30.8 C
Phnom Penh

ហ្វីលីពីន​ថា​មិន​ត្រូវការ​សន្តិភាព​ពី​អ្នក​ឈ្លានពាន​ទេ ខណៈ​ចិន​បញ្ជូន​នាវាចម្បាំង​៥០​គ្រឿង​ចូល​ដែន​ទឹក​របស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​ហ្វីលីពីន លោក Ferdinand Romualdez Marcos Jr. បាន​ប្រាប់​សភា​អូស្ត្រាលី នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែ​កុម្ភៈ នេះ​ថា ប្រទេស​របស់​លោក​នៅ​ពេលនេះ​កំពុង​ស្ថិត​នៅ​លើ​សមរភូមិ​នៃ​ការ​ប្រយុទ្ធ​តស៊ូ​មួយ​ដើម្បី​សន្តិភាព​ក្នុង​តំបន់។

ការ​ថ្លែង​របស់​ប្រធានាធិបតី​ហ្វីលីពីន ធ្វើ​ឡើង​ក្រោយពី​លោក​ទទួល​បាន​ព័ត៌មាន​ពី​កងទ័ព​ឆ្មាំ​ល្បាត​សមុទ្រ​ហ្វីលីពីន ថា នាវាចម្បាំង​ចិន នៅ​ក្នុង​ដែនទឹក​នៃ​សមុទ្រ​របស់​ហ្វីលីពីន អាច​មាន​ដល់​ទៅ ៥០​គ្រឿង។

លោក Marcos Jr. បាន​ប្រាប់​សមាជិក​សភា​អូស្ត្រាលី ថា ហ្វីលីពីន បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​លើ​សមរភូមិ​ប្រឆាំង​នឹង​សកម្មភាព​ដែល​កំពុង​បំផ្លាញ​ដល់​សន្តិភាព​ស្ថិរភាព​ក្នុង​តំបន់ ព្រមទាំង​គំរាម​កំហែង​ដល់​ភាព​រុងរឿង​នៅ​ក្នុង​តំបន់ ហើយ​សម្រាប់​រូបលោក​មិន​ត្រូវការ​សន្តិភាព​ពី​អ្នក​ឈ្លានពាន​ឡើយ។

លោក​បាន​ប្ដេជ្ញា​ថា​នឹង​ប្រកាន់​ជំហរ​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​អធិបតេយ្យ​ជាតិ​របស់​ហ្វីលីពីន។

លោក Marcos Jr. បាន​បញ្ជាក់​ថា លោក​នឹង​មិន​អនុញ្ញាត​ឱ្យ​មហាអំណាច​មួយ​នេះ​ដណ្ដើម​យក​អធិបតេយ្យ​ទឹកដី​របស់​ហ្វីលីពីន បាន​ឡើយ​សូម្បី​តែ​មួយ​ចំអាម។

លោក​បន្ថែម​ថា បញ្ហា​ដែល​កំពុង​ប្រឈម​គឺជា​បញ្ហា​ដ៏​លំបាក​មួយ ប៉ុន្តែ​ហ្វីលីពីន មាន​ការ​ប្ដេជ្ញា​ចិត្ត​ប្រឈម​នឹង​ការ​លំបាក​នេះ ហើយ​នឹង​មិន​ចុះ​ញ៉ម​ដាច់ខាត។

បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP អាជ្ញាធរ​ហ្វីលីពីន នៅ​ក្នុង​សប្ដាហ៍​នេះ​បាន​អះអាង​ពី​ការ​ប្រទះ​ឃើញ​នាវាចម្បាំង​ចិន​ជាច្រើន​គ្រឿង​នៅ​ជុំវិញ​តំបន់​ថ្ម​ប៉ប្រះ​ទឹក​មាន​វិវាទ Scarborough Shoal ដែល​ចិន​អះអាង​ថា​បាន​គ្រប់គ្រង​តាំងពី​ឆ្នាំ​២០១២ មក ប៉ុន្តែ​កាលពី​ឆ្នាំ​២០១៦ មជ្ឈត្តការ​អន្តរជាតិ​ជា​ស្ថាប័ន​យុត្តិធម៌​អង្គការ​សហប្រជាជាតិ ដែល​មាន​យុត្តាធិការ​លើ​ដែន​ជម្លោះ​សមុទ្រ បាន​បើក​សំណុំរឿង​នេះ​ដែល​ប្ដឹង​ដោយ​រដ្ឋាភិបាល​អតីត​ប្រធានាធិបតី​ហ្វីលីពីន ណយ ណយ អាគីណូ ប៉ុន្តែ​ភាគី​ចិន​មិន​បាន​ចូល​ខ្លួន​មក​ការពារ​ក្ដី​នេះ​ទេ។ ទីបំផុត តុលាការ​អន្តរជាតិ​នេះ​សម្រេច​ដោយ​កាត់​ក្ដី​កំបាំង​មុខ​ភាគី​ចិន ហើយ​សម្រេច​ឱ្យ​ហ្វីលីពីន មាន​សិទ្ធិ​ចូល​ទៅ​តំបន់​ជម្លោះ​នោះ ដោយ​ការ​ធ្វើ​អាជីវកម្ម​ផ្សេងៗ​តាម​ច្បាប់​សមុទ្រ​អន្តរជាតិ។

យ៉ាងណា ចិន​ដែល​មិន​ចូល​ខ្លួន​តាម​ដីកា​កោះ​របស់​មជ្ឈត្តការ​អន្តរជាតិ បាន​ទាត់​ចោល​សាលដីកា​នេះ ដោយ​វាយប្រហារ​ថា តុលាការ​នេះ​ពុំ​មាន​សិទ្ធិ និង​សមត្ថកិច្ច​សម្រេច​ការ​កាត់​ក្ដី​សំណុំរឿង​ជម្លោះ​ដែនទឹក​របស់​ចិន និង​ហ្វីលីពីន នោះ​ទេ។ ក្រុង​ប៉េកាំង ថា​វា​ជា​ជម្លោះ​ប្រវត្តិសាស្ត្រ ដែល​ត្រូវ​ដោះស្រាយ​តាម​យន្តការ​ទ្វេភាគី។

រយៈពេល​ចុងក្រោយ​នេះ ដោយសារ​ជម្លោះ​ដែនសមុទ្រ​ជាមួយ​ចិន កាន់តែ​តានតឹង ហើយ​ក្រុង​ប៉េកាំង នៅ​បន្ត​បំពាន​ដែនទឹក​របស់​ហ្វីលីពីន បាន​នាំ​ឱ្យ​ក្រុង​ម៉ានីល សម្រេច​ប្រឈមមុខ​នឹង​មហា​យក្ស​ចិន ទាំង​កងទ័ព ទាំង​ការទូត រហូត​ដល់​កាត់បន្ថយ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទៀត​ផង។

កាលពី​ចុង​ឆ្នាំ​២០២៣ រដ្ឋាភិបាល​ហ្វីលីពីន សម្រេច​ទម្លាក់​ចោល​ការ​ខ្ចី​ប្រាក់​ពី​ប្រទេស​ចិន ដែល​យក​មក​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ និង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ចំនួន ៣​ខ្សែ ដែល​ចិន​បាន​ឱ្យ​ខ្ចី​ក្នុង​អំឡុង​ប្រទេស​ហ្វីលីពីន ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក ដ្រូឌ្រីងហ្គូ ឌូទើតេ ដែល​ជា​ប្រធានាធិបតី​ហ្វីលីពីន កាន់​អំណាច​រយៈពេល ៦​ឆ្នាំ តែ​បុរស​ខ្លាំង​នេះ​ត្រូវ​ចោទ​ថា​ជា​មេដឹកនាំ​ក្រោម​ឥទ្ធិពល​ចិន ឬ​អាយ៉ង​ចិន។

ហ្វីលីពីន អាច​ជា​ប្រទេស​ទី​១ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​សម្រេច​លែង​ខ្ចី​ប្រាក់​ពី​ប្រទេស​ចិន ក្នុង​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​របស់​ចិន Belt and Road Initiative។

រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​នៃ​ប្រទេស​ហ្វីលីពីន Jaime Bautista បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ការ​សម្រេច​ទម្លាក់​ចោល​គម្រោង​ខ្ចី​ប្រាក់​ពី​ចិន ដោយសារតែ​រដ្ឋាភិបាល​ថ្មី​សិក្សា​ឡើងវិញ​ថា​មិន​ចាំបាច់​ខ្ចី​ប្រាក់​ពី​ចិន ទៀត​ឡើយ។ លោក​រដ្ឋមន្ត្រី​ថា គណៈរដ្ឋមន្ត្រី​របស់​លោក Ferdinand Marcos Jr. បាន​សម្រេច​ថា ត្រូវ​ទម្លាក់​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​របស់​ចិន។ បើ​ដូចនេះ​មាន​ន័យ​ថា គម្រោង​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​របស់​ចិន ត្រូវ​បាន​លុប​ចោល ហើយ​ក៏​លែង​បន្ត​ខ្ចី​ប្រាក់​ពី​ចិន ទៀត​ដែរ។

តែ​បើ​យោង​តាម​សារព័ត៌មាន​អាល្លឺម៉ង់ DW ក្នុង​អាណត្តិ​របស់​លោក Marcos Jr. ឃើញ​ថា ទាំង​ក្រុង​ម៉ានីល និង​ក្រុង​ប៉េកាំង សម្រេច​បន្ថយ​កិច្ច​សហប្រតិបត្តិការ​ជាច្រើន​ជាមួយ​គ្នា ព្រោះ​តែ​ជម្លោះ​ដែនសមុទ្រ​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​តានតឹង​ឡើង។

ចាប់តាំងពី​លោក Marcos ចូល​កាន់​តំណែង​ប្រធានាធិបតី​នៅ​ថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ​២០២២ ជំនួស​លោក ឌូទើតេ ដែល​ចូលនិវត្តន៍ គេ​សង្កេត​ឃើញ​ភាព​តានតឹង​ជុំវិញ​ជម្លោះ​ដែនសមុទ្រ​ចិន​ខាងត្បូង​រវាង​ប្រទេស​ហ្វីលីពីន និង​ចិន កាន់តែ​កើន​ឡើង រហូត​ក្រុង​ម៉ានីល សម្រេច​ស្នើសុំ​សហរដ្ឋ​អាមេរិក​បញ្ជូន​ទ័ព​មក​ដាក់​ពង្រាយ​នៅ​លើ​កោះ​មួយ​ចំនួន​នៅ​ក្នុង​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង ដូចជា​នៅ​ប្រជុំ​កោះ​ស្ព្រាតលី លើ​ដែនទឹក​ដែល​ហ្វីលីពីន អះអាង​ថា​ជា​របស់​ខ្លួន។

លោក​ប្រធានាធិបតី​ហ្វីលីពីន បាន​ប្រកាស​ថា សេចក្ដី​សម្រេច​របស់​សាលាក្ដី​អន្តរជាតិ​ដែល​គេ​ហៅ​ថា​អាជ្ញាកណ្ដាល​នៃ​មជ្ឈត្តការ​អន្តរជាតិ​ឆ្នាំ​២០១៦ ដែល​សម្រេច​ឱ្យ​ហ្វីលីពីន មាន​សិទ្ធិ​ចូល​ទៅ​គ្រប់គ្រង​ប្រជុំ​កោះ​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ប្រជុំ​ស្ព្រាតលី គឺ​ត្រូវតែ​អនុវត្ត ទោះ​ក្រុង​ប៉េកាំង ជំទាស់​ក៏ដោយ​នោះ។

បច្ចុប្បន្ន កងទ័ព និង​នាវាចម្បាំង​សហរដ្ឋ​អាមេរិក កំពុង​ធ្វើ​សកម្មភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង ហើយ​កងទ័ព​ម៉ារីន​របស់​ប្រទេស​មហាអំណាច​នេះ ក៏​បាន​ដាក់​ពង្រាយ​រួច​ស្រេច​ហើយ​នៅ​បណ្ដា​ដែន​កោះ​របស់​ហ្វីលីពីន នៅ​សមុទ្រ​ចិន​ខាងត្បូង និង​កោះ​មួយ​ចំនួន​នៅ​ក្បែរ​កោះ​តៃវ៉ាន់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស