ប្រទេសអ៊ុយក្រែន បើកការរិះគន់វាយប្រហារយ៉ាងខ្លាំងក្លាចំពោះសុន្ទរកថាសម្តេច ប៉ាប Francis ដែលប្រាប់ឱ្យអ៊ុយក្រែន យល់ព្រមចរចាជាមួយនឹងរុស្ស៊ី ព្រោះតែសង្គ្រាមបានបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសច្រើនសិបម៉ឺននាក់ ហេដ្ឋារចនាសម្ព័ន្ធបានរងការខូចខាតស្ទើរខ្ទេចខ្ទី និងពលរដ្ឋភៀសខ្លួនមានច្រើនលាននាក់ថែមទៀត។
ក្នុងបទសម្ភាសន៍កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ជាមួយប្រព័ន្ធផ្សព្វផ្សាយស្វីស RSI ដែលទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីអាទិត្យ ទី១០ ខែមីនា សម្តេច ប៉ាប Pope Francis បានអំពាវនាវឱ្យមេដឹកនាំអ៊ុយក្រែន មិនត្រូវខ្មាសអៀនក្នុងការចរចានៅមុនពេលដែលរឿងរ៉ាវឈានទៅរកភាពកាន់តែចុះខ្សោយ និងត្រូវមានសេចក្តីក្លាហាននៃការលើកទង់សចុះចាញ់ និងសេចក្តីក្លាហាននៃចរចាបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី។
សម្តេច ប៉ាប Francis ដែលមានព្រះជន្ម ៨៧វស្សា បានថ្លែងថា ជាការពិតដែលខ្លាំងជាងគេបំផុតនោះ គឺមនុស្សម្នាក់ដែលចេះសម្លឹងមើលស្ថានភាព ជាមនុស្សគិតអំពីប្រជាជន និងជាមនុស្សមានសេចក្តីក្លាហានហ៊ានចុះចាញ់ និងហ៊ានធ្វើការចរចា។ ខ្លឹមសារដើមនៃការថ្លែងក្នុងកិច្ចសម្ភាសន៍នោះ មានដូចជាថា បច្ចុប្បន្ននេះ អ្នកអាចធ្វើការចរចាដោយការជួយពីមហាអំណាចអន្តរជាតិ។ ដូច្នេះ ចូរកុំខ្មាសអៀនក្នុងការចរចានៅមុនពេលដែលរឿងរ៉ាវនោះឈានទៅរកភាពកាន់តែចុះខ្សោយ។
ទោះជាបែបនេះក្ដី បន្ទូលរបស់ព្រះពិសិដ្ឋសង្ឃរាជ សម្តេច ប៉ាប Francis បានរងនូវការរិះគន់វាយប្រហារវិញពីមេដឹកនាំប្រទេសអ៊ុយក្រែន រួមទាំងមេដឹកនាំប្រទេសសម្ព័ន្ធមិត្តអ៊ុយក្រែន ផងដែរ។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានសម្ដែងប្រតិកម្មដោយបែបចំអកវិញថា ទង់ជាតិរបស់អ៊ុយក្រែន គឺទង់ជាតិពណ៌លឿង និងបៃតង គឺជាទង់ជាតិដែលប្រជាជនអ៊ុយក្រែន ប្ដេជ្ញារស់ និងស្លាប់ដោយត្រូវរក្សាទង់ជាតិនេះឱ្យមានជាដរាប គឺមិនលើកទង់ណាក្រៅពីទង់ជាតិរបស់អ៊ុយក្រែន បច្ចុប្បន្ននេះឡើយ។
ប្រមុខការទូតអ៊ុយក្រែន បានហៅបន្ទូលសម្តេច ប៉ាប Francis ដូចជាការយកសាំងមកចាក់លើអណ្ដាតភ្លើងដែលកំពុងតែឆាបឆេះ។
ដោយឡែកលោក វូឡូឌីមៀ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន នៅក្នុងជំនួបជាមួយប្រធានាធិបតីតួកគី រ៉ាចិប អ៊ីឌូហ្គាន់ នៅទីក្រុងអ៊ីស្តាន់ប៊ុល លោកបានបញ្ជាក់ថា រូបលោកចង់បានសន្តិភាពក៏ពិតមែន តែលោកនឹងមិនបោះបង់ចោលទឹកដីរបស់អ៊ុយក្រែន ដាច់ខាត។ លោកបន្តថា ផែនការសន្តិភាពអ៊ុយក្រែន គឺតម្រូវឱ្យកងទ័ពរុស្ស៊ី ទាំងអស់ ដកចេញពីទឹកដីអ៊ុយក្រែន។
លោក ហ្សេឡេនស្គី បញ្ជាក់ដូចនេះចំពោះការបញ្ចុះបញ្ចូលពីប្រធានាធិបតីតួកគី ដែលស្នើឱ្យអ៊ុយក្រែន វិលទៅរកតុចរចាវិញ ហើយត្រូវរកដំណោះស្រាយបញ្ចប់សង្គ្រាម។
គិតត្រឹមថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ នេះ សង្គ្រាមរុស្ស៊ីឈ្លានពានប្រទេសអ៊ុយក្រែន បានឈានចូល ៧៤៦ថ្ងៃហើយ។ ក្នុងរយៈពេលជាងពីរឆ្នាំមកនេះ រុស្ស៊ីបានចូលគ្រប់គ្រងតំបន់មួយភាគនៅភាគខាងកើត និងខាងត្បូង ប៉ុន្តែតំបន់ទាំងនោះកំពុងធ្លាក់ក្នុងសង្គ្រាមវាយប្រយុទ្ធគ្នាដ៏ធ្ងន់ធ្ងរ ដែលរុស្ស៊ីព្យាយាមវាយពង្រីកថែមទៀត ហើយអ៊ុយក្រែនព្យាយាមប្រយុទ្ធទប់ទល់។
ទោះជាសង្គ្រាមនៅតែស្ថិតក្នុងភាពទាល់ច្រក ហើយចាញ់ប្រៀបជាងរុស្ស៊ីក៏ដោយ តែអ៊ុយក្រែនមិនព្រមចរចាដោយការធ្វើសម្បទានទឹកដីឲ្យរុស្ស៊ីឡើយ។
អ្នកសង្កេតការណ៍នៃក្រុមបស្ចិមប្រទេសមើលឃើញភាពខ្លាំងរបស់មេដឹកនាំអ៊ុយក្រែន ដែលមិនព្រមចុះចាញ់សង្គ្រាមរុស្ស៊ីឈ្លានពាន ព្រោះតែអ៊ុយក្រែន សង្ឃឹមថា រុស្ស៊ីអាចនឹងអស់ថាមពលប្រយុទ្ធនៅពេលដែលទ័ពរុស្ស៊ី អស់លទ្ធភាពវាយយកទឹកដីពីអ៊ុយក្រែន ថែមទៀតនៅភាគខាងត្បូង និងខាងកើត។ ជាមួយគ្នានេះ អ៊ុយក្រែន នៅតែសង្ឃឹមថា សហរដ្ឋអាមេរិក និងក្រុមបស្ចិមប្រទេស នៅតែបន្តផ្ដល់អាវុធ និងហិរញ្ញវត្ថុទៅឱ្យអ៊ុយក្រែន រហូតទាល់តែរុស្ស៊ីយល់ព្រមបញ្ចប់សង្គ្រាម៕