40.8 C
Phnom Penh

អ្នក​សង្កេតការណ៍​ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត ដក​កម្ពុជា​ចេញពី​តំបន់​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ដើម្បី​គេច​ចេញពី​ការ​ឈ្លានពាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​សង្កេតការណ៍​ជំរុញ​ឱ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ប្រកាស​ដក​កម្ពុជា​ចេញពី​តំបន់​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា វៀតណាម ឡាវ ឬ​ហៅថា CLV ជាបន្ទាន់ ក្រោម​ហេតុផល​ថា កម្ពុជា​នឹង​មិន​ទទួល​បាន​ផល​ចំណេញ​ពី​គម្រោង​នេះ​ទេ ហើយ​ថែមទាំង​រង​នូវ​ការ​ឈ្លានពាន​ព្រំដែន សេដ្ឋកិច្ច និង​នយោបាយ​ប្រជាសាស្ត្រ​ពី​ប្រទេស​វៀតណាម ថែម​ទៀត។

អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៦ មីនា នេះ​ថា កម្ពុជា​ត្រូវតែ​ដក​ខ្លួន​ចេញពី​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (Development Triangle Area) ជាដាច់ខាត ព្រោះ​ថា​គម្រោង​នេះ​គ្រាន់តែ​ជា​ផែនការ​របស់​វៀតណាម ដើម្បី​ឈ្លានពាន​ព្រំដែន សេដ្ឋកិច្ច និង​នយោបាយ​ប្រជាសាស្ត្រ​លើ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ ដូច្នេះ​កម្ពុជា​នឹង​មិន​ទទួល​បាន​ផល​ចំណេញ​ពី​គម្រោង​នេះ​ឡើយ គឺ​មាន​តែ​ខាតបង់​ធ្ងន់ធ្ងរ​ទៅវិញ​ប៉ុណ្ណោះ។

លោក ម៉ែន ណាត អះអាង​ថា ខេត្ត​ទាំង ៤ របស់​ខ្មែរ​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ បាន​ក្លាយ​ទៅ​ជា​ខេត្ត​ដែល​វៀតណាម គ្រប់គ្រង​ទាំងស្រុង​រួច​ទៅ​ហើយ ព្រោះ​ឈ្មួញ​វៀតណាម​ដែល​នៅ​ពីក្រោយ​ដោយ​រដ្ឋការ​ក្រុង​ហាណូយ បាន​ទទួល​ដី​សម្បទាន​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ពី​រដ្ឋាភិបាល​ខ្មែរ។

លោក​បន្ថែម​ថា ក្រោយ​ពេល​ដែល​អ្នក​ទាំងនោះ​ទទួល​បាន​សិទ្ធិ​កាន់កាប់​ដី​សម្បទាន​ទាំងអស់​នេះ ពួកគេ​បាន​កាប់​បំផ្លាញ​ព្រៃឈើ​ខ្មែរ​យ៉ាង​អនាធិបតេយ្យ និង​ដឹកជញ្ជូន​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​មួយ​ចំនួន​នៃ​ខេត្ត​ទាំងនោះ ដោយ​គ្មាន​ការ​ទប់ស្កាត់​ពី​អាជ្ញាធរ​ខ្មែរ​ឡើយ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ក្នុង​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ​មាន​តែ​ជនជាតិ​វៀតណាម ប៉ុណ្ណោះ ដែល​ដើរ​តួ​ជា​ឈ្មួញ​កាន់​គម្រោង​អភិវឌ្ឍន៍​ធំៗ​លើ​ទឹកដី​កម្ពុជា ស្រប​ពេល​ដែល​រដ្ឋាភិបាល​ខ្មែរ​បាន​សម្បទាន​ដី​រាប់​ពាន់​ហិកតា​ឱ្យ​ពួកគេ ខណៈ​ដី​របស់​វៀតណាម ដែល​បាន​ដាក់​ជា​ចំណុះ​ក្នុង​តំបន់​ត្រីកោណ​នេះ​ដែរ​នោះ មិនទាន់​មាន​ជនជាតិ​ខ្មែរ​ណា​ម្នាក់​មាន​សិទ្ធិ​គ្រប់គ្រង ឬ​រដ្ឋាភិបាល​វៀតណាម សម្បទាន​ដី​ឱ្យ​ឈ្មួញ​ខ្មែរ​ណា​ម្នាក់​ដើម្បី​អភិវឌ្ឍ​លើ​ដី​របស់​ពួកគេ​ឡើយ។

លោក ម៉ែន ណាត បញ្ជាក់​ថា ចម្ការ​ដំណាំ ដូចជា​ចម្ការ​កៅស៊ូ ជាដើម ដែល​មាន​ទំហំ​ដី​រាប់​ម៉ឺន​ហិកតា​របស់​វៀតណាម ក្នុង​ខេត្ត​ខ្មែរ​ទាំងនោះ​ដែល​ទទួល​បាន​សិទ្ធិ​កាន់កាប់​រាប់​សិប​ឆ្នាំ​ពី​រដ្ឋាភិបាល​កម្ពុជា គឺជា​ឱកាស​ដែល​រដ្ឋាភិបាល​វៀតណាម រៀបចំ​ឱ្យ​ពលរដ្ឋ​របស់​ពួកគេ​ទៅ​រស់នៅ​លើ​ទឹកដី​ខ្មែរ​ដោយ​ស្រប​ច្បាប់ ដូច្នេះ​បើ​កម្ពុជា​នៅតែ​បន្ត​កិច្ចព្រមព្រៀង​លើ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ​ទាំង​ដែល​ខ្លួន​មិន​ទាន់​មាន​ឯករាជ្យ​រឹងមាំ​ដូច​សព្វថ្ងៃ​នេះ កម្ពុជា​ប្រាកដ​ជា​ប្រឈម​នឹង​ការ​បាត់បង់​ទឹកដី​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​មុខ​ដោយ​ចៀស​ពុំ​រួច​ឡើយ។

កាលពី​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២៤ នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ឡាវ ក្នុង​នោះ​លោក ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ឡាវ ថា​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV) ក្នុង​ឆ្នាំ​២០២៤ ដោយ​មាន​ការ​ជួប​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ទាំង ៣​ប្រទេស (កម្ពុជា ឡាវ វៀតណាម) ព្រមទាំង​ការ​ធ្វើ​លំហាត់​សង្គ្រោះ​គ្រោះ​មហន្តរាយ និង​ជំនួយ​មនុស្សធម៌​នៅ​ចុង​ឆ្នាំ​២០២៤ នេះ​ផង​ដែរ។

តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៩ ដែល​ប្រទេស​ទាំង​៣ បាន​ដាក់​ខេត្ត​បញ្ចូល​គ្នា​ចំនួន ១៣​ខេត្ត ក្នុង​នោះ ប្រទេស​វៀតណាម មាន​ចំនួន ៥​ខេត្ត ប្រទេស​ឡាវ មាន​ចំនួន ៤​ខេត្ត និង​ប្រទេស​កម្ពុជា មាន​ចំនួន ៤​ខេត្ត ដូចជា​ខេត្ត​រតនគិរី ខេត្ត​មណ្ឌលគិរី ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង។ ខេត្ត​ទាំង​៤ របស់​កម្ពុជា មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ ៥០​ម៉ឺន​នាក់ ខណៈ​ខេត្ត​ទាំង ៤ របស់​ប្រទេស​ឡាវ មាន​ប្រជាជន​ប្រមាណ ៧០​ម៉ឺន​នាក់ រីឯ​ខេត្ត​ទាំង ៥ របស់​ប្រទេស​វៀតណាម មាន​ប្រជាជន​សរុប​ប្រមាណ​ជាង ៧​លាន​នាក់​ឯណោះ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ប្រសិនបើ​វៀតណាម គ្រាន់តែ​បញ្ជូន​ប្រជាជន​របស់​ខ្លួន​ត្រឹមតែ ១​លាន​នាក់​ចូល​មក​រស់នៅ ធ្វើការ និង​រកស៊ី​ក្នុង​ខេត្ត​ទាំង ៤ របស់​កម្ពុជា​នោះ ក៏​ជនជាតិ​វៀតណាម ច្រើន​ជាង​ពលរដ្ឋ​ខ្មែរ​ដល់​ទៅ​ជាង​ពាក់កណ្ដាល​ទៅ​ហើយ ដូច្នេះ​គឺ​ពិត​ជា​គ្រោះថ្នាក់​ខ្លាំង​ណាស់​សម្រាប់​កម្ពុជា ខណៈ​បរទេស​ឈ្លានពាន​មួយ​នេះ​នៅតែ​ចិញ្ចឹម​មហិច្ឆតា​រំលោភ​កាន់កាប់​កម្ពុជា​ជាប់​មិន​ដាច់​រហូត​ដល់​ពេលនេះ។

កាលពី​ចុង​ឆ្នាំ​២០២៣ អ្នកជំនាញ​ខាង​ព្រំដែន បណ្ឌិត ឌី ការ៉េត បាន​លើកឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា គឺជា​គណបក្ស​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​វៀតណាម ដើម្បី​គ្រប់គ្រង​ប្រទេស​កម្ពុជា​តាមរយៈ​នៃ​ការ​បង្កើត​ឱ្យ​មាន​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​រវាង​កម្ពុជា ឡាវ និង​វៀតណាម សព្វថ្ងៃ​នេះ។

បណ្ឌិត ឌី ការ៉េត អះអាង​ថា តំបន់​ត្រីកោណ​អភិវឌ្ឍន៍​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម គឺជា​ផែនការ​របស់​វៀតណាម ដែល​មាន​ចេតនា​បង្កប់​កងទ័ព​របស់​ពួកគេ​ចូល​ក្នុង​ទឹកដី​ខ្មែរ ដើម្បី​គ្រប់គ្រង​ខ្មែរ​តែប៉ុណ្ណោះ ហើយ​ផែនការ​របស់​វៀតណាម ក្នុង​ការ​គ្រប់គ្រង​ទឹកដី​ខ្មែរ​នេះ គឺជា​ផែនការ​សម្ងាត់​របស់​លោក ហ៊ុន សែន ជាមួយ​នឹង​វៀតណាម ជា​រហូត​មក ព្រោះ​ថា​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ ត្រូវ​បាន​វៀតណាម ដាក់​ផែនការ​ពង្រីក​បន្តិច​ម្តងៗ​តាមរយៈ​នៃ​ការ​ដាក់​ខេត្ត​ខ្មែរ​ចូល​ក្នុង​តំបន់​នេះ​ដោយ​ចាប់ផ្តើម​ពី​ខេត្ត​ត្រឹមតែ ២ ប៉ុណ្ណោះ​នៅ​លើកដំបូង និង​រហូត​ដល់​ដាក់​ខេត្ត​ចំនួន ៤ ដូច​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស