31 C
Phnom Penh

លោក ហ៊ុន សែន៖ ការ​ទទួល​ខុសត្រូវ​រួម​របស់​ប្រទេស​ក្នុង​តំបន់​គឺ​ការ​រក្សា​សន្តិភាព​និង​សន្តិសុខ​ក្នុង​តំបន់​អាស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន លើកឡើង​ថា ការ​ទទួល​ខុសត្រូវ​រួម​របស់​ប្រទេស​ក្នុង​តំបន់​ទាំងអស់ គឺ​ត្រូវ​រក្សា​សន្តិភាព និង​សន្តិសុខ​នៅ​ក្នុង​តំបន់​អាស៊ី​ឱ្យ​បាន​ដាច់ខាត ដើម្បី​ធានា​នូវ​ការ​ជំរុញ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ការ​អភិវឌ្ឍ​ឆ្ពោះ​ទៅ​រក​វិបុលភាព​រួម​គ្នា​នា​ពេល​អនាគត។

មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន លើក​ឡើង​ក្នុង​ពិធី​បើក​វេទិកា បូអាវ សម្រាប់​អាស៊ី នៅ​ទីក្រុង​បូអាវ ខេត្ត​ហៃណាន ប្រទេស​ចិន នៅ​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០២៤ នេះ​ថា តំបន់​អាស៊ី​មាន​ភាព​ចាំបាច់​ត្រូវ​ធ្វើការ​រួម​គ្នា ដើម្បី​រក្សា​បាន​នូវ​សន្ទុះ​ជា​វិជ្ជមាន ក្នុង​នោះ សកម្មភាព​របស់​ប្រទេស​ក្នុង​តំបន់ ត្រូវតែ​ដឹកនាំ​ដោយ​គោលការណ៍​ពហុភាគី​និយម ដែល​ផ្អែកលើ​វិធាន​ច្បាប់​ដែល​បម្រើ​ឱ្យ​ផល​ប្រយោជន៍​ទាំងអស់​គ្នា មិនមែន​សម្រាប់​តែ​ក្រុម​ប្រទេស​ណា​មួយ​នោះ​ទេ។

លោក ហ៊ុន សែន លើកឡើង​ថា ប្រទេស​ក្នុង​តំបន់​ទាំងអស់​ត្រូវតែ​បន្ត​ខិតខំ​ធ្វើ​សមាហរណកម្ម​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​ជំរុញ​ការ​តភ្ជាប់​ឱ្យ​កាន់តែ​ប្រសើរ ជាជាង​ជំរុញ​ការ​កាត់ផ្ដាច់ និង​ការ​រាំងស្ទះ ដូច្នេះ​ប្រទេស​ក្នុង​តំបន់​អាស៊ី ត្រូវតែ​ទទួលស្គាល់​ថា គោលការណ៍​ពហុភាគី​និយម គឺជា​គោលការណ៍​ដែល​បាន​គាំទ្រ​ដល់​សកលភាវូបនីយកម្ម ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ ដែល​ផ្តល់​ផល​ប្រយោជន៍​ជាក់ស្តែង​ដល់​ពិភពលោក​ទាំងមូល​រហូត​ដល់​ពេលនេះ។

មេដឹកនាំ​ក្រាញ​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា តំបន់​អាស៊ី​បាន​សម្រេច​នូវ​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំងក្លា ខណៈ​កំណើន​សេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់​អាស៊ី និង​ឋានៈ​ជា​មជ្ឈមណ្ឌល​ផលិតកម្ម និង​ពាណិជ្ជកម្ម​របស់​ពិភពលោក បាន​ផ្តល់​ឱ្យ​អាស៊ី​នូវ​តួនាទី​សកល​ដ៏​សំខាន់ បើ​ទោះបីជា​សេដ្ឋកិច្ច​ពិភពលោក​មាន​កំណើន​ទាប ត្រូវ​ប្រឈម​នឹង​ការ​សើរើ​រចនាសម្ព័ន្ធ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​នា​ពេល​ថ្មីៗ​នេះ​ក៏ដោយ។

កាលពី​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០២៤ អគ្គលេខាធិការ បូអាវ លោក Li Baodong លើកឡើង​ថា វេទិកា​ដែល​រៀបចំ​ឡើង​ក្រោម​មូលបទ “អាស៊ី និង​ពិភពលោក បញ្ហា​ប្រឈម និង​ការ​ទទួល​ខុសត្រូវ​រួម” ផ្ដោត​លើ​ប្រធានបទ​សំខាន់ៗ​ដូចជា “សេដ្ឋកិច្ច​ពិភពលោក”, “នវានុវត្តន៍​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា”, “ការ​អភិវឌ្ឍ​សង្គម”, “កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ” និង “កិច្ចប្រជុំ​រួម”។

វេទិកា បូអាវ​សម្រាប់​អាស៊ី (BFA) គឺជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​ដែល​មិន​ស្វែងរក​ប្រាក់​ចំណេញ។ បូអាវ បាន​ក្លាយ​ជា​វេទិកា​លំដាប់​ខ្ពស់​មួយ​សម្រាប់​កិច្ច​សន្ទនា​គ្នា​ក្នុង​ចំណោម​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​កម្រិត​ជាតិ ក្នុង​រង្វង់​ថ្នាក់​ដឹកនាំ​វិស័យ​ឧស្សាហកម្ម និង​ធុរកិច្ច​នៃ​បណ្តា​ប្រទេស​នៅ​ទ្វីប​អាស៊ី និង​ទ្វីប​ដទៃ​ទៀត។

វេទិកា បូអាវ​សម្រាប់​អាស៊ី មាន​គោលដៅ​លើកកម្ពស់ និង​ធ្វើ​ឱ្យ​កិច្ច​សហប្រតិបត្តិការ​ដោះដូរ​សេដ្ឋកិច្ច កិច្ច​សម្របសម្រួល និង​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ស៊ីជម្រៅ​នៅ​ក្នុង​តំបន់​អាស៊ី រវាង​អាស៊ី និង​តំបន់​នៅ​ជុំវិញ​ពិភពលោក។

ទាក់ទិន​នឹង​បញ្ហា​នេះ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា កម្ពុជា​ក្រោម​ការ​គ្រប់គ្រង​របស់​លោក ហ៊ុន សែន ដែល​មាន​ទំនាក់ទំនង​ការទូត​មិន​ស្មោះត្រង់​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី ដោយ​ការ​លួច​ផ្តល់​មូលដ្ឋាន​ទ័ព​ជើងទឹក​កម្ពុជា​ឱ្យ​ចិន​ឈរជើង​សព្វថ្ងៃ​នេះ គឺ​កំពុង​បង្ក​ឱ្យ​មាន​សង្គ្រាម​ផ្ទុះឡើង​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នា​ពេល​ខាងមុខ។

លោក សម រង្ស៊ី លើកឡើង​ថា លោក ហ៊ុន សែន បាន​គប់គិត​ជាមួយ​ចិន ដោយ​បើក​ដៃ​ឱ្យ​រដ្ឋាភិបាល​កុម្មុយនីស្ត​មួយ​នេះ​យក​មូលដ្ឋាន​ជើងទឹក​របស់​ខ្មែរ​នៅ​តំបន់​រាម ជា​កន្លែង​ឈរជើង​ដោយ​លាក់​កំបាំង​ពី​ក្រសែភ្នែក​អន្តរជាតិ​ម្តង​បន្តិចៗ ក្រោម​រូបភាព​គ្រប់​ទម្រង់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដើម្បី​ជួយ​ឱ្យ​ចិន អាច​ឈ្លានពាន​ប្រទេស​ជិតខាង។

លោក​បន្ថែម​ថា ទង្វើ​របស់​លោក ហ៊ុន សែន បែប​នេះ មិន​អាច​រក្សា​សន្តិភាព ឬ​សន្តិសុខ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ឬ​សន្តិសុខ​របស់​ប្រទេស​កម្ពុជា​បាន​ទេ។ ផ្ទុយទៅវិញ គឺជា​ទង្វើ​បំផ្លាញ​សន្តិសុខ​ក្នុង​តំបន់​ទៅវិញ​ប៉ុណ្ណោះ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ស្ថានការណ៍​ក្នុង​តំបន់​មិន​អាច​កាត់ផ្ដាច់​ពី​ការ​ប្រែប្រួល​ស្ថានការណ៍​ក្នុង​ប្រទេស​កម្ពុជា​បាន​ទេ ដូច្នេះ​ការ​បន្ត​ឱ្យ​កងទ័ព​ជើងទឹក​ចិន យក​ទឹកដី​ខ្មែរ​ដើម្បី​បង្ក​ជា​មូលដ្ឋាន​លាក់​ទ័ព​របស់​ខ្លួន​បែប​នេះ នឹង​បង្ក​ទៅ​ជា​វិបត្តិ​នយោបាយ វិបត្តិ​យោធា និង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​នៅ​ក្នុង​តំបន់ ហើយ​វា​នឹង​វិវត្ត​ទៅ​ជា​សង្គ្រាម​តែម្តង ខណៈ​កម្ពុជា​ក៏​នឹង​រងគ្រោះ​ពី​សង្គ្រាម​នេះ​ដោយ​ផ្ទាល់​ថែម​ទៀត។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា រដ្ឋាភិបាល​ខ្មែរ​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​ឱ្យ​ពិភពលោក និង​ប្រទេស​ជា​សមាជិក​ក្នុង​តំបន់​អាស៊ាន បាត់បង់​ទំនុកចិត្ត​ជា​យូរ​មក​ហើយ ព្រោះ​ថា​កម្ពុជា​មិន​ត្រូវ​បាន​រាប់​បញ្ចូល​ជា​សមាជិក​ក្នុង​សេដ្ឋកិច្ច​ឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF) ទេ ចាប់តាំងពី​ខែ​ឧសភា ឆ្នាំ​២០២២ មក ខណៈ​ប្រទេស​ជា​សមាជិក​អាស៊ាន​ចំនួន ៧ ផ្សេង​ទៀត ដូចជា ប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និង​វៀតណាម សុទ្ធសឹងតែ​ជា​ប្រទេស​ដែល​បាន​ក្លាយ​ជា​សមាជិក​សេដ្ឋកិច្ច​ឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF) នេះ។

ជាក់ស្តែង កាលពី​ចុង​ខែ​ឧសភា ឆ្នាំ​២០២២ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ទៅ​កាន់​ប្រទេស​ជប៉ុន លោក ចូ បៃដិន បាន​ប្រកាស​ជា​ផ្លូវការ​បើក​ឱ្យ​មាន​សេដ្ឋកិច្ច​ឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF) ដែល​មាន​សមាជិក​ចំនួន ១៣​ប្រទេស ក្នុង​នោះ​ក៏​មាន​សមាជិក​អាស៊ាន​ចំនួន ៧​ប្រទេស​ផង​ដែរ លើកលែងតែ​ប្រទេស​កម្ពុជា ឡាវ និង​ភូមា ប៉ុណ្ណោះ ដែល​មិន​ត្រូវ​បាន​រាប់​បញ្ចូល។

ការ​ផ្ដួចផ្ដើម​គំនិត​ឱ្យ​មាន​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF) គឺជា​ការ​បង្កើន​ឥទ្ធិពល​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី ដែល​ឆ្ពោះ​ទៅ​រក​ការ​ទប់ស្កាត់​ការ​កើន​ឡើង​នៃ​ឥទ្ធិពល​ចិន នៅ​ក្នុង​តំបន់​ផង​ដែរ ដូច្នេះ​ហើយ​បាន​ជា​ប្រទេស​ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​ចិន ដូចជា​កម្ពុជា ឡាវ និង​ភូមា មិន​ត្រូវ​រាប់​បញ្ចូល​ជា​សមាជិក​ក្នុង​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ-ប៉ាស៊ីហ្វិក នៅ​ពេល​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស