32.3 C
Phnom Penh

សកម្មជន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ដាក់​ពាក្យ​ប្តឹង​មន្ទីរ​បរិស្ថាន​រឿង​ដីធ្លី​នៅ​ខេត្ត​សៀមរាប​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន អះអាង​ថា កំពុង​រៀបចំ​ពាក្យ​បណ្តឹង​ប្តឹង​មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប ទៅ​តុលាការ ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ ដើម្បី​រក្សា​ភាព​ស្អាតស្អំ​របស់​ខ្លួន បន្ទាប់ពី​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ដោយ​ចោទប្រកាន់​លោក​ពី​បទ​ញុះញង់ និង​បង្កើត​ចលនា​រំលោភ​យក​ដី​ព្រៃ​របស់​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ដោយ​ខុស​ច្បាប់។

លោក ស្រ៊ុន ស្រ៊ន បាន​អះអាង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា លោក​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាការ​ខេត្ត​សៀមរាប ពីព្រោះ​លោក​មិន​អាច​ទទួលយក​បាន​ឡើយ​នូវ​ការ​ចោទប្រកាន់​របស់​មន្ទីរ​បរិស្ថាន​ខេត្ត ដែល​បាន​បរិហារ​លោក​ជា​សាធារណៈ​ដោយ​មិន​បាន​សួរនាំ​រូបលោក​ជា​មុន។

សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​រូប​នេះ​បញ្ជាក់​ថា បណ្តឹង​របស់​លោក​ពេលនេះ គឺ​ដើម្បី​រក្សា​ភាព​ស្អាតស្អំ​ផ្ទាល់ខ្លួន ដោយ​ច្រានចោល​លើ​ការ​ចោទប្រកាន់​ពី​អាជ្ញាធរ​ពី​បទ​ញុះញង់ និង​បង្កើត​ចលនា​រំលោភ​យក​ដី​ព្រៃ​របស់​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ដោយ​ខុស​ច្បាប់។

កាលពី​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០២៤ មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប បាន​ចេញ​ប្រកាស​ព័ត៌មាន​ដោយ​អះអាង​ថា ការ​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​ស្ដីពី​កម្ពុជា ដែល​បាន​រៀបចំ​ដោយ​លោក ស្រ៊ុន ស្រ៊ុន និង​កញ្ញា កឹង សោភា កាលពី​ថ្ងៃទី​៨ ខែ​មីនា ឆ្នាំ​២០២៤ កន្លង​ទៅ ដោយ​ការ​ប្រកាស​រៀបចំ​កន្លែង​ដាំដុះ​ដំណាំ និង​ចិញ្ចឹម​សត្វ​លើ​ដី​របស់​លោក ពុំ សែន ប្រមាណ​ជា ៤​ហិកតា ក្នុង​ភូមិ-ឃុំ​ដែល​បាន​រៀបរាប់​មក​សម្រាប់​ធ្វើ​ជា​ភូមិ-ឃុំ​ពាណិជ្ជកម្ម និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​រៀបចំ​ជា​កន្លែង​សិក្សា​សង្គម​ច្បាប់ គឺជា​ចលនា​មក​រុករាន​ដី​ព្រៃ​សហគមន៍​ខុស​ច្បាប់​សម្រាប់​ធ្វើ​ជា​ប្រយោជន៍​បក្សពួក​របស់​ខ្លួន​ប៉ុណ្ណោះ ដែល​ទង្វើ​បែប​នេះ​គឺជា​ការ​ប្រព្រឹត្ត​ខុស​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ។

ប្រភព​ដដែល​លើកឡើង​ថា លោក ពុំ សែន ពុំ​មាន​ដី​កម្មសិទ្ធិ​ដូច​ការ​ប្រកាស​របស់​លោក ស្រ៊ុន ស្រ៊ន និង​កញ្ញា កឹង សោភា នោះ​ទេ ព្រោះ​ថា​បុគ្គល​ឈ្មោះ ពុំ សែន ធ្លាប់​បាន​ធ្វើ​កិច្ចសន្យា​ឈប់​កាប់​រុករាន​ដី​សហគមន៍​មក​ធ្វើ​ជា​កម្មសិទ្ធិ​ខុស​ច្បាប់ និង​ប្រគល់​ជូន​មក​រដ្ឋ​វិញ​រួច​អស់​ហើយ​កាលពី​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០២១ កន្លង​ទៅ ហើយ​កន្លង​មក មន្ត្រី​ឧទ្យានុរក្ស​ក៏​បាន​សហការ​ជាមួយ​ប្រជា​សហគមន៍ អាជ្ញាធរ​ភូមិ-ឃុំ ដាំដុះ​ស្ដារ​ព្រៃឈើ​ឡើងវិញ​បាន​ចំនួន ៣០០០​ដើម​លើ​ផ្ទៃដី​ទំហំ ២​ហិកតា​កន្លះ (២,៥​ហិកតា) ផង​ដែរ។

ចំណែកឯ​លោក ស្រ៊ុន ស្រ៊ន គាត់​ក៏​បាន​លើកឡើង​ដែរ​ថា បើ​យោង​តាម​ឯកសារ​ផ្លូវ​ច្បាប់​ដែល​ចេញ​ដោយ​អាជ្ញាធរ​ភូមិ-ឃុំ បញ្ជាក់​ថា លោក ពុំ សែន ពិត​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ដី​ដែល​គាត់​បាន​អះអាង​នោះ​ប្រាកដ​មែន ក្នុង​នោះ លោក ពុំ សែន ក៏​មាន​បណ្ណ​ស្នាក់នៅ​ក្នុង​ភូមិ​ពពេល ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយលើ ខេត្ត​សៀមរាប ពី​អាជ្ញាធរ​មូលដ្ឋាន​ដែរ ដូច្នេះ​ការ​ចោទប្រកាន់​ពី​មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប ថា​លោក​មាន​ចេតនា​បំផុស​ឱ្យ​មាន​ការ​ប្រព្រឹត្ត​បទល្មើស​រំលោភ​ដី​រដ្ឋ​ក្នុង​ភូមិ-ឃុំ​ទាំងនោះ គឺជា​ការ​ចោទប្រកាន់​ដែល​គ្មាន​មូលដ្ឋាន​ផ្លូវ​ច្បាប់​ទាំងស្រុង។

ទីតាំង​ដី​នោះ​ស្ថិត​ក្នុង​ទីតាំង​ដី​រដ្ឋ​គ្រប់គ្រង​ដោយ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ព្រៃធំ​ពពេល។ តំបន់​ការពារ​ធម្មជាតិ​ដែល​មាន​ទំហំ​សរុប ៧៩៨​ហិកតា​នៃ​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន-នរោត្តម «ភ្នំ​គូលែន» មួយ​នេះ ត្រូវ​បាន​ក្រសួង​បរិស្ថាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៨៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស