​នឹង​រុស្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រុស្ស៊ី បាន​បើក​ការ​ឈ្លានពាន​អ៊ុយក្រែន នៅ​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ ដែល​នៅ​ពេលនេះ​នៅ​សល់​តែ​មួយ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន នឹង​ឈាន​ចូល​ឆ្នាំ​ទី​បី។

ក្នុង​ស្ថានភាព​ដែល​រុស្ស៊ី ចាប់ផ្ដើម​មាន​ប្រៀប​ជាង​អ៊ុយក្រែន នៅ​លើ​សមរភូមិ ការ​ស្ទង់មតិ​មួយ​របស់​ក្រុមប្រឹក្សា​អឺរ៉ុប​នៃ​ទំនាក់ទំនង​អន្តរជាតិ បាន​បង្ហាញ​ថា ភាព​ឈ្នះ​សង្គ្រាម​របស់​អ៊ុយក្រែន មាន​ឱកាស​តិចតួច​ណាស់។

ការ​ស្ទង់មតិ​របស់​ក្រុមប្រឹក្សា​អឺរ៉ុប បាន​និយាយ​ថា ពលរដ្ឋ​ក្នុង​ទ្វីប​អឺរ៉ុប​មាន​ជំនឿ​ត្រឹមតែ ១០% ទេ ដែល​ថា​អ៊ុយក្រែន អាច​ឈ្នះ​សង្គ្រាម​លើ​រុស្ស៊ី ហើយ​ជិត ២០% និយាយ​ថា រុស្ស៊ី​នឹង​ឈ្នះ​លើ​សង្គ្រាម​ក្នុង​ទឹកដី​អ៊ុយក្រែន ប៉ុន្តែ ៣៧% ឆ្លើយ​ថា​សង្គ្រាម​នឹង​បញ្ចប់​ទៅ​វិញ​បាន​ដោយសារ​តែ​មាន​ការ​ធ្វើ​សម្បទាន​ទឹកដី​ពី​អ៊ុយក្រែន។

ការ​ស្ទង់មតិ​របស់​ក្រុមប្រឹក្សា​អឺរ៉ុប ធ្វើ​ឡើង​ទៅ​លើ​ពលរដ្ឋ​ជាង ១​ម៉ឺន ៧​ពាន់​នាក់​នៅ ១២​ប្រទេស ហើយ​ធ្វើ​ឡើង​កាលពី​ខែ​មករា ឆ្នាំ​២០២៤។ នេះ​បើ​តាម​សារព័ត៌មាន​សហរដ្ឋ​អាមេរិក Politico ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២២ កុម្ភៈ។

ការ​ស្ទង់មតិ​នេះ ធ្វើឡើង​បន្ទាប់ពី​អ៊ុយក្រែន ទទួល​ស្គាល់​នូវ​ភាព​ស្វិតស្វាញ​លំបាក​នៅ​លើ​សមរភូមិ​ក្នុង​ស្ថានភាព​នៃ​ជំនួយ​យោធា​របស់​ពួក​បស្ចិម​ប្រទេស និង​សហរដ្ឋ​អាមេរិក​មិន​មាន​ភាព​រលូន​ដូច​បណ្ដា​ខែ​មុនៗ។

ចំ​ពេល​នេះ​ទៀត រុស្ស៊ី​បាន​បង្កើន​ការ​វាយប្រហារ​ដណ្តើម​យក​ទីតាំង​មួយ​ដ៏​សំខាន់ គឺ​ទីក្រុង Avdiivka នៅ​ក្នុង​តំបន់​ដុនបាស​ភាគ​ខាងកើត។ ការ​បាត់បង់​ទីក្រុង​ដ៏​សំខាន់​នេះ មាន​សេចក្តី​រាយការណ៍​ថា កងទ័ព​អ៊ុយក្រែន ប្រមាណ​ពី ៨៥០ ដល់ ១​ពាន់​នាក់ បាន​បាត់​ខ្លួន និង​ត្រូវ​បាន​ចាប់​ជា​ឈ្លើយសឹក ខណៈ​ត្រូវ​កងទ័ព​រុស្ស៊ី វាយ​ខ្ទប់​យ៉ាង​ខ្លាំង។

ការ​បាត់​ខ្លួន​កងទ័ព​អ៊ុយក្រែន​ជាច្រើន​រយ​នាក់​នេះ នៅ​មុន​ខួប​គម្រប់ ២​ឆ្នាំ​នៃ​ការ​ឈ្លានពាន​របស់​រុស្ស៊ី ឈាន​ចូល​ឆ្នាំ​ទី​៣ នៅ​ថ្ងៃទី​២៤ កុម្ភៈ។

ការ​ចូល​គ្រប់គ្រង​របស់​រុស្ស៊ី ក្នុង​ក្រុង Avdiivka ត្រូវ​គេ​ចាត់ទុក​ថា​ជា​ការ​បាត់បង់​យុទ្ធសាស្ត្រ​របស់​កងទ័ព​អ៊ុយក្រែន។

ការ​បាត់បង់​ទីក្រុង Avdiivka បាន​នាំ​ឱ្យ​មាន​ការ​រិះគន់​ខ្លាំង​ទៅ​លើ​សហរដ្ឋ​អាមេរិក ជាពិសេស​ក្រុម​សមាជិក​សភា​មកពី​បក្ស​សាធារណរដ្ឋ ដែល​ធ្វើ​ឱ្យ​រាំងស្ទះ​ជំនួយ ៦១​ពាន់​លាន​ដុល្លារ​របស់​រដ្ឋការ​លោក ចូ បៃដិន សម្រាប់​អ៊ុយក្រែន ហើយ​ខណៈ​នេះ​ទៀត គម្រោង​ជំនួយ​នេះ​កំពុង​ជាប់​គាំង​ក្នុង​ស្ថាប័ន​សភា​តំណាងរាស្ត្រ។

ការ​បាត់បង់​ទីក្រុង Avdiivka បាន​នាំ​ឱ្យ​មាន​ក្តី​បារម្ភ​នូវ​រូបភាព​មិន​ច្បាស់លាស់​នៃ​គោលដៅ​វាយ​បក​របស់​កងទ័ព​អ៊ុយក្រែន ដើម្បី​បន្ត​ប្រយុទ្ធ​ក្នុង​ឆ្នាំ​ទី​បី។

តែ​ជាមួយ​គ្នា​នេះ សហភាព​អឺរ៉ុប​បាន​អនុម័ត​នូវ​ការ​ដាក់​ចេញ​នូវ​កញ្ចប់​ទណ្ឌកម្ម​ទី​១៣ ប្រឆាំង​រុស្ស៊ី ដោយ​កំណត់​គោលដៅ​លើ​ក្រុម​បុគ្គល និង​អាជីវកម្ម​ដែល​ជួយ​របប​ក្រុង​មូស្គូ ធ្វើ​សង្គ្រាម​នៅ​អ៊ុយក្រែន។ ការ​សម្រេច​នេះ ធ្វើឡើង​ខណៈ​ដែល​ជិត​ដល់​ខួប ២​ឆ្នាំ​នៃ​ការ​ឈ្លានពាន​របស់​រុស្ស៊ី ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២។

នៅ​ឆ្នាំ​២០២៤ នេះ ប្រទេស​បែលហ្សិក កាន់​តំណែង​ជា​ប្រធាន​នៃ​ក្រុម​សហគមន៍​អឺរ៉ុប ២៧​ប្រទេស។ ប្រទេស​បែលហ្សិក បាន​និយាយ​ថា នេះ​ជា​កញ្ចប់​ទណ្ឌកម្ម​ដ៏​ធំ​មួយ​ដែល​អនុម័ត​ដោយ​សហភាព​អឺរ៉ុប។ បើ​តាម​ក្រុម​អ្នក​ការទូត ឯកអគ្គរដ្ឋទូត​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប បាន​យល់​ស្រប​គ្នា​ដាក់​ចេញ​នូវ​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន និង​បុគ្គល​ប្រហែល ២០០ ក្នុង​នោះ​ក៏​មាន​ក្រុមហ៊ុន​ចិន​មួយ​ចំនួន​ដែល​សង្ស័យ​ថា​បាន​ជួយ​រុស្ស៊ី ធ្វើការ​ឈ្លានពាន​អ៊ុយក្រែន។

កញ្ចប់​ទណ្ឌកម្ម​ថ្មី​នេះ នឹង​ពង្រឹង​ការ​រឹតត្បិត​លើ​ពាណិជ្ជកម្ម​ប្រឆាំង​នឹង​អង្គភាព​ដែល​ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​យោធា​រុស្ស៊ី ជាមួយ​នឹង​ការ​បន្ថែម​ការ​ហាមឃាត់​លើ​ការ​នាំចេញ​ទៅ​កាន់​រុស្ស៊ី ដូចជា​សម្ភារៈ​បច្ចេកវិទ្យា​ទំនើប​សម្រាប់​ផលិត​យន្តហោះ​ដ្រូន ជាដើម។

អ្នកស្រី Ursula von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប បាន​បញ្ជាក់​ថា អ្នកស្រី​សូម​ស្វាគមន៍​ចំពោះ​ការ​ព្រមព្រៀង​គ្នា​លើ​ទណ្ឌកម្ម​ទី​១៣ នេះ ហើយ​ត្រូវ​បន្ត​រារាំង​ដល់​ដំណើរការ​សង្គ្រាម​របស់​លោក ពូទីន រហូត​រុស្ស៊ី បិទ​បញ្ចប់​ការ​ឈ្លានពាន​អ៊ុយក្រែន។

សហភាព​អឺរ៉ុប បាន​ចេញ​នូវ​ទណ្ឌកម្ម​ជាច្រើន​ប្រឆាំង​រុស្ស៊ី ចាប់តាំងពី​សង្គ្រាម​នៅ​អ៊ុយក្រែន ផ្ទុះ​ឡើង​ដោយ​កំណត់​គោលដៅ​លើ​វិស័យ​ថាមពល ធនាគារ ក្រុមហ៊ុន​ជីក​យក​រ៉ែ​ពេជ្រ​ដ៏​ធំ​របស់​រុស្ស៊ី អាជីវកម្ម និង​ទីផ្សារ រួម​ទាំង​ការ​បង្កក​ទ្រព្យសម្បត្តិ និង​ហាមឃាត់​ការ​ធ្វើ​ដំណើរ​របស់​មន្ត្រី​សំខាន់ៗ​រុស្ស៊ី។

ក្នុង​ពេលនេះ សហភាព​អឺរ៉ុប​ក៏​បាន​អនុម័ត​នូវ​វិធាន​ផ្លូវ​ច្បាប់​ដែល​នឹង​រឹបអូស​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី ដែល​មាន​នៅ​លើ​ទឹកដី​អឺរ៉ុប ហើយ​គិត​ជា​ទំហំ​សាច់ប្រាក់​ប្រមាណ​ជា ៣០០​ពាន់​លាន​ដុល្លារ​អាមេរិក។

ស្រប​ពេលនេះ​ទៀត សហរដ្ឋ​អាមេរិក និង​ប្រទេស​ឧស្សាហកម្ម G-7 ក៏​បាន​សម្រេច​ថា​នឹង​បង្កើត​ច្បាប់​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​នឹង​រុស្ស៊ី ដោយ​បង្កក និង​រឹបអូស​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី​ទាំងអស់​ដែល​មាន​នៅ​បណ្ដា​ប្រទេស G-7។ ប្រទេស G-7 មាន​សហរដ្ឋ​អាមេរិក អាល្លឺម៉ង់ អង់គ្លេស ជប៉ុន បារាំង កាណាដា និង​អ៊ីតាលី។

វិធានការ​នេះ សំដៅ​ជួយ​អ៊ុយក្រែន ឱ្យ​មាន​លទ្ធភាព​ប្រើប្រាស់​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី និង​លើក​ទឹកចិត្ត​អ៊ុយក្រែន ក្លាយ​ជា​ដៃគូ​ផលិត​អាវុធ​ដើម្បី​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស