40 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​កម្ពុជា​គឺ​ជា​ប្រទេស​ដែល​កំពុង​ដឹកនាំ​ដោយ​ឯក​បក្ស ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា​ឯកភាព​ជាតិ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​សហគមន៍​ខ្មែរ​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក លើកឡើង​ថា កម្ពុជា​គឺ​ជា​ប្រទេស​ដែល​កំពុង​ដឹកនាំ​ដោយ​ឯក​បក្ស ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា កម្ពុជា​ជា​ប្រទេស​ដែល​មាន​ការ​ឯកភាព​ជាតិ​ទេ ព្រោះ​កម្ពុជា​កំពុង​ធ្លាក់​ទៅ​ក្នុង​ប្រទេស​ដែល​ពុះ​ច្រៀក​ដោយ​ទំនាស់​បុគ្គល​ដែល​ជា​មេដឹកនាំ​នយោបាយ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​រាប់​ទសវត្សរ៍​កន្លង​មក។

សកម្មជន​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច លោក មួង ណារ៉េត បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៨ ខែ​មីនា នេះ​ថា បើ​មើល​ជា​រួម ដូចជា​គ្មាន​តំបន់​អបគមន៍ មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គ្មាន​សង្គ្រាម មេដឹកនាំ និង​មន្ត្រី​គណបក្ស​នយោបាយ​ដែល​ធ្លាប់តែ​ប្រឆាំង​នឹង​បក្ស​កាន់​អំណាច​ក៏​មាន​ការ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ជា​ហូរហែ ជាដើម គេ​អាច​សន្មត​ថា កម្ពុជា​ពិត​ជា​មាន​ការ​ឯកភាព​ជាតិ​យ៉ាង​ពិតប្រាកដ ប៉ុន្តែ​បើ​ពិនិត្យ​ឆ្លុះ​ជ្រៅ​ទៅ​ក្នុង​បញ្ហា​នេះ ទើប​គេ​ដឹង​ថា អំណាច​នៃ​ការ​គាបសង្កត់​របស់​រដ្ឋាភិបាល​ឯក​បក្ស​សព្វថ្ងៃ​នេះ ឃោរឃៅ​ដល់​កម្រិត​ដែល​មិន​អាច​ឱ្យ​ជនរងគ្រោះ​ទាំងនោះ​ហ៊ាន​ចេញ​មុខ​តវ៉ា​នឹង​ការ​ដឹកនាំ​របស់​ពួកគេ។

លោក មួង ណារ៉េត លើកឡើង​ថា ដែល​ហៅថា​ឯកភាព​ជាតិ​ពិតប្រាកដ គឺ​មាន​ន័យ​ថា ប្រជាជាតិ​ខ្មែរ​ទាំងមូល​មាន​ការ​រួបរួម​គ្នា​ជា​ធ្លុង​មួយ បើ​ទោះបីជា​មាន​គណបក្ស​នយោបាយ​ច្រើន ឬ​មាន​ការ​ប្រកួតប្រជែង​គ្នា​ក្នុង​និន្នាការ​នយោបាយ​រៀងៗ​ខ្លួន​ក៏ដោយ។ លោក​បន្ថែម​ថា ឱ្យ​តែ​ធ្វើ​ឡើង​ក្នុង​ក្របខ័ណ្ឌ​ដើម្បី​ការពារ​ផល​ប្រយោជន៍​ជាតិ មិនមែន​ដើម្បី​អំណាច​បុគ្គល បក្ស ឬ​ក្រុម​គ្រួសារ​របស់​អ្នក​ដឹកនាំ​នយោបាយ​ណា​មួយ​នោះ​ទេ ពីព្រោះ​ទឹកដី​ខ្មែរ ឬ​ប្រទេស​កម្ពុជា​ទាំងមូល​ជា​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ដែល​ពួកគេ​គ្រប់​គ្នា​មាន​សិទ្ធិ និង​កាតព្វកិច្ច​ចូលរួម​ថែរក្សា​ការពារ​ពេញ​មួយ​ជីវិត។

សកម្មជន​សហគមន៍​ខ្មែរ​រូប​នេះ​បញ្ជាក់​ថា ប្រទេស​កុម្មុយនីស្ត​ជា​ប្រទេស​ដែល​តែងតែ​ដឹកនាំ​ដោយ​ឯក​បក្ស ប៉ុន្តែ​ក្រោម​ការ​ដឹកនាំ​នៃ​របប​កុម្មុយនីស្ត​បែប​នេះ មិនមែន​មាន​ន័យ​ថា ប្រទេស​នោះ​មាន​ការ​ឯកភាព​ជាតិ​ទេ។ ផ្ទុយទៅវិញ គេ​តែង​រក​ឃើញ​នូវ​ការ​បែកបាក់​ជាតិ​ធ្ងន់ធ្ងរ​ក្រោម​ការ​គាបសង្កត់​ដ៏​ឃោរឃៅ​ដែល​មិន​អាច​ឱ្យ​ពលរដ្ឋ​នៃ​ប្រទេស​នោះ​ហ៊ាន​ចេញ​មុខ​តវ៉ា​ប៉ុណ្ណោះ ។ចំណែក​ប្រទេស​កម្ពុជា​បាន​ប្រកាស​កាន់​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស គឺ​ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​សម្រុះសម្រួល​ពី​គ្រប់​ភាគី​នៅ​លើ​ចំណុច​រួម​មួយ ដែល​មិន​មែន​ជា​ការ​គាបសង្កត់​ពី​ភាគី​ខាង​ណា​មួយ​ដែល​ជា​កត្តា​នាំ​ទៅ​រក​ការ​ឯកភាព​ជាតិ​ដោយ​ពិតប្រាកដ។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ លើកឡើង​កាលពី​ពេល​កន្លង​ទៅ​ថា ប្រវត្តិ​នៃ​ការ​ដឹកនាំ​ប្រទេស​ជាង ៤០​ឆ្នាំ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ចាប់តាំងពី​កងទ័ព​វៀតណាម លើក​បន្តុប​ជា​នាយករដ្ឋមន្ត្រី​កាលពី​ឆ្នាំ​១៩៨៥ មក គឺ​មាន​តែ​ការ​បំបែកបំបាក់ និង​បំផ្លាញ​ជាតិ​ខ្មែរ​ប៉ុណ្ណោះ។

ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​លើកឡើង​ថា ចរិត​ពិត​នៃ​ការ​ដឹកនាំ​នយោបាយ​របស់​លោក ហ៊ុន សែន គឺជា​ការ​ដឹកនាំ​ដណ្តើម​អំណាច មិនមែន​ដឹកនាំ​ដើម្បី​រក​ផល​ប្រយោជន៍​ឱ្យ​ជាតិ ដើម្បី​ការពារ​អធិបតេយ្យ​ជាតិ ឬ​ដើម្បី​បង្រួបបង្រួម​ជាតិ​ខ្មែរ​នោះ​ទេ ហើយ​មេដឹកនាំ​ខ្មែរ​រូប​នេះ​ក៏​បាន​បំផ្លាញ​ធនធាន​ធម្មជាតិ​ខ្មែរ​ពេញ​ផ្ទៃ​ប្រទេស ដើម្បី​តែ​ផល​ប្រយោជន៍​ក្រុម​គ្រួសារ​ខ្លួនឯង​ដែរ។

លោក គឹម សុខ អះអាង​ថា ដើម្បី​ឱ្យ​ប្រាកដ​ថា​លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​ដើម្បី​តែ​បំបែកបំបាក់​សាមគ្គី​ជាតិ​ខ្មែរ​មែន ឬ​ក៏​អត់​នោះ គេ​អាច​មើល​ទៅ​លើ​រឿងរ៉ាវ​ខុស​ច្បាប់​ជាច្រើន​ដែល​លោក ហ៊ុន សែន បាន​ប្រព្រឹត្ត ដូចជា​ការ​ធ្វើ​រដ្ឋប្រហារ​បង្ហូរ​ឈាម​កាលពី​ថ្ងៃទី​៥ និង​ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ ដែល​ធ្វើ​ឱ្យ​ផ្ទៃក្នុង​ជាតិ​ខ្មែរ​ទាំងមូល​បែកបាក់​រហូត​សម្លាប់​គ្នា​ឯង​យ៉ាង​រង្គាល​លើ​កងទ័ព​ជាតិ​រាជា​និយម​ពី​សំណាក់​កងទ័ព​រដ្ឋ​កម្ពុជា​ដែល​បញ្ជា​ដោយ​លោក ហ៊ុន សែន នៅ​ពេល​នោះ។

ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​កាន់តែ​បង្ហាញ​យ៉ាង​ច្បាស់​ពី​អត្តចរិត​ដឹកនាំ​របស់​លោក ហ៊ុន សែន ដែល​នៅតែ​មាន​បំណង​បំផ្លាញ​នូវ​ឯកភាព​ជាតិ​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ​ថែម​ទៀត ត្បិត​រដ្ឋាភិបាល​ឯក​បក្ស​របស់​គាត់​បាន​រំលាយ​បក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា ទាំង​ដែល​ខ្លួន​មិន​បាន​កាត់ទោស​មេដឹកនាំ​បក្ស​នេះ​ពី​បទល្មើស​ណា​មួយ​នៅឡើយ ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​បែកបាក់​ផ្ទៃក្នុង​ជាតិ​កាន់តែ​ខ្លាំង និង​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដែល​ពិបាក​នឹង​ស្រោចស្រង់​ឡើងវិញ​សព្វថ្ងៃ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ សហភាព​អឺរ៉ុប និង​បណ្តា​ប្រទេស​លោក​សេរី​ជាច្រើន​នៅតែ​ជំរុញ​ឱ្យ​អ្នក​នយោបាយ​ខ្មែរ វិល​ទៅ​រក​ការ​ចរចា​បញ្ចប់​ជម្លោះ​នយោបាយ ដោយ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ឱ្យ​ធំ​ជាង​ផល​ប្រយោជន៍​បុគ្គល ឬ​បក្ស​របស់​ខ្លួន ប៉ុន្តែ​ពន្លឺ​នៃ​ការ​ចរចា​នយោបាយ​ដើម្បី​ស្វែងរក​ការ​ឯកភាព​ជាតិ​នេះ នៅតែ​ត្រូវ​បាន​ជីក​កប់​បាត់​ស្រមោល​សូន្យឈឹង​នៅឡើយ​រហូត​ដល់​ពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស