35 C
Phnom Penh

លោក អ៊ុំ សំអាន៖ គណៈរដ្ឋមន្ត្រី​ថ្មី​នៃ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ជា​ការ​ផ្ទេរ​អំណាច​បន្ត​ពូជ​ចាក់ស្រេះ​ក្នុង​រង្វង់​សែស្រឡាយ​បក្ខពួក​អ្នក​មាន​អំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា​គណៈរដ្ឋមន្ត្រី​ថ្មី​នៃ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត គឺ​គ្រាន់តែ​ជា​ការ​ផ្ទេរ​អំណាច​បន្ត​ពូជ​ចាក់ស្រេះ​ក្នុង​រង្វង់​សែស្រឡាយ​បក្ខពួក​អ្នក​មាន​អំណាច​ពី​ថ្នាក់​លើ​ដល់​ថ្នាក់​ក្រោម​ប៉ុណ្ណោះ មិនមែន​ជា​ធនធាន​មនុស្ស​សម្រាប់​ដឹកនាំ​ប្រទេស​ជាតិ​នោះ​ទេ។

លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ​ថា គណៈរដ្ឋមន្ត្រី​ថ្មី​ដែល​លោក ហ៊ុន ម៉ាណែត កំពុង​ដឹកនាំ​សុទ្ធសឹងតែ​ជា​ចង្កោម​សាច់ញាតិ សែស្រឡាយ និង​បក្ខពួក​គូកន​ក្នុង​ក្រុម​គ្រួសារ​អ្នក​មាន​អំណាច​ដែល​ឪពុក​របស់​ពួកគេ​រៀបចំ​ប៉ុណ្ណោះ ក្នុង​នោះ លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​រៀបចំ​ឱ្យ​លោក ហ៊ុន ម៉ាណែត កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​បន្ត​ពី​ខ្លួន។

ចំណែក​លោក ហ៊ុន ម៉ានី ត្រូវ​បាន​រៀបចំ​ឱ្យ​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ ផង និង​កាន់​តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី​ផង។ ដោយឡែក​លោក ហ៊ុន ម៉ានិត ក៏​ត្រូវ​បាន​រៀបចំ​ឱ្យ​កាន់​តំណែង​ជា​មេបញ្ជាការ​រង​នៃ​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​ថែម​ទៀត។

ក្រៅពី​លោក ហ៊ុន សែន អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អតីត​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក ទៀ បាញ់ អតីត​អគ្គទេសាភិបាល​នៃ​ធនាគារ​ជាតិ​កម្ពុជា​លោក ជា ចាន់តូ និង​អតីត​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក លឹម គានហោ ក៏​បាន​រៀបចំ​ឱ្យ​កូនៗ​របស់​ពួកគេ​បន្ត​តំណែង​ពី​ខ្លួន​ដែរ ក្នុង​នោះ៖

  • លោក ស សុខា កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ
  • លោក ទៀ សីហា កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ
  • លោក ថោ ជេដ្ឋា កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម
  • និង​អ្នកស្រី ជា សិរី កាន់​តំណែង​ជា​អគ្គទេសាភិបាល​នៃ​ធនាគារ​ជាតិ​កម្ពុជា​ផង​ដែរ។

ក្រៅពី​ការ​រៀបចំ​កូនៗ​ឱ្យ​បន្ត​តំណែង​ពី​ឪពុក មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ថ្មី​នេះ​ផ្សេង​ទៀត​ក៏​បាន​រៀបចំ​កូនៗ​របស់​ពួកគេ និង​សាច់ញាតិ ឱ្យ​កាន់​តំណែង​នៅ​តាម​ក្រសួង​ស្ថាប័ន​សំខាន់ៗ​ផ្សេងៗ​ដែរ ដូចជា៖

  • លោក ឌិត មុន្ទី អតីត​ប្រធាន​តុលាការ​កំពូល រៀបចំ​ឱ្យ​លោក ឌិត ទីណា កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ
  • លោក ឆាយ ថន អតីត​រដ្ឋមន្ត្រី​ក្រសួង​ផែនការ រៀបចំ​ឱ្យ​លោក ឆាយ ឫទ្ធិសែន កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ
  • លោក ចម ប្រសិទ្ធ អតីត​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម រៀបចំ​ឱ្យ​អ្នកស្រី ចម និមល កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម
  • លោក ប្រាក់ សុខុន អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស រៀបចំ​ឱ្យ​លោក ហែម វណ្ឌី ដែល​ជា​កូនប្រសា កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម
  • លោក ប៊ិន ឈិន អតីត​រដ្ឋមន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី រៀបចំ​ឱ្យ​លោក ប៊ិន ត្រឈៃ កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ផែនការ
  • ចំណែក​កូនប្រុស​អតីត​ប្រធាន​រដ្ឋសភា​លោក ជា ស៊ីម គឺ​លោក ជា សុមេធា ក៏​ត្រូវ​បាន​រៀបចំ​ឱ្យ​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ដែរ។

ចំណែក​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា បាន​រៀបចំ​ឱ្យ​លោក សាយ សំអាល់ កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា អតីត​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រៀបចំ​ឱ្យ​កូនប្រសា​របស់​គាត់ គឺ​លោក អ៊ាង សុផល្លែត កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន កូនប្រុស​លោក សុខ អាន គឺ​លោក សុខ សូកេន ក៏​ត្រូវ​បាន​រៀបចំ​ឱ្យ​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ដែរ។

ជាង​នេះ​ទៀត អ្នកស្រី ម៉ែន សំអន អតីត​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច បាន​រៀបចំ​ឱ្យ​លោក ប៉េង ពោធិ៍នា កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

លោក នេត សាវឿន ដែល​ជា​ក្មួយ​ប្រសា​លោក ហ៊ុន សែន ត្រូវ​បាន​រៀបចំ​ឱ្យ​កាន់​តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី ខណៈ​លោក ទុយ រី ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន ក៏​បាន​រៀបចំ​ឱ្យ​កូនប្រសា​របស់​គាត់ គឺ​លោក នេត្រ ភក្ដ្រា កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ដែរ។

លើស​ពី​នេះ លោក យ៉េត ចរិយា អគ្គ​ព្រះរាជអាជ្ញា​រង​តុលាការ​កំពូល បាន​រៀបចំ​ឱ្យ​លោក កើត រិទ្ធ ដែល​ត្រូវ​ជា​កូនប្រសា កាន់​តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ចំណែក​ក្មួយ​ប្រសា​អ្នកស្រី ប៊ុន រ៉ានី គឺ​លោក ឈាង រ៉ា ក៏​ត្រូវ​បាន​រៀបចំ​ឱ្យ​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ដែរ។

លោក អ៊ុំ សំអាន បញ្ជាក់​ថា ក្រៅពី​ការ​តែងតាំង​សាច់ញាតិ​សែស្រឡាយ​បក្ខពួក​ខ្លួនឯង​ឱ្យ​កាន់​តំណែង​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល ពួកគេ​ក៏​ប្រើ​វិធីសាស្ត្រ​ផ្សា​សាច់​ភ្ជាប់​ឈាម​តាមរយៈ​នៃ​ចំណង​អាពាហ៍ពិពាហ៍​រវាង​កូនៗ​របស់​ពួកគេ​ដែរ ដូចជា លោក សុខ ពុទ្ធិវុធ កូនប្រុស​លោក សុខ អាន រៀបការ​ជាមួយ​អ្នកស្រី ហ៊ុន ម៉ាលី កូនស្រី​លោក ហ៊ុន សែន។

ចំណែក​កូនប្រុស​លោក ហុក ឡង់ឌី គឺ​លោក ឌី វិជ្ជា ដែល​ជា​អតីត​ស្វាមី​អ្នកស្រី ហ៊ុន គឹមឡេង ក៏​បាន​រៀបការ​ជាមួយ​អ្នកស្រី ហ៊ុន ម៉ាណា កូនស្រី​លោក ហ៊ុន សែន ដែរ។ ជាង​នេះ​ទៀត លោក ហ៊ុន ម៉ាណែត កូនប្រុស​លោក ហ៊ុន សែន ក៏​បាន​រៀបការ​ជាមួយ​អ្នកស្រី ពេជ្រ ច័ន្ទមុន្នី កូនស្រី​របស់​លោក ពេជ្រ សោភ័ណ ដែល​ជា​ទេសរដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ថ្មី​នេះ។

ដោយឡែក​លោក ហ៊ុន ម៉ានិត បាន​រៀបការ​ជាមួយ​អ្នកស្រី ហុក ចិន្តាវី កូនស្រី​របស់​លោក ហុក ឡង់ឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ លោក ហ៊ុន ម៉ានី ក៏​បាន​រៀបការ​ជាមួយ​អ្នកស្រី យឹម ឆៃលីន កូនស្រី​សមាជិក​ឧត្តម​ទីប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​លោក យឹម ឆៃលី ផង​ដែរ។

ក្រៅពី​ការ​ភ្ជាប់​សាច់​ភ្ជាប់​ឈាម​ប្រទាក់ក្រឡា​គ្នា​ក្នុង​រង្វង់​គ្រួសារ​លោក ហ៊ុន សែន មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួ​រដ្ឋាភិបាល​ផ្សេង​ទៀត ក៏​នាំគ្នា​យក​គំរូ​តាម​លោក ហ៊ុន សែន បែប​នេះ​ដែរ ដូចជា​កូនប្រុស​លោក យឹម ឆៃលី គឺ​លោក យឹម លាង អគ្គស្នងការ​រង​នគរបាល​ជាតិ រៀបការ​ជាមួយ​កូនស្រី​លោក ជា សុផារ៉ា គឺ​អ្នកស្រី ជា សុផាម៉ាដែន ជាដើម ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​អំណាច​ក្រុម​គ្រួសារ​របស់​ពួកគេ​រឹងមាំ​ចាក់ស្រេះ​ក្នុង​ការ​គ្រប់គ្រង​ប្រទេស​កម្ពុជា​ទៅ​ថ្ងៃ​មុខ។

ក្រុម​អ្នក​ឃ្លាំមើល​ព្រមាន​ថា ការ​គ្រប់គ្រង​ដឹកនាំ​ប្រទេស​របស់​លោក ហ៊ុន ម៉ាណែត មាន​លក្ខណៈ​ដូច​គ្នា​ទៅ​នឹង​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន បេះបិទ ដែល​ជា​ការ​ដឹកនាំ​ដោយ​ការ​ចង​សម្ព័ន្ធ​រវាង​មនុស្ស និង​មនុស្ស ដែល​ជា​សែស្រឡាយ បក្ខពួក​របស់​ខ្លួន ដោយ​ការ​ផ្តល់​ឋានៈ​បុណ្យ​ស័ក្តិ លាភ​សក្ការៈ​តួនាទី មុខតំណែង ដើម្បី​ការពារ​គ្នា​ទៅវិញ​ទៅមក​ក្នុង​ការ​ក្តោប​ក្តាប់​ប្រទេស​កម្ពុជា​ជា​លក្ខណៈ​គ្រួសារ​យូរ​អង្វែង​ទៅ​ថ្ងៃ​មុខ ដូច​ដែល​លោក ហ៊ុន សែន បាន​គ្រប់គ្រង​ប្រទេស​កម្ពុជា​ជាង ៤០​ឆ្នាំ​កន្លង​មក​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស