42 C
Phnom Penh

លោក ហ៊ុន សែន ចាកចេញ​ពី​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​វេទិកា​បូអាវ ក្នុង​ប្រទេស​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​ដែល​កាន់​អំណាច​យូរ​ជាងគេ​នៅ​ក្នុង​តំបន់​អាស៊ាន លោក ហ៊ុន សែន ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ឧត្ដមក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បាន​ចាកចេញ​ពី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​មីនា នេះ ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​វេទិកា «បូអាវ» នៅ​ប្រទេស​ចិន។

ក្រសួង​ការបរទេស​កម្ពុជា ឲ្យ​ដឹង​ថា បុរស​ខ្លាំង​លោក ហ៊ុន សែន នឹង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ពិធី​បើក​សន្និសីទ​ក្រោម​មូលបទ «អាស៊ី និង​ពិភពលោក ស្ដីពី​បញ្ហា​ប្រឈម និង​ការ​ទទួល​ខុសត្រូវ​រួម»។

វេទិកា​នេះ​មាន​ការ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល ធុរកិច្ច ស្ថាប័ន​សិក្សា​ស្រាវជ្រាវ អង្គការ​អន្តរជាតិ និង​អង្គការ​តំបន់​នានា ដើម្បី​ពិភាក្សា​អំពី​បញ្ហា​សំខាន់ៗ​ដែល​កំពុង​ប្រឈម និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា ក្រៅពី​ចូលរួម​វេទិកា «បូអាវ» ដែល​រៀបចំ​ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​២៩ ខែ​មីនា លោក ហ៊ុន សែន ក៏​ជួប​ជាមួយ​លោក ចាវ ឡឺជី ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ចិន និង​នាយ​ឧត្ដមសេនីយ៍ ហឺ វ័យទុង សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស និង​ជា​អនុប្រធាន​ទី​២ នៃ​គណៈកម្មាធិការ​យោធា​មជ្ឈិម​បក្ស និង​លោក ហ្វឹង ហ្វី លេខាធិការ​នៃ​គណៈកម្មាធិការ​បក្ស​កុម្មុយនីស្ត​ចិន ក្នុង​ខេត្ត​ហៃណាន ផង​ដែរ។

វេទិកា​បូអាវ​សម្រាប់​អាស៊ី (BFA) គឺជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​ដែល​មិន​ស្វែងរក​ប្រាក់​ចំណេញ។ បូអាវ បាន​ក្លាយ​ជា​វេទិកា​លំដាប់​ខ្ពស់​មួយ​សម្រាប់​កិច្ច​សន្ទនា​គ្នា​ក្នុង​ចំណោម​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​កម្រិត​ជាតិ ក្នុង​រង្វង់​ថ្នាក់​ដឹកនាំ​វិស័យ​ឧស្សាហកម្ម និង​ធុរកិច្ច​នៃ​បណ្តា​ប្រទេស​នៅ​ទ្វីប​អាស៊ី និង​ទ្វីប​ដទៃ​ទៀត។

វេទិកា បូអាវ​សម្រាប់​អាស៊ី មាន​គោលដៅ​លើក​កម្ពស់ និង​ធ្វើ​ឱ្យ​កិច្ច​សហប្រតិបត្តិការ​ដោះដូរ​សេដ្ឋកិច្ច កិច្ច​សម្របសម្រួល និង​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ស៊ីជម្រៅ​នៅ​ក្នុង​តំបន់​អាស៊ី រវាង​អាស៊ី និង​តំបន់​នៅ​ជុំវិញ​ពិភពលោក។

វេទិកា បូអាវ​សម្រាប់​អាស៊ី ត្រូវ​បាន​ស្នើ​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៨ ដោយ​អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Fidel V. Ramos អតីត​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក Bob Hawke និង​លោក Morihiro Hosokawa អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន តែ​វេទិកា​បូអាវ​សម្រាប់​អាស៊ី ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០០១ និង​មាន​ទីស្នាក់ការ​អចិន្ត្រៃយ៍​នៅ​ទីក្រុង​បូអាវ ខេត្ត​ហៃណាន ប្រទេស​ចិន។

នេះ​ជា​លើក​ទី​១ ដែល​លោក ហ៊ុន សែន ចេញ​ទៅ​ទស្សនកិច្ច​ក្រៅ​ប្រទេស​ជា​ផ្លូវការ​ក្រោយ​ពេល​លោក​ប្រគល់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ទៅ​ឲ្យ​កូនប្រុស​ជា​អ្នក​កាន់​អំណាច​បន្ត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស