39 C
Phnom Penh

អតីត​ឧត្តមសេនីយ៍​ជា​ទណ្ឌិត​គេច​ពី​ច្បាប់​ជាង​១០​ឆ្នាំ ក្លាយ​ជា​ទីប្រឹក្សា​លោក ហ៊ុន សែន ទាំង​មិន​ទាន់​រួច​ទោស​នៅ​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​ខ្មែរ​ដែល​ហ៊ុមព័ទ្ធ​ទៅ​ដោយ​ក្រុម​ឧក្រិដ្ឋជន និង​ក្រុម​ម៉ាហ្វៀ លោក ហ៊ុន សែន សម្រេច​តែងតាំង​ឧក្រិដ្ឋជន​ដែល​កំពុង​ជាប់​ទោស​ក្រោម​អំណាច​សាលដីកា​តុលាការ​កំពូល គឺ​អ្នកស្រី ជា រដ្ឋា ជា​ទីប្រឹក្សា បន្ទាប់ពី​ទណ្ឌិត​រូប​នេះ​រត់​គេច​ខ្លួន​គេចវេះ​ពី​ការ​ទទួល​ទោស​អស់​រយៈពេល​ជាង ១០​ឆ្នាំ។

មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​ចេញ​លិខិត​មួយ​កាលពី​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៤ សម្រេច​តែងតាំង​អ្នកស្រី ជា រដ្ឋា ជា​ទីប្រឹក្សា​របស់​ខ្លួន ទោះបីជា​បុគ្គល​រូប​នេះ​កំពុង​មាន​ទោស​ក្រោម​អំណាច​សាលក្រម​សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ និង​តុលាការ​កំពូល ដែល​បាន​កាត់ទោស​ដោយ​អវត្តមាន​កាលពី​ឆ្នាំ​២០០៩ ឱ្យ​ជាប់​ពន្ធនាគារ ១៨​ឆ្នាំ ពី​បទ​មនុស្ស​ឃាត​គិត​ទុក​ជា​មុន និង​រំលោភ​លើ​សិទ្ធិ​បុគ្គល ដែល​មក​ទល់​នឹង​ពេលនេះ នៅ​មិន​ទាន់​រួច​ទោស​នៅឡើយ​ក៏ដោយ។

ការ​តែងតាំង​អ្នកស្រី ជា រដ្ឋា ដែល​ជា​ទណ្ឌិត​កំពុង​មាន​ទោស​នៅ​ពេលនេះ ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ទង្វើ​រំលោភ​ច្បាប់​ធ្ងន់ធ្ងរ​ក្នុង​នាម​លោក ហ៊ុន សែន ជា​មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៣ សារព័ត៌មាន​ហ្វ្រេសញូវ (Fresh News) ដែល​គាំទ្រ​រដ្ឋាភិបាល បាន​ចុះផ្សាយ​ថា ក្រៅពី​មាន​មុខនាទី​ជា​ទីប្រឹក្សា​ឲ្យ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន អ្នកស្រី ជា រដ្ឋា ក៏​មាន​មុខនាទី​ជា​ទីប្រឹក្សា​រដ្ឋាភិបាល​ផង​ដែរ។

កាលពី​ដើម​ខែ​ឧសភា ឆ្នាំ​២០០៨ អ្នកស្រី យ៉ា សុខនីម ដែល​ត្រូវ​ជា​ម្តាយមីង​របស់​កញ្ញា អ៊ិន សូលីដា អតីត​បវរកញ្ញា​ទេសចរណ៍​អន្តរជាតិ​ឆ្នាំ​២០០២ បាន​រង​ការ​វាយប្រហារ​ដោយ​ទឹក​អាស៊ីត​ក្នុង​ក្រុង​ភ្នំពេញ ដោយ​ជន​ដៃ​ដល់​ចំនួន ២​នាក់ និង​អ្នក​សមគំនិត​មួយ​ចំនួន​ទៀត​សរុប​ទាំងអស់ ៧​នាក់ រាប់​ទាំង​អ្នកស្រី ជា រដ្ឋា ដែល​មាន​ឋានៈ​ជា​ឧត្តមសេនីយ៍ត្រី​នៃ​កងរាជអាវុធហត្ថ​ជាតិ​ផង​ដែរ។

ការ​វាយប្រហារ​ដោយ​ទឹក​អាស៊ីត​នោះ គឺ​បណ្តាល​មកពី​ការ​បែកបាក់​ទំនាក់ទំនង​ស្នេហា​ភេទ​ដូច​គ្នា​រវាង​នាង អ៊ិន សូលីដា ដែល​ត្រូវ​ជា​ក្មួយ​បង្កើត​អ្នកស្រី យ៉ា សុខនីម និង​អ្នកស្រី ជា រដ្ឋា ក្នុង​ចន្លោះ​ឆ្នាំ​២០០៥ និង​ឆ្នាំ​២០០៨ កន្លង​ទៅ​នោះ។

ក្រោយ​ផ្ទុះ​ប្រើ​អំពើ​ឃាតកម្ម​នេះ ជនរងគ្រោះ​បាន​ប្តឹង​ទៅ​តុលាការ ប៉ុន្តែ​ត្រូវ​ចាញ់​ក្តី​នៅ​សាលាដំបូង។ ក្រោយពី​ជនរងគ្រោះ​ប្តឹង​បន្ត​ទៅ​តុលាការ​ថ្នាក់​កណ្តាល សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ បាន​ទាត់​ចោល​សាលក្រម​សាលាដំបូង​ដែល​បាន​លើកលែង​ការ​ចោទប្រកាន់ និង​ដោះលែង​ជន​សង្ស័យ​ចំនួន ៧​នាក់​នោះ ដោយ​កាត់ទោស​ជន​ដៃ​ដល់ និង​អ្នក​សមគំនិត​ដោយ​អវត្តមាន​ចំនួន ៧​នាក់​នោះ ដែល​បាន​រត់​គេច​ខ្លួន​កាលពី​ដើម​ខែ​សីហា ឆ្នាំ​២០០៩ ឱ្យ​ជាប់​ពន្ធនាគារ​ពី ១៥​ឆ្នាំ​ដល់ ១៨​ឆ្នាំ។

បន្ថែម​លើ​នេះ​ទៀត សាលា​ឧទ្ធរណ៍​ក៏​បាន​បង្គាប់​ឲ្យ​អ្នក​ទាំង ៧​នាក់​នោះ​រួម​គ្នា​បង់​ប្រាក់​ចំនួន ១០​ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​ការ​ព្យាបាល​ជនរងគ្រោះ ព្រមទាំង​បាន​បង្គាប់​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​ពិរុទ្ធជន​ដែល​បាន​រត់​គេច​ខ្លួន​ទាំងនោះ​ទៅ​ដាក់​គុក​ជា​កំហិត​ថែម​ទៀត ខណៈ​តុលាការ​កំពូល ក៏​បាន​តម្កល់​សាលក្រម​សាលា​ឧទ្ធរណ៍​ទុក​ជា​បានការ​ដែរ នៅ​ដើម​ខែ​តុលា ឆ្នាំ​២០១០ កន្លង​ទៅ​នោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០០៨ តុលាការ​ក្រុង​ភ្នំពេញ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​អតីត​នាយរង​សេនាធិការ​នៃ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស និង​ជា​អតីត​ស្នងការរង​រាជធានី​ភ្នំពេញ អ្នកស្រី ជា រដ្ឋា ដែរ ប៉ុន្តែ​ជនល្មើស​រូប​នេះ​បាន​រត់​ភៀសខ្លួន​បាត់​ស្រមោល​សូន្យឈឹង។

ជាង​នេះ​ទៀត ទោះបីជា​អាជ្ញាធរ​ប្រទេស​កម្ពុជា ស្នើ​ឱ្យ​ប៉ូលិស​អន្តរជាតិ Interpol ដែល​មាន ១៨៦​ប្រទេស​ជា​សមាជិក​តាម​ចាប់​ខ្លួន​តាំងពី​ឆ្នាំ​២០០៨ មក​ក៏ដោយ ក៏​ឧក្រិដ្ឋជន​រូប​នេះ​នៅតែ​រួច​ខ្លួន​ដដែល ហើយ​បើ​គិត​មក​ទល់​នឹង​ពេលនេះ អ្នកស្រី ជា រដ្ឋា មិន​ដែល​បាន​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​សូម្បីតែ ១​ថ្ងៃ ពី​បទល្មើស​របស់​ខ្លួន​ដែល​បាន​ជាប់​ទាក់ទង​ក្នុង​ប្រព្រឹត្តិការណ៍​កាលពី​ជាង ១០​ឆ្នាំ​មុន​នោះ​ឡើយ។

រាជរដ្ឋាភិបាល​ខ្មែរ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​លោក ហ៊ុន សែន ត្រូវ​គេ​សង្កេត​ឃើញ​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​តែង​ផ្តល់​មុខនាទី​ខ្ពស់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល និង​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ឱ្យ​ពួក​ឧក្រិដ្ឋជន​ជា​បន្តបន្ទាប់ ក្រៅពី​ផ្តល់​តួនាទី​ឱ្យ​ទណ្ឌិត​ខាងលើ​ជា​ទីប្រឹក្សា​របស់​ខ្លួន​នោះ ក្នុង​នោះ​រួម​មាន ឧក្រិដ្ឋជន​ព្រៃឈើ​ឧកញ៉ា លី យ៉ុងផាត់ ហៅ​ស្តេច​កោះកុង ដែល​មាន​មុខនាទី​ជា​សមាជិក​ព្រឹទ្ធសភា​សព្វថ្ងៃ​នេះ។

ជាង​នេះ​ទៀត ឧក្រិដ្ឋជន​ព្រៃឈើ​ឧកញ៉ា ទ្រី ភាព ហៅ​ស្តេច​គ្រញូង ក៏​មាន​តួនាទី​ជា​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ខេត្ត​កំពង់ធំ ដែរ ខណៈ​ឧក្រិដ្ឋជន​ព្រៃឈើ​ឧកញ៉ា មិក សាផាណារ៉េត ក៏​មាន​តួនាទី​ជា​ទីប្រឹក្សា​លោក ហ៊ុន សែន ថែម​ទៀត។

ចំណែក​ឧក្រិដ្ឋជន​ព្រៃឈើ​ឧកញ៉ា លីម ប៊ុណ្ណា ហៅ​ខ្នា ក៏​មាន​មុខនាទី​ជា​ជំនួយការ​របស់​លោក ហ៊ុន សែន ដែរ។ លើស​ពី​នេះ គេ​ក៏​បាន​រក​ឃើញ​ដែរ​ថា មហាសេដ្ឋី​ដើមកំណើត​ចិន​ចូល​សញ្ជាតិ​ខ្មែរ លោក ចេន ហ្ស៊ី (Chen Zhi) ដែល​រដ្ឋអំណាច​ចិន​តាម​ចាប់​ខ្លួន ក៏​ត្រូវ​បាន​លោក ហ៊ុន សែន តែងតាំង​ធ្វើ​ជា​ទីប្រឹក្សា​របស់​គាត់​សព្វថ្ងៃ​នេះ​ថែម​ទៀត​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​កន្លង​ទៅ​ថា ប្រទេស​កម្ពុជា​បាន​ក្លាយ​ទៅ​ជា​ឋានសួគ៌​ដ៏​សុខសាន្ត​សម្រាប់​ក្រុម​ចោរ និង​ឧក្រិដ្ឋជន​គ្រប់​ប្រភេទ​ដែល​មក​រស់នៅ​ក្រោម​ការ​ការពារ​ពី​រដ្ឋអំណាច​ពុករលួយ ដែល​កំពុង​ដឹកនាំ​ដោយ​លោក ហ៊ុន សែន សព្វថ្ងៃ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស