31 C
Phnom Penh

ក្រុម​ឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​បុគ្គល​មួយ​ចំនួន​ដែល​ប្រើប្រាស់​គោរមងារ​ឧកញ៉ា​បង្អាប់​កិត្តិយស​ព្រះមហាក្សត្រ​និង​រាជរដ្ឋាភិបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត សេក សុជាតិ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​សមាសភាព​បុគ្គល​ដែល​ទទួល​បាន​គោរមងារ​ជា​ឧកញ៉ា អ្នកឧកញ៉ា​កន្លង​មក​ឡើងវិញ ព្រោះ​ថា​បុគ្គល​មួយ​ចំនួន​កំពុង​ប្រើប្រាស់​គោរមងារ​ដ៏​ថ្លៃថ្នូរ​នេះ ប្រព្រឹត្ត​ទង្វើ​ស្មោកគ្រោក ដែល​នាំ​ឱ្យ​អាប់ឱន​ដល់​កិត្តិយស​ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល​យ៉ាង​ធ្ងន់ធ្ងរ។

លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​០១ ខែ​មេសា នេះ​ថា ផ្អែក​តាមរយៈ​បទពិសោធន៍​ជា​បន្តបន្ទាប់​ដែល​ក្រុម​ឧកញ៉ា​មួយ​ចំនួន​បាន​ប្រព្រឹត្ត ដូចជា ការ​បោកប្រាស់​លុយ​ពលរដ្ឋ​តាមរយៈ​ក្រុមហ៊ុន​អចលនទ្រព្យ និង​ការ​បណ្ដាក់ទុន ឬ​ការ​ប្រព្រឹត្ត​ទង្វើ​ឧក្រិដ្ឋ​ផ្សេងៗ បាន​បង្ហាញ​ពី​កម្សោយ​របស់​រដ្ឋាភិបាល​នៅ​លើ​ឆាក​អន្តរជាតិ​យ៉ាង​ខ្លាំង​ក្នុង​ការ​វាយតម្លៃ​លក្ខណៈ​របស់​បុគ្គល​ដែល​ស័ក្តិសម​នឹង​ទទួល​បាន​គោរមងារ​ជា​ឧកញ៉ា​ពី​ព្រះមហាក្សត្រ។

ប្រភព​ដដែល​ត្អូញត្អែរ​ថា រដ្ឋាភិបាល​មិន​គួរ​បណ្តែតបណ្តោយ​ឱ្យ​ទឹកលុយ​ខ្មៅ​ងងឹត​របស់​ឧកញ៉ា​មួយ​ចំនួន បំផ្លាញ​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល​បន្ត​ទៀត​ឡើយ ព្រោះ​ថា​ការ​ស្នើសុំ​ទៅ​ព្រះមហាក្សត្រ​ឱ្យ​ផ្តល់​គោរមងារ​ជា​ឧកញ៉ា​ដល់​បុគ្គល​ណា​ម្នាក់ មិនមែន​ផ្អែក​តែ​ទៅ​លើ​ចំនួន​ទឹកប្រាក់​ដែល​រាជរដ្ឋាភិបាល​បាន​កំណត់​តែ​មួយ​មុខ​នោះ​ទេ ក៏​គួរតែ​ផ្ដោត​លើ​ស្នាដៃ​ក្នុង​ការ​ជួយ​ប្រទេស​ជាតិ កិត្តិនាម​ដែល​ពលរដ្ឋ​ទទួលស្គាល់ និង​លក្ខណៈ​សម្បត្តិ​ខាង​ក្នុង គឺ​អត្តចរិត​ឫកពារ​របស់​បុគ្គល​នោះ​ផ្ទាល់​ផង​ដែរ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា ទង្វើ​អមនុស្សធម៌ និង​ទង្វើ​ឧក្រិដ្ឋ​របស់​ឧកញ៉ា​មួយ​ចំនួន​ក្នុង​សង្គម​ខ្មែរ​សព្វថ្ងៃ​នេះ កំពុង​បំផ្លាញ​គោរមងារ​របស់​ឧកញ៉ា​ដែល​ជា​វីរបុរស​ខ្មែរ​ក្នុង​សម័យ​បុព្វកាល​ដ៏​អសោច ដូចជា ឧកញ៉ា ក្រឡាហោមគង់ ដែល​បាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់​ដើម្បី​ប្រទេស​ជាតិ ជាដើម ដូច្នេះ​រដ្ឋាភិបាល​មិន​គួរ​ទុក​ឱ្យ​ឧកញ៉ា​ដែល​កំពុង​កេងប្រវ័ញ្ច​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​ពី​ពលរដ្ឋ និង​ប្រទេស​ជាតិ បន្ត​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដូច​ដែល​ពួកគេ​កំពុង​ធ្វើ​ជាក់ស្តែង​សព្វថ្ងៃ​នេះ​បន្ត​ទៀត​នោះ​ទេ ព្រោះ​ទង្វើ​នេះ​គឺជា​ទង្វើ​បំផ្លាញ​ជាតិ​ខ្មែរ​សុទ្ធសាធ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​មាន​ការ​ផ្ទុះ​ឡើង​នូវ​ការ​តវ៉ា​ទាមទារ​របស់​ពលរដ្ឋ​រងគ្រោះ​ដែល​ចាញ់បោក​ក្រុម​ឧកញ៉ា​មួយ​ចំនួន ដែល​លក់​ផ្ទះល្វែង ដី​ឡូត៍ និង​ការ​បណ្ដាក់ទុន​ទទួល​បាន​ការប្រាក់ ជាដើម សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០២៤ ក្រុម​តស៊ូ​មតិ​កម្ពុជា បាន​ចេញ​លិខិត​ចំហ​មួយ​ថា ឧកញ៉ា​ក្នុង​សម័យ​តេជោ​របស់​លោក ហ៊ុន សែន មិនមែន​ជា​ឧកញ៉ា​ល្បីល្បាញ​ខាង​ការពារ​ទឹកដី ការពារ​ជាតិ​ដូច​ឧកញ៉ា​សម័យ​មុន​ទេ ប៉ុន្តែ​ឧកញ៉ា​ទាំងនោះ​ល្បីល្បាញ​តែ​ខាង​ប្រព្រឹត្ត​អំពើ​ឆបោក ខាង​រំលោភ​ដីធ្លី និង​ខាង​ការ​គាបសង្កត់​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ប៉ុណ្ណោះ ហើយ​ក្នុង​ពេល​ដំណាល​គ្នា​នេះ ឧកញ៉ា​ទាំងនោះ​ក៏​ត្រូវ​ឱ្យ​មាន​តួនាទី​ខ្ពស់ៗ​ទាំង​ក្នុង​ជួរ​រដ្ឋាភិបាល និង​ក្នុង​ជួរ​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ថែម​ទៀត។

ប្រភព​ដដែល​លើកឡើង​ថា ផ្អែក​តាម​លក្ខខណ្ឌ​ច្បាប់ រដ្ឋាភិបាល​ត្រូវតែ​ទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​បោកប្រាស់​របស់​ឧកញ៉ា​ទុច្ចរិត​ទាំងនោះ​ទាំងស្រុង ព្រោះ​ថា​សព្វថ្ងៃ​នេះ មាន​ឧកញ៉ា​ជាច្រើន​កំពុង​រំលោភ​ដីធ្លី​របស់​ពលរដ្ឋ​ស្ទើរតែ​គ្រប់​ទីកន្លែង ជាពិសេស​ឧកញ៉ា​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​លើ​ដី​ដែល​ទទួល​បាន​ការ​សម្បទាន​ពី​រាជរដ្ឋាភិបាល ខណៈ​ពលរដ្ឋ​រងគ្រោះ​មិន​ដឹង​ទៅ​ពឹង​ស្ថាប័ន​ណា ស្រប​ពេល​ដែល​រដ្ឋាភិបាល​ក៏​មិន​អើពើ​ពី​សុខទុក្ខ​របស់​ពលរដ្ឋ​ផង​នោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បណ្ឌិត គិន ភា បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា គិត​តែ​ឆ្នាំ​២០២៣ មួយ​គត់ កម្ពុជា​មាន​ឧកញ៉ា​ចាស់​ថ្មី​ចំនួន ២៤២​នាក់។ ឧបមា​ថា ឧកញ៉ា​ម្នាក់​ដាក់​ទុន​រកស៊ី​ក្នុង​ស្រុក ១០​លាន​ដុល្លារ ដូច្នេះ​ទុន​វិនិយោគ​ក្នុង​ស្រុក​នឹង​មាន​ចំនួន ២៤២០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២៣។ ទំហំ​នេះ​មិន​តិច​ប៉ុន្មាន​ទេ ប៉ុន្តែ​ច្រាស​មក​វិញ បើ​ឧកញ៉ា​ម្នាក់​បោក​រាស្ត្រ ១០​លាន​ដុល្លារ ទំហំ​នេះ​កាន់តែ​សម្បើម​ដែរ។

យោង​តាម​បញ្ជី​ឈ្មោះ​សមាគម​ឧកញ៉ា​កម្ពុជា បង្ហាញ​ថា ចាប់តាំងពី​ឆ្នាំ​១៩៩១ រហូត​ដល់​ដើម​ឆ្នាំ​២០២២ រដ្ឋាភិបាល​បាន​ស្នើ​ព្រះមហាក្សត្រ​ឱ្យ​ផ្តល់​គោរមងារ​ជា​ឧកញ៉ា​ដល់​អ្នក​បាន​បង់​ថវិកា​តាម​ចំនួន​កំណត់​របស់​រដ្ឋាភិបាល​ជាង ១​ពាន់​នាក់​ហើយ (១១៣២​នាក់) ខណៈ​រយៈពេល​ត្រឹមតែ ៧​ខែ​ដោយ​គិត​ចាប់ពី​ថ្ងៃទី​២៦ ខែ​មិថុនា ដល់​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៣ នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ស្នើ​ឱ្យ​ព្រះមហាក្សត្រ​ផ្តល់​គោរមងារ​ជា​ឧកញ៉ា និង​អ្នកឧកញ៉ា​រហូត​ដល់ ២៤២​នាក់​ឯណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស