35 C
Phnom Penh

អតីត​មន្ត្រី​បក្ស​កាន់​អំណាច​ទម្លាយ​ថា​លោក ហ៊ុន ម៉ាណែត ជា​អ្នក​នៅ​ពីក្រោយ​អំពើ​បោកប្រាស់​របស់​ឧកញ៉ា ឡេង ចាន់ណា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មន្ត្រី​ជំនិត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទម្លាយ​ថា ទង្វើ​បោកប្រាស់​លុយកាក់​រាប់​សិប​លាន​ដុល្លារ​អាមេរិក​របស់​ឧកញ៉ា ឡេង ចាន់ណា ពី​ពលរដ្ឋ​ក្រីក្រ គឺ​មាន​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ជា​អ្នក​នៅ​ពីក្រោយ​ខ្នង ហើយ​ការ​ចាប់​ខ្លួន​ឧកញ៉ា​រូប​នេះ ដែល​ធ្វើឡើង​នៅ​ពេលនេះ ក៏​ដើម្បី​បំបិទ​មាត់​កុំ​ឱ្យ​បែកធ្លាយ​ដល់​សមាសភាព​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​អំពើ​ឆបោក​នេះ​តែប៉ុណ្ណោះ។

អតីត​មន្ត្រី​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ​ប្រចាំ​ខេត្ត​កោះកុង លោក មុំ អស្សនី បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ចន្ទ ទី​១៨ មីនា នេះ​ថា នៅ​អំឡុង​ឆ្នាំ​២០១៧ ខណៈ​លោក​ធ្វើ​កិច្ចការ​ឱ្យ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត រូប​លោក​ក៏​ធ្លាប់​ត្រូវ​បាន​លោក ហ៊ុន ម៉ាណែត ស្នើ​ឱ្យ​ទៅ​សហការ​ជាមួយ​ឧកញ៉ា ឡេង ចាន់ណា ដោយ​ការ​បង្កើត​សមាគម និង​ក្រុមហ៊ុន​ឯកជន ដើម្បី​ទាក់ទាញ​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង ដែរ ប៉ុន្តែ​លោក​បាន​បដិសេធ​សំណើ​នេះ។

លោក មុំ អស្សនី លើកឡើង​ថា ការ​ចាប់​ខ្លួន​ឧកញ៉ា ឡេង ចាន់ណា គឺ​ដោយសារតែ​ឧកញ៉ា​រូប​នេះ​បាន​និយាយ​ធ្លាយ​ដល់​រឿង​ផ្ទៃក្នុង​ដែល​នាំ​ឱ្យ​មាន​ការ​ពាក់ព័ន្ធ​ដល់​លោក ហ៊ុន ម៉ាណែត ដែល​ជា​មេ​របស់​ខ្លួន​ប៉ុណ្ណោះ ហើយ​ការ​លើកឡើង​របស់​ឧកញ៉ា ឡេង ចាន់ណា កន្លង​មក ក៏​ជា​ហេតុផល​នាំ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ព្រួយបារម្ភ​ពី​ការ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​នយោបាយ ជាពិសេស​គឺ​ប៉ះពាល់​ដល់​មុខមាត់​របស់​លោក ហ៊ុន ម៉ាណែត តែម្តង ស្រប​ពេល​ដែល​ពលរដ្ឋ​កំពុងតែ​ផ្ទុះ​ការ​តវ៉ា​កាន់តែ​ខ្លាំង​ឡើង​នោះ។

អតីត​មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច​រូប​នេះ បង្ហាញ​ថា ចំណុច​ដែល​បញ្ជាក់​ថា​ការ​ចាប់​ខ្លួន​នេះ ធ្វើឡើង​ដើម្បី​បំបិទ​មាត់​ឧកញ៉ា ឡេង ចាន់ណា នោះ​គឺ​នៅ​ត្រង់​ថា ការ​ចាប់​ខ្លួន​នេះ​មិនមែន​ធ្វើ​ឡើង​ដោយសារ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ចំពោះ​ការ​បោកប្រាស់​របស់​ឧកញ៉ា​រូប​នេះ​នោះ​ទេ គឺ​ដោយសារតែ​ការ​តវ៉ា​របស់​ពលរដ្ឋ​រងគ្រោះ​ដែល​មាន​ចំនួន​រាប់​រយ​នាក់​តែប៉ុណ្ណោះ ហើយ​ឧកញ៉ា ឡេង ចាន់ណា ក៏​មិន​ទាន់​ទទួល​ទោស​ពី​ការ​ចាប់​ខ្លួន​នេះ​ដែរ គឺ​ពួកគេ​គ្រាន់តែ​ធ្វើ​ប្រជាភិថុតិ​ឱ្យ​ពលរដ្ឋ​ស្ងប់​ចិត្ត​ប៉ុណ្ណោះ។

លោក​បន្ថែម​ថា ជា​ទម្លាប់​បណ្ដាញ​របស់​លោក ហ៊ុន ម៉ាណែត នឹង​រៀបចំ​ឱ្យ​ឧកញ៉ា ឡេង ចាន់ណា ទៅ​រស់នៅ​កន្លែង​មាន​សុវត្ថិភាព​មួយ​រយៈ ហើយ​ក្រោយ​មក​ក៏​ប្រកាស​លើកលែង​ទោស​វិញ​ដូច​មនុស្ស​មួយ​ចំនួន​ដែល​ពួកគេ​ធ្លាប់​ចាប់​ខ្លួន​កន្លងមក ក្នុង​នោះ​មាន​ដូចជា អតីត​អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ អតីត​អគ្គសេនាធិការ​រង​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អ្នកស្រី ជា រដ្ឋា និង​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​ស្វាយរៀង ជាដើម។

លោក មុំ អស្សនី បញ្ជាក់​ថា ក្រោយ​ការ​ចាប់​ខ្លួន​ឧកញ៉ា ឡេង ចាន់ណា តុលាការ​មិន​បាន​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​រក​លុយ​ដែល​ឧកញ៉ា ឡេង ចាន់ណា បាន​ប្រមូល​ពី​ពលរដ្ឋ​កន្លង​មក ដើម្បី​ឱ្យ​ដឹង​ថា​តើ​លុយ​ទាំងនោះ​កំពុង​ស្ថិត​នៅ​ទីណា ឬ​វិនិយោគ​ទៅ​អ្វី​នោះ​ទេ។

ជាង​នេះ​ទៀត តុលាការ​ក៏​មិន​បាន​ស្រាវជ្រាវ​រក​ឱ្យ​ឃើញ​ថា តើ​អ្នក​ណា​ខ្លះ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រមូល​លុយ​ទាំងអស់​នោះ​ក៏​អត់​ដែរ ខណៈ​អង្គការ​ចាត់តាំង​នៅ​ពីក្រោយ​ឧកញ៉ា ឡេង ចាន់ណា ដែល​តុលាការ​បាន​ចោទប្រកាន់​នោះ មាន​ប្រភព​មកពី​ណា ក៏​មិន​ត្រូវ​បាន​តុលាការ​បញ្ជាក់​ថែម​ទៀត ដូច្នេះ​ចំណុច​ទាំងនេះ​សុទ្ធសឹងតែ​ជា​រឿង​ដែល​ស្ថិត​ក្នុង​ការ​សង្ស័យ​ទាំងអស់។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ឧកញ៉ា ឡេង ចាន់ណា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ពី​បទល្មើស​ឆបោក​លុយ​រាប់​សិប​លាន​ដុល្លារ​អាមេរិក​កាលពី​ពេល​ថ្មីៗ​នេះ ខណៈ​មជ្ឈដ្ឋាន​នានា​ដាក់​ការ​សង្ស័យ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ជុំវិញ​អំពើ​ឆបោក​នេះ។

កាលពី​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០២៤ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ឧកញ៉ា ឡេង ចាន់ណា និង​បក្ខពួក​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​សៀមរាប ក្រោយ​ទទួល​បាន​បណ្តឹង​របស់​អ្នកស្រី រ៉េត សុធីតា ដែល​ជា​តំណាង​ពលរដ្ឋ​រងគ្រោះ ក្រោយ​អ្នកស្រី​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ​កាលពី​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤ កន្លង​ទៅ​នោះ។

ក្រោយ​ការ​ចាប់​ខ្លួន និង​សួរ​ចម្លើយ នៅ​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០២៤ ឧកញ៉ា ឡេង ចាន់ណា និង​បក្ខពួក ២​នាក់​ផ្សេង​ទៀត ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ «ឆបោក​មាន​ស្ថាន​ទម្ងន់​ទោស (ជា​ក្រុម​មាន​ការ​ចាត់តាំង)» តាម​បញ្ញត្តិ​មាត្រា​៣៧៧ និង​មាត្រា​៣៨០ នៃ​ក្រមព្រហ្មទណ្ឌ ពី​បទ «សម្អាត​ប្រាក់» តាម​បញ្ញត្តិ​មាត្រា​៣៨ នៃ​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ពី​បទ «មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន» ឬ ចេញ​សែក​ស្អុយ​តាម​បញ្ញត្តិ​មាត្រា​២៣១ នៃ​ច្បាប់​ស្ដីពី​ឧបករណ៍​អាច​ជួញដូរ​បាន និង​ប្រតិបត្តិការ​ទូទាត់​សង​ប្រាក់។

ទាក់ទង​នឹង​បញ្ហា​នេះ គេ​សង្កេត​ឃើញ​ថា មុន​នឹង​ឈាន​ដល់​ការ​ចាប់​ឃុំ​ខ្លួន មាន​វីដេអូ​បែកធ្លាយ​ជាច្រើន​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែល​ឧកញ៉ា ឡេង ចាន់ណា បាន​លើកឡើង​ក្នុង​វីដេអូ​ខ្លីៗ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​លោក ហ៊ុន ម៉ាណែត ដែល​មាន​ន័យ​ថា រាល់​សកម្មភាព​របស់​ខ្លួន​កន្លង​មក គឺ​មាន​ការ​គាំទ្រ​ដោយ​នាយករដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ។ ឧកញ៉ា ឡេង ចាន់ណា បាន​អះអាង​ថា លោក ហ៊ុន ម៉ាណែត គឺជា​អ្នក​បង្កើត​សមាគម​ពលករ និង​អតីត​ពលករ​ដើម្បី​សប្បុរសធម៌ ដែល​ខ្លួន​កំពុង​ដឹកនាំ​ធ្វើ​សកម្មភាព​កន្លងមក ជាដើម។

បន្ទាប់​វីដេអូ​មួយ​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​កាន់តែ​ខ្លាំង ខណៈ​ការ​តវ៉ា​ក៏​កាន់តែ​ផ្ទុះឡើង ខុទ្ទកាល័យ​របស់​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ចេញ​សេចក្ដី​បំភ្លឺ​មួយ​កាលពី​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដោយ​អះអាង​ថា លោក ហ៊ុន ម៉ាណែត មិន​បាន​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី តាម​ការ​លើកឡើង​របស់​អ្នកស្រី ឡេង ចាន់ណា នោះ​ទេ ខណៈ​ឧកញ៉ា ឡេង ចាន់ណា ក៏​បាន​បំភ្លឺ​កាលពី​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដែរ ដោយ​លើកឡើង​ថា ការ​អះអាង​របស់​ខ្លួន​កន្លង​មក មិន​បាន​ពាក់ព័ន្ធ​នឹង​លោក ហ៊ុន ម៉ាណែត នោះ​ទេ។

យ៉ាងណាក៏ដោយ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា តាមរយៈ​បទល្មើស​ដែល​ឧកញ៉ា ឡេង ចាន់ណា បាន​ប្រព្រឹត្ត គាត់​មិន​អាច​គេច​ផុត​ពី​ការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​បាន​ទេ ប៉ុន្តែ​មិនមែន​ចាប់​ខ្លួន​ដោយ​គ្មាន​ការ​ស៊ើបអង្កេត​រក​បណ្ដាញ​បក្ខពួក​ខាងលើ​របស់​ឧកញ៉ា​រូប​នេះ​ឡើយ ព្រោះ​ថា​បើ​មិន​ធ្វើការ​ស៊ើបអង្កេត​រក​ខ្សែ​បណ្ដាញ​បក្ខពួក​ទាំងនោះ​ទេ គឺ​នៅតែ​បន្ត​ឱ្យ​មាន​ការ​សង្ស័យ​ជុំវិញ​អំពើ​ឆបោក​នេះ ទោះបីជា​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត បាន​ចេញ​សេចក្តី​បំភ្លឺ​រឿង​នេះ​ហើយ​ក៏ដោយ ក៏​មិន​អាច​យក​ជា​មូលដ្ឋាន​ត្រឹមត្រូវ​តាម​ច្បាប់​នោះ​ដែរ។

ជុំវិញ​បញ្ហា​នេះ ប្រមុខ​រដ្ឋ​ស្តីទី​លោក សាយ ឈុំ បាន​ចុះហត្ថលេខា​លើ​ព្រះរាជក្រឹត្យ​បញ្ចប់​គោរមងារ​ឧកញ៉ា​ពី​ឧកញ៉ា ឡេង ចាន់ណា តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ហើយ​កាលពី​ថ្ងៃទី​១៤ ខែ​មីនា កន្លង​ទៅ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស