38.3 C
Phnom Penh

នាយករដ្ឋមន្ត្រី​កូន​ស្នង​ឪពុក​ធានា​បង្កើត​លក្ខខណ្ឌ​អំណោយ​ផល​សម្រាប់​ពលរដ្ឋ​វៀតណាម​កំពុង​នៅ​កម្ពុជា​បន្ថែម​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​កូន​ស្នង​ឪពុក លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា​ចំពោះ​មុខ​នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មីញជីញ (Pham Minh Chinh) ថា​នឹង​ធានា​បង្កើត​លក្ខខណ្ឌ​អំណោយ​ផល​សម្រាប់​ពលរដ្ឋ​ដើម​កំណើត​វៀតណាម​សញ្ជាតិ​ខ្មែរ​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​បន្ថែម​ទៀត ដើម្បី​ដើរ​តួ​ជា​ស្ពាន​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​ទៅ​ថ្ងៃ​មុខ​ឱ្យ​កាន់តែ​ជិតស្និទ្ធ និង​បំបែក​មិន​បាន​ថែម​ទៀត។

សារព័ត៌មាន​យៀកណាម VN-EXPRESS បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ពុធ ទី​៦ មីនា ថា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​លើកឡើង​ក្នុង​ជំនួប​ដាច់ដោយឡែក​មួយ​ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មីញជីញ អំឡុង​ពេល​ចូលរួម​កិច្ចប្រជុំ​អាស៊ាន-អូស្ត្រាលី កាលពី​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០២៤ ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​យកចិត្ត​ទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​វៀតណាម ដែល​កំពុង​រស់នៅ​លើ​ទឹកដី​ខ្មែរ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត ជាពិសេស​គឺ​ពលរដ្ឋ​ខ្មែរ​ដើមកំណើត​វៀតណាម ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ​នា​ពេល​សព្វថ្ងៃ​នេះ។

ប្រភព​ដដែល​អះអាង​ថា នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​ទៅ​លើ​ការ​សម្របសម្រួល​ឱ្យ​មាន​ប្រសិទ្ធភាព​នូវ​ការ​អនុវត្ត​កិច្ចព្រមព្រៀង និង​យន្តការ​ដែល​មាន​ស្រាប់ ស្ដីពី​កិច្ច​ការពារ​ជាតិ សន្តិសុខ ព្រមទាំង​ពិភាក្សា​លើ​ការ​ខិតខំ​ដោះស្រាយ​ជុំវិញ​ការ​បោះ​បង្គោល​ព្រំដែន​ដែល​នៅ​សល់ ១៦% ផង​ដែរ ដើម្បី​កសាង​ខ្សែបន្ទាត់​ព្រំដែន​សន្តិភាព មិត្តភាព កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​រវាង​ប្រទេស​ទាំង​ពីរ។

សារព័ត៌មាន​វៀតណាម ដដែល បញ្ជាក់​ថា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏​បាន​ប្ដេជ្ញា​គាំទ្រ​គ្រប់​បែប​យ៉ាង​ដល់​ក្រុមហ៊ុន​វៀតណាម ដើម្បី​ធ្វើ​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា ក្នុង​នោះ នាយករដ្ឋមន្ត្រី​ប្រទេស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​បន្ថែម​ទៀត​នូវ​ប្រសិទ្ធភាព​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគទុន ខណៈ​ដែល​ការ​បង្កើន​ការ​តភ្ជាប់​រវាង​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ ជាពិសេស​ផ្នែក​ដឹកជញ្ជូន​ដែល​នឹង​ដើរ​តួ​ជា​មូលដ្ឋានគ្រឹះ និង​បង្កើន​កម្លាំង​រុញច្រាន​ថ្មី​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​ទូលំទូលាយ​ថែម​ទៀត។

កាលពី​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០២៤ សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រាជរដ្ឋាភិបាល ហ្រេសញូវ (Fresh News) ក៏​បាន​ចុះផ្សាយ​អំពី​ជំនួប​នាយករដ្ឋមន្ត្រី​ខ្មែរ និង​នាយករដ្ឋមន្ត្រី​វៀតណាម​ដែរ ប៉ុន្តែ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​នេះ​មិន​បាន​លើកឡើង​ពី​ការ​យល់ព្រម​របស់​លោក ហ៊ុន ម៉ាណែត ចំពោះ​សំណើ​ពី​នាយករដ្ឋមន្ត្រី​វៀតណាម ដែល​បាន​ស្នើ​ឱ្យ​កម្ពុជា​បន្ត​យកចិត្ត​ទុកដាក់ មើល​ថែទាំ​ពលរដ្ឋ​វៀតណាម ដែល​កំពុង​រស់នៅ​លើ​ទឹកដី​ខ្មែរ​នោះ​ទេ គ្រាន់តែ​លើក​អំពី​រឿង​ទាក់ទង​នឹង​ព្រំដែន និង​ទំនាក់ទំនង​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ​ប៉ុណ្ណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៨ ខែ​តុលា ឆ្នាំ​២០២៣ អំឡុង​ពេល​ចូលរួម​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រធាន​រដ្ឋ​វៀតណាម លោក វ៉ វ៉ាន់ធឿង ក៏​បាន​ស្នើ​ឱ្យ​លោក ហ៊ុន ម៉ាណែត បន្ត​យកចិត្ត​ទុកដាក់​បង្កើត​លក្ខខណ្ឌ​កាន់តែ​ងាយស្រួល​សម្រាប់​សហគមន៍​វៀតណាម​នៅ​កម្ពុជា​ផង​ដែរ ទាំង​ការ​រស់នៅ ការ​ធ្វើ​ការងារ ព្រមទាំង​ដោះស្រាយ​បញ្ហា​ឯកសារ​ផ្លូវច្បាប់​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ខណៈ​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ក៏​មិន​បាន​បដិសេធ​នឹង​សំណើ​នោះ​ដែរ។

ជាង​នេះ​ទៀត កាលពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២៣ ប្រធាន​រដ្ឋសភា​កម្ពុជា អ្នកស្រី ឃួន សុដារី បាន​សន្យា​ជាមួយ​ប្រធាន​រដ្ឋសភា​វៀតណាម លោក វឿង ឌិញហ្វេ (VUONG Dinh Hue) ថា រដ្ឋាភិបាល​កម្ពុជា​នឹង​ជួយ​សម្រួល​ឯកសារ​ផ្លូវច្បាប់​ដល់​ពលរដ្ឋ​វៀតណាម ដែល​កំពុង​រស់នៅ​ដោយ​ខុស​ច្បាប់​ក្នុង​ទឹកដី​កម្ពុជា​បន្ត​ទៀត ស្រប​ពេល​ដែល​ពលរដ្ឋ​វៀតណាម ប្រមាណ​ជាង ១​សែន​នាក់ បាន​ទទួល​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ពី​រដ្ឋាភិបាល​កម្ពុជា​រួចរាល់​ហើយ ខណៈ​កម្ពុជា​ក៏​នឹង​បន្ត​ជួយ​សម្រួល​ឱ្យ​ជនជាតិ​វៀតណាម ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ផ្សេង​ទៀត ទទួល​បាន​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ និង​សញ្ជាតិ​ខ្មែរ​ពី​រដ្ឋាភិបាល​បន្ត​ទៀត​ដែរ។

រាល់​ជំនួប​រវាង​មេដឹកនាំ​ខ្មែរ និង​មេដឹកនាំ​វៀតណាម ត្រូវ​គេ​សង្កេត​ឃើញ​ថា មេដឹកនាំ​វៀតណាម តែងតែ​ជំរុញ​ឱ្យ​មេដឹកនាំ​ខ្មែរ​ជួយ​សម្រួល​ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ​វៀតណាម ដែល​កំពុង​ស្នាក់នៅ​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់ ឱ្យ​ទៅ​ជា​ការ​រស់នៅ​ដោយ​ស្រប​ច្បាប់​ជា​បន្តបន្ទាប់ តាំងពី​ជំនាន់​លោក ហ៊ុន សែន នៅ​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​មក​ម្ល៉េះ។

ក្នុង​ជំនួប​ដាច់ដោយឡែក​មួយ​អំឡុង​ពេល​ចូល​កិច្ចប្រជុំ​កំពូល​អាមេរិក-អាស៊ាន កាលពី​ថ្ងៃទី​១៣ ខែ​ឧសភា ឆ្នាំ​២០២២ នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មីញជីញ ក៏​បាន​សុំ​ឱ្យ​លោក ហ៊ុន សែន ជួយ​ដល់​ប្រជាពលរដ្ឋ​វៀតណាម ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា​ដោយ​ខុស​ច្បាប់ មក​ជា​ការ​រស់នៅ​ដោយ​ស្រប​ច្បាប់​វិញ​បន្ថែម​ទៀត​ដែរ ខណៈ​លោក ហ៊ុន សែន បាន​យល់ព្រម​នឹង​សំណើ​នេះ​ទាំងស្រុង។

កាលពី​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​១៩៨៦ មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​សារាចរ​ណែនាំ​ស្ដីពី​ការ​អនុវត្ត​គោលនយោបាយ​ចំពោះ​និគមជន​វៀតណាម នៅ​កម្ពុជា ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​ដីធ្លី ទីជម្រក ផ្តល់​អត្តសញ្ញាណប័ណ្ណ ថែរក្សា និង​ផ្គត់ផ្គង់​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​សារាចរ​នេះ​នៅតែ​មាន​សុពលភាព​រហូត​ដល់​សព្វថ្ងៃ​នេះ ហើយ​កម្ពុជា​ក៏​កំពុងតែ​អនុវត្ត​នូវ​ការ​ផ្តល់​សិទ្ធិ​រស់នៅ​ដល់​ជនអន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់​លើ​ទឹកដី​របស់​ខ្លួន​ជា​បន្តបន្ទាប់​ផង​ដែរ​នៅ​ពេលនេះ។

មាន​សំណួរ​ជាច្រើន​ដែល​ពលរដ្ឋ​ខ្មែរ​សួរ​គ្នា​ទៅវិញ​ទៅមក​ថា ហេតុ​អ្វី​បាន​ជា​អ្នក​ដឹកនាំ​នៃ​សាធារណរដ្ឋ​សង្គម​និយម​យៀកណាម សឹងតែ​គ្រប់​រូប និង​សឹងតែ​គ្រប់​អាណត្តិ តែងតែ​មក​ប្រាប់​ឲ្យ​អ្នក​ដឹកនាំ​ខ្មែរ យកចិត្ត​ទុកដាក់​មើល​ថែទាំ​ជនជាតិ​របស់​គេ​នៅ​ស្រុក​ខ្មែរ​ឲ្យ​បាន​ដិតដល់? តើ​គេ​យក​សារាចរ​ណែនាំ​ពី​ឆ្នាំ​១៩៨៦ មក​រំឭក ក្រែង​ខ្មែរ​ភ្លេច​គុណូបការៈ​របស់​គេ? ឬ​រដ្ឋអំណាច​ខ្មែរ​មើល​ថែទាំ​គេ​មិន​ទាន់​ដិតដល់? ឬ​មួយ​ក៏​ជា​ទម្លាប់​ជនជាតិ​យៀកណាម ដែល​តែងតែ​រអ៊ូរទាំ ទាមទារ​ចង់​តែ​បាន​ថែម​មិន​ឈប់ឈរ ដែល​ភាសា​យៀកណាម ថា ឡាំប៉ា​មិន​ចេះ​ចប់​នោះ?៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស