42 C
Phnom Penh

អ្នក​ឃ្លាំមើល​អំពាវនាវ​ឱ្យ​ដោះលែង​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ប៉ែន ជីវ័ន្ត បន្ទាប់ពី​ត្រូវ​បាន​ចាប់​ខ្លួន​តាម​បណ្តឹង​លោក ព្រាប កុល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ប៉ែន ជីវ័ន្ត (Chivann Pen) ដែល​មាន​ឈ្មោះ​ពិត​ថា យ៉ង់ ប៉ាក់ ឱ្យ​មាន​សេរីភាព​ឡើងវិញ បន្ទាប់ពី​បុគ្គល​រូប​នេះ​រង​នូវ​ការ​ចោទប្រកាន់​ពី​បទ​បរិហារកេរ្តិ៍ និង​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​អយុត្តិធម៌​តាម​បណ្តឹង​អតីត​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា​លោក ព្រាប កុល កាលពី​ចុង​ខែ​មករា ឆ្នាំ​២០២៤ ពាក់ព័ន្ធ​នឹង​ករណី​បាត់​លុយ​ជិត ១០០​លាន​ដុល្លារ​អាមេរិក​ក្នុង​ក្រុមហ៊ុន CIC Partner។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ មីនា នេះ​ថា មុន​នឹង​បើក​ការ​ស៊ើបអង្កេត​លើ​ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ (Cambodian Investment Capital Partner) ដែល​ហៅ​កាត់​ថា CIC Partner ជុំវិញ​ការ​បាត់​លុយ​ចំនួន ៨០​លាន​ដុល្លារ​អាមេរិក និង​ភាព​មិន​ប្រក្រតី​ជុំវិញ​ការ​មិន​បង់​ការប្រាក់​ឱ្យ​ម្ចាស់​ភាគហ៊ុន​ដែល​លោក យ៉ង់ ប៉ាក់ បាន​ទម្លាយ​កាលពី​ពេល​កន្លង​ទៅ​នោះ អាជ្ញាធរ​ត្រូវ​ដោះលែង​បុគ្គល​រូប​នេះ​ឱ្យ​មាន​សេរីភាព​ឡើងវិញ​នៅ​ពេលនេះ​ជា​មុន​សិន។

លោក​បន្ថែម​ថា ពេលនេះ​រឿង​ដែល​លោក យ៉ង់ ប៉ាក់ បាន​លើកឡើង ត្រូវ​បាន​បែកធ្លាយ​ជា​សាធារណៈ​ហើយ ដូច្នេះ​លោក​អាច​បញ្ជាក់​បាន​ថា ករណី​នេះ​មិនមែន​ជា​ការ​ចោទប្រកាន់​ដោយ​គ្មាន​ភស្តុតាង​នោះ​ទេ ដូច្នេះ​គណៈមេធាវី​ដែល​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​ពលរដ្ឋ​រងគ្រោះ​ក្នុង​ករណី​ឆបោក​របស់​ក្រុមហ៊ុន CIC Partner នេះ គួរតែ​ធានា​ឱ្យ​លោក យ៉ង់ ប៉ាក់ នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​សិន មុន​នឹង​ធ្វើ​យុទ្ធការ​បើក​ការ​ស៊ើបអង្កេត​រក​ខុសត្រូវ​លើ​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​ករណី​ឆបោក​នេះ។

អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន អាហ្គ្រីប៊ី (AGRIBEE) លោក យ៉ង់ ប៉ាក់ ដែល​ជា​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ប៉ែន ជីវ័ន្ត (Chivann Pen)។

លោក គឹម សុខ លើកឡើង​ថា លោក យ៉ង់ ប៉ាក់ គឺជា​ជនរងគ្រោះ​ចាញ់​បោក​ក្រុមហ៊ុន CIC Partner នេះ​ដែរ ដូច្នេះ​តាម​ផ្លូវ​ច្បាប់ គាត់​ត្រូវ​មាន​ឱកាស​រក​យុត្តិធម៌​ឱ្យ​ខ្លួន​គាត់​ផង ហើយ​ក៏​ជា​សាក្សី​សំខាន់​មួយ​រូប​ក្នុង​ដំណើរការ​ស៊ើបអង្កេត​លើ​ក្រុមហ៊ុន​ផង​ដែរ។

លោក​បន្ថែម​ថា ការ​ចាប់​ខ្លួន​លោក យ៉ង់ ប៉ាក់ ដាក់​គុក​តាម​បណ្តឹង​របស់​លោក ព្រាប កុល កន្លង​មក មិន​មាន​ភាព​យុត្តិធម៌​ក្នុង​ការ​អនុវត្ត​ច្បាប់​ឡើយ ដោយសារ​ការ​ចាប់​ខ្លួន​នេះ​សំអាង​តែ​ទៅ​លើ​លិខិត​បំភ្លឺ​របស់​ក្រុមហ៊ុន CIC Partner តែ​ម្ខាង​ដែល​អះអាង​ថា លោក ព្រាប កុល មិន​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ខាងលើ​ដូច​ការ​លើកឡើង​របស់​លោក យ៉ង់ ប៉ាក់ នោះ។

ជាង​នេះ​ទៅ​ទៀត តុលាការ​ក៏​មិន​បាន​បង្ហាញ​ភស្តុតាង​អំពី​ការ​ស៊ើបអង្កេត​រឹងមាំ​ណា​មួយ​ដោយ​តម្លាភាព​ដែរ ត្បិត​បើ​យោង​តាម​ផ្លូវ​ច្បាប់ នោះ​សំណុំរឿង​ព្រហ្មទណ្ឌ​ត្រូវតែ​វិនិច្ឆ័យ​ដោយ​ផ្អែក​ទៅ​លើ​ការ​ស៊ើបអង្កេត​ហ្មត់ចត់ មិនមែន​សំអាង​ទៅ​លើ​ការ​បញ្ជាក់​របស់​ភាគី​តែ​ម្ខាង​ណា​មួយ​នោះ​ទេ។

អ្នកវិភាគ​នយោបាយ​រូប​នេះ​បញ្ជាក់​ថា នៅ​មុន​ការ​ចាប់​ខ្លួន លោក យ៉ង់ ប៉ាក់ បាន​អះអាង​ថា​លោក​មាន​ភស្តុតាង​បញ្ជាក់​ពី​ទង្វើ​របស់​លោក ព្រាប កុល ដែល​លួច​លុយ​ក្រុមហ៊ុន CIC Partner ដូច្នេះ​តុលាការ​ត្រូវតែ​ផ្ដល់​ឱកាស​ឱ្យ​អ្នក​ទាំង​ពីរ​តតាំង​គ្នា​ដោយ​ចំហ និង​មិន​ត្រូវ​ប្រញាប់​ចាប់​លោក យ៉ង់ ប៉ាក់ ដាក់​គុក​នោះ​ទេ ពីព្រោះ​ថា​ជា​គោលការណ៍​យុត្តិធម៌ ភាគី​ជម្លោះ​ត្រូវ​មាន​សិទ្ធិ និង​ឱកាស​ស្មើ​គ្នា​ក្នុង​ការ​លាតត្រដាង​ការពិត ចំណែក​ការ​បិទ​មាត់​ភាគី​ណា​មួយ មិនមែន​ជា​ក្របខ័ណ្ឌ​ច្បាប់​ឡើយ ត្បិត​ការ​បន្ត​ឃុំ​លោក យ៉ង់ ប៉ាក់ កន្លង​មក ត្រូវ​គេ​មើល​ឃើញ​ជាទូទៅ​ថា គឺជា​ការ​ធ្វើ​តាម​ការ​ចង់​បាន​របស់​លោក ព្រាប កុល និង​អ្នក​មាន​ឥទ្ធិពល​ផ្សេង​ទៀត​ដែល​ប្រាសចាក​ពី​ការ​អនុវត្ត​ច្បាប់​ដើម្បី​ធានា​ភាព​យុត្តិធម៌​ប៉ុណ្ណោះ។

លោក គឹម សុខ គូស​បញ្ចាក់​ថា សំណុំរឿង​ឆបោក​របស់​ក្រុមហ៊ុន CIC Partner និង​ការ​បាត់​លុយ​ក្នុង​ក្រុមហ៊ុន​នេះ ត្រូវតែ​ធ្វើការ​ស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ​ដែល​រង​នូវ​ការ​សង្ស័យ ឬ​ការ​ចោទប្រកាន់​ពី​ម្ចាស់​ភាគហ៊ុន​រងគ្រោះ​ទាំងអស់ ដើម្បី​រក​ភាព​ស្អាតស្អំ និង​រក​ភាព​យុត្តិធម៌​ឱ្យ​ជនរងគ្រោះ​ទាំងនោះ ខណៈ​លោក ព្រាប កុល ត្រូវ​រាប់​បញ្ចូល​ក្នុង​ការ​ស៊ើបអង្កេត​នេះ​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន CIC Partner កំពុង​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្នុង​ការ​ស៊ើបអង្កេត​ពី​ករណី​ឆបោក និង​ការ​បាត់​លុយ​ជិត ១០០​លាន​ដុល្លារ​អាមេរិក​នា​ពេល​កន្លង​មក ខណៈ​ជនរងគ្រោះ​ពី​ការ​បោកប្រាស់​នេះ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​បរិហារកេរ្តិ៍ ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ទៅវិញ។

កាលពី​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២៤ ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ប៉ែន ជីវ័ន្ត (Chivann Pen) ដែល​មាន​ឈ្មោះ​ពិត​ថា យ៉ង់ ប៉ាក់ បាន​រៀបរាប់​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា អ្នក​ក្លាហាន​ម្នាក់​ឈ្មោះ ព្រាប កុល ដែល​ធ្លាប់​តស៊ូ​មតិ​ខាង «តម្លាភាព​សង្គម» បាន​កសាង​ស្នាដៃ​ដ៏​ធំ​មួយ​ដោយ​បង្កើត​ក្រុមហ៊ុន​អចលនទ្រព្យ​ខ្នាត​យក្ស​មួយ​ដែល​មាន​ឈ្មោះ​ថា Zillenium Group។

លោក ព្រាប កុល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី

ប្រភព​ដដែល​បញ្ជាក់​ថា មុន​នឹង​បង្កើត​ក្រុមហ៊ុន​អចលនទ្រព្យ​ខ្នាត​យក្ស​ឈ្មោះ Zillenium Group នេះ លោក ព្រាប កុល ក៏​ត្រូវ​គេ​សង្ស័យ​ថា​បាន​លួច​យក​លុយ​ប្រមាណ ៨០​លាន​ដុល្លារ​អាមេរិក​ពី​ក្រុមហ៊ុន CIC Partner ដែល​ក្រុមហ៊ុន​នេះ​មាន​ទឹកប្រាក់​សរុប​ប្រមាណ ១៣០​លាន​ដុល្លារ​អាមេរិក ហើយ​បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ជាង ៥០០​នាក់ (៥៤៦​នាក់) ដែល​បាន​បោះទុន​វិនិយោគ​ក្នុង​ក្រុមហ៊ុន​នេះ បាត់បង់​ទ្រព្យធន លុយកាក់ និង​ក្ស័យធន​គ្រប់​គ្នា។

យ៉ាងណាក៏ដោយ ក្រោយ​ការ​លើកឡើង​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឱ្យ​ចាប់​ខ្លួន​លោក យ៉ង់ ប៉ាក់ ភ្លាមៗ​ក្រោម​បទ​ចោទ ញុះញង់​ឱ្យ​មាន​ការ​រើសអើង និង​បរិហារកេរ្តិ៍​ជា​សាធារណៈ បន្ទាប់ពី​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​លោក ព្រាប កុល បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ​ជុំវិញ​ករណី​នេះ​កាលពី​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២៤ កន្លង​ទៅ ហើយ​នៅ​ពេលនេះ លោក យ៉ង់ ប៉ាក់ កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​នៅឡើយ។

កាលពី​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២៤ និយ័តករ​មូលបត្រ​កម្ពុជា (ន.ម.ក.) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ដោយ​បាន​ដាក់​ចេញ​វិធានការ​ជា​បន្តបន្ទាប់ ដោយ​តម្រូវ​ឱ្យ​ក្រុមហ៊ុន CIC កែទម្រង់ ពិនិត្យ និង​រៀបចំ​គ្រប់គ្រង​ចំនួន​ប្រាក់​វិនិយោគ​របស់​វិនិយោគិន​ស្រប​ច្បាប់។

លើស​ពី​នេះ ន.ម.ក បាន​តម្រូវ​ឱ្យ CIC Partner ចាត់ចែង​ទ្រព្យ​ដែល​កាត់កង​បាន​នោះ​ឱ្យ​បាន​ត្រឹមត្រូវ តាម​គោលការណ៍​ច្បាប់ ក្នុង​គោលដៅ​អភិវឌ្ឍ ដើម្បី​ធានា​ប្រយោជន៍​ដល់​វិនិយោគិន​ដែល​ដាក់​ប្រាក់​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​នេះ។ បច្ចុប្បន្ន នេះ​ទ្រព្យ​សកម្ម​របស់​ក្រុមហ៊ុន CIC ត្រូវ​បាន ន.ម.ក ប្រមូល​មក​វិញ​ប្រមាណ ៩០% នៃ​ចំនួន​ទឹកប្រាក់​សរុប។

ទាក់ទិន​នឹង​បញ្ហា​នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ មីនា នេះ​ថា កុំ​ថា​ឡើយ​ពលរដ្ឋ​សាមញ្ញ សូម្បីតែ​ឧកញ៉ា គួច ម៉េងលី ក៏​ចាញ់​បោក​គ្រូ​ជោគជ័យ និង​ក្រុមហ៊ុន CIC Partner អស់​ជិត ៣​សែន​ដុល្លារ​អាមេរិក​ដែរ ដូច្នេះ​ការ​អះអាង​របស់​លោក យ៉ង់ ប៉ាក់ កាលពី​អំឡុង​ខែ​មករា ឆ្នាំ​២០២៤ កន្លង​ទៅ ជុំវិញ​រឿង​បាត់​លុយ ៨០​លាន​ដុល្លារ​អាមេរិក​ក្នុង​ក្រុមហ៊ុន CIC Partner ក៏​មិនមែន​ជា​ការ​អះអាង​ខុស​ការពិត​ដែរ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​លោក ព្រាប កុល អតីត​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា

លោក អ៊ុំ សំអាន លើកឡើង​ថា មក​ទល់​នឹង​ពេលនេះ អតីត​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ក៏​មិន​ទាន់​រួច​ផុត​ពី​ការ​សង្ស័យ​នៅឡើយ​ទេ ហើយ​ការ​ចុះចូល​ជាមួយ​រដ្ឋាភិបាល​របស់​លោក​កាលពី​ពេល​កន្លង​ទៅ ក៏​ទំនង​ជា​ដើម្បី​គេច​យក​រួច​ខ្លួន​ពី​អំពើ​ឆបោក​នេះ​ដែរ ខណៈ​លុយ ៨០​លាន​ដុល្លារ​អាមេរិក​នោះ គ្មាន​សមាជិក​ក្រុមប្រឹក្សាភិបាល​ណា​ម្នាក់​ហ៊ាន​ចេញ​មុខ​មក​ទទួល​ខុសត្រូវ​ទាល់តែសោះ​រហូត​មក​ទល់​នឹង​ពេលនេះ។

ចំណែក​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត គិន ភា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៥ ខែ​មីនា នេះ​ថា សង្គម​ខ្មែរ​មិន​អាច​បណ្ដែត​បណ្ដោយ​ឱ្យ​ជន​បោកប្រាស់​បន្ត​សកម្មភាព​ដោយ​រួច​ផុត​ពី​សំណាញ់​ច្បាប់​បាន​ជា​ដាច់ខាត ពីព្រោះ​បើ​ដូច្នេះ វា​នឹង​បង្ក​ទៅ​ជា​វិបត្តិ​សង្គម​ដ៏​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​ក្រោយ គឺ​វិបត្តិ​ទំនុកចិត្ត វិបត្តិ​សីលធម៌ វិបត្តិ​ធនាគារ វិបត្តិ​ហិរញ្ញវត្ថុ វិបត្តិ​ផ្លូវចិត្ត វិបត្តិ​សន្តិសុខ វិបត្តិ​វណ្ណៈ ហើយ​ចុងក្រោយ គឺ​វិបត្តិ​នយោបាយ​ដែល​នាំ​ឱ្យ​សង្គម​ចលាចល​ពិបាក​គ្រប់គ្រង​ជាមិនខាន។

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ច្បាប់​ត្រូវតែ​កាត់​ផ្តាច់ ជីក​ឫស រំលើង​គល់​ជន​ឈ្លើង​សង្គម​ឱ្យ​អស់ ទើប​ប្រទេស​កម្ពុជា​មាន​សន្តិភាព និង​ស្ថិរភាព​យូរ​អង្វែង មាន​វិបុលភាព និង​ការ​អភិវឌ្ឍ​ពិតប្រាកដ មាន​យុត្តិធម៌​សង្គម​ពេញលេញ និង​មាន​ភាព​សុខដុមរមនា​រឹងមាំ។

បណ្ឌិត គិន ភា សង្កត់​ធ្ងន់​ថា បើ​មិន​ដូច្នោះ​ទេ ផ្លូវ​ទៅ​កាន់​ឆ្នាំ​២០៣០ ដែល​រំពឹង​ថា​កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ គឺ​ពិត​ជា​លំបាក​ជាមិនខាន ហើយ​ផ្លូវ​ទៅ​កាន់​ឆ្នាំ​២០៥០ ដែល​រំពឹង​ថា​កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​កម្រិត​ខ្ពស់ គឺ​កាន់តែ​វែង​ឆ្ងាយ​ថែម​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស