42 C
Phnom Penh

“សម្តេច​ពុក​សន្តិភាព” សៀវភៅ​បង្ហាញ​ពី​កម្ពុជា​មាន​មេដឹកនាំ​ដ៏​ខ្លាំងក្លា​តែ​មិន​រៀបរាប់​របៀប​ដឹកនាំ​ដ៏​អនាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​តស៊ូ​មតិ​នៅ​ប្រទេស​កម្ពុជា ថា​សៀវភៅ​ដែល​មាន​ចំណងជើង​ថា «សម្តេច​ពុក​សន្តិភាព» ដែល​ពណ៌នា​អំពី​ការ​ដឹកនាំ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ដែល​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ថា ប្រទេស​កម្ពុជា​មាន​មេដឹកនាំ​ដ៏​ខ្លាំងក្លា ដែល​អាច​រំដោះ​សង្គម​ជាតិ​មួយ​នេះ​បាន តែ​មិន​បាន​រៀបរាប់​ពី​ការ​បញ្ចេញមតិ​ដោយ​ហិង្សា និង​របៀប​ដឹកនាំ​ដ៏​សែន​អនាធិបតេយ្យ និង​ឃោរឃៅ​ក្នុង​របប​ដឹកនាំ​របស់​គាត់​នោះ​ទេ។

ក្រុម​តស៊ូ​មតិ​កម្ពុជា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២៤ នេះ​ថា មាន​របាយការណ៍​ជាច្រើន​ដែល​បាន​ផ្សព្វផ្សាយ​ពី​រូបភាព​ដ៏​សែន​អនាធិបតេយ្យ​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ក្នុង​របប​ដឹកនាំ​របស់​គ្រួសារ​ត្រកូល​ហ៊ុន ដែល​មិន​ត្រូវ​បាន​ចុះផ្សាយ​ក្នុង​សៀវភៅ «សម្តេច​ពុក​សន្តិភាព» ដែល​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​រៀបរៀង និង​បោះពុម្ពផ្សាយ​នៅ​ពេលនេះ។

ប្រភព​ខាង​លើ​ដដែល​លើកឡើង​ថា ក្រៅពី​ការ​និពន្ធ​សៀវភៅ​លើក​សរសើរ​គ្រួសារ​ត្រកូល​ហ៊ុន ក៏​មាន​ការ​និយាយ​បញ្ចើចបញ្ចើ​ពី​មន្ត្រី​រាជរដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​ត្រកូល​ហ៊ុន​ជា​ហូរហែ​ដែរ។

អ្នក​និយាយ​កោត​សរសើរ​ត្រកូល​ហ៊ុន មាន​ដូចជា អតីត​ប្រធាន​វិទ្យុ​បារាំង​អន្តរជាតិ RFI លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ដែល​តែងតែ​លើក​សរសើរ​ពី​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត សព្វថ្ងៃ​នេះ ជាដើម ដែល​ការ​សរសើរ​ទាំងនេះ​ប្រៀប​ដូចជា​បទចម្រៀង​ដែល​គេ​តែង​រួច​ជា​ស្រេច ដើម្បី​ច្រៀង​សរសើរ​លើក​ជើង​ចៅហ្វាយនាយ​របស់​ខ្លួន​ដូច្នោះ​ដែរ។

ក្រុម​តស៊ូ​មតិ​កម្ពុជា បញ្ជាក់​ថា ជាង​នេះ​ទៀត ប្រធាន​អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី លោក ប៉ែន បូណា ដែល​ជា​អតីត​និពន្ធ​នាយក​វិទ្យុ​បារាំង RFI ជា​ភាសា​ខ្មែរ ក៏​បាន​សរសើរ​លោក ហ៊ុន សែន ដែរ​ថា​ជា​អ្នក​កសាង​ប្រទេស​កម្ពុជា​ល្អ​បំផុត​ក្នុង​រយៈពេល ៥០០​ឆ្នាំ​ចុងក្រោយ​នេះ ដែល​ការ​សរសើរ​បែប​នេះ គឺ​គ្រាន់តែ​ជា​ការ​និយាយ​ដើម្បី​ស្វែងរក​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​ណា​មួយ​ពី​លោក ហ៊ុន សែន ប៉ុណ្ណោះ ព្រោះ​ការ​និយាយ​នោះ​មិនមែន​ជា​ការពិត​នោះ​ទេ។

សៀវភៅ​ថ្មី​មួយ​ក្បាល​មាន​ចំណងជើង​ថា «សម្តេច​ពុក​សន្តិភាព» ត្រូវ​បាន​និពន្ធ​ដោយ​លោក ចាន់ សេរីរ័ត្ន ដែល​ត្រូវ​បាន​ដាក់​បង្ហាញ​កាលពី​ពាក់កណ្តាល​ខែ​កុម្ភៈ ឆ្នាំ​២០២៤ កន្លង​ទៅ ហើយ​សៀវភៅ​នេះ​ត្រូវ​បាន​រៀបរៀង និង​ចងក្រង​ពី​រូបភាព​ប្រវត្តិ​ជា​កងទ័ព និង​សម្ដី​របស់​លោក ហ៊ុន សែន នា​ពេល​កន្លង​មក។

ខ្លឹមសារ​ក្នុង​សៀវភៅ «សម្តេច​ពុក​សន្តិភាព» បញ្ជាក់​ថា សៀវភៅ​នេះ​បាន​ប្រមូលផ្ដុំ​នូវ​រាល់​សម្ដី​មាស​សំខាន់ៗ​ពោរពេញ​ដោយ​អត្ថន័យ​ដ៏​មាន​តម្លៃ​របស់​លោក ហ៊ុន សែន ដើម្បី​ទុក​ជា​ឯកសារ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ថា កម្ពុជា​មាន​មេដឹកនាំ​ដ៏​ខ្លាំងក្លា​ដែល​អាច​រំដោះ​សង្គម​ជាតិ​មួយ​នេះ​ឲ្យ​បាន​រួច​ផុត​ពី​រណ្តៅ​ងងឹត​របស់ ប៉ុល ពត យ៉ាង​សាហាវ​បំផុត។

សៀវភៅ​ខាងលើ​បញ្ជាក់​ថា រាល់​សម្រង់​សម្ដី​មាស​របស់​លោក ហ៊ុន សែន ទាំង​ប៉ុន្មាន​នៅ​ក្នុង​សៀវភៅ​នេះ ប្រៀប​បាន​ទៅ​នឹង​ការ​ផ្តល់​ចំណេះដឹង មេរៀន​ល្អៗ បទពិសោធន៍​ដែល​មាន​តម្លៃ​សម្រាប់​ការ​ចងចាំ​របស់​ប្រជាជន​កម្ពុជា ឲ្យ​នឹកឃើញ​ពី​មហា​គុណ​ដ៏​ធំធេង​ដែល​មិន​អាច​កាត់ថ្លៃ​បាន និង​គោរព​នូវ​ទឹកចិត្ត​ដ៏​មោះមុត​អង់អាច​ក្លាហាន​របស់​លោក ហ៊ុន សែន ចំពោះ​ការ​ធ្វើ​ឲ្យ​បាន​នូវ​សន្តិសុខ​លើ​ទឹកដី​សុវណ្ណ​ភូមិ​ដ៏​កម្សត់​មួយ​នេះ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៥ មីនា នេះ​ថា របៀប​ដឹកនាំ​របស់​ពួក​កុម្មុយនីស្ត​ផ្ដាច់ការ គេ​តែងតែ​ប្រើ​វិធី​ឃោសនា​លើក​សរសើរ​ពី​ការ​ដឹកនាំ​របស់​ពួកគេ​គ្រប់​រូបភាព ដោយ​ផ្តល់​ផល​ប្រយោជន៍​ឱ្យ​អ្នក​នៅ​ក្រោម​បង្គាប់ ជា​ថ្នូរ​ឱ្យ​អ្នក​ទាំងនោះ​ចេញ​មុខ​កុហក​ប្រជាពលរដ្ឋ​ជំនួស​ពួកគេ ក្នុង​បំណង​ឱ្យ​ពលរដ្ឋ​ខ្មែរ​គាំទ្រ​ឱ្យ​ពួកគេ​បន្ត​កាន់កាប់​អំណាច​ក្នុង​វង្ស​ត្រកូល​របស់​គេ​ប៉ុណ្ណោះ ប៉ុន្តែ​ការពិត មិន​ដូច​អ្វី​ដែល​គេ​បាន​សរសេរ​នោះ​ទេ​ចំពោះ​ប្រវត្តិ​ដឹកនាំ​របស់​លោក ហ៊ុន សែន ជាង ៤០​ឆ្នាំ​មក​នេះ។

លោក គឹម សុខ លើកឡើង​ថា ក្រោយ​ថ្ងៃ​រំដោះ ៧​មករា ឆ្នាំ​១៩៧៩ កងទ័ព​វៀតណាម​បាន​លើក​បន្តុប​លោក ហ៊ុន សែន ឱ្យ​ធ្វើជា​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា​នៅ​ឆ្នាំ​១៩៨៥ បន្ទាប់ពី​មេដឹកនាំ​ខ្មែរ​រូប​នេះ​យល់ព្រម​បម្រើ​ផែនការ​វៀតណាម បញ្ជូន​បុរស​ខ្មែរ​ពេញវ័យ​ជាង ២​សែន​នាក់ ឱ្យ​ទៅ​ស្លាប់​ក្នុង​ផែនការ «ក​៥» របស់​វៀតណាម ជា​ថ្នូរ​នឹង​ការ​ជួយ​ជ្រោមជ្រែង​អំណាច​ពី​កងទ័ព​វៀតណាម នា​សម័យ​នោះ។

អ្នកវិភាគ​រូប​នេះ​អះអាង​ថា ក្រៅពី​សម្លាប់​ពលរដ្ឋ​ខ្មែរ​ក្នុង​ផែនការ «ក​៥» របស់​វៀតណាម ជាង ២​សែន​នាក់ លោក ហ៊ុន សែន ក៏​ជាប់​ឈ្មោះ​ក្នុង​ឧក្រិដ្ឋកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់​ផ្សេង​ទៀត​ដែរ ដូចជា ការ​សម្លាប់​នាដការី​របាំ​ព្រះរាជទ្រព្យ​អ្នកស្រី ពិសិដ្ឋ ពិលីកា ពាក់ព័ន្ធ​នឹង​រឿង​ស្នេហា​ត្រីកោណ ជាដើម។

ជាង​នេះ​ទៀត ការ​សម្លាប់​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី ពាក់ព័ន្ធ​នឹង​រឿង​ឧក្រិដ្ឋកម្ម​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់ ការ​សម្លាប់​ប្រធាន​សហជីព​សេរី​កម្មករ​លោក ជា វិជ្ជា និង​ការ​បោក​គ្រាប់បែក​សម្លាប់​ហ្វូង​បាតុករ​ក្នុង​ឆ្នាំ​១៩៩៧ ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រឆាំង​បេក្ខភាព​ជា​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន សែន ការ​សម្លាប់​ព្រះភិក្ខុ សំ ប៊ុនធឿន ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ពាក់ព័ន្ធ​នឹង​រឿង​លាតត្រដាង​អាណាចក្រ​មុខជំនួញ​ត្រកូល​ហ៊ុន​នៅ​កម្ពុជា និង​ការ​ធ្វើ​រដ្ឋប្រហារ​បង្ហូរ​ឈាម​នៅ​ដើម​ខែ​កក្កដា ឆ្នាំ​១៩៩៧ ពាក់ព័ន្ធ​នឹង​ការ​ដណ្តើម​អំណាច​ទម្លាក់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ពី​នាយករដ្ឋមន្ត្រី​ទី​១ ជាដើម សុទ្ធសឹងតែ​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​គ្រួសារ​ត្រកូល ហ៊ុន យ៉ាង​ខ្លាំង។

អ្នកវិភាគ​នយោបាយ​រូប​នេះ​បញ្ជាក់​ថា រឿង​ឧក្រិដ្ឋកម្ម​របស់​លោក ហ៊ុន សែន ដែល​លោក​បាន​រៀបរាប់​ខាងលើ​នេះ ក៏​គួរតែ​ត្រូវ​បាន​សរសេរ និង​ធ្វើ​អត្ថាធិប្បាយ​ក្នុង​សៀវភៅ «សម្តេច​ពុក​សន្តិភាព» នេះ​ដែរ ដើម្បី​ផ្តល់​ការពិត​ទៅ​ដល់​អ្នក​អាន​សៀវភៅ។ ផ្ទុយទៅវិញ បើ​អ្នកនិពន្ធ​មិន​សរសេរ​រឿង​ទាំងនេះ​ចូល​ក្នុង​សៀវភៅ​នេះ​ទេ នោះ​គ្រាន់តែ​ជា​ល្បិចកល​បន្លំ​ប្រវត្តិសាស្ត្រ​ដែល​គ្រួសារ​ត្រកូល​ហ៊ុន​រៀបចំ​ដើម្បី​កុហក​ពលរដ្ឋ​ខ្មែរ​ទៅ​ថ្ងៃ​មុខ​ប៉ុណ្ណោះ។

ទាក់ទិន​នឹង​ការ​កាន់​អំណាច​របស់​លោក ហ៊ុន សែន ជាង ៤០​ឆ្នាំ​មក​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​ចេញ​សេចក្តី​រាយការណ៍​កាលពី​ពេល​កន្លង​ទៅ​ថា ប្រទេស​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន បាន​បង្កើត​ឲ្យ​មាន​ការ​សម្លាប់ និង​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​រាប់​មិន​អស់ ដែល​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ពុំ​មាន​ទោសទណ្ឌ ក្នុង​នោះ លោក ហ៊ុន សែន បាន​ដំឡើង​បុណ្យ​ស័ក្តិ និង​ផ្តល់​រង្វាន់​ដល់​ពួក​ឃាតករ​ទាំងនោះ​ជាច្រើន​នាក់ ឱ្យ​ដឹកនាំ​ក្នុង​រដ្ឋាភិបាល​របស់​លោក​រហូត​ដល់​ពេលនេះ។

ទោះជា​យ៉ាងណាក៏ដោយ អ្នក​សរសេរ​សៀវភៅ​អំពី​អ្នក​ដឹកនាំ​តាម​របៀប​របប​ផ្ដាច់ការ​នៅ​ទីណា​ក៏ដោយ មិន​ហ៊ាន​និយាយ​ការពិត​ទាំងស្រុង​អំពី​អ្នក​ដឹកនាំ​នោះ​ទេ។ អ្នកនិពន្ធ​ត្រូវតែ​ច្នៃ គេច​វាង​ការពិត ពាក្យ​បុរាណ​ខ្មែរ​ថា ពាក្យ​ពិត​រែង​ស្លែង ពោល​គឺ​វា​ល្វីង ជូរចត់ លេប​មិន​រួច ប៉ុន្តែ​អ្នក​ដឹង ទើប​ដឹង​អំពី​លោក ហ៊ុន សែន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស