32 C
Phnom Penh

អ្នកវិភាគ៖ ការ​កាត់ទោស​លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ បង្ហាញ​ពី​បំណង​បំផ្លាញ​ជាតិ​របស់​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគ​ព្រមាន​ថា ការ​ចោទប្រកាន់ កាត់ទោស និង​ឃុំ​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ មិន​ត្រឹមតែ​បង្ហាញ​ពី​ភាព​អយុត្តិធម៌​សម្រាប់​លោក​ផ្ទាល់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​បង្ហាញ​ពី​បំណង​បំផ្លាញ​ជាតិ​របស់​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​ផង​ដែរ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២ ខែ​មេសា ថា ការ​ចោទប្រកាន់​លោក កឹម សុខា និង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ទង្វើ​បំផ្លាញ​ជាតិ​ខ្មែរ​របស់​លោក ហ៊ុន សែន សុទ្ធសាធ ព្រោះ​ថា​លទ្ធផល​នៃ​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​មួយ​នេះ បាន​បើក​ផ្លូវ​ឱ្យ​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​កាន់កាប់​អំណាច​កាន់តែ​ធំ​ឡើងៗ រហូត​ប្រទេស​កម្ពុជា​កំពុង​រអិល​ធ្លាក់​ទៅ​ក្នុង​ការ​ដឹកនាំ​តាម​បែប​គ្រួសារ​និយម​នៅ​ពេលនេះ។

លោក គឹម សុខ លើកឡើង​ថា ចាប់តាំងពី​លោក កឹម សុខា ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​នៅ​ឆ្នាំ​២០១៧ ដែល​ធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ​របស់​កម្ពុជា​ប្រែ​ក្លាយ​ពី​ពហុបក្ស មក​ជា​ឯក​បក្ស ដែល​ខុស​ទៅ​នឹង​រដ្ឋធម្មនុញ្ញ ខណៈ​ប្រជាធិបតេយ្យ​ត្រូវ​បាន​ជាន់ឈ្លី​តាមរយៈ​នៃ​ការ​បំបិទ​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ ចំណែក​សេដ្ឋកិច្ច​របស់​កម្ពុជា​ក៏​ជួប​វិបត្តិ​ដោយសារតែ​អ្នក​វិនិយោគ​បរទេស​ខ្លាចរអា​ពី​ការ​ដឹកនាំ​ដោយ​ឯក​បក្ស​មួយ​នេះ រហូត​ពួកគេ​មិន​ហ៊ាន​ទៅ​រកស៊ី​នៅ​ប្រទេស​កម្ពុជា​ដូច​ពេលនេះ ជាដើម។

អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា វិបត្តិ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​លេច​ចេញ​គ្រប់​ទម្រង់ និង​គ្រប់​រូបភាព ក្រោយ​អវត្តមាន​បក្ស​ប្រឆាំង ប៉ុន្តែ​គ្មាន​ពលរដ្ឋ​ណា​ម្នាក់​ហ៊ាន​ចេញ​មុខ​តវ៉ា​ឡើយ ដោយសារតែ​ការ​គាបសង្កត់​របស់​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ ជាពិសេស​ភាព​អយុត្តិធម៌​សង្គម ដូចជា​ការ​បោកប្រាស់​ពី​ក្រុម​ឧកញ៉ា​ដែល​ជា​បក្ខពួក​របស់​ត្រកូល​ហ៊ុន ជាដើម ស្រប​ពេល​ដែល​ការ​លក់​ទ្រព្យសម្បត្តិ​ជាតិ និង​ការ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ដូចជា អំពើ​ជួញដូរ​មនុស្ស និង​ការ​ចរាចរណ៍​គ្រឿងញៀន ក៏​កំពុង​រីក​រាលដាល​ពេញ​ប្រទេស ក្រោម​ការ​ដឹកនាំ​របស់​ត្រកូល​ហ៊ុន ដោយ​គ្មាន​ខ្លាច​ញញើត​ច្បាប់​ទៀត​នោះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ត្រូវ​លោក ហ៊ុន សែន ចោទ​ពី​បទ​ក្បត់​ជាតិ និង​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២៧​ឆ្នាំ​នៅ​ពេលនេះ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​កំពង់ស្ពឺ លោក សួន សុរីដា បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​នេះ​ដែរ​ថា ការ​ប្រកាស​សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ​ដោយ​ចោទ​លោក កឹម សុខា ថា​បាន​គប់គិត​ជាមួយ​សហរដ្ឋ​អាមេរិក ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​លោក ហ៊ុន សែន គឺជា​ការ​ទាញ​ទម្លាក់​នយោបាយ​ការទូត​រវាង​កម្ពុជា និង​អាមេរិក​ដោយ​ចំ​មុខ ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ ១៧​លាន​នាក់​កំពុង​ត្រូវការ​ផល​ប្រយោជន៍​នានា​ដែល​ធ្លាប់​ផ្តល់​ឱ្យ​ដោយ​សហរដ្ឋ​អាមេរិក​កន្លង​មក​នោះ ដូចជា ការ​លើកស្ទួយ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​ផល​ប្រយោជន៍​ខាង​សេដ្ឋកិច្ច ដូចជា ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP និង EBA របស់​សហភាព​អឺរ៉ុប ជាដើម។

លោក សួន សុរីដា លើកឡើង​ថា ការ​ឃុំ​ខ្លួន​លោក កឹម សុខា និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​បំផ្លាញ​ផល​ប្រយោជន៍​របស់​ពលរដ្ឋ​ខ្មែរ​កាន់តែ​ធ្ងន់ធ្ងរ​នោះ គឺ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​គ្រប់​រូប​នឹង​គ្មាន​សិទ្ធិ​ជ្រើសរើស​មេដឹកនាំ​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ជាតិ​បន្ត​ទៀត​បាន​ទេ​ទៅ​ថ្ងៃ​មុខ គឺ​មាន​តែ​ចាំ​ទទួលយក​មេដឹកនាំ​បន្ត​ពូជ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​រៀបចំ​ឱ្យ តាមរយៈ​នៃ​ការ​បោះឆ្នោត​ក្លែងក្លាយ​តែប៉ុណ្ណោះ ដូច្នេះ​កម្ពុជា​ក៏​នឹង​មាន​វាសនា​មិន​ខុសពី​ប្រទេស​កូរ៉េខាងជើង ដែរ​ទៅ​ថ្ងៃ​អនាគត។

កាលពី​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្ដន្ទាទោស​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២៧​ឆ្នាំ ដោយ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ ពី​បទ​គប់គិត​ជាមួយ​រដ្ឋ​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន បន្ទាប់ពី​លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​សម្រុក​ចូល​ទៅ​ចាប់​ខ្លួន​ដល់​ផ្ទះ​កាលពី​យប់​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ និង​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​កំពូល​ប្រកាស​រំលាយ​កាលពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដដែល​នោះ។

សំណុំរឿង​របស់​លោក កឹម សុខា កំពុង​ដំណើរការ​នៅ​សាលា​ឧទ្ធរណ៍​សព្វថ្ងៃ​នេះ។ សំណុំរឿង​នេះ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​សំណុំរឿង​ដែល​យូរ​ជាងគេ​ក្នុង​ប្រវត្តិ​នៃ​ការ​កាត់​ក្តី​នៅ​កម្ពុជា ហើយ​បញ្ហា​នេះ ត្រូវ​មជ្ឈដ្ឋាន​នានា​រិះគន់​ថា​ជា​សំណុំរឿង​ដែល​ស្ថិត​ក្នុង​របៀបវារៈ​នយោបាយ ជាជាង​ការ​ស្វែងរក​យុត្តិធម៌​តាម​ប្រព័ន្ធ​តុលាការ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស