42 C
Phnom Penh

រាជរដ្ឋាភិបាល​ត្រៀម​ដឹក​ជនរងគ្រោះ​ចាញ់បោក​មេខ្យល់​ពី​ស្រុក​ចិន​មក​ស្រុក​ខ្មែរ​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ច​ប្រទេស​កម្ពុជា កំពុង​ត្រៀម​បញ្ជូន​ជនរងគ្រោះ​ជា​ក្មេងស្រី​អាយុ ១៦​ឆ្នាំ​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ត្បូងឃ្មុំ មក​ស្រុក​វិញ បន្ទាប់ពី​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ចិន ជួយ​សង្គ្រោះ​យុវតី​ពី​ប្រទេស​កម្ពុជា មួយ​រូប​ដែល​ត្រូវ​បាន​គេ​ជួញដូរ​យក​ទៅ​លក់​នៅ​ប្រទេស​ចិន។

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ បាន​ឱ្យ​ដឹង​ថា កិច្ច​អន្តរាគមន៍​ជួយ​សង្គ្រោះ​បាន​ធ្វើ​ឡើង​ក្រោយពី​ក្មេងស្រី​រូប​នេះ​បាន​ដង្ហោយ​រក​ការ​សង្គ្រោះ​ពី​រាជរដ្ឋាភិបាល តាមរយៈ​វីដេអូ​ឃ្លីប​បង្ហោះ​ចែកចាយ​លើ​បណ្ដាញ​សង្គម​រយៈពេល​ជាង ១​នាទី។

ប្រភព​ដដែល​បាន​លើកឡើង​ថា ក្រោយពី​បាន​ឃើញ​វីដេអូ​នោះ ឧបនាយករដ្ឋមន្ត្រី ស សុខា ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ធ្វើ​អន្តរាគមន៍​ទៅ​មន្ត្រី​ពាក់ព័ន្ធ​នៅ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ រួម​ទាំង​មន្ត្រី​ទូត​ខ្មែរ​ប្រចាំ​ប្រទេស​ចិន ផង​ដែរ។ បន្ទាប់​មក មន្ត្រី​ខ្មែរ​បាន​សហការ​គ្នា​ជាមួយ​សមត្ថកិច្ច​ចិន ចុះ​ទៅ​ដល់​ទីតាំង​ជនរងគ្រោះ​ដែល​កំពុង​រង​ការ​ឃុំឃាំង ហើយ​ក៏​បាន​ជួយ​សង្គ្រោះ​នៅ​រសៀល​ថ្ងៃទី​១០ មីនា និង​ត្រៀម​បញ្ជូន​រូប​គេ​មក​ប្រទេស​កម្ពុជា វិញ។

កាលពី​ថ្ងៃទី​៩ មីនា ជនរងគ្រោះ​បាន​បង្ហោះ​វីដេអូ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​មាន​រយៈពេល​ជាង ១​នាទី ដោយ​អះអាង​ថា ជា​អ្នក​រស់នៅ​ខេត្ត​ត្បូងឃ្មុំ ហើយ​ត្រូវ​បាន​គេ​នាំ​យក​ទៅ​លក់​នៅ​ប្រទេស​ចិន។ ជនរងគ្រោះ​បាន​រៀបរាប់​នៅ​ក្នុង​វីដេអូ​ឃ្លីប​ថា រូប​គេ​បាន​ចាញ់​បោក​មេខ្យល់​ដែល​សន្យា​យក​មក​ធ្វើការ​នៅ​ប្រទេស​ចិន តែ​ការពិត​ជាក់ស្តែង មេខ្យល់​រូប​នោះ​បាន​យក​រូបគេ​ទៅ​លក់​ឱ្យ​បុរស​ចិន​ម្នាក់​ទៅ​វិញ។

តាម​ជនរងគ្រោះ បុរស​ជនជាតិ​ចិន​រូប​នោះ​បាន​បង្ខាំង​រូបគេ​ក្នុង​បន្ទប់​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​លីសួយ ជីញធាន អស់​រយៈពេល ៦​ខែ។

ការ​បញ្ជាក់​ពី​បងស្រី​ជនរងគ្រោះ​ទៅ​កាន់​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ជា​អនីតិជន​អាយុ ១៦​ឆ្នាំ ដែល​មាន​ស្រុក​កំណើត​នៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ បាន​ចាកចេញ​ពី​ស្រុក​កំណើត​មក​ធ្វើ​ការងារ​រោងចក្រ​នៅ​ភ្នំពេញ​នា​ដើម​ឆ្នាំ​២០២៣ ហើយ​នៅ​ក្នុង​រយៈពេល ៥-៦​ខែ​ចុងក្រោយ​នេះ ក៏​ស្រាប់​តែ​បាត់​ដំណឹង​លែង​ទាក់ទង​មក​គ្រួសារ​តែម្តង។

ក្នុង​ឱកាស​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​អាណត្តិ​ទី​១ និង​លើក​ទិសដៅ​បន្ត​សម្រាប់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ទារុណកម្ម កាលពី​ខែ​តុលា ឆ្នាំ​២០២៣ លោក ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ចំពោះ​ពលករ​ខ្មែរ​ដែល​ចាញ់​បោក​មេខ្យល់​ទៅ​ធ្វើការ​នៅ​ប្រទេស​ក្រៅ​ដោយ​ខុស​ច្បាប់ ហើយ​អាច​ធ្លាក់​ចូល​ក្នុង​អំពើ​ជួញដូរ​មនុស្ស ឬ​ការ​រំលោភ​បំពាន​តាម​គ្រប់​រូបភាព។ លោក​បាន​ណែនាំ​អាជ្ញាធរ​តាម​ព្រំដែន​ទាំងអស់ ត្រូវ​បន្ត​ទប់ស្កាត់​ការ​លួច​នាំ​មនុស្ស​ចេញពី​ក្នុង​ប្រទេស ដើម្បី​ទៅ​ធ្វើ​ការ​ដោយ​ខុស​ច្បាប់​នៅ​ក្រៅ​ប្រទេស។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​បាន​លើកឡើង​ថា នេះ​មិនមែន​ជា​លើក​ទី​១ ទេ ដែល​ស្ត្រី​ខ្មែរ​ចាញ់បោក​មេខ្យល់​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ក្រោម​រូបភាព​ទៅ​បម្រើ​ការងារ​បាន​ចំណូល​ខ្ពស់ ឬ​ទៅ​រៀបការ​ប្តី​បរទេស។ មូលហេតុ​ដែល​នាំ​ឱ្យ​ជនរងគ្រោះ​ធ្លាក់​ខ្លួន​ចាញ់បោក​គេ គឺ​ដោយសារតែ​ស្ថានភាព​សេដ្ឋកិច្ច ពួកគេ​ខ្វះ​ការ​ពិចារណា​ជឿ​តាម​មេខ្យល់​ដែល​ឃោសនា​ថា​ស្វែងរក​ការងារ​មាន​ប្រាក់ខែ​ច្រើន។

ប្រភព​ដដែល​បាន​លើកឡើង​ថា ស្ថាប័ន​ពាក់ព័ន្ធ​បង្កើន​យន្តការ​ជួយ​ដល់​ជនរងគ្រោះ​ដែល​ត្រូវ​បាន​គេ​ជួញដូរ ដោយ​ជួយ​សង្គ្រោះ​ឱ្យ​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ និង​ជួយ​ពង្រឹង​សមត្ថកិច្ច​ក្រោយ​ជួយ​សង្គ្រោះ។ យន្តការ​ពី​អាជ្ញាធរ​បច្ចុប្បន្ន​មាន​ច្រើន តែ​ហាក់ដូចជា​មិន​ទាន់​ឆ្លើយតប​គ្រប់គ្រាន់​លើ​បញ្ហា​ដែល​កំពុង​កើត​មាន​នៅឡើយ។

សេចក្តី​រាយការណ៍​ពី​នាយកដ្ឋាន​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បង្ហាញ​ថា ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវភេទ​មាន​ជាង ១៣០​ករណី ក្នុង​រយៈពេល ១០​ខែ​នៃ​ឆ្នាំ​២០២៣។

កាលពី​ខែ​កក្កដា ឆ្នាំ​២០២២ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​រាយការណ៍​បញ្ជាក់​ថា ប្រទេស​កម្ពុជា​មិនទាន់​បាន​បំពេញ​កាតព្វកិច្ច​ក្នុង​ការ​លុប​បំបាត់​ការ​ជួញដូរ​មនុស្ស​នៅឡើយ​ទេ។ សហរដ្ឋ​អាមេរិក​បាន​ទម្លាក់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា​ពី​លេខ​២ ទៅ​លេខ​៣ គឺជា​ចំណាត់​ថ្នាក់​ទាប​បំផុត​ស្តីអំពី​ការ​ជួញដូរ​មនុស្ស៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស