40 C
Phnom Penh

រដ្ឋមន្ត្រី​នៃ​បុរី​វ៉ាទីកង់ ទាមទារ​ឱ្យ​រុស្ស៊ី​បញ្ឈប់​ការ​ឈ្លានពាន​អ៊ុយក្រែន បន្ទាប់ពី​បន្ទូល​របស់​សម្ដេច ប៉ាប Francis ដែល​ស្នើ​ឱ្យ​អ៊ុយក្រែន​ចុះចាញ់​សង្គ្រាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

Cardinal Pietro Parolin រដ្ឋមន្ត្រី​នៃ​បុរី​វ៉ាទីកង់ នៃ​គ្រិស្តសាសនា​និកាយ​កាតូលិក បាន​ចេញ​មុខ​ឆ្លើយតប​នឹង​អ្នកកាសែត ដោយ​ទាមទារ​ឱ្យ​រុស្ស៊ី បញ្ឈប់​ការ​ឈ្លានពាន​អ៊ុយក្រែន។

ការ​ថ្លែង​ពី​រដ្ឋមន្ត្រី​បុរី​វ៉ាទីកង់ គឺជា​ការ​ថ្លែង​បន្ទាប់ពី​បន្ទូល​របស់​សម្ដេច ប៉ាប Francis ដែល​ស្នើ​ឱ្យ​អ៊ុយក្រែន ចុះចាញ់​សង្គ្រាម​ឈ្លានពាន​ពី​រុស្ស៊ី ក្រោម​ហេតុផល​ថា លើក​ទង់​ស និង​ការ​ទៅ​រក​តុ​ចរចា​ជា​ការ​ល្អ​ជាង​បន្ត​ទុក​ឱ្យ​ប្រជាជន​អ៊ុយក្រែន ស្លាប់​ដោយ​សង្គ្រាម រង​ការ​វាយបក​ខ្លាំង​ពី​សំណាក់​អ៊ុយក្រែន។

តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters រដ្ឋមន្ត្រី​បុរី​វ៉ាទីកង់ Cardinal Pietro Parolin បាន​ប្រាប់​ទិនានុប្បវត្តិ​ថា មាន​តែ​ជម្រើស​មួយ​គត់ គឺ​រុស្ស៊ី​ត្រូវ​បញ្ឈប់​ការ​ឈ្លានពាន​អ៊ុយក្រែន ដែល​ជា​ការ​ទៅ​រក​ការ​បញ្ចប់​សង្គ្រាម។ ដោយ​មើល​ឃើញ​ស្ថានភាព​នេះ បុរី​វ៉ាទីកង់ កំពុង​ដាក់​សម្ពាធ​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​ជាមួយ​នឹង​ការ​បញ្ចប់​ការ​ឈ្លានពាន​ពី​ប្រទេស​រុស្ស៊ី។

កាលពី​ថ្ងៃ​ចន្ទ ក្រសួង​ការបរទេស​អ៊ុយក្រែន បាន​កោះហៅ​តំណាង​បុរី​វ៉ាទីកង់ មក​ទទួល​យក​លិខិត​ជំទាស់​នឹង​បន្ទូល​របស់​សម្ដេច ប៉ាប Pope Francis ដែល​ព្រះអង្គ​មាន​បន្ទូល​ថា អ៊ុយក្រែន​គួរ​ក្លាហាន​ក្នុង​ការ​លើក​ទង់​ស ហើយ​បើក​ការ​ចរចា​ជាមួយ​រុស្ស៊ី ដើម្បី​បញ្ចប់​សង្គ្រាម និង​បញ្ចប់​ទុក្ខសោក​របស់​ប្រជាជន​អ៊ុយក្រែន។

សម្តេច​សង្ឃ ប៉ាប Pope Francis ដែល​មាន​ព្រះជន្ម ៨៧​ព្រះវស្សា បាន​មាន​បន្ទូល​ថា ជា​ការពិត​ដែល​ខ្លាំង​ជាងគេ​បំផុត​នោះ គឺ​មនុស្ស​ម្នាក់​ដែល​ចេះ​សម្លឹង​មើល​ស្ថានភាព ជា​មនុស្ស​គិត​អំពី​ប្រជាជន និង​ជា​មនុស្ស​មាន​សេចក្តី​ក្លាហាន​នៃ​ការ​ហ៊ាន​ចុះចាញ់ និង​ហ៊ាន​ធ្វើ​ការ​ចរចា។ អ្នក​អាច​ធ្វើ​ការ​ចរចា​ដោយ​ការ​ជួយ​ពី​មហាអំណាច​អន្តរជាតិ។ ដូច្នេះ ចូរ​កុំ​ខ្មាសអៀន​ក្នុង​ការ​ចរចា​នៅ​មុន​ពេល​ដែល​រឿងរ៉ាវ​នោះ​ឈាន​ទៅ​រក​ភាព​កាន់តែ​ចុះ​ខ្សោយ។

សម្រង់​បន្ទូល​របស់​សម្ដេច ប៉ាប Pope Francis ដែល​ថា​អ៊ុយក្រែន ត្រូវ​មាន​សេចក្តី​ក្លាហាន​ហ៊ាន​លើក​ទង់​ស​ចុះចាញ់ បាន​នាំ​ឱ្យ​អ៊ុយក្រែន សម្ដែង​ប្រតិកម្ម​តបត​វិញ​ថា នឹង​មិន​ចុះចាញ់​លើក​ទង់​ស​ឱ្យ​រុស្ស៊ី​ទទួល​បាន​ជ័យជម្នះ​ឡើយ។

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន លោក Dmytro Kuleba បញ្ចេញ​ប្រតិកម្ម​ដោយ​បែប​ចំអក​វិញ​ថា ទង់ជាតិ​អ៊ុយក្រែន គឺ​ទង់ជាតិ​មាន​ពណ៌​ខៀវ និង​ពណ៌​លឿង ដែល​មាន​ន័យ​ថា ក្រោម​ផ្ទៃមេឃ​ពណ៌​ខៀវ គឺ​មាន​វាលស្រែ​ស្រូវ​សាឡី គឺជា​ទង់ជាតិ​ដែល​ប្រជាជន​អ៊ុយក្រែន ប្ដេជ្ញា​ប្តូរ​រស់​ប្តូរ​ស្លាប់ ដោយ​ត្រូវតែ​រក្សា​ទង់ជាតិ​នោះ​ឱ្យ​មាន​ជា​ដរាប គឺ​មិន​លើក​ទង់ជាតិ​ណា​ក្រៅពី​ទង់ជាតិ​របស់​អ៊ុយក្រែន បច្ចុប្បន្ន​នេះ​ឡើយ។

មិន​ត្រឹមតែ​ប្រទេស​អ៊ុយក្រែន នោះ​ទេ​ដែល​សម្ដែង​ប្រតិកម្ម​ទៅ​នឹង​បន្ទូល​សម្ដេច​សង្ឃ​និកាយ​កាតូលិក Pope Francis គឺ​មេដឹកនាំ​ក្រុម​ប្រទេស​ណាតូ​ជាច្រើន ក៏​ថ្លែង​រិះគន់​វាយប្រហារ​ព្រះអង្គ​ដែរ។

ប្រទេស​ប៉ូឡូញ ប្រទេស​អេស្តូនី ឡាតវី លីទុយអានី សាធារណរដ្ឋ​ឆេក សហរដ្ឋ​អាមេរិក និង​ប្រទេស​អាល្លឺម៉ង់ ជាដើម បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​សម្ដែង​ការ​ខកចិត្ត​ជា​ខ្លាំង​ចំពោះ​បន្ទូល​របស់​សម្ដេច ប៉ាប Pope Francis។

នៅ​ថ្ងៃទី​១២ មីនា នេះ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោក Matthew Miller ពី​ក្រុង​វ៉ាស៊ីនតោន នៅតែ​គាំទ្រ និង​ការពារ​ជំហរ​មេដឹកនាំ និង​ប្រជាជន​អ៊ុយក្រែន ដែល​ប្រយុទ្ធ​ដើម្បី​សេរីភាព និង​ដែនដី​របស់​ខ្លួន។

លោក Matthew Miller បន្ត​ថា ក្រុង​វ៉ាស៊ីនតោន ចង់​ឃើញ​រុស្ស៊ី​បញ្ឈប់​ការ​ឈ្លានពាន និង​យល់ព្រម​ទៅ​រក​តុ​ចរចា ជាជាង​អូស​បន្លាយ​សង្គ្រាម ប៉ុន្តែ​ទីក្រុង​មូស្គូ វិញ គេ​និយាយ​ថា ការ​ទៅ​រក​ការ​បញ្ចប់​សង្គ្រាម គឺ​ងាយ​យល់ ប៉ុន្តែ​ពួក​លោក​ខាងលិច​ទេ​ដែល​បន្ត​រុញ​សង្គ្រាម ហើយ​មិន​ទុក​ឱកាស​ឱ្យ​អ៊ុយក្រែន សម្រេច​ជោគវាសនា​ខ្លួន​ដោយ​ខ្លួនឯង។

ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រី​នៃ​បុរី​វ៉ាទីកង់ Cardinal Pietro Parolin បន្ត​ថា គេ​ត្រូវ​បង្កើត​លក្ខខណ្ឌ​ដើម្បី​កំណត់​ដំណោះស្រាយ​ការទូត​នៅ​ពេល​ការ​ចរចា​ចាប់ផ្ដើម​ដំណើរការ តែ​ការ​បញ្ឈប់​ការ​ឈ្លានពាន គឺជា​ករណី​ទី​១ ដែល​ត្រូវ​ឈាន​ដល់​កិច្ចព្រមព្រៀង​ជា​ផ្លូវការ តែ​សង្ឃ​នាយក Pietro Parolin នៅតែ​ប្រាប់​អ៊ុយក្រែន ថា សោកនាដកម្ម​លើ​ប្រជាជន​អ៊ុយក្រែន គឺជា​ការ​ឈឺចាប់​បំផុត ដែល​ប៉ះពាល់​ដល់​តម្លៃ​សិទ្ធិមនុស្ស។

គិត​ត្រឹម​ថ្ងៃ​ចន្ទ ទី​១២ ខែ​មីនា ឆ្នាំ​២០២៤ នេះ សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន បាន​ឈាន​ចូល ៧៤៧​ថ្ងៃ​ហើយ។ ក្នុង​រយៈពេល​ជាង​ពីរ​ឆ្នាំ​នេះ រុស្ស៊ី​បាន​ចូល​គ្រប់គ្រង​តំបន់​មួយ​ភាគ​នៅ​ភាគ​ខាងកើត និង​ខាងត្បូង ប៉ុន្តែ​តំបន់​ទាំងនោះ​កំពុង​ធ្លាក់​ក្នុង​សង្គ្រាម​វាយ​ប្រយុទ្ធ​តតាំង​គ្នា​ដ៏​ធ្ងន់ធ្ងរ ដែល​រុស្ស៊ី​ព្យាយាម​វាយ​ពង្រីក​ថែម​ទៀត ហើយ​អ៊ុយក្រែន ក៏​ព្យាយាម​ទប់ទល់​វាយ​ប្រយុទ្ធ​ដណ្តើម​យក​មក​វិញ។

ទោះជា​សង្គ្រាម​នៅតែ​ស្ថិត​ក្នុង​ភាព​ទាល់ច្រក​ក្តី ហើយ​ចាញ់​ប្រៀប​ជាង​រុស្ស៊ី​ក៏ដោយ តែ​អ៊ុយក្រែន​មិន​ព្រម​ចរចា​ដោយ​ការ​ធ្វើ​សម្បទាន​ទឹកដី​ឱ្យ​រុស្ស៊ី​ឡើយ។

ប្រធានាធិបតី​អ៊ុយក្រែន នៅតែ​សច្ចា​វាយបក​លើ​ទ័ព​រុស្ស៊ី គឺ​រហូត​ដំណាក់កាល​ចុងក្រោយ​ដែល​រុស្ស៊ី ព្រម​បញ្ចប់​សង្គ្រាម។ លោក ហ្សេឡេនស្គី តែងតែ​លើកឡើង​ថា អ៊ុយក្រែន​ដែល​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក មិន​អាច​ទទួល​យក​សន្តិភាព​ដោយ​យល់ព្រម​កាត់​តម្រឹម​ទឹកដី​ឱ្យ​ទៅ​អ្នក​ឈ្លានពាន​ជាដាច់ខាត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស