31 C
Phnom Penh

ក្រុម​អ្នក​ឃ្លាំមើល​ស្នើ​ដក​គោរមងារ​ឧកញ៉ា​ពី​អ្នកស្រី ឡេង ចាន់ណា និង​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​ជុំវិញ​ការ​ឆបោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ប្រឹក្សា​យោបល់​ដើម្បី​កែប្រែ​ផ្នត់គំនិត ជំរុញ​ឱ្យ​តុលាការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​ដោយ​គ្មាន​ការ​គប់គិត​ជា​បក្ខពួក ជុំវិញ​ការ​ប្រព្រឹត្ត​អំពើ​ឆបោក​របស់​ឧកញ៉ា ឡេង ចាន់ណា តាម​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ដែល​ជា​ជនរងគ្រោះ ហើយ​រដ្ឋាភិបាល​កម្ពុជា​ក៏​គួរតែ​ពិចារណា​ស្នើ​ទៅ​ព្រះមហាក្សត្រ​ដក​គោរមងារ​ជា​ឧកញ៉ា​ចេញ​ដែរ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ មីនា នេះ​ថា ពិត​ជា​គួរ​ឱ្យ​អបអរ​សាទរ​ដែល​តុលាការ​អនុវត្ត​វិធានការ​ច្បាប់​ចាប់​ខ្លួន​ឧកញ៉ា ឡេង ចាន់ណា ដែល​កំពុង​ប្រព្រឹត្ត​អំពើ​ឆបោក​លុយកាក់​ពី​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ពេលនេះ ព្រោះ​ថា​បើ​អាជ្ញាធរ​មាន​សមត្ថកិច្ច​បណ្តែត​ឱ្យ​ទង្វើ​បែប​នេះ​ចេះ​តែ​រីក​ធំធាត់​ដោយ​គ្មាន​វិធានការ​ច្បាប់ នោះ​នឹង​បង្ក​ទៅ​ជា​គំរូ​ដ៏​អាក្រក់​សម្រាប់​សង្គម​ជាតិ​កាន់តែ​ខ្លាំង ដែល​អាច​ធ្វើ​ឱ្យ​ឧកញ៉ា​ប្រភេទ​នេះ​ចេញ​មក​បោក​លុយ​ប្រជាពលរដ្ឋ​បន្ត​ទៀត​ជាមិនខាន។

លោក សេក សុជាតិ លើកឡើង​ថា ក្រៅពី​ការ​អនុវត្ត​ច្បាប់​លើ​បុគ្គល​រូប​នេះ តុលាការ និង​រដ្ឋាភិបាល ក៏​គួរតែ​ពិចារណា​ជួយ​រក​ដំណោះស្រាយ​សមរម្យ​ដល់​ម្ចាស់​លុយ​រងគ្រោះ​ពី​ការ​បោកប្រាស់​នេះ​ផង​ដែរ ដើម្បី​ជួយ​សម្រាល​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​របស់​ពួកគេ​ដែល​បាន​ខាតបង់​ទ្រព្យសម្បត្តិ​ពី​ការ​បោកប្រាស់​របស់​ឧកញ៉ា​រូប​នេះ​កន្លង​មក ព្រោះ​ថា​លុយ​ដែល​ពលរដ្ឋ​ទាំងនោះ​ខាតបង់​ក្នុង​ម្នាក់ៗ​រាប់​ម៉ឺន​ដុល្លារ រហូត​ដល់​រាប់​សែន​ដុល្លារ​ឯណោះ ក្នុង​នោះ​ក៏​មាន​អ្នក​ខ្លះ​ធ្លាក់​ខ្លួន​ជា​កូនបំណុល​ធនាគារ​វ័ណ្ឌក ដោយសារតែ​ខ្ចី​លុយ​ធនាគារ​ទៅ​ដាក់​ទុន​ក្នុង​ក្រុមហ៊ុន​របស់​ឧកញ៉ា​រូប​នេះ​ដែរ។

ប្រភព​ដដែល​អំពាវនាវ​ឱ្យ​តុលាការ​អនុវត្ត​ច្បាប់​ដោយ​ហ្មត់ចត់​បំផុត ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ពលរដ្ឋ​រងគ្រោះ​ពី​អំពើ​ឆបោក​នេះ ដែល​មិនមែន​គ្រាន់តែ​ចាប់​ខ្លួន ហើយ​ចប់​រឿង​នោះ​ទេ គឺ​ត្រូវ​អនុវត្ត​ទោស​ទណ្ឌ​ទៅ​តាម​មាត្រា​នៃ​ច្បាប់​ដែល​បាន​ចែង។ ជាង​នេះ​ទៀត តុលាការ​ក៏​ត្រូវ​ចាត់​វិធានការ​ឱ្យ​ឧកញ៉ា ឡេង ចាន់ណា ផ្តល់​សំណង​ដល់​ម្ចាស់​ទាំងអស់​ឱ្យ​បាន​ឆាប់​ផង​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ឧកញ៉ា ឡេង ចាន់ណា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃ​អង្គារ ពី​បទ ឆបោក តាម​បណ្តឹង​ពលរដ្ឋ​រងគ្រោះ​ដែល​បណ្ដាក់ទុន​វិនិយោគ​ក្នុង​ក្រុមហ៊ុន​ឧកញ៉ា​រូប​នោះ​នា​ពេល​កន្លង​មក។

កាលពី​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០២៤ សាលាដំបូង​ខេត្ត​សៀមរាប បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា សមត្ថកិច្ច​ខេត្ត​សៀមរាប បាន​ចាប់​ខ្លួន​ឧកញ៉ា ឡេង ចាន់ណា ប្រធាន​ក្រុមហ៊ុន «ប្រ៊ីន​លាន ស៊ីធីវើល» ដែល​ឆបោក​លុយ​ប្រជាពលរដ្ឋ​រឿង​ដីធ្លី-ផ្ទះ និង​ការ​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​រាប់​លាន​ដុល្លារ​អាមេរិក តាម​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ប្តឹង​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក រំលោភ​លើ​ទំនុក​ចិត្ត។

ជុំវិញ​បញ្ហា​នេះ អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៣ មីនា នេះ​ថា ការ​ចាប់​ខ្លួន​ជន​ឆបោក និង​ចោរ​ប្លន់​ទ្រព្យសម្បត្តិ​ញើស​ឈាម​របស់​ប្រជាពលរដ្ឋ​ក្រោម​ស្លាក​ឧកញ៉ា គ្រាន់តែ​ជា​ជំហាន​ទី​១ ប៉ុណ្ណោះ ប៉ុន្តែ​អ្វី​ដែល​សំខាន់ ត្រូវ​រក​លុយ​រាប់​សិប​លាន​ដុល្លារ​ដែល​ឧកញ៉ា​រូប​នេះ​បាន​បោកប្រាស់​កន្លង​មក ដើម្បី​សង​ទៅ​ជនរងគ្រោះ​វិញ នោះ​ទើប​ជា​ការ​រក​យុត្តិធម៌​ពិតប្រាកដ។

ក្នុង​រយៈពេល​ចុងក្រោយ​នេះ ឧកញ៉ា ឡេង ចាន់ណា និង​បក្ខពួក ត្រូវ​បាន​ប្រជាពលរដ្ឋ​រងគ្រោះ​ចោទ​ថា​បាន​បោក​លុយ​រាប់​លាន​ដុល្លារ​ក្នុង​រូបភាព​ទិញ​ដី ផ្ទះ និង​ការ​វិនិយោគ​បាន​ការប្រាក់​ខ្ពស់ ប៉ុន្តែ​នៅ​ទីបំផុត អ្នក​ខ្លះ​ទទួល​បាន​ការប្រាក់​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ហើយ​ក៏​លែង​បាន​រហូត ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​បាន​អះអាង​ថា ពួកគេ​បាន​ចាញ់​បោក​ឧកញ៉ា ឡេង ចាន់ណា ដោយ​ខ្ចី​លុយ​ពី​ធនាគារ​យក​មក​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ឧកញ៉ា​រូប​នេះ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពួកគេ​ជំពាក់​ធនាគារ​វ័ណ្ឌក​រហូត​ដល់​សព្វថ្ងៃ។

អ្នកស្រី ឡេង ចាន់ណា បាន​ទទួល​គោរមងារ​ជា​ឧកញ៉ា កាលពី​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៩ ពី​ព្រះមហាក្សត្រ តាម​សំណើ​ទូល​ថ្វាយ​របស់​លោក ហ៊ុន សែន ហើយ​ឧកញ៉ា​រូប​នេះ​ក៏​បាន​បង្កើត​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​ឈ្មោះ «ប្រ៊ីន​លាន ស៊ីធីវើល» ដែល​រកស៊ី​ខាង​វិនិយោគ​ដីធ្លី​ក្នុង​ខេត្ត​សៀមរាប និង​ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវការ​កាលពី​ចុង​ខែ​មីនា ឆ្នាំ​២០២២ កន្លង​ទៅ។

ក្រោយ​បង្កើត​ក្រុមហ៊ុន ប្រ៊ីន​លាន ស៊ីធីវើល ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​រូប​នេះ​បាន​ប្រើ​ស្លាក​ក្រុមហ៊ុន​ប្រមូល​លុយ​ពី​ប្រជាពលរដ្ឋ​ពី​គ្រប់​មជ្ឈដ្ឋាន តាំងពី​ក្នុង​ប្រទេស​រហូត​ដល់​ក្រៅ​ប្រទេស ដូចជា​ប្រទេស​កូរ៉េខាងត្បូង ជាដើម តាម​ទម្រង់​ឆបោក ផនស៊ី (Ponzi) ទៅ​វិញ ដោយ​ការ​ផ្តល់​ការប្រាក់​ទៅ​ដល់​បុគ្គល​រូប​ណា​ដែល​បាន​ដាក់​លុយ​ក្នុង​ក្រុមហ៊ុន​របស់​ខ្លួន​តាម​គោលការណ៍​ដែល​ក្រុមហ៊ុន​បាន​កំណត់ ដូចជា ដាក់​លុយ​ចំនួន ៥​ពាន់​ដុល្លារ​អាមេរិក ទទួល​បាន​ការប្រាក់ ២០០​ដុល្លារ​អាមេរិក​ក្នុង ១​ខែ និង​ដាក់​លុយ​ចំនួន ១​ម៉ឺន​ដុល្លារ​អាមេរិក​ទទួល​បាន​ការប្រាក់​ចំនួន ៤០០​ដុល្លារ​អាមេរិក​ក្នុង ១​ខែ ជាដើម ហើយ​ក៏​មាន​អ្នក​ដាក់​លុយ​ដើម្បី​បាន​ការប្រាក់​រាប់​ពាន់​នាក់។

យ៉ាងណាក៏ដោយ ការ​ផ្តល់​ការប្រាក់​នេះ បាន​ត្រឹមតែ ៣ ទៅ ៤​ខែ​ប៉ុណ្ណោះ ក៏​ត្រូវ​បាន​បញ្ឈប់ ដែល​ជា​ហេតុ​នាំ​ឱ្យ​មាន​ការ​តវ៉ា​ពី​ម្ចាស់​លុយ​ទាំងនោះ​កាលពី​ពេល​ថ្មីៗ​នេះ​តែម្តង។ ក្រោយ​ផ្ទុះ​ការ​តវ៉ា ឧកញ៉ា ឡេង ចាន់ណា ព្យាយាម​ប្រើ​ផែនការ​បោកប្រាស់​មួយ​ជំហាន​ទៀត គឺ​សន្យា​ផ្តល់​សំណង​ជា​ដី​ឡូត៍​ទៅ​ឱ្យ​ម្ចាស់​លុយ​ទាំងនោះ​វិញ ជា​ថ្នូរ​នឹង​លុយ​ដែល​ពួកគេ​បាន​បណ្ដាក់ទុន​កន្លង​មក​នោះ ក្រោម​លេស​ថា ក្រុមហ៊ុន​ក្ស័យធន ប៉ុន្តែ​ដី​ឡូត៍​ទាំងនោះ​មិន​មាន​តម្លៃ​ស្មើ​នឹង​លុយ​ដែល​ពលរដ្ឋ​ទាំងនោះ​បាន​ដាក់​វិនិយោគ​ក្នុង​ក្រុមហ៊ុន​របស់​ឧកញ៉ា​រូប​នេះ​ទេ ប៉ុន្តែ​ផែនការ​នេះ​ត្រូវ​បរាជ័យ​ទៀត។

ក្នុង​សម័យ​បោះឆ្នោត​នា​ខែ​កក្កដា ឆ្នាំ​២០២៣ ឧកញ៉ា ឡេង ចាន់ណា បាន​ថតរូប​ជាមួយ​អនាគត​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែល​ការិយាល័យ​នាំពាក្យ​រដ្ឋាភិបាល​ថា​ធ្វើ​ឲ្យ​សាធារណជន​យល់​ច្រឡំ​ថា លោក ហ៊ុន ម៉ាណែត ចូល​ហ៊ុន​រកស៊ី​ជាមួយ​ឧកញ៉ា ឡេង ចាន់ណា។ ឧកញ៉ា​រូប​នេះ​ក៏​បាន​សារភាព​កំហុស​ថា​ខ្លួន​បាន​ប្រព្រឹត្ត​ធ្វើ​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ​ដូច្នោះ​មែន ដែល​រូបភាព​នោះ​ធ្វើ​ឲ្យ​ពលរដ្ឋ​មិន​ហ៊ាន​តវ៉ា​ខ្លាំងក្លា​នឹង​ឧកញ៉ា ក្រែង​មាន​ខ្នង​ក្រាស់​ពិត​មែន។

គេ​កត់សម្គាល់​ឃើញ​ថា បើ​ឧកញ៉ា ឡេង ចាន់ណា អាច​ប្រើ​ល្បិច​ដោះដូរ​ដី​ឡូត៍​ថោកៗ​ឱ្យ​ទៅ​ម្ចាស់​លុយ​ដែល​តវ៉ា​ទាំងនោះ​បាន​សម្រេច នោះ​លុយ​ដែល​គាត់​ប្រមូល​រាប់​សិប​លាន​ដុល្លារ​ដែល​នៅ​សល់​ពី​ការ​បង់​ការប្រាក់ ៣ ទៅ ៤​ខែ​កន្លង​មក នឹង​ក្លាយ​ជា​លុយ​របស់​គាត់​ដោយ​ស្រប​ច្បាប់ និង​រួច​ខ្លួន​ពី​សំណាញ់​ច្បាប់​ពី​ការ​បោកប្រាស់​នេះ​ដោយ​សុវត្ថិភាព។

ថ្មីៗ​នេះ គេ​សង្កេត​ឃើញ​ថា ឧកញ៉ា ឡេង ចាន់ណា បាន​យក​ប្រាក់​ដុល្លារ​ទាំង​ខ្ទាស់​ទៅ​ចែកចាយ​ឲ្យ​សិស្ស​សាលា ហើយ​បង្ហោះ​តាម​ហ្វេសប៊ុក។ គេ​សួរ​ថា តើ​ជា​លុយ​នរណា?

ប្រភេទ​ក្រុមហ៊ុន​ដែល​រកស៊ី​បណ្ដាក់ទុន​ផ្តល់​ការប្រាក់​ដូច​ឧកញ៉ា ឡេង ចាន់ណា ឬ​ហៅថា​ការ​ឆបោក​តាម​ទម្រង់ ផនស៊ី (Ponzi) ត្រូវ​គេ​សង្កេត​ឃើញ​ថា កំពុងតែ​ធ្វើ​ប្រតិបត្តិការ​ឆបោក​ពី​ពលរដ្ឋ​ស្ទើរ​ទូទាំង​ប្រទេស​កម្ពុជា​ទៅ​ហើយ​សព្វថ្ងៃ​នេះ ប៉ុន្តែ​គេ​មិន​ដែល​ឃើញ​រាជរដ្ឋាភិបាល​មាន​វិធានការ​ច្បាប់​ណា​មួយ​ទៅ​លើ​ក្រុមហ៊ុន​ទាំងនោះ​នៅឡើយ​ទេ ដូចជា ក្រុមហ៊ុន Cambodian Investor Capital Partner ហៅ​កាត់​ថា CIC Partner ដែល​កំពុង​មាន​បញ្ហា​មិន​ផ្តល់​ការប្រាក់​ឱ្យ​ម្ចាស់​ភាគហ៊ុន​រាប់​រយ​នាក់​សព្វថ្ងៃ​នេះ ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស