39 C
Phnom Penh

គ្រួសារ​ទារក​រងគ្រោះ​ពី​ការ​ប្រើ​ម្សៅ​ទឹកដោះគោ នូទ្រីលេត ២១​គ្រួសារ​អង្វរ​សុំ​នាយករដ្ឋមន្ត្រី​ជួយ​អន្តរាគមន៍​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​សង​ជំងឺចិត្ត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គ្រួសារ​ដែល​មាន​កូន​រងគ្រោះ​ពី​ការ​ប្រើប្រាស់​ម្សៅ​ទឹកដោះគោ នូទ្រីលេត (Nutrilatt) ជាង ២០​គ្រួសារ (២១​គ្រួសារ) អង្វរ​សុំ​ឱ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ជួយ​អន្តរាគមន៍​ឱ្យ​ម្ចាស់​ក្រុមហ៊ុន នូទ្រីលេត ម៉ាស្ទ័រ អិលអឹម (Nutrilatt Master LM Co. LTD) អ្នកស្រី ខុន កែវកេសី ផ្តល់​សំណង​ជំងឺចិត្ត​ដល់​ពួកគេ ក្រោយ​ពី​សំណុំរឿង​នេះ​អូស​បន្លាយ​អស់​ជិត ៤​ឆ្នាំ និង​ជាប់​គាំង​នៅ​តុលាការ​កំពូល​សព្វថ្ងៃ​នេះ។

អាណាព្យាបាល​ទារក​រងគ្រោះ​ពី​ការ​ប្រើ​ម្សៅ​ទឹកដោះគោ នូទ្រីលេត (Nutrilatt) របស់​ក្រុមហ៊ុន នូទ្រីលេត ម៉ាស្ទ័រ អិលអឹម បាន​ដាក់​ញត្តិ​ជូន​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត កាលពី​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដែល​ភ្ជាប់​នូវ​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ដ​ម្សៅ​ទឹកដោះគោ​ចិញ្ចឹម​ទារក​នូទ្រីលេត និង​សាលក្រម​តុលាការ ដោយ​អះអាង​ថា ក្រោយ​កូនៗ​របស់​ពួកគេ​ប្រើប្រាស់​ម្សៅ​ទឹកដោះគោ​នូទ្រីលេត តាំងពី​ឆ្នាំ​២០១៩ មក បាន​ធ្វើ​ឱ្យ​ទារក​ទាំងនោះ​ខ្វះ​គ្រាប់​ឈាម​ក្រហម ខ្វះ​ជាតិ​ដែក និង​ខ្វះ​ជាតិ​ស័ង្កសី​ធ្ងន់ធ្ងរ។

ប្រភព​ដដែល​រៀបរាប់​ថា នៅ​អំឡុង​ឆ្នាំ​២០២០ អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (កបប) បាន​ចុះ​ទៅ​បង្ក្រាប​ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ នូទ្រីលេត (Nutrilatt) ដែល​ជា​ទីតាំង​ចែកចាយ​ម្សៅ​ទឹកដោះគោ​នេះ និង​បាន​រក​ឃើញ​ថា ម្សៅ​ទឹកដោះគោ​នេះ​ពិត​ជា​ផលិតផល​ក្លែងក្លាយ​ប្រាកដ​មែន ក្នុង​នោះ​អាណាព្យាបាល​ទារក​រងគ្រោះ​ទាំង​ជាង ២០​គ្រួសារ (២១​គ្រួសារ) ក៏​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២០ ដើម្បី​រក​យុត្តិធម៌​ផង​ដែរ។

ក្រុម​អាណាព្យាបាល​នៃ​ទារក​រងគ្រោះ​អះអាង​ថា ក្រោយ​ទទួល​បាន​ពាក្យ​បណ្តឹង តុលាការ​ក៏​បន្ត​នីតិវិធី​ជា​បន្តបន្ទាប់​រហូត​ដល់​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០២២ និង​បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ម្ចាស់​ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ នូទ្រីលេត (Nutrilatt) អ្នកស្រី ខុន កែវកេសី ឱ្យ​ជាប់​ពន្ធនាគារ ១០​ខែ និង​ពិន័យ​ជា​ប្រាក់ ៨​លាន​រៀន​ចូល​រដ្ឋ និង​តម្រូវ​ឱ្យ​សង​ជំងឺចិត្ត​ដល់​គ្រួសារ​រងគ្រោះ​ចាប់ពី ១​ម៉ឺន​ដុល្លារ​ដល់ ២​ម៉ឺន​ដុល្លារ​អាមេរិក តាម​ភាព​ជាក់ស្តែង ទៅ​ដល់​គ្រួសារ​ទាំង ២១​គ្រួសារ​នេះ​ផង​ដែរ ដែល​គិត​ជា​ទឹកប្រាក់​សរុប​មាន​ចំនួន​ជាង ៣០​ម៉ឺន​ដុល្លារ​អាមេរិក (៣៤៩៣៩៣​ដុល្លារ​អាមេរិក)។

អាណាព្យាបាល​ទារក​រងគ្រោះ​ទាំង ២១​គ្រួសារ ក៏​បាន​អំពាវនាវ​សុំ​ឱ្យ​ស្ថាប័ន​តុលាការ​ពន្លឿន​សំណុំរឿង​នេះ ដើម្បី​ជួយ​រក​យុត្តិធម៌​ឱ្យ​ពួកគេ​ដែល​បាន​រងគ្រោះ​ដោយ​ការ​ខូចខាត​ទាំង​ទ្រព្យសម្បត្តិ លុយកាក់ ពេលវេលា និង​សុខភាព​កូនៗ​របស់​ពួកគេ ក្រោយ​បរិភោគ​ម្សៅ​ទឹកដោះគោ នូទ្រីលេត (Nutrilatt) របស់​ក្រុមហ៊ុន នូទ្រីលេត ម៉ាស្ទ័រ អិលអឹម នេះ។ ជាង​នេះ​ទៀត ក៏​ដើម្បី​បង្ហាញ​អំពី​ការ​រួម​ចំណែក​ក្នុង​ការ​ជួយ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​លើ​សុវត្ថិភាព​ផលិតផល​ទារក និង​កុមារ​ដែល​បាន​នាំចូល​មក​ចែកចាយ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។

ការ​អំពាវនាវ​នេះ ធ្វើឡើង​បន្ទាប់ពី​តុលាការ​កំពូល​ពន្យារ​ពេល​ប្រកាស​សាលក្រម​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​ម្សៅ​ទឹកដោះគោ នូទ្រីលេត តាំង​ពី​ចុង​ឆ្នាំ​២០២៣ រហូត​ដល់​ពេលនេះ។

កាលពី​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០២២ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ នូទ្រីលេត ម៉ាស្ទ័រ អិលអឹម អ្នកស្រី ខុន កែវកេសី ចាញ់​ក្តី ដោយ​សម្រេច​ដាក់​ពន្ធនាគារ​រយៈពេល ១០​ខែ និង​ពិន័យ​ថវិកា​ចូល​រដ្ឋ ៨​លាន​រៀល ព្រមទាំង​តម្រូវ​ឱ្យ​ផ្តល់​សំណង​ជំងឺចិត្ត​ដល់​គ្រួសារ​កុមារ​រងគ្រោះ​ចំនួន ២១​នាក់ ចាប់ពី​ជាង ១​ម៉ឺន​ដុល្លារ​អាមេរិក​រហូត​ដល់​ជាង ២​ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​គ្រួសារ​រងគ្រោះ​នីមួយៗ តាម​មាត្រា​២១ និង​មាត្រា​៦៣ នៃ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​គុណភាព សុវត្ថិភាព​លើ​ផលិតផល​ទំនិញ និង​សេវា បន្ទាប់ពី​រក​ឃើញ​ថា​ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ នូទ្រីលេត ផ្សាយ​ពាណិជ្ជកម្ម​កុហក ក្លែងបន្លំ​សុវត្ថិភាព​ផលិតផល​របស់​ខ្លួន​កាលពី​អំឡុង​ឆ្នាំ​២០១៩។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០២៣ សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ ក៏​បាន​ប្រកាស​សាលក្រម​ដោយ​ចាត់ទុក​សាលក្រម​សាលាដំបូង​ទុក​ជា​បាន​ការ​ដែរ ប៉ុន្តែ​នៅ​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៣ អ្នកស្រី ខុន កែវកេសី បាន​ប្តឹង​ជំទាស់​នឹង​សាល​ដីកា​សាលា​ឧទ្ធរណ៍ ទៅ​តុលាការ​កំពូល ខណៈ​តុលាការ​កំពូល ក៏​គ្រោង​នឹង​បើក​សវនាការ​លើ​សំណុំរឿង​នេះ​នៅ​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៣ ដែរ ប៉ុន្តែ​សវនាការ​នេះ ត្រូវ​ពន្យារ​ពេល​ទៅវិញ បន្ទាប់ពី​មេធាវី​តំណាង​ឱ្យ​ចុងចោទ​បាន​ចោទប្រកាន់​ករណី​នេះ​ទៅ​កាន់​ក្រសួង​សុខាភិបាល ថា​ជា​ដើមហេតុ​ដែល​បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​កូនក្ដី​របស់​ខ្លួន​ចែកចាយ​ផលិតផល​ម្សៅ​ទឹកដោះគោ នូទ្រីលេត នេះ រួម​ទាំង​ករណី​មួយ​ចំនួន​ទៀត ដែល​ជា​ហេតុ​បាន​ធ្វើ​ឱ្យ​តុលាការ​កំពូល​ពន្យារ​ពេល​ប្រកាស​សាលក្រម​លើ​សំណុំរឿង​នេះ​រហូត​មក​ដល់​ពេលនេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២០ ម្ចាស់​ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ នូទ្រីលេត ម៉ាស្ទ័រ អិលអឹម អ្នកស្រី ខុន កែវកេសី បាន​ចេញ​លិខិត​សុំទោស​មួយ​ច្បាប់​ទៅ​កាន់​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (កបប) ថា ខ្លួន​ពិត​ជា​សោកស្តាយ​ជា​ពន់ពេក​ចំពោះ​កំហុស​អចេតនា​របស់​ក្រុមហ៊ុន ពាក់ព័ន្ធ​នឹង​គុណភាព​នៃ​សមាសធាតុ​ផ្សំ​ក្នុង​ម្សៅ​ទឹកដោះគោ​ម៉ាក នូទ្រីលេត ដែល​បាន​ផលិត និង​ចែកចាយ​កន្លង​មក។

សារព័ត៌មាន The Cambodia Daily មិន​អាច​ទាក់ទង​ម្ចាស់​ក្រុមហ៊ុន ម្សៅ​ទឹកដោះគោ នូទ្រីលេត អ្នកស្រី ខុន កែវកេសី ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ករណី​នេះ​បាន​នៅឡើយ​ទេ​រហូត​ដល់​ម៉ោង​ផ្សាយ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស