38.3 C
Phnom Penh

សកម្មជន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​រង​ការ​ចោទ​ថា​ចង់​យក​ដី​រដ្ឋ​ធ្វើ​កម្មសិទ្ធិ​នៅ​ខេត្ត​សៀមរាប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប ចោទ​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន​ និង​កញ្ញា កឹង សោភា ថា​មាន​ចេតនា​បំផុស​ឱ្យ​មាន​ការ​ប្រព្រឹត្ត​បទល្មើស​រំលោភ​ដី​រដ្ឋ​នៅ​ចំណុច​វាល​តាឡោ ស្ថិត​ក្នុង​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ព្រៃធំ​ពពេល ភូមិ​ពពេល ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយលើ ខេត្ត​សៀមរាប។

មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប បាន​ចេញ​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០២៤ ដោយ​អះអាង​ថា ការ​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​ស្ដីពី​កម្ពុជា ដែល​បាន​រៀបចំ​ដោយ​លោក ស្រ៊ុន ស្រ៊ុន និង​កញ្ញា កឹង សោភា កាលពី​ថ្ងៃទី​៨ ខែ​មីនា ឆ្នាំ​២០២៤ កន្លង​ទៅ​ថ្មីៗ​នេះ ដោយ​ការ​ប្រកាស​រៀបចំ​កន្លែង​ដាំដុះ​ដំណាំ និង​ចិញ្ចឹម​សត្វ​នៅ​លើ​ដី​របស់​លោក ពុំ សែន ប្រមាណ​ជា ៤​ហិកតា​ក្នុង​ភូមិ-ឃុំ​នោះ សម្រាប់​ធ្វើ​ជា​ភូមិ-ឃុំ​ពាណិជ្ជកម្ម និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​រៀបចំ​ជា​កន្លែង​សិក្សា​សង្គម​ច្បាប់ គឺ​ជា​ចលនា​មក​រុករាន​ដី​ព្រៃ​សហគមន៍​ដោយ​ខុស​ច្បាប់​សម្រាប់​ធ្វើជា​ប្រយោជន៍​បក្សពួក​របស់​ខ្លួន ដែល​ទង្វើ​បែប​នេះ​គឺជា​ការ​ប្រព្រឹត្ត​ខុស​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ។

ប្រភព​ដដែល​លើកឡើង​ថា លោក ពុំ សែន ពុំ​មាន​ដី​កម្មសិទ្ធិ​ដូច​ការ​ប្រកាស​របស់​លោក ស្រ៊ុន ស្រ៊ន និង​កញ្ញា កឹង សោភា នោះ​ទេ ព្រោះ​ថា​បុគ្គល​ឈ្មោះ ពុំ សែន ធ្លាប់​បាន​ធ្វើ​កិច្ចសន្យា​ឈប់​កាប់​រុករាន​ដី​សហគមន៍​មក​ធ្វើ​ជា​កម្មសិទ្ធិ​ខុស​ច្បាប់ និង​ប្រគល់​ជូន​មក​រដ្ឋ​វិញ​រួច​អស់​ហើយ កាលពី​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០២១ កន្លង​ទៅ ហើយ​កន្លង​មក មន្ត្រី​ឧទ្យានុរក្ស​ក៏​បាន​សហការ​ជាមួយ​ប្រជា​សហគមន៍ អាជ្ញាធរ​ភូមិ-ឃុំ ដាំដុះ​ស្ដារ​ព្រៃឈើ​ឡើងវិញ​បាន​ចំនួន ៣០០០​ដើម​លើ​ផ្ទៃដី​ទំហំ ២​ហិកតា​កន្លះ (២,៥​ហិកតា) ផង​ដែរ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ថា ទីតាំង​ដី​រៀបរាប់​មក​នេះ គឺ​ស្ថិត​នៅ​ក្នុង​ទីតាំង​ដី​រដ្ឋ​គ្រប់គ្រង​ដោយ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ព្រៃធំ​ពពេល ដែល​បាន​បង្ក​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៨ កាលពី​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០២០ ដាក់​ជា​របស់​ក្រសួង​បរិស្ថាន ដែល​មាន​ទំហំ​ផ្ទៃដី​ជិត ៨០០​ហិកតា (៧៩៨​ហិកតា) នៃ​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន-នរោត្តម “ភ្នំ​គូលែន“ មិនមែន​ដី​កម្មសិទ្ធិ​របស់​បុគ្គល​ឈ្មោះ ពុំ សែន ឡើយ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន និង​កញ្ញា កឹង សោភា បាន​លើកឡើង​អំពី​ការ​ប្រើប្រាស់​ដោយ​ឈ្មោះ ពុំ សែន ដើម្បី​ដាំដុះ​សម្រាប់​បម្រើ​សហគមន៍​ក្នុង​ភូមិ​ពពេល កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃទី​៨ ខែ​មីនា ឆ្នាំ​២០២៤ លោក ស្រ៊ុន ស្រ៊ុន និង​កញ្ញា កឹង សោភា បាន​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​ស្ដីពី​កម្ពុជា ក្រោម​ប្រធានបទ សិក្សា​ពី​ភូមិ-ឃុំ​ពាណិជ្ជកម្ម​នៅ​ភ្នំ​គូលែន ដោយ​លើកឡើង​ពី​ការ​ប្រើប្រាស់​ដី​របស់​លោក ពុំ សែន ក្នុង​ការ​ដាំ​ដំណាំ និង​ចិញ្ចឹម​សត្វ ដើម្បី​បម្រើ​សេចក្តី​ត្រូវការ​ក្នុង​សហគមន៍ បន្ទាប់ពី​ដី​របស់​លោក ពុំ សែន នៅ​តំបន់​នេះ​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​ជនខិលខូច​ដោយ​ការ​ដុត​បំផ្លាញ ដែល​មិន​អាច​ឱ្យ​គាត់​បង្កបង្កើនផល​បាន​នា​ពេល​កន្លង​មក។ បន្ទាប់ពី​លោក ស្រ៊ុន ស្រ៊ន លើកឡើង​ពី​ការ​ដាំ​ដំណាំ និង​ការ​ចិញ្ចឹម​សត្វ​លើ​ដី​នេះ មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប ក៏​បាន​ចោទ​រូបលោក ស្រ៊ុន ស្រ៊ន និង​កញ្ញា កឹង សោភា ថា​មាន​ចេតនា​បំផុស​ឱ្យ​មាន​ការ​ប្រព្រឹត្ត​បទល្មើស​រំលោភ​យក​ដី​រដ្ឋ​តែម្តង។

ទោះជា​បែប​នេះ​ក្តី លោក ពុំ សែន ដែល​ជា​ម្ចាស់​ដី​បាន​អះអាង​ក្នុង​ការ​ផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេសប៊ុក​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​ស្ដីពី​កម្ពុជា​នៅ​ថ្ងៃទី​១១ មីនា នេះ​ថា លោក​បាន​ទិញ​ដី​នេះ​តាំងពី​ឆ្នាំ​២០១៥ មក​ម្ល៉េះ ហើយ​ក៏​មាន​ការ​ទទួលស្គាល់​ពី​អាជ្ញាធរ​ភូមិ-ឃុំ​ដែរ ប៉ុន្តែ​ក្រោយ​ពេល​ដែល​លោក​ចាប់ផ្តើម​បង្កបង្កើនផល ដូចជា ការ​ដាំ​ស្វាយចន្ទី និង​ដំណាំ​ផ្សេង​ទៀត ជាដើម ត្រូវ​គេ​ដុត​បំផ្លាញ​ជា​បន្តបន្ទាប់ ខណៈ​អាជ្ញាធរ​ឃុំ​បាន​បដិសេធ​ថា ពួកគេ​ក៏​មិន​ដឹង​ថា​ត្រូវ​ធ្វើ​ដូចម្តេច​ដែរ​ចំពោះ​រឿង​នេះ។

លោក ពុំ សែន បញ្ជាក់​ថា បន្ទាប់​មក​ទៀត ក៏​មាន​មន្ត្រី​បរិស្ថាន​មក​ហៅ​រូបលោក​ឱ្យ​ផ្ដិត​ស្នាម​មេដៃ​លើ​កិច្ចសន្យា​ឱ្យ​ប្រគល់​ដី​មួយ​ចំណែក​ក្នុង​ចំណោម​ដី​សរុប​ដែល​លោក​បាន​ទិញ​នោះ ប្រគល់​ទៅ​ឱ្យ​មន្ទីរ​បរិស្ថាន​ខេត្ត ដើម្បី​ដាំ​កូនឈើ ចំណែក​មេឃុំ​ខ្នងឃុំ មិន​ហ៊ាន​ជំទាស់​នឹង​ការ​ទាមទារ​ពី​មន្ទីរ​បរិស្ថាន​ដែរ ដូច្នេះ​នៅ​ទីបំផុត លោក ពុំ សែន ក៏​បាន​ផ្ដិត​ស្នាម​មេដៃ​ប្រគល់​ដី​នោះ​ឱ្យ​មន្ទីរ​បរិស្ថាន​ខេត្ត​តែម្តង ដើម្បី​បញ្ចប់​រឿង​កុំ​ឱ្យ​មាន​ការ​ដុត​បំផ្លាញ​ដំណាំ​របស់​លោក​បន្ត​ទៀត ប៉ុន្តែ​រហូត​ដល់​ពេលនេះ លោក​បែរ​ជា​ត្រូវ​រង​នូវ​ការ​ចោទប្រកាន់​ថា​បាន​រំលោភ​ដី​សហគមន៍​ទៅវិញ។

ចំណែក​លោក ស្រ៊ុន ស្រ៊ន ក៏​បាន​លើកឡើង​នៅ​ថ្ងៃទី​១១ មីនា នេះ​ដែរ​ថា បើ​យោង​តាម​ឯកសារ​ផ្លូវ​ច្បាប់​ដែល​ចេញ​ដោយ​អាជ្ញាធរ​ភូមិ-ឃុំ​បញ្ជាក់​ថា លោក ពុំ សែន ពិត​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ដី​ដែល​គាត់​បាន​អះអាង​ប្រាកដ​មែន ក្នុង​នោះ លោក ពុំ សែន ក៏​មាន​បណ្ណ​ស្នាក់នៅ​ក្នុង​ភូមិ​ពពេល ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយលើ ខេត្ត​សៀមរាប ពី​អាជ្ញាធរ​មូលដ្ឋាន​ដែរ ដូច្នេះ​ការ​ចោទប្រកាន់​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប ថា​លោក​មាន​ចេតនា​បំផុស​ឱ្យ​មាន​ការ​ប្រព្រឹត្ត​បទល្មើស​រំលោភ​ដី​រដ្ឋ ក្នុង​ភូមិ-ឃុំ​ខាងលើ​នេះ គឺជា​ការ​ចោទប្រកាន់​ដែល​គ្មាន​មូលដ្ឋាន​ផ្លូវ​ច្បាប់​ទាំងស្រុង។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា លោក នី សុខា លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា រយៈពេល​ជាង ៣០​ឆ្នាំ​មក​នេះ រដ្ឋាភិបាល​មិន​ដែល​បាន​ផ្សព្វផ្សាយ​ពី​សិទ្ធិ​លំនៅឋាន​ទៅ​ដល់​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ឱ្យ​មាន​ការ​យល់ដឹង​នោះ​ទេ ដែល​នេះ​គឺជា​បញ្ហា​មួយ​ក្នុង​ការ​ធានា​នូវ​សិទ្ធិ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ដោយ​សមរម្យ ខណៈ​ការ​បណ្ដេញ​ពី​លំនៅឋាន និង​ការ​ហាមឃាត់​សិទ្ធិ​កាន់កាប់​លំនៅ​ក្រោម​វិធានការ​របស់​អាជ្ញាធរ តែងតែ​កើត​មាន​លើ​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់។

លោក នី សុខា អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី ក្រោម​កិច្ច​ដឹកនាំ​លោក ហ៊ុន ម៉ាណែត ផ្សព្វផ្សាយ​ពី​សិទ្ធិ​លំនៅឋាន​សមរម្យ និង​លក្ខខណ្ឌ​អប្បបរមា​ស្ដីពី​សិទ្ធិ​លំនៅឋាន​ដែល​កំណត់​ដោយ​អង្គការ​សហប្រជាជាតិ​ឱ្យ​បាន​ទូលំទូលាយ​ទៅ​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ ដើម្បី​ធានា​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ប្រកប​ដោយ​សុវត្ថិភាព៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស