28.7 C
Phnom Penh

លោក ពូទីន ព្រមាន​បំផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ ប្រសិនបើ​ណាតូ​បញ្ជូន​កងទ័ព​ទៅ​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ព្រមាន​អំពី​ផលវិបាក​នៃ​ការ​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ ប្រសិនបើ​ក្រុម​ប្រទេស​ណាតូ ឬ​បស្ចិម​ប្រទេស បញ្ជូន​កងទ័ព​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន។

ប្រធានាធិបតី​រុស្ស៊ី​រូប​នេះ​បាន​ថ្លែង​ព្រមាន​ពី​មហា​សោកនាដកម្ម នឹង​កើត​ឡើង​ចំពោះ​ការ​សម្រេច​ចិត្ត​ណា​មួយ​ពី​ប្រទេស​លោក​ខាងលិច ដែល​ចង់​បញ្ជូន​កងទ័ព​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃទី​១ មីនា នេះ។

សារ​ព្រមាន​ពី​មេដឹកនាំ​រុស្ស៊ី បាន​ធ្វើ​ឡើង​តាមរយៈ​សុន្ទរកថា​ប្រចាំ​ឆ្នាំ​របស់​លោក​ថ្លែង​ទៅ​កាន់​ប្រជាជាតិ​រុស្ស៊ី នៅ​ថ្ងៃទី​២៩ កុម្ភៈ នៅ​ទីក្រុង​មូស្គូ។ ក្នុង​ឱកាស​នោះ លោក ពូទីន បាន​ចោទប្រកាន់​ប្រទេស​លោក​ខាងលិច និង​ក្រុម​ណាតូ ថា​បាន​ព្យាយាម​ទាញ​រុស្ស៊ី ឱ្យ​ធ្លាក់​ចូល​ក្នុង​ការ​ប្រកួត​ប្រជែង​គ្រឿង​សព្វាវុធ ប៉ុន្តែ​លោក​បញ្ជាក់​ថា ប្រទេស​លោក​មិន​មាន​ចេតនា​វាយប្រហារ​ប្រទេស​សមាជិក​ណាតូ​នោះ​ទេ លើកលែងតែ​ករណី​ឆ្លើយតប។

លោក ពូទីន បាន​បន្ត​ថា ប្រទេស​រុស្ស៊ី​ចាំបាច់​ត្រូវ​ពង្រឹង​កិច្ចការពារ​ខ្លួន​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​លោក​ខាងលិច​នា​ពេលនេះ គ្រា​ដែល​ប្រទេស​ស៊ុយអែត និង​ប្រទេស​ហ្វាំងឡង់ បាន​ចូលរួម​ជាមួយ​អង្គការ​ណាតូ​ហើយ។

មេដឹកនាំ​រុស្ស៊ី បាន​ថ្លែង​ថា រុស្ស៊ី​ចាំបាច់​ត្រូវ​ពង្រឹង​កងកម្លាំង​របស់​ខ្លួន​ក្នុង​ទិសដៅ​ដែល​យុទ្ធសាស្ត្រ​របស់​លោក​ខាងលិច​គំរាមកំហែង និង​គ្រា​ដែល​ណាតូ​ពង្រីក​សមាជិក ២​ប្រទេស​ទៀត គឺ​ប្រទេស​ស៊ុយអែត និង​ហ្វាំងឡង់ ចូល​ទៅ​ក្នុង​សម្ព័ន្ធភាព។

តាម​លោក ពូទីន ក្រុម​លោក​ខាងលិច​កំពុង​និយាយ​អំពី​លទ្ធភាព​នៃ​ការ​បញ្ជូន​កងកម្លាំង​យោធា​ណាតូ​ទៅ​អ៊ុយក្រែន ប៉ុន្តែ​រុស្ស៊ី​ក៏​នឹក​ឃើញ​ពី​ជោគវាសនា​របស់​អ្នក​ជ្រៀតជ្រែក​សន្តិសុខ​ប្រទេស​រុស្ស៊ី ដែល​បាន​ក្លាយ​ជា​សោកនាដកម្ម​ជា​ប្រវត្តិសាស្ត្រ​ទៅ​ហើយ។

ប្រតិកម្ម​ពី​លោក ពូទីន ប្រធានាធិបតី​រុស្ស៊ី គឺជា​ការ​ឆ្លើយតប​ចំពោះ​ប្រធានាធិបតី​បារាំង លោក Emmanuel Macron ដែល​បាន​ថ្លែង​ក្នុង​សន្និសីទ​អន្តរជាតិ​មួយ​នា​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​មុន។

ក្នុង​ឱកាស​នោះ លោក Macron បាន​បញ្ជាក់​ថា ការ​បញ្ជូន​កងទ័ព​ថ្មើរជើង​ពី​លោក​ខាងលិច​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន មិន​គួរ​ត្រូវ​បាន​ច្រានចោល​នា​ពេល​អនាគត​នោះ​ទេ។

វា​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​លោក ពូទីន បាន​ព្រមាន​ពី​ការ​ប្រើ​អាវុធ​នុយក្លេអ៊ែរ ស្រប​ពេល​សង្គ្រាម​នៅ​អ៊ុយក្រែន កំពុង​បន្ត​ចូល​ដល់​ឆ្នាំ​ទី​៣។

សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ដែល​ចាប់ផ្តើម​តាំងពី​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ បាន​ធ្វើ​ឱ្យ​ប្រទេស​ដែល​ធ្លាប់​ប្រកាន់​និន្នាការ​អព្យាក្រឹត្យ​ផ្នែក​យោធា បាន​ផ្លាស់ប្ដូរ​ជំហរ​របស់​ខ្លួន​ស្វែងរក​ការ​ការពារ​ខ្លួន។ ប្រទេស​ស៊ុយអែត និង​ប្រទេស​ហ្វាំងឡង់ បាន​ប្រកាស​នូវ​បំណង​របស់​ខ្លួន​ក្នុង​ខែ​ឧសភា ឆ្នាំ​២០២២ សុំ​ចូល​ជា​សមាជិក​របស់​អង្គការ​ណាតូ។

ប្រទេស​ហ្វាំងឡង់ ក្រោយ​មក​បាន​ក្លាយ​ជា​សមាជិក​របស់​អង្គការ​ណាតូ កាលពី​ខែ​មេសា ឆ្នាំ​២០២៣ និង​ប្រទេស​ស៊ុយអែត នឹង​រំពឹង​ក្លាយ​ជា​សមាជិក​អង្គការ​ណាតូ​ជា​បន្ថែម​ទៀត​ក្នុង​ពេល​អនាគត​ខាងមុខ​នេះ បន្ទាប់ពី​ប្រទេស​តួកគី និង​ប្រទេស​ហុងគ្រី ដែល​ធ្លាប់តែ​ជំទាស់​នឹង​បេក្ខភាព​ប្រទេស​ស៊ុយអែត ទើប​តែ​បាន​យល់ព្រម​តាមរយៈ​ការ​ធ្វើ​សច្ចាប័ន​តាម​សភា​រៀងៗ​ខ្លួន​នា​ពេល​ថ្មីៗ​នេះ។ ទាំង​ហ្វាំងឡង់ និង​ស៊ុយអែត សុទ្ធតែ​មាន​ព្រំដែន​ផ្ទាល់​ជាប់​នឹង​រុស្ស៊ី។

លោក ពូទីន ថ្លែង​ដាស់តឿន​ឱ្យ​ប្រជាជន​រុស្ស៊ី ត្រូវតែ​ការពារ​សន្តិសុខ​ព្រំដែន​របស់​ខ្លួន។

សារ​ព្រមាន​របស់​លោក ពូទីន បាន​នាំ​ឱ្យ​សហរដ្ឋ​អាមេរិក​ថ្កោលទោស​ពី​ការ​បង្ក​ហានិភ័យ​នៃ​ការ​ព្រមាន​ពី​ការ​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ ថា​ជា​មេដឹកនាំ​ដែល​គ្មាន​ការ​ទទួល​ខុសត្រូវ ប៉ុន្តែ​ក្រុង​វ៉ាស៊ីនតោន អះអាង​ថា​មិន​មាន​សញ្ញា​នៃ​ហានិភ័យ​ធ្ងន់ធ្ងរ​ណា​មួយ​អាច​កើត​ចេញពី​ការ​ព្រមាន​របស់​លោក ពូទីន នោះ​ទេ។

ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក លោក Matthew Miller បាន​បញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទី​១ នោះ​ទេ​ដែល​គេ​បាន​លឺ​វោហារសាស្ត្រ​គ្មាន​ទំនួល​ខុសត្រូវ​របស់​លោក វ្ល៉ាឌីមៀរ ពូទីន។ ឋានៈ​ជា​មេដឹកនាំ​រដ្ឋ​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ មិន​ត្រូវ​និយាយ​ដូចនេះ​ទេ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក បន្ថែម​ថា សហរដ្ឋ​អាមេរិក​មាន​ទំនាក់ទំនង​ទាំង​លក្ខណៈ​ឯកជន និង​ដោយ​ផ្ទាល់​ជាមួយ​រុស្ស៊ី អំពី​ផលវិបាក​នៃ​ការ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ ប៉ុន្តែ​គេ​មិន​បាន​ឃើញ​ពី​សញ្ញា​ណា​មួយ​ថា​រុស្ស៊ី កំពុង​ត្រៀម​លក្ខណៈ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​នោះ​ឡើយ។

រុស្ស៊ី​ជា​ប្រទេស​មាន​ក្បាលគ្រាប់​នុយក្លេអ៊ែរ​ជិត ៦០០០​គ្រាប់ ចំណែក​សហរដ្ឋ​អាមេរិក​មាន​ជាង ៥៥៥០​គ្រាប់។ បារាំង​មាន ២៨០​គ្រាប់ និង​អង់គ្លេស​មាន ២២៥​គ្រាប់។ សហរដ្ឋ​អាមេរិក​បាន​ដាក់​ពង្រាយ​ក្បាលគ្រាប់​នុយក្លេអ៊ែរ​នៅ​ប្រទេស​យ៉ាងតិច​ចំនួន ៥ នៅ​អឺរ៉ុប មាន​អាល្លឺម៉ង់ អ៊ីតាលី ហុឡង់ដ៍ បែលហ្ស៊ិក និង​តួកគី។ គ្រាប់​នុយក្លេអ៊ែរ ឬ​ហៅថា​អាវុធ​បរមាណូ គឺជា​អាវុធ​ប្រល័យ​លោក​ដ៏​សាហាវ​បំផុត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស