32.3 C
Phnom Penh

អាស៊ាន-អូស្ត្រាលី ទទូច​កុំ​ឲ្យ​ចាត់​វិធានការ​ជា​ឯកតោភាគី​ក្នុង​វិបត្តិ​សមុទ្រ​ចិន​ខាងត្បូង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មេដឹកនាំ​នៃ​សមាគម​អាស៊ាន និង​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​ពុធ ទី​៦ មីនា នេះ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម ដោយ​ស្នើសុំ​ដល់​ប្រទេស​ក្នុង​សមាគម​អាស៊ាន និង​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ត្រូវ​រួម​គ្នា​ប្រឆាំង​សកម្មភាព​ឯកតោភាគី​ដែល​ធ្វើ​សកម្មភាព​គ្របដណ្ដប់​វាតទី​កាន់កាប់​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង។

សេចក្ដី​ថ្លែងការណ៍​បន្ត​ថា ក្រុម​ប្រទេស​អាស៊ាន និង​អូស្ត្រាលី បន្ត​តាមដាន​ជានិច្ច​នូវ​ស្ថានការណ៍​យោធា​កំពុង​តានតឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង។ ក្នុង​ន័យ​នេះ ត្រូវ​លើក​ទឹកចិត្ត​ដល់​ប្រទេស​ពាក់ព័ន្ធ​ត្រូវ​បញ្ចៀស​ការ​ធ្វើ​សកម្មភាព​បំពាន​ដែល​ជា​ការ​បង្ក​អសន្តិសុខ​ក្នុង​តំបន់។

សេចក្ដី​ថ្លែងការណ៍​រួម​ធ្វើឡើង​នៅ​ឯ​ជំនួប​កំពូល​ពិសេស​នៃ​មេដឹកនាំ​អាស៊ាន និង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី នៅ​ទីក្រុង Melbourne នៃ​ប្រទេស​អូស្ត្រាលី។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP នា​ថ្ងៃ​ពុធ ទី​៦ ខែ​មីនា។

សេចក្ដី​ថ្លែងការណ៍​ដែល​គេ​ហៅ​ថា​សេចក្ដី​ថ្លែងការណ៍​ក្រុង Melbourne ក៏​មាន​ការ​ចូលរួម​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ផង​ដែរ។ ក្រុម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បាន​ទាមទារ​ឱ្យ​មាន​ភាព​អត់ធ្មត់ និង​ខិតខំ​ជំរុញ​ឱ្យ​មាន​ស្ថិរភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ត្រូវ​ចាត់ទុក​ថា​មាន​អត្ថប្រយោជន៍​ដើម្បី​សន្តិភាព ស្ថិរភាព និង​ភាព​រីកចម្រើន​រួម​គ្នា។ ក្រុង Melbourne ដែល​សម្រេច​ធ្វើ​ជា​អ្នក​រៀបចំ​ទទួល​ឲ្យ​មាន​ជំនួប​កំពូល​អាស៊ាន-អូស្ត្រាលី គឺ​ដើម្បី​រំលឹក​ខួប ៥០​ឆ្នាំ​នៃ​ទំនាក់ទំនង​ជា​ផ្លូវការ​ទ្វេភាគី។

ជាមួយ​គ្នា​នេះ សេចក្ដី​ថ្លែងការណ៍​រួម​ក៏​បាន​បន្ត​គាំទ្រ​ឱ្យ​មាន​ការ​អនុវត្ត​សេចក្ដី​ប្រកាស​ភាគី​ពាក់ព័ន្ធ​ឆ្នាំ​២០០២ អំពី​ការ​ដោះស្រាយ​ជម្លោះ​នៃ​សមុទ្រ​ចិន​ខាងត្បូង។ សេចក្ដី​ប្រកាស​នេះ បាន​សង្កត់​ធ្ងន់​ពី​ភាព​ចាំបាច់​ត្រូវ​បង្កើត​ឱ្យ​បាន​នូវ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ដោយ​ចាំបាច់​ត្រូវ​បញ្ចូល​មាត្រា​ពាក់ព័ន្ធ​នឹង​ច្បាប់​សមុទ្រ​អន្តរជាតិ​ឆ្នាំ​១៩៨២ នៃ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ។

សេចក្ដី​ថ្លែងការណ៍​ក្រុង Melbourne ក៏​បាន​អំពាវនាវ​សុំ​ឱ្យ​សមុទ្រ​ចិន​ខាងត្បូង នៅតែ​ជា​ផ្លូវ​នាវាចរណ៍​អន្តរជាតិ ដោយ​គ្រប់​ប្រទេស​ទាំងអស់​មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​នាវាចរណ៍​ឆ្លងកាត់​សមុទ្រ​ចិន​ខាងត្បូង​ដោយ​សេរី ស្រប​តាម​ច្បាប់​អន្តរជាតិ។ សេចក្ដី​ថ្លែងការណ៍​នេះ​ធ្វើឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​នាវា​ល្បាត​របស់​ចិន បាន​ចូល​ទៅ​ដែនទឹក​ក្នុង​តំបន់​មួយ​នៃ​សមុទ្រ​ចិន​ខាងត្បូង ដែល​ប្រទេស​ហ្វីលីពីន អះអាង​ថា​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ដែន​អធិបតេយ្យ​របស់​ខ្លួន។

ក្រុង​ប៉េកាំង ប្រកាស​អំពី​ការ​បង្កើត​ផែនទី ៩​ឆ្នូត ដែល​ផែនទី​នេះ​គ្របដណ្ដប់​ផ្ទៃ​ទឹក​ប្រមាណ ៩០​ភាគរយ​នៃ​ទំហំ ៣​លាន ៥​សែន​គីឡូម៉ែត្រ​ក្រឡា ដោយ​ប៉ះ​ទៅ​លើ​តំបន់​កោះ និង​ដែនទឹក​ជាមួយ​ប្រទេស​ក្នុង​សមាគម​អាស៊ាន។

ចំពោះ​ក្រុង​ម៉ានីល ចាត់ទុក​ជា​ការ​បំពាន​ធ្ងន់ធ្ងរ​លើ​សេចក្ដី​សម្រេច​នៃ​តុលាការ​មជ្ឈត្តការ​អន្តរជាតិ​នៅ​ក្រុង​ឡាអេ ឆ្នាំ​២០១៦ ដោយ​កាត់ក្ដី​ឱ្យ​ក្រុង​ម៉ានីល មាន​សិទ្ធិ​ចូល​ទៅ​កាន់កាប់​កោះ​មួយ​ចំនួន​នៃ​ប្រជុំ​កោះ​ស្ព្រាលី នៃ​សមុទ្រ​ចិន​ខាងត្បូង។

សេចក្ដី​សម្រេច​នៃ​តុលាការ​មជ្ឈត្តការ​អន្តរជាតិ ធ្វើឡើង​ដោយ​ផ្អែក​លើ​ភស្តុតាង និង​កំណត់ត្រា​ប្រវត្តិសាស្ត្រ​អនុលោម​តាម​ច្បាប់​សមុទ្រ​អន្តរជាតិ​ឆ្នាំ​១៩៨២។

ផ្ទុយទៅវិញ ក្រុង​ប៉េកាំង បាន​ទាត់​ចោល​សេចក្ដី​សម្រេច​ពី​តុលាការ​មជ្ឈត្តការ​អន្តរជាតិ ដោយ​បាន​ហៅ​ស្ថាប័ន​នេះ​ថា​គ្មាន​យុត្តាធិការ​លើ​សំណុំរឿង​វិវាទ​ដែនទឹក​របស់​ប្រទេស​ចិន ខណៈ​ក្រុង​ប៉េកាំង នៅតែ​វាយប្រហារ​លើ​សហរដ្ឋ​អាមេរិក​ថា​ជា​ប្រទេស​ក្រៅ​តំបន់ បាន​ចូល​ខ្លួន​មក​ពាក់ព័ន្ធ​ជម្លោះ​ផ្ទៃក្នុង​នៃ​តំបន់​មួយ​មាន​អធិបតេយ្យ។

នៅ​ពេល​ដំណាល​គ្នា​នៃ​សេចក្ដី​ថ្លែងការណ៍​ក្រុង Melbourne ចិន​នៅតែ​បន្ត​ចោទប្រកាន់​ទៅ​លើ​សហរដ្ឋ​អាមេរិក​ថា​កំពុង​ប្រើប្រាស់​ប្រទេស​ហ្វីលីពីន ធ្វើជា​កូនអុក​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង ស្រប​ពេល​ដែល​ភាព​តានតឹង​នៅតែ​បន្ត​កើន​ឡើង​រវាង​ទីក្រុង​ប៉េកាំង និង​ទីក្រុង​ម៉ានីល ជុំវិញ​បញ្ហា​ជម្លោះ​ទឹកដី​នៅ​ដែន​សមុទ្រ​នេះ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន អ្នកស្រី Mao Ning បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ចិន​សូម​ទទូច​ឱ្យ​សហរដ្ឋ​អាមេរិក ឈប់​ប្រើប្រាស់​ហ្វីលីពីន ធ្វើ​ជា​កូនអុក​របស់​ខ្លួន​ត​ទៅ​ទៀត ដើម្បី​បង្ក​បញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង។ ឯ​ហ្វីលីពីន ផ្ទាល់​វិញ មិន​គួរ​បណ្តោយ​ឱ្យ​ខ្លួន​ស្ថិត​នៅ​ក្នុង​កណ្ដាប់ដៃ​សហរដ្ឋ​អាមេរិក​បែប​នេះ​ឡើយ។

ក្នុង​ថ្ងៃ​ដដែល​នេះ​ខាង​ហ្វីលីពីន ក៏​បាន​ចេញ​មុខ​ចោទប្រកាន់​លើ​ចិន ផង​ដែរ​ថា កំពុងតែ​ធ្វើ​សកម្មភាព​បង្ក​បញ្ហា​កាន់តែ​តានតឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង។

ជាច្រើន​ខែ​មក​នេះ ចិន និង​ហ្វីលីពីន ត្រូវ​បាន​គេ​មើល​ឃើញ​ពី​ឧប្បត្តិហេតុ​ប្រឈមមុខ​ដាក់​គ្នា​យ៉ាង​ញឹកញាប់​នៅ​សមុទ្រ​ចិន​ខាងត្បូង។

កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ ឆ្មាំ​ល្បាត​សមុទ្រ​ហ្វីលីពីន បាន​អះអាង​ថា នាវា​របស់​ខ្លួន​មួយ​គ្រឿង​បាន​រង​ការ​ខូចខាត ក្រោយពី​ការ​បុក​ទង្គិច​ជាមួយ​នាវា​ឆ្មាំ​ល្បាត​សមុទ្រ​ចិន​មួយ​គ្រឿង អំឡុង​ធ្វើ​បេសកកម្ម​ផ្គត់ផ្គង់​ស្បៀង​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង។ ការ​ប៉ះទង្គិច​គ្នា​រវាង​ឆ្មាំ​សមុទ្រ​ចិន និង​ហ្វីលីពីន ក៏​ធ្លាប់​កើត​មាន​ផង​ដែរ​កាលពី​ខែ​ធ្នូ ឆ្នាំ​២០២៣។

ចិន មិន​ត្រឹម​តែ​មាន​ជម្លោះ​ដែនទឹក​នៃ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​នឹង​ហ្វីលីពីន នោះ​ទេ គឺ​មាន​ប្រទេស ៤ ទៀត​នៃ​សមាគម​អាស៊ាន​ផង​ដែរ ដូចជា​វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ប្រ៊ុយណេ ក៏​តែងតែ​លើក​ឡើង​អំពី​ការ​បំពាន​ដែនទឹក​របស់​ពួកគេ​ដោយ​ប្រទេស​ចិន។

សម្រាប់​ប្រធានាធិបតី​ហ្វីលីពីន Ferdinand Marcos Jr បាន​ប្រាប់​នាយករដ្ឋមន្ត្រី​អូស្ត្រាលី Anthony Albanese នៅ​ខាង​ក្រៅ​វេទិកា​ជំនួប​កំពូល​អាស៊ាន-អូស្ត្រាលី ថា ហ្វីលីពីន​កំពុង​ក្លាយ​ជា​ខ្សែបន្ទាត់​ជួរ​មុខ​ដែល​អាច​នាំ​ទៅ​រក​សង្គ្រាម​លោក​ជា​ថ្មី​ម្ដង​ទៀត បើ​ពុំ​មាន​ការ​ទប់ស្កាត់​កម្លាំង​អនុត្តរភាព​និយម​ពី​ប្រទេស​ចិន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស