40.8 C
Phnom Penh

សហរដ្ឋ​អាមេរិក​នៅតែ​សន្យា​ពាក់ព័ន្ធ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ខណៈ​ចិន​ប្រឆាំង​ដាច់ខាត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Antony Blinken បាន​និយាយ​នៅ​ថ្ងៃ​អង្គារ ទី​១៩ មីនា ថា សហរដ្ឋ​អាមេរិក​នៅតែ​បន្ត​ប្រកាន់ខ្ជាប់​នូវ​ការ​ប្ដេជ្ញាចិត្ត​យ៉ាង​រឹងមាំ​ដូច​ដែក ដើម្បី​ជួយ​ការពារ​សម្ព័ន្ធមិត្ត​យូរ​អង្វែង​របស់​ខ្លួន គឺ​ប្រទេស​ហ្វីលីពីន ដែល​កំពុង​តស៊ូ​ប្រឆាំង​ជម្លោះ​នឹង​ចិន ករណី​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP នា​ថ្ងៃ​អង្គារ ទី​១៩ ខែ​មីនា។

លោក Antony Blinken បាន​បញ្ជាក់​ដូចនេះ​នៅ​ទីក្រុង​ម៉ានីល គឺជា​ការ​បំពេញ​ទស្សនកិច្ច​លើក​ទី​២​របស់​លោក គិត​ចាប់តាំងពី​ប្រធានាធិបតី​ហ្វីលីពីន លោក Ferdinand Marcos Jr បាន​ឡើង​កាន់​អំណាច​កាលពី​ឆ្នាំ​២០២២។

ការ​បញ្ជាក់​ពី​ការ​ប្ដេជ្ញាចិត្ត​នេះ ធ្វើឡើង​ក្រោយ​ឧប្បត្តិហេតុ​បាន​កើតមាន​ជា​បន្តបន្ទាប់​រវាង​នាវា​ហ្វីលីពីន និង​នាវា​របស់​ចិន នៅ​ក្បែរ​តំបន់​មាន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។ ក្នុង​នោះ​មាន​ទាំង​ហេតុការណ៍​បុក​គ្នា ប៉ះទង្គិច​ដោយ​បាញ់​ទឹក​ដាក់​គ្នា តែ​ភាគច្រើន​នាវា​ចិន ច្រើន​បាញ់​ទឹក​លើ​នាវា​ហ្វីលីពីន មុន។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​ជាមួយ​សមភាគី​ហ្វីលីពីន លោក Enrique Manalo លោក Blinken បាន​លើកឡើង​ថា ផ្លូវទឹក​នៃ​សមុទ្រ​ចិន​ខាងត្បូង សំខាន់​ចំពោះ​សន្តិសុខ និង​សេដ្ឋកិច្ច​របស់​ហ្វីលីពីន ប៉ុន្តែ​វា​ក៏​សំខាន់​ទៀត​នោះ​ចំពោះ​ផល​ប្រយោជន៍​នៃ​តំបន់​ទាំងមូល ដែល​សហរដ្ឋ​អាមេរិក និង​ពិភពលោក​មាន​ចំណែក​ផង​ដែរ។

តាម​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក បន្ត​ឈរ​នៅ​ជាមួយ​ហ្វីលីពីន និង​ប្រកាន់ខ្ជាប់​នូវ​ការ​ប្ដេជ្ញាចិត្ត​យ៉ាង​រឹងមាំ​ក្នុង​ការ​ការពារ​ជាតិ ដូច​មាន​ការ​កំណត់​ក្រោម​សន្ធិសញ្ញា​ការពារ​គ្នា​ទៅវិញ​ទៅមក។

ការ​បំពេញ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​អាមេរិក ធ្វើឡើង​នៅ​មុន​កិច្ចប្រជុំ​កំពូល​ត្រីភាគី​នៅ​ទីក្រុង​វ៉ាស៊ីនតោន នា​ខែ​មេសា ខាងមុខ​នេះ​រវាង​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន ប្រធានាធិបតី​ហ្វីលីពីន Ferdinand Marcos Jr និង​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida។

ប្រកាស​ពី​គម្រោង​កិច្ចប្រជុំ​កំពូល​ខាងលើ​នេះ សេតវិមាន​បាន​និយាយ​ថា មេដឹកនាំ​ទាំង​៣ នឹង​ជំរុញ​ចក្ខុវិស័យ​រួម​ស្ដីពី​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​មួយ​ដែល​សេរី និង​បើកចំហ។

លោក​ប្រមុខ​ការទូត​អាមេរិក កំពុងតែ​ស្ថិត​នៅ​រដ្ឋធានី​ម៉ានីល នៃ​ប្រទេស​ហ្វីលីពីន គឺជា​ដំណើរ​ទស្សនកិច្ច​មួយ​មាន​រយៈពេល​ខ្លី​នៅ​តំបន់​អាស៊ី ដែល​មាន​គោលដៅ​ពង្រឹង​ការ​គាំទ្រ​របស់​ទីក្រុង​វ៉ាស៊ីនតោន សម្រាប់​បណ្តា​សម្ព័ន្ធមិត្ត​ក្នុង​តំបន់។ តែ​ជាមួយ​គ្នា​នេះ ចិន បាន​ប្រតិកម្ម​ថា សហរដ្ឋ​អាមេរិក​មិន​មាន​សិទ្ធិ​អ្វី​មក​ជ្រៀតជ្រែក​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ឡើយ។

ការ​ថ្លែង​របស់​លោក Lin Jian អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន ជា​ការ​ឆ្លើយតប​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Antony Blinken។

លោក Lin Jian អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​មិនមែន​ជា​ភាគី​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ហើយ​មិន​មាន​សិទ្ធិ​មក​ជ្រៀតជ្រែក​ក្នុង​បញ្ហា​វិវាទ​ដែនសមុទ្រ​ដែល​ជា​រឿង​រវាង​ចិន និង​ហ្វីលីពីន នោះ​ទេ។

លោក Lin Jian បញ្ជាក់​ថា កិច្ច​សហប្រតិបត្តិការ​យោធា​រវាង​អាមេរិក និង​ហ្វីលីពីន មិន​ត្រូវ​ប៉ះពាល់​ដាច់ខាត​ចំពោះ​អធិបតេយ្យ ព្រមទាំង​សិទ្ធិ និង​ផល​ប្រយោជន៍​របស់​ប្រទេស​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង ដោយ​ព្រមាន​ថា ចិន​នឹង​បន្ត​ចាត់​វិធានការ​ចាំបាច់ ដើម្បី​ប្ដេជ្ញា​ការពារ​ដែនទឹក ព្រមទាំង​សិទ្ធិ និង​ផល​ប្រយោជន៍​ដែនសមុទ្រ​របស់​ខ្លួន ហើយ​រក្សា​ការពារ​សុខ​សន្តិភាព និង​ស្ថិរភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង។

តើ​អនាគត​ចិន អាច​ដណ្ដើម​កាន់កាប់​ផ្ដាច់មុខ​សមុទ្រ​ចិន​ខាងត្បូង​បាន​ដែរ​ឬ​ទេ?

សមុទ្រ​ចិន​ខាងត្បូង ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ប៉ុន្តែ​វា​មាន​ផ្ទៃសមុទ្រ ៣​លាន ៥​សែន​គីឡូម៉ែត្រ​ក្រឡា។ សមុទ្រ​ចិន​ខាងត្បូង ធ្លាក់​ក្នុង​ជម្លោះ​ប្រទាញប្រទង់​រវាង​ប្រទេស​ចិន និង​ប្រទេស​ចំនួន​៥ នៅ​ក្នុង​សមាគម​អាស៊ាន រាប់​ទាំង​កោះ​តៃវ៉ាន់ ផង​ដែរ ជាច្រើន​ទសវត្ស​មក​ហើយ។

ប្រទេស ៥ នៅ​ក្នុង​សមាគម​អាស៊ាន ដែល​កំពុង​មាន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺ​ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ប្រ៊ុយណេ។

សម្រាប់​ប្រទេស​ហ្វីលីពីន និង​វៀតណាម មាន​ជម្លោះ​តានតឹង​ជាមួយ​ចិន ជា​ញឹកញាប់​បំផុត​រហូត​ដល់​អូស​នាវា​ល្បាត នាវាចម្បាំង ប្រឈមមុខ​ដាក់​គ្នា​ទៀត​ផង ជាពិសេស​ប្រទេស​ហ្វីលីពីន និង​ចិន។ នៅ​ពេល​ដែល​សមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ​នេះ​ជា​ផ្លូវ​នាវាចរណ៍​អន្តរជាតិ សហរដ្ឋ​អាមេរិក ជប៉ុន ឥណ្ឌា អូស្ត្រាលី អាល្លឺម៉ង់ បារាំង តែងតែ​បញ្ចេញ​ប្រតិកម្ម​ប្រឆាំង​នឹង​ចិន ហើយ​រហូត​ដល់​ពួកគេ​បញ្ជូន​នាវា​បើក​ឆ្លងកាត់​ទៀត​ផង។

សម្រាប់​សហរដ្ឋ​អាមេរិក អូស្ត្រាលី ប្រកាស​ដាច់ខាត​ហើយ​ទោះ​កាលៈទេសៈ​ណា​ក៏ដោយ មិន​ឱ្យ​ចិន គ្រប់គ្រង​ផ្ដាច់មុខ​បាន​ឡើយ។ ចុងក្រោយ​នេះ ប្រទេស​ហ្វីលីពីន ចង​សម្ព័ន្ធភាព​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក កាណាដា ជប៉ុន និង​អូស្ត្រាលី ដើម្បី​ឱ្យ​ហ្វីលីពីន ពឹងពាក់​កម្លាំង​យោធា​របស់​ប្រទេស​នេះ​មក​ជួយ​ហ្វីលីពីន បើ​សង្គ្រាម​ចិន និង​ហ្វីលីពីន ផ្ទុះឡើង​នោះ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​គ្រប់​ជំនាន់​ទាំងអស់​តែងតែ​បញ្ជាក់​ថា សមុទ្រ​ចិន​ខាងត្បូង​ជា​ផ្លូវ​នាវាចរណ៍​អន្តរជាតិ គឺ​ប្រទេស​ចិន គ្មាន​សិទ្ធិ​គ្រប់គ្រង​ផ្ដាច់មុខ​បាន​ឡើយ។ សហរដ្ឋ​អាមេរិក​ព្រមាន​ថា ទីក្រុង​វ៉ាស៊ីនតោន ក៏​មាន​សិទ្ធិ​ការពារ​ផ្លូវ​នាវាចរណ៍​អន្តរជាតិ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ផង​ដែរ។

ករណី​នេះ​ហើយ​ដែល​ចិន ចេះតែ​ប្រតិកម្ម​ចោទ​អាមេរិក​ថា​ជា​ប្រទេស​នៅ​ក្រៅ​តំបន់ លូក​ដៃ​ចូល​ជម្លោះ​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

ទីក្រុង​ប៉េកាំង ទទូច​ផង ព្រមាន​ផង ឱ្យ​អាមេរិក​បញ្ឈប់​ជាបន្ទាន់​ការ​ធ្វើ​សកម្មភាព​បែប​នេះ ប៉ុន្តែ​អ្នក​សង្កេតការណ៍​ព្រមាន​ថា សហរដ្ឋ​អាមេរិក និង​ពួក​បស្ចិម​ប្រទេស មិន​អាច​ឱ្យ​ចិន ប្រើ​សិទ្ធិ​ផ្ដាច់មុខ​នៅ​សមុទ្រ​ចិន​ខាងត្បូង បាន​ឡើយ ទោះ​ចិន​បង្ក​សង្គ្រាម​ក៏ដោយ​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស